អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី- អ.ស.ប.​

អ.ស.ប.​ នៅ​តែ​ពុំទាន់​បាន​បញ្ជាក់​​ពី​​កាលបរិច្ឆត​កិច្ច​ចរចា​នៅ​លើ​បញ្ហា​​ស៊ីរី​​នៅខែកុម្ភៈខាងមុខ​

 ក្រោយពី ទីក្រុង​ម៉ូស្គូ បាន​ជូន​ដំណឹង​កាលពី​ព្រឹក​ថ្ងៃ​សុក​ម្សិលមិញ អំពី​ការ​លើក​ពន្យារ​ពេល​កិច្ច​ចរចា​នៅ Genève ស្តីពី​បញ្ហា​ស៊ីរី​​ដែល​បាន​កំណត់​ពី​តំបូង​នៅ​ថ្ងៃ​ទី​៨​កុម្ភៈ​ខាង​មុខ​នឹង​ត្រូវ​លើក​ទៅ​​ចុង​ខែ​កុម្ភៈ​​វិញ។  រីឯ​អសប​វិញ នៅ​តែ​ពុំ​ទាន់​ធ្វើការ​បញ្ជាក់​អ្វី​នៅ​ឡើយ​នៅ​លើ​ប្រភព​ព័ត៌មាន​ខាង​លើ​នេះ​។​ 

លោក​ Staffan de Mistura (ស្តាំ) បេសកកជនពិសេសរបស់​អសប
លោក​ Staffan de Mistura (ស្តាំ) បេសកកជនពិសេសរបស់​អសប REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រមុខ​ការទូត​រុស្ស៊ី លោក​ Sergueï Lavrov បាន​ជូន​ដំណឹង ថា “កិច្ចចរចា​នៅ​ទីក្រុង  Genève ដែល​កំណត់​ពី​តំបូង នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៨​កុម្ភៈ​ខាង​មុខ​នោះ ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ចុង​ខែ​កុម្ភៈ​វិញ។ ការ​ជូន​ដំណឹង​​របស់​លោក​ប្រមុខ​ការទូត​រុស្ស៊ី​បានធ្វើ​ឡើង​នៅ​មុន​ពេល​លោក​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ក្រុម​អ្នក​ប្រឆាំង​របប​ស៊ីរី​នៅ​ទីក្រុង​មូស្គូ។​

 

ក៏ប៉ុន្តែ​អសប តាមរយៈ​សម្លេង​របស់​លោកស្រី​Yara Sharif ដែល​ជា​អ្នក​នាំពាក្យ​ម្នាក់​របស់​លោក Staffan de Mistura បេសកជន​ពិសេស​របស់​អសប​ទទួល​បន្ទុក​បញ្ហា​ស៊ីរី នៅ​តែ​ពុំទាន់​​ធ្វើការ​អះអាង​បញ្ជាក់​នៅ​លើ​ព័ត៌មាន​នេះ​នៅឡើយ​ទេ។

លោកស្រី Yara Sharif គ្រាន់តែ​គូស​បញ្ជាក់​ប្រាប់ថា “នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​នៅ​មុន​ពេល​កិច្ចចរចា​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ ​បេសកជន​ពិសេស​របស់​អសប​នឹង​ត្រូវ​អញ្ជើញ​ទៅ​កាន់​ទីក្រុង​ញ៉ូយក​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​នេះ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ជាមួយ​អគ្គ​លេខា​ធិការ​​អសប​លោក Antonio Guterres ក៏ព្រមទាំង​ជូន​ដំណឹង​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អសប​​អំពី​កំណត់ត្រា​ថ្មីៗ​ចុង​ក្រោយ​ទាក់ទង​នឹង​បញ្ហា​ជម្លោះ​នៅ​ស៊ីរី។
ដោយឡែក​អសប ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​អញ្ជើញ​ភាគី​នានា​ដើម្បី​មក​​ចូល​រួមនៅ​​ក្នុង​កិច្ច​ចរចា​នៅ​ហ្សឹណែវ នៅ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ។

គូររំលឹកថា តាំង​ពី​ឆ្នាំ ២០១៦​មក កិច្ច​ពិភាក្សា​មួយ​ចំនួន​ដោយ​មិន​ចំពោះ​ដែល​បាន​រៀបចំ​ឡើង​​នៅ​ខែ​កុម្ភៈ មីនា​និង​មេសា​កាលពី​ឆ្នាំ​មុន​នេះ​ដោយ​លោក Staffan de Mistura​ ពុំ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​ទៅ​តាម​កាលបរិច្ឆត​ដូច​តាម​ការ​គ្រោង​ទុក​នោះ​ឡើយ។ ការយឺតយ៉ាវ​នៃ​កិច្ច​ពិភាក្សា​នេះ ជាអាទិ៍​គឺ ដោយសារមាន​​បញ្ហា​នៅ​លើ​ការ​ចាត់ចែង​រៀបចំ​ឬ​ក៏​បញ្ហា​រាំងស្ទះ​ដោយ​សារ​សមាសភាព​របស់​គណៈប្រតិភូ​ជាដើម​។ ម្យ៉ាងទៀត កិច្ច​ប្រជុំទាំង​អស់​នេះ បាន​បិទ​បញ្ចប់​ទៅ​ដោយ​ពុំ​បាន​ចេញ​ជា​លទ្ធផល​អ្វី​ដែរ។

គួររំលឹកថា​នៅ​ក្នុងបញ្ហាជម្លោះនៅ​ស៊ីរី​នេះ ​ប្រទេស​ចំនួន​៣​ដែលមាន​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ បាន​ខិតខំ​ជួយជ្រោមជ្រែង​ដល់​ប្រទេស​ស៊ីរី​តាម​រយៈ​ផ្លូវ​នយោបាយ ដោយ​បាន​ទទួល​បទ​ឈប់បាញ់​មួយ​នៅ​ចុង​ឆ្នាំ​២០០៦​រវាង​កងទ័ព​ស៊ីរី​និង​ក្រុមបះបោរ​ប្រឆាំង​របបលោ​ក​អាសាត។​
ចាប់តាំង​ពី​បទឈប់បាញ់​បានចូលជាធរមាន​នៅថ្ងៃទី៣០​ធ្នូ​២០១៦​មក អំពើហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរីនេះ បាន​ធ្លាន់ចុះអន់ថយបន្តិចម្តងៗ​តែពុំ​បានបិទ​បញ្ចប់​អំពើហិង្សា​ទាំង​ស្រុង​នោះ​ឡើយ។
​​អធិករណ៍នៅ​ក្នុងប្រទេសស៊ីរី ដែលមានរយៈពេលជិត​៧​ឆ្នំាទៅហើយនោះ​បាន​សម្លាប់​មនុស្ស​​ជាង​៣សែននាក់​និងបណ្តាល​ឲ្យមានប្រជាជនភៀសខ្លួន​ជាច្រើនលាននាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ