អានតួអត្ថបទ
អឺរ៉ុប-អាមេរិក

លោកដូណាល់ ទូស្ក៖​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ជា​ការ​គំរាមកំហែង​អឺរ៉ុប

លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ដូណាល់ ទូស្ក​បាន​ថ្លែង​ដោយ​កត់សម្គាល់​ឃើញ​នា​ថ្ងៃ​អង្គារ ទី៣១ មករា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ជា​ការ​គំរាមកំហែង​សម្រាប់​អឹរ៉ុប ដូច​ជា​ប្រទេស​រុស្ស៊ី ចិន ឬ​មួយ​ពួក​អ៊ីស្លាមជ្រុលនិយម​អ៊ីចឹង​ដែរ។ លោក​ដូណាល់ ទូស្ក​បាន​ចាត់​ទុក​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​របស់​រដ្ឋបាល​ថ្មី​អាមេរិក​ថា​ជា​រឿង​គួរ​ឲ្យ​បារម្ភ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​អឺរ៉ុប​ក៏​ដូច​ជា​ទំនាក់ទំនង​អន្តរអាត្លង់ទិក។

លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក
លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ដូណាល់ ទូស្ក REUTERS/Francois
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ដូណាល់ ទូស្ក​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ទៅ​កាន់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​ទាំង ២៧រូប​ដែល​កំពុង​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ជំនួបកំពូល​ក្រៅផ្លូវការ​ស្តីពី​អនាគត​អឺរ៉ុប​ក្នុង​ប្រទេស​ម៉ាល់ត៍​នា​ថ្ងៃ​សុក្រ ទី៣ មករា។ នៅ​ក្នុង​លិខិត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ថ្ងៃ​អង្គារ ទី៣១ មករា លោក​ដូណាល់ ទូស្ក​បាន​ពន្យល់​ច្បាស់ៗ​ថា សេចក្តីថ្លែងការណ៍​គួរ​ឲ្យ​ព្រួយបារម្ភ​របស់​រដ្ឋបាល​ថ្មី​អាមេរិក​នៅ​ក្នុង​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​សព្វថ្ងៃ​បាន​ធ្វើ​អនាគត​អឺរ៉ុប​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ខ្លាំង។

ដោយ​និយាយ​យោង​លើ​គម្រោង​របស់​អឹរ៉ុប​ក្នុង​ការ​រៀបចំ​ពិធី​សាទរ​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​នៅ​ដំណាច់​ខែ​មីនា​ខាង​មុខ លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​បាន​ប្រើ​សម្តី​វាយប្រហារ​លើ​រដ្ឋបាល​ថ្មី​អាមេរិក​ថា កំពុង​ព្យាយាម​បំផ្លាញ​សមិទ្ធិផល​នយោបាយ​ការបរទេស​អាមេរិក​ក្នុង​រយៈពេល ៧០ឆ្នាំ​កន្លង​ទៅ​នេះ។ ប្រតិកម្ម​របស់​លោក​ដូណាល់ ទូស្ក​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​ថ្មី​អាមេរិក​ដូណាល់ ត្រាំ​បាន​ផ្តល់​ចំណាប់អារម្មណ៍​ឆ្កឹះឆ្កៀល និង​អុជអាល​មួយ​ចំនួន ដូច​យ៉ាង រិះគន់ ទិតៀន​អូតង់​ថា​ជា​អង្គការ​គ្មានប្រយោជន៍ ឬ​មួយ​ក៏​សាទរ​អង់គ្លេស​ដែល​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប ព្រម​ទាំង​ជំរុញ​ប្រទេស​ផ្សេង​ឲ្យ​ធ្វើ​តាម​អង់គ្លេស​ជា​ដើម។

ក្រៅ​ពី​វ៉ៃប្រហារ​លើ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ដូណាល់ ទូស្ក​ក៏​បាន​វ៉ៃប្រហារ​លើ​ចិន​ដែល​កំពុង​ពង្រីក​មហិច្ឆិតា​យោធា​នៅ​ក្នុង​សមុទ្រចិន និង​វ៉ៃប្រហារ​លើ​នយោបាយ​រុស្ស៊ី​របស់​លោក​ប្រធានាធិបតី​ពូទីន​ដែល​ទន្ទ្រាន​ឈ្លានពាន​ប្រទេស​ជិតខាង​ខ្លួន ពិសេស​អ៊ុយក្រែន។ នៅ​ផ្ទៃក្នុង​អឺរ៉ុប លោក​ដូណាល់ ទូស្ក​បាន​បរិហារ​ពី​កំណើន និង​ការ​គំរាមកំហែង​ពី​ពួក​អ្នកជាតិនិយម និង​ពួក​អ្នកស្អប់​ជនបរទេស។ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ លោក​ដូណាល់ ទូស្ក​បាន​អំពាវនាវ​អឺរ៉ុប​ឲ្យ​ចាត់​វិធានការ​បន្ថែម​ដើម្បី​លើក​ស្ទួយ​អឺរ៉ុប និង​និយាយ​ដាក់​ផ្លែផ្កា​ឲ្យ​លោក​ត្រាំ​ថា « ការ​រួម​គ្នា​ជា​កម្លាំង ការ​បែកបាក់​គ្នា​ធ្វើ​ឲ្យ​ចុះ​ខ្សោយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ