អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-អេស្បាញ

ស្តេចអេស្ប៉ាញ និងអារ៉ាប៊ីសាអូឌីត​និយាយ​ពី​ទំនាក់ទំនង​ប្រទេស​ជា​មិត្ត និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ

នៅ​ថ្ងៃ​អាទិត្យ ទី១៥ មករា ព្រះមហាក្សត្រ​នៃ​ប្រទេស​អេស្ប៉ាញ​ហ្វីលីប ទី៦ ដែល​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ជួប​សន្ទនា​ជាមួយ​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន។ ព្រះរាជ​វត្តមាន​ស្តេច​អេស្ប៉ាញ​ហ្វីលីប ទី៦ បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ចរចា​គ្នា​ដើម្បី​លក់​នាវាចម្បាំង​អេស្ប៉ាញ​ទៅ​ឲ្យ​កងនាវា​អារ៉ាប៊ីសាអូឌីត​ដែល​កុងត្រា​លក់ ទិញ​មាន​ទឹកប្រាក់​យ៉ាង​តិច ២ ០០០លានអឺរ៉ូ។

មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន
មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន Saudi Press Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចសន្ទនា​ក្រោយ​ពី​ស្រស់ស្រូប​អាហារ​ថ្ងៃ​ត្រង់​រួច​ហើយ ព្រះមហាក្សត្រ​នៃ​ប្រទេស​អេស្ប៉ាញ​ហ្វីលីប ទី៦ និង​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​មិត្តភាព​យូរលង់​រវាង​ប្រទេស​ទាំង​ពីរ និង​វិធានការ​មួយ​ចំនួន​សំដៅ​ពង្រឹង​ការ​អភិវឌ្ឍន៍​នៅ​លើ​គ្រប់​វិស័យ។ គេ​មិន​អាច​ដឹង​ថា តើ​មាន​វិស័យ​ណា​ខ្លះ​ដែល​អេស្ប៉ាញ និង​អារ៉ាប៊ីសាអូឌីត​កំពុង​សហការណ៍​គ្នា​យ៉ាង​ស្អិតរមួត​ទេ។ តែ​ចំ​ពេល​ដែល​ស្តេច​អេស្ប៉ាញ​កំពុង​មាន​វត្តមាន​លើ​ទឹកដី​អារ៉ាប៊ីសាអូឌីត គ្រប់​សារព័ត៌មាន​អេស្ប៉ាញ​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​លក់​នាវាមុជទឹក​អេស្ប៉ាញ​ចំនួន ៥គ្រឿង​ទៅ​ឲ្យ​កងនាវា​អារ៉ាប៊ីសាអូឌីត​ក្នុង​តម្លៃ​សរុប​យ៉ាង​តិច​ជិត ២ ០០០លានអឺរ៉ូ។

ក្រោយ​លេច​ឮ​ព័ត៌មាន​នេះ​ភ្លាម អ្នកនាំពាក្យ​ក្រុមហ៊ុន​ផលិតនាវាមុជទឹក​អេស្ប៉ាញ​បាន​ចេញ​មុខ​ថ្លែង​បញ្ជាក់​លើ​ព័ត៌មាន​នេះ តែ​ថា កិច្ចចរចា​កំពុង​បន្ត និង​មាន​ការ​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។ សូម​ជម្រាប​ជូន​ថា អេស្ប៉ាញ​ជា​ប្រទេស​នាំ​អាវុធ​ចេញ​លំដាប់​ទី៧ ក្នុង​លោក ហើយ​បាន​ស្គាល់​ការ​នាំ​ចេញ​កើន​ដល់​ទៅ ៥៥% ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១០ និង​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ នេះ​បើ​ផ្អែក​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​ស្រាវជ្រាវ​ព័ត៌មាន​ស្តីពី​សន្តិភាព និង​សន្តិសុខ​ហៅ​កាត់ Grip មាន​ទីស្នាក់កណ្តាល​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

តាម Grip អេស្ប៉ាញ​បាន​លក់​អាវុធ​កាន់​តែ​ច្រើន​ទៅ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​ជើងឯក​ចំណាយ​ច្រើន​ក្នុង​វិស័យ​យោធា​ធៀប​នឹង​ពលរដ្ឋ​ម្នាក់ៗ។ ម្យ៉ាង​ទៀត អតីត​ព្រះមហាក្សត្រ​អេស្ប៉ាញ Juan Carlos ដែល​ជា​ព្រះបិតា​របស់​ស្តេច​ហ្វីលីប ទី៦ សោយរាជ្យ​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ២០១៤ តែងតែ​មាន​ទំនាក់ទំនង​ឯកជនពិសេស​ជាមួយ​គ្រួសាររាជវង្ស​អារ៉ាប៊ីសាអូឌីត ហើយ​គឺ​ទំនាក់ទំនង​នេះ​ឯង​ដែល​បាន​ជួយ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

តែ​ចំណោត​នៅ​ត្រង់​ថា​សព្វថ្ងៃ អារ៉ាប៊ីសាអូឌីត​កំពុង​ដឹកនាំ​កម្លាំង​អារ៉ាប់​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ក្នុង​ប្រទេស​យេម៉ែន​តាំង​ពី​ឆ្នាំ ២០១៥ និង​ពេល​ខ្លះ ទង្វើ​វាយប្រហារ​របស់​កម្លាំង​អារ៉ាប់​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់។ អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​រិះគន់​លើ​ការ​លក់​នាវាមុជទឹក​អេស្ប៉ាញ​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត។ Amnesty International បាន​លើក​ឡើង​ពី​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​ក្នុង​ឆ្នាំ ២០១៣ ដែល​ចែង​ថា គ្មាន​ប្រទេស​ណា​មួយ​អាច​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​មួយ​ទៀត​ដែល​យក​ទៅ​ប្រើ​ដើម្បី​សម្លាប់​ជនស៊ីវិល ឧក្រិដ្ឋកម្ម​សង្រ្គាម​ផ្សេង​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ