អានតួអត្ថបទ
អង់គ្លេស-អឺរ៉ុប

សភា​អង់គ្លេស​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្រ្តី​បើក​ការចរចា​ដក​អង់គ្លេស​ពី​សហភាពអឺរ៉ុប

រដ្ឋាភិបាល​អង់គ្លេស​នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​ស នៅថ្ងៃ​ព្រហស្បតិ៍ នេះ គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​សភា​បាន​បោះឆ្នោត​អនុម័ត ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្រ្តី​អង់គ្លេស ចាប់ផ្តើម​នីតិវិធី​ចរចា ដកអង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។ សៀវភៅ​ស​របស់​រដ្ឋាភិបាល​អង់គ្លេស​នឹង​និយាយ​លម្អិត​ពី​ផែនការ​យុទ្ធសាស្រ្ត ដែល​រដ្ឋាភិបាល​នឹង​ប្រើ​ដើម្បី​ចរចា​ជាមួយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ 

នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី តេរ៉េហ្សា មេ
នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី តេរ៉េហ្សា មេ REUTERS/Neil Hall
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ពិភាក្សា​សួរដេញដោល​អស់ ជាង ១៧​ម៉ោង សភា​អង់គ្លេស​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់ ដែល​នឹង​បើកផ្លូវ អនុញ្ញាត​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​តេរ៉េហ្សា មេTheresa May ចាប់ផ្តើម​នីតិវិធី​ចរចា​ដក​អង់គ្លេស ចេញ​ពី​សហភាព​អឺរ៉ុប ស្របតាម​មាត្រា​ទី ៥០​នៃ​សន្ធិសញ្ញា​ក្រុង​Lisbonne។

 
សមាជិក​សភា​អង់គ្លេស ចំនួន ពីរ ភាគបី​ធ្លាប់​មាន​ជំហរ​ប្រឆាំង មិន​ចង់​ឲ្យ​អង់គ្លេស​ដើរចេញ​ពី សហភាព​អឺរ៉ុប។ ប៉ុន្តែ នៅក្រោយ​ការបោះឆ្នោត ថ្ងៃ​ម្សិលមិញ សមាជិកសភា​ជាច្រើន​ទទួល​ស្គាល់ថា គេ​មិនអាច​ដើរបកក្រោយ និង​ប្រឆាំង​ការសម្រេចចិត្ត​របស់​ប្រជាជន​ដែល​បាន​បោះឆ្នោត ទាមទារ​ឲ្យ​អង់គ្លេស ចេញ​ពី​សហភាពអឺរ៉ុប នៅក្នុង​អំឡុង​បោះឆ្នោត​ប្រជាមតិ​នោះទេ។

រដ្ឋាភិបាល​អង់គ្លេស អស់​មាន​រនាំង​បាំង នៅក្រោយ​ភ្លើងខៀវ​របស់​រដ្ឋសភា ដែល​ធ្លាប់​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​កំពូល ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស ត្រូវ​តែ​ពិភាក្សា សុំ​ការអនុញ្ញាតិ​ពី​សភា មុន​នឹង​បើក​ការចរចា លែងលះ​ជាមួយ​សហភាព​អឺរ៉ុប។

លោកស្រី​នាយករដ្ឋមន្រ្តី​តេរ៉េហ្សា មេ ដែល​ធ្លាប់​រឹងរូស​មិន​ចង់​ឆ្លងកាត់​សភា សុខចិត្ត​ធ្វើតាម​ការសម្រេច​របស់​តុលាការ​កំពូល និង​បាន​សន្យា​ផងដែរ បោះពុម្ព​សៀវភៅ ស នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ តាម​អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស សៀវភៅ​ស ដែល​គេ​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាងអន្ទះសា នឹង​រៀបរាប់​ពី​ផែនការ​យុទ្ធសាស្រ្ត​សំខាន់ៗ ដែល​រដ្ឋាភិបាល​នឹង​ប្រើ​សម្រាប់​ចរចា​ជាមួយ​សហភាព​អឺរ៉ុប។ សៀវភៅ​ស​របស់​រដ្ឋាភិបាល​នឹង​មាន​និយាយ​ផងដែរ​ពី​ការចាកចេញ​របស់​អង់គ្លេស​ពី​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ