អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

ប្រធានាធិបតីបារាំង៖ រដ្ឋបាល​ត្រាំ ជា​បញ្ហា​ប្រឈម​របស់​អឺរ៉ុប

ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បានជួប​ពិភាក្សា​គ្នា ពី​ដំណើរ​វិវឌ្ឍន៍ របស់​អឺរ៉ុប ដែល​ចាប់​បក់បោក ដោយ​ការបោះឆ្នោត ដើរចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហើយ​និង​ការចូល​កាន់តំណែង​របស់​លោក​ដូណាល់ ត្រាំ។ ជំនួប​អាល្លឺម៉ង់ -​បារាំង ធ្វើឡើង ការប្រកាស​របស់​សេតវិមាន​ដែល​ថា លោក​ដូណាល់ ត្រាំ​ត្រូវ​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង ហើយនិង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​ថ្ងៃ​សៅរ៍នេះ។

ប្រធានាធិបតី​បារាំង ហើយ​និង​លោកស្រីនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​ក្នុង​សន្និសីទ​កាសែត​នៅថ្ងៃទី ២៧ មករា ២០១៧
ប្រធានាធិបតី​បារាំង ហើយ​និង​លោកស្រីនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​ក្នុង​សន្និសីទ​កាសែត​នៅថ្ងៃទី ២៧ មករា ២០១៧ © REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

បារាំង និង​អាល្លឺម៉ង់ ក្បាលម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប បាន​ចាប់ដៃ​គ្នា សម្រិតសម្រាំង សម្រួច​យុទ្ធសាស្រ្ត ដើម្បី​ប្រឈម​នឹង​អាមេរិក របស់​លោក​ដូណាល់ ត្រាំ។ សម្រាប់​ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់ វា​ច្បាស់ណាស់ថា រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ ជា​បញ្ហាប្រឈម​របស់​អឺរ៉ុប តាំង​ពី​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ហើយ​និង​វិធីសាស្រ្ត ដើម្បី​ដោះស្រាយ​ជម្លោះ​នៅក្នុង​ពិភពលោក។ លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ ក៏​បាន​សំដែង​ការព្រួយ​បារម្ភ​ដូចគ្នានេះ ដែរ​ពី​ជំហរ​នយោបាយ​ប្រែប្រួល​ខ្លាំង​នៅ​អាមេរិក ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី។

 
នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អឺរ៉ុប កន្លងមក លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​តិចតួច​ទៅលើ​អឺរ៉ុប។ ក្រៅតែ​ពី​ចាត់ទុក​អង្គការ​អូតង់​ថា ហួសសម័យ គ្មាន​ប្រយោជន៍ លោក​ដូណាល់ ត្រាំ នៅ​បាន​រិះគន់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ថា បានធ្វើ​កំហុស​មួយ​ដ៏ធ្ងន់ធ្ងរ ដោយ​បាន​បើកទ្វារ​ទទួល​ជនភៀសខ្លួន​ស៊ីរីរាប់​លាន​នាក់។

លោកដូណាល់ ត្រាំ ដែលប្រឆាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​និង​មិន​ចង់​បើកទ្វារ​ទទួល​ជនភៀសខ្លួន ធ្លាប់​បាន​អបអរ​ប្រទេស​អង់គ្លេស ដែល​បាន​បោះឆ្នោត​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ លោក​ដូណាល់​ត្រាំ នៅ​បាន​និយាយ​ថា នឹងមាន​ប្រទេស​អឺរ៉ុប​ដទៃទៀត នឹង​យក​គំរូតាម​អង់គ្លេស ដើរ​ចេញ​ពីអឺរ៉ុប ដែល​សព្វថ្ងៃ​ស្ថិតនៅក្នុង​កណ្តាប់​របស់​លោក​ស្រី​មែរកិល។

នៅ​ទីក្រុង​ប៊ែរឡាំង នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែកិល​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ត្រៀមរៀបចំ​កិច្ចប្រជុំកំពូល​របស់​សហភាព​អឺរ៉ុប ដែល​ត្រូវ​ធ្វើ នៅ​សប្តាហ៍​ក្រោយ នៅ​ប្រទេស​ម៉ាល់ត៍។ កិច្ចប្រជុំ​កំពូល​អឺរ៉ុប​ត្រូវ​រៀបចំ​ឡើង ដើម្បី​ស្វែងរក​ច្រកចេញ​ពី​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ការបោះឆ្នោត​ដើរចេញ​របស់​អង់គ្លេស និង​ក្នុង​បរិបទ​ដែល​អាមេរិក​មាន​ប្រធានាធិបតី​ប្រកប​ដោយ​នយោបាយ​ប្រជានិយម​។

ក្រៅតែ​ពី​ជំហរ​អឺរ៉ុប​រួម ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់​ត្រូវ​ធ្វើ ផងដែរ សេចក្តី​ប្រកាស ស្តី​ពី​សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច ដែល​គេ​នឹង​បង្ហាញ នៅទីក្រុង​រ៉ូម ក្នុង​ឱកាស​ខួប ទី ៦០ឆ្នាំ​នៃ​សន្ធិសញ្ញា​បង្កើត​សហភាព​អឺរ៉ុប។ “នៅក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ជួប​បញ្ហា​ប្រឈម ទាំង​ក្នុង និង​ក្រៅ​អឺរ៉ុប យើង​ចង់បាន​ការសន្យា ច្បាស់ៗ និង​រួបរួមគ្នា​មួយ ដើម្បី​អនាគត​អឺរ៉ុប” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់។

អ្នកនាំពាក្យ​របស់​សេតវិមាន​វិញ​បាន​សរសេរ​សារ​នៅក្នុង​Twitter ថា ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​នឹង​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ដឹកនាំ​បារាំង អាល្លឺម៉ង់ ហើយ​និង​រុស្ស៊ី នៅថ្ងៃ​សៅរ៍។ នៅក្រោយ​ជាប់ឆ្នោត​ប្រធានាធិបតី លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ទូរស័ព្ទ​ម្តងហើយ​ជាមួយ​ប្រធានាធិបតី​ពូទីន។ លោក​ដូណាល់ ត្រាំ ដែល​កោតសរសើរ​បុគ្គលិក​លក្ខណៈ​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​សន្យា​រួចហើយថា នឹង​ធ្វើការ កែលំអ​ទំនាក់ទំនង​អាមេរិក រុស្ស៊ី​ឲ្យ​ប្រសើរឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ