អានតួអត្ថបទ
បារាំង-ម៉ាលី

អ្នកចរចា៖ ការសម្លាប់​អ្នកកាសែត​RFI គ្មាន​ជាប់​ទាក់ទង​នឹង​ការចរចា​ដោះលែង​ចំណាប់​ខ្មាំង

តើ​ការសម្លាប់​អ្នកកាសែត​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI ​មាន​ជាប់ទាក់ទង​នឹង​ការដោះលែង​ចំណាប់ខ្មាំង​បារាំង ដែរឬទេ? នៅ មួយ​សប្តាហ៍​ក្រោយ ទូរទស្សន៍ បារាំង ចាក់ផ្សាយ​ព័ត៌មាន ដែល​បាន​លើកឡើង​ពី​ការជាប់​ពាក់ព័ន្ធ​គ្នា រវាង​ការសម្លាប់​អ្នកកាសែត​ទាំង២​នាក់ ហើយ​និង​ចំណាប់​ខ្មាំង​បារាំង ​វិទ្យុ​បារាំង RFI បាន​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់ អន្តរការី ជាតិ​នេហ្សរីយ៉ា ដែល​បាន​ចូលរួម​ចរចា ឲ្យ​មាន​ការដោះលែង ចំណាប់ខ្មាំង បារាំង ពី​ដៃ​របស់​ក្រុម​ជីហាត Aqmi នៅ​ឆ្នាំ ២០១៣។ 

លោក​Mohamed Akotey ថត​នៅ​ថ្ងៃទី ២៦ ឧសភា ២០១៤ នៅ​ទីក្រុង​ Niamey ជាតួអង្គ​សំខាន់ ចូលរួម​ក្នុង​ការចរចា​ឲ្យ​មាន​ការដោះលែង​ចំំណាប់ខ្មាំង​ពី​ដៃ​ក្រុមជីហាតAqmi.
លោក​Mohamed Akotey ថត​នៅ​ថ្ងៃទី ២៦ ឧសភា ២០១៤ នៅ​ទីក្រុង​ Niamey ជាតួអង្គ​សំខាន់ ចូលរួម​ក្នុង​ការចរចា​ឲ្យ​មាន​ការដោះលែង​ចំំណាប់ខ្មាំង​ពី​ដៃ​ក្រុមជីហាតAqmi. BOUREIMA HAMA / AFP
ផ្សាយពាណិជ្ជកម្ម

Mohamed Akotey ជា​អ្នកចរចា ដែល​រដ្ឋាភិបាល​នីហ្សេរីយ៉ា​បាន​បញ្ជូន​ឲ្យ​ទៅ​និយាយ ជាមួយ ក្រុម​ជីហាត Aqmi ដើម្បី​ដោះលែង ចំណាប់​ខ្មាំង​បារាំង ៤នាក់ កាលពី​ចុងឆ្នាំ​២០១៣។ ជា​លើក​ទី ១ ដែល​អ្នកចរចា​រូបនេះ បាន​ចេញមុខ ផ្តល់​បទសម្ភាសន៍ គឺ​នៅ​ក្នុង​ពេល​ដែល​មាន​ព័ត៌មាន​យ៉ាង ផុសផុល នៅ​បារាំង ស្តីពី​ការជាប់​ទាក់ទង​គ្នា​រវាង​ការសម្លាប់​អ្នកកាសែត​បារាំង ហើយ​និង​ការដោះលែង​ចំណាប់​ខ្មាំង​បារាំង។

 
អ្នកកាសែត​របស់​ RFI ទាំងពីរ​រូប គឺ​ ហ្ស៊ីសឡែន ឌុយប៉ុង និង​ខ្លូត វែរឡុង ត្រូវ​បាន​ក្រុម​ជីហាត​ចាប់ជាចំណាប់ខ្មាំង រួចហើយ​សម្លាប់​ចោល កាល​ពីថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ២០១៣ នៅ​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​យកការណ៍​នៅ​តំបន់​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ ហេតុការណ៍​នេះ​បាន​កើតឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ចំណាប់ខ្មាំង​បារាំង ៤នាក់​ផ្សេងទៀត​ ត្រូវ​បាន​ក្រុម​ជីហាត​ដោះលែង។

យោងតាម​ព័ត៌មាន ចុះផ្សាយ​របស់​ទូរទស្សន៍​បារាំង France2 ដែល​បាន​ស្រង់​សក្ខីកម្ម​របស់​សមាជិក​ក្រុម​ជីហាត ក៏ដូចជា អតីត​មន្រ្តី​ចារកិច្ច និង​មន្រ្តី​ទូត​បារាំង ការដោះលែង​ចំណាប់​ខ្មាំង​បារាំង​ទាំង ៤នាក់ គឺ​កើតចេញ​ពីការចរចា​ដ៏​ស្មុគស្មាញ និង​ដ៏​សែន​ចម្រូងចម្រាស់ ទម្រាំ​ឈាន​ដល់​ការព្រមព្រៀង​ដោះលែង​ជាថ្នូរ​នឹង​ការបង់លុយ​រាប់សិបលាន​ អឺរ៉ូ។ ក៏ប៉ុន្តែ ក្រុម​ជីហាត​អះអាង​ថា ក្រោយ​ពី​ដោះលែង​ចំណាប់ខ្មាំង​រួចហើយ ពួកគេ​ឃើញ​ថា លុយ​ដែល​បារាំង​បង់​ជាថ្នូ​នឹង​ចំណាប់ខ្មាំង​នេះ មិនគ្រប់​ទៅតាម​ចំនួន​ដែល​បាន​ព្រមព្រៀង។ ហេតុដូ​ច្នេះ ហើយ​បាន​ជា​គេ​គិត​ថា ក្រុម​ជីហាត​បានចាប់ខ្លួន និង​សម្លាប់​អ្នកកាសែត RFI ទាំងពីរ​រូប ដើម្បី​ជា​ការសងសឹក។

នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ អ្នកចរចា​ Mohamed Akotey​បាន​បញ្ជាក់ថា ការស្លាប់​របស់​អ្នកកាសែត បារាំង គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​ការដោះលែង​ចំណាប់​ខ្មាំង​នោះទេ។ Mohamed Akotey​នៅ​បាន​បដិសេធ មិន​បញ្ជាក់​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​បារាំង បាន​ចំណាយ​លុយ ដើម្បី ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​បារាំង ពី​ដៃ​របស់​ក្រុមជីហាត។

ការបង់លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង គឺ​ជា​នយោបាយ​ដែល​តែងទទួល​រងនូវការ​រិះគន់ ដោយសារ​តែ​គេ​គិត​ថា ធ្វើ​បែបនេះ គឺ​លើកទឹកចិត្ត​ឲ្យ​ក្រុម​ភេរវជន​យក​ការ​ចាប់ចំណាប់ខ្មាំងធ្វើ​ជា​ជំនួញ។ ហេតុដូច្នេះហើយ​បាន​ជា​ តាំងពី​ដើមរៀងមក រដ្ឋាភិបាល​បារាំង​តែងតែ​លាក់​បាំង​ការណ៍​សម្ងាត់ ជុំវិញ​ដំណើរការ​ចរចា​ដោះលែង​ចំណាប់ខ្មាំងរបស់ខ្លួន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ