អានតួអត្ថបទ
បារាំង

បក្ស​កាន់អំណាច​បារាំង​ជ្រើសរើស​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី

គណបក្ស​សង្គមនិយម​បារាំង​ ដែល​ជា​គណបក្ស​កាន់​អំណាច បាន​រៀបចំ​បោះឆ្នោត​ជុំ​ទី១ នៅថ្ងៃ​អាទិត្យ​ទី ២២​មករា ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ខែ​មេសា​ខាងមុខ។ ដំណើរការ​បោះឆ្នោត​របស់​គណបក្ស​សង្គមនិយម​បារាំង ធ្វើឡើង ​ក្នុង​កាលៈទេសៈ​ដែល​គណបក្ស​បាន​ស្គាល់​ការបែកបាក់​ផ្ទៃក្នុង និង​ចុះខ្សោយ​សំឡេង​គាំទ្រ នៅ​ក្នុង​ប្រទេស។ 

បេក្ខជន​របស់​គណបក្ស​សង្គមនិយម​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា នៅ​ការបោះឆ្នោត​ជុំទី​១​របស់​គណបក្ស​នៅថ្ងៃទី ២២​មករា ២០១៧
បេក្ខជន​របស់​គណបក្ស​សង្គមនិយម​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា នៅ​ការបោះឆ្នោត​ជុំទី​១​របស់​គណបក្ស​នៅថ្ងៃទី ២២​មករា ២០១៧
ផ្សាយពាណិជ្ជកម្ម

មាន​បេក្ខជន​៧រូប ដែលនៅក្នុង​នោះ​មាន​អតីត​នាយករដ្ឋមន្រ្តី​បារាំង លោក​ម៉ានុយអ៊ែល វ៉ាល់ ផង​បាន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​នៅជុំទី១ របស់​គណបក្ស សង្គមនិយម។ សម្រាប់​មតិទូទៅ ក្នុង​ប្រទេស​បារាំង គ្មាន​បេក្ខជន​ណាមួយ ដែល​មាន​កម្មវិធី​នយោបាយ​ច្បាស់លាស់ អាច​ទាក់ទាញ បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​នោះ​ទេ។ តាម​អគ្គលេខាធិការ​បក្ស​សង្គមនិយម គេរំពឹង​ថា នឹង​មាន​មនុស្ស​ប្រមាណ ពី ១លាន​កន្លះ ទៅ​២លាន​នាក់ ដែល​នឹង​ទៅ​បោះឆ្នោត នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជ្រើសរើស​បេក្ខជន ពីររូប សម្រាប់​ការបោះឆ្នោត​ជុំទី២ នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍ក្រោយ។ ទាំង​ចំនួន​មនុស្ស​ទៅបោះឆ្នោត ហើយ​និង​ការិយាល័យ​បោះឆ្នោត​របស់​គណបក្ស​ឆ្វេងនិយម​បារាំង គឺ​មាន​ចំនួន​តិច ចាញ់ប្រៀប​គណបក្ស​ប្រឆាំង (បក្ស​សាធារណរដ្ឋ) ដែល​បាន​ជ្រើសរើស​រួចហើយ បេក្ខជន​របស់​ខ្លួន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី។

 
ក្រៅតែ​ពីការបែកបាក់គ្នា បេក្ខជន​របស់​គណបក្ស​សង្គមនិយម​រងគ្រោះ​ផងដែរ ដោយសារ​តែ​ការធ្លាក់កូដ​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​របស់ខ្លួន។ ប្រជាជន​បារាំង​បាន​បន្ទោស​រដ្ឋាភិបាល​របស់​ហ្វ្រង់ស័រ ហូឡង់ ថា ស្ពឹកទំរន់ គ្មាន​នាំការផ្លាស់ប្តូរ និង​កំណើន​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​បារាំង។ ថ្មីៗនេះ អ្នកធ្លាប់​គាំទ្រ​ជាច្រើន​របស់​បក្ស​ឆ្វេងនិយម​មួយនេះ បាន​ងាក​ទៅ​គាំទ្រ​អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច Emmanuel Macron ដែល​បាន​ដើរចេញ​ពី​រដ្ឋាភិបាល​ដើម្បីបង្កើតបក្សថ្មី និង​បាន​សន្យា​នាំ​ការផ្លាស់ប្តូរ​ឲ្យ​ប្រជាជន​បារាំង។

ដោយ​អស់សង្ឃឹម​លើ​រដ្ឋាភិបាល​ឆ្វេងនិយម ដែលពួកគេ​ចោទថា បានអនុវត្តនយោបាយ​មូលធននិយម ប្រជាជន​បារាំង មួយចំនួន​ផ្សេងទៀត ក៏បាន​ងាករេ ទៅ​គាំទ្រ បេក្ខជន Jean Luc Mélenchon មក​ពីគណបក្ស​កុម្មុយនិស្ត​ឆ្វេងនិយមជ្រុល។

តាមអ្នកជំនាញ ចំនួន​តិច ឬ​ច្រើន​នៃ​អ្នកទៅ​បោះឆ្នោត នៅថ្ងៃ​នេះ នឹង​អាច​ឲ្យ​គេ​វាស់ស្ទង់​ដឹងថា តើគណបក្ស​សង្គមនិយម​បារាំង​អាច​មាន​វាសនា មាន​មុខ ក្នុង​ជុំទី ២ នៃ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង ដែរ ឬអត់។ ការស្ទង់មតិ​ថ្មីៗនេះ បាន​បង្ហាញថា បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ គណបក្ស​ប្រឆាំង គឺ​លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង ហើយ​និងលោកស្រី ម៉ារីន ឡឺប៉ែន មក​ពី​គណបក្ស​ស្តាំនិយមជ្រុល ដែល​មាន​នយោបាយ​ប្រឆាំង​អឺរ៉ុប ហើយ​និង​ជនអន្តោប្រវេសន៍ មាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ។

តាម​អ្នកជំនាញ​ថា ដោយ​មើល​ទៅលើ​កូដប្រជាប្រិយភាព​របស់​បេក្ខជន​ស្តាំ​និយមជ្រុល ដែល​មិន​ខុស​ពី​លោក​ដូណាល់ ត្រាំ បាន​សន្យា​ធ្វើ​នយោបាយ​ដើម្បី​ប្រយោជន៍ តែ​ប្រជាជន​បារាំងនោះ បេក្ខជន​មក​ពី​គណបក្ស​សង្គមនិយម ឬ​បក្ស​កុម្មុយនិស្ត ដែល​ឲ្យ​តម្លៃ​ច្រើន​ទៅលើ​ការចែករំលែក និង​ការជួយគ្នា នោះ​នឹងអាច​ត្រូវ​របេះ​ធ្លាក់​តាំង​ពី​ជុំទី​១ នៅក្នុង​ការបោះឆ្នោត​ប្រធានាថិបតី។ គឺ​មាន​តែ​បេក្ខជន​មក​ពី​គណបក្ស​ស្តាំនិយម​តែប៉ុណ្ណោះ ដែល​នឹង​អាច​មាន​មុខ ទៅ​ប្រកួតប្រជែង​គ្នា នៅក្នុង​ជុំទី២ ដែល​ជា​វគ្គផ្តាច់​ព្រ័ត្រ នៃ​ការបោះឆ្នោត ប្រធានាធិបតី​បារាំង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ