អានតួអត្ថបទ
បារាំង

បារាំង​រៀបចំ​មហោស្រព​​គំនិត

ប្រមុខការបរទេស​បារាំង និង​អាល្លឺម៉ង់ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​រួមគ្នា អំពាវនាវ​ឲ្យ​ប្រជាជន​អឺរ៉ុប រឹងមាំ កុំឲ្យ​ចុះចាញ់ ធ្លាក់​ក្នុង​សំណាញ់​របស់​ក្រុម​ជាតិ​និយម។ នៅក្នុង​ពិធី​បើកសម្ពោធ​”រាត្រី​គំនិត” នៅ​ក្រសួង​ការបរទេស​បារាំង រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ លោក​Frank Walter Steinmeier បាន​ព្រមាន​ផងដែរ​ថា ប្រជាជន​អឺរ៉ុប​នឹង​ក្លាយ​ជា​ធូលី បើសិន​គេ​បោះបង់​ចោល​មហិច្ឆតា​របស់​អឺរ៉ុប។ 

រាត្រី​គំនិត រៀបចំ​នៅ​ក្រសួងការបរទេស​បារាំង នៅយប់​ថ្ងៃ​ព្រហស្បតិ៍ទី ២៦​មករា ២០១៧
រាត្រី​គំនិត រៀបចំ​នៅ​ក្រសួងការបរទេស​បារាំង នៅយប់​ថ្ងៃ​ព្រហស្បតិ៍ទី ២៦​មករា ២០១៧ ©CB
ផ្សាយពាណិជ្ជកម្ម

ជាតិ​និយមជ្រុល និង​ការបត់ខ្លួន មក​គិត​តែ​អត្មាឯង កំពុង​មាន​និន្នាការ​កើនឡើង​ខ្លាំង នៅក្នុង​ពិភពលោក​បច្ចុប្បន្ន ដែល​កំពុង​ជួប​វិបត្តិ​ជនភៀសខ្លួន និង​សង្រ្គាម​បង្ហូរឈាម នៅតំបន់ដើម​បូព៌ា។ នៅក្នុង​ពិធី​បើក​សម្ពោធ​មហោស្រព​គំនិត នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រមុខ​ការបរទេស​បារាំង និង​អាល្លឺម៉ង់ បាន​បញ្ជាក់​ម្តងហើយ ម្តងទៀត​ពី​គ្រោះថ្នាក់ នៃការកើនឡើង​នៃ​ចលនា​ជាតិ​និយម​ជ្រុល។

 
តាម​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ Frank Walter Steinmeier អឺរ៉ុប​កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ មិនធ្លាប់​មាន ចាប់តាំង​ពី​សហភាព​អឺរ៉ុប​ត្រូវ​បាន​បង្កើតឡើង។ អង់គ្លេស​បាន​បោះឆ្នោត ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប ក្នុង​ពេល​ដែល​ក្រុមជាតិ​និយម និង​អ្នកនយោបាយ​ប្រជានិយម កំពុង​ឡើង​កូដ និង​អាច​ឈ្នះ​ឆ្នោត​ចូល​ដឹកនាំ​ប្រទេស ដូចជា​នៅ​អាមេរិក​ជាដើម។ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ អនាគត​របស់​អឺរ៉ុប​គឺ​ត្រូវ​ពឹងផ្អែក​លើ​លទ្ធផល​បោះឆ្នោត​នៅ​បារាំង។ បារាំង​ដែល​ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប។ អឺរ៉ុប​នឹង​នៅ​មាន​ជីវិត បើសិន​គណបក្សបារាំង​គាំទ្រ​អឺរ៉ុប​ឈ្នះ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នាខែ​មេសា​ខាងមុខ។ ផ្ទុយទៅវិញ បើសិន​គណបក្ស​ជាតិ​និយមជ្រុល​ឈ្នះឆ្នោត នោះ​សហភាព​អឺរ៉ុប​នឹង​ជួប​គ្រោះថ្នាក់​មួយ​ដ៏ធ្ងន់ធ្ងរ។

តាម​ប្រមុខការបរទេស​អាល្លឺម៉ង់ ក្រុមជាតិ​និយម មិនអាច​រស់នៅ​ជិតខាង​គ្នា​បានទេ។ នៅ​ពេល​ក្រុមជាតិ​និយម​ ចូល​កាន់អំណាច នោះ ពួកគេ​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ ដែល​នឹង​ផ្ទុះ​ទៅ​ជា​សង្រ្គាម ហើយ​មនុស្ស​ជា​អ្នករងគ្រោះ។

នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ច្រើន​យ៉ាង ដូចជា​សង្រ្គាម ការកើនឡើង​នៃ​គំនិត​អត្មានិយម និង​ការគំរាមកំហែង​របស់​ក្រុមភេរវនិយម រដ្ឋមន្រ្តី​ការបរទេស​បារាំង វិញ បានបញ្ជាក់ថា ការរួបរួមគ្នា ហើយ​និង​ការពិភាក្សា​ដោះដូរ​គំនិត គឺ​ជា​រឿង​ចាំបាច់។ ការពិភាក្សា ចែករំលែក​បទពិសោធន៍ និង​បញ្ចេញ​យោបល់​នៅគ្រប់​ប្រធានបទ តាំង​ពី​បរិស្ថាន សេដ្ឋកិច្ច វប្បធម៌ ជា​ទិសដៅ​នៃ​”រាត្រី​គំនិត” ដែល​បារាំង​បាន​រៀបចំ ធ្វើ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ទីក្រុង​ចំនួន ៥០​របស់​ប្រទេស​ជាង​៤០​ក្នុង​ពិភពលោក។

នេះ​ជា​លើក​ទី ២ ដែល​បារាំង ក្រោម​គំនិត​ផ្តួចផ្តើម​របស់​វិទ្យាស្ថាន​បារាំង បាន​រៀបចំ រាត្រី​គំនិត ឬ មហោស្រព​គំនិត។ នៅ​ឆ្នាំនេះ រាត្រី​គំនិត​មាន​ប្រធានបទ​ឈ្មោះថា ពិភពលោក​រួម។ អ្នករៀបចំ​ព្រឹត្តិការណ៍​សង្ឃឹម​ថា រាត្រី​គំនិត​ដែល​ចូលរួម​ដោយ​អ្នកនយោបាយ បញ្ញវន្ត អ្នកប្រវត្តិសាស្រ្ត អ្នកចិត្តសាស្រ្ត អ្នកនិពន្ធ មកពី​គ្រប់​ជាតិ​សាសន៍ នឹង​អាច​ប្រមូល​បាន​គំនិត រាប់រយ ដើម្បី​រៀបចំ​ពិភពលោក​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ