អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី​ចាប់​ផ្តើម​ចែក​ដី​១ហិកតាៗ​ឲ្យ​ទៅ​រាល់​ពលរដ្ឋ​ណា​ដែល​ចង់​បាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​ពីរ​ថ្ងៃ​មក​ហើយ គឺ ចាប់​ពី​ថ្ងៃ១​កុម្ភៈ​មកដែល​ស្រប​នឹង​ច្បាប់​រុស្ស៊ី​ ពលរដ្ឋ​រូប ណា​ក៏ដោយ​នៃ​ប្រទេស បំពាក់​ដោយ​សិទ្ធិ ដើម្បី​ទទួល​ដោយ​មិន​បាច់​បង់ថ្លៃ​អ្វី​ណា​ទេ ឡូដី ១ ហិចតា ឬ ១ម៉ឺនម៉ែត្រការ៉េ នៅ​ឯ តំបន់​ចុងបូព៌ាប្រទេស ទៅ​តាម​តម្រូវការ​របស់​ខ្លួន ឧទាហរណ៍ សម្រាប់​សង់​ផ្ទះ សម្រាប់​ប្រកប​កសិកម្ម ឬ ធ្វើ​សកម្មភាព Business បែបយ៉ាង​Eco-ទេសចរណ៍ ជា​ដើម។ កម្មវិធី​សហព័ន្ធ ផ្តល់​ដី​ដល់​ពលរដ្ឋ នឹង​ដំណើរការ​រហូតដល់​ឆ្នាំ​២០៣៥ ឯណោះ។ មូលហេតុមក​ពី​ប្រទេស​រុស្ស៊ី ធំ​ល្វឹងល្វើយ​ពេក ទាល់​តែ​ខ្វះ​បណ្តាជន​រស់​នៅ ឯ​តំបន់ ឆ្ងាយ​ដាច់ស្រយាល ដើម្បី​លុក​បើក​ប្រើប្រាស់ និង អភិវឌ្ឍ ដី​ដែលនៅ​ទំនេរ។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

គួរ​និយាយ​ថា រុស្ស៊ី ជា​ប្រទេស​មាន​ដែនដី​ធំ​ជាង​គេ​នៅ​ក្នុង​លោក ដោយ​លាត​សន្ធឹង នៅទ្វីប​អឺរ៉ុប​ផង ទ្វីប​អាស៊ី​ផង គឺ​ដល់​ទៅ​ជាង ១៧លានគីឡូម៉ែត្រក្រឡា ប៉ុន្តែ ខាង​ចំនួន បណ្តាជន គឺ​មាន​តែ ១៤៦លាន​៥សែននាក់ ជាប់​ចំណាត់ថ្នាក់​ត្រឹម​ទី៩ ក្នុង​លោក ស្ថិត​នៅ​ពី ក្រោយ មហាយក្សចិន ឥណ្ឌា ស.រ.អា ឥណ្ឌូណេស៊ី ប្រេស៊ីល ប៉ាគីស្ថាន នីហ្សេរីយ៉ា និង បង់ក្លាដែស។ ប៉ុន្តែ ក្នុង​ចំណោម​១០ប្រទេស​នាំ​មុខ​គេ ខាង​ចំនួន​បណ្តាជន រុស្ស៊ី​ស្ថិត​នៅ​ពីមុខ ប្រទេស​ជប៉ុន។ ដែនដី ១៧លានគីឡូម៉ែត្រក្រឡា គឺ​ស្មើ​នឹង ១.៧០០លានហិចតា ដែល​ពី​ក្នុង​នោះ ៣៦% ឬ ៦១០លានហិចតា ស្ថិត​នៅ​តំបន់​ចុងបូព៌ា តំបន់​ដែល​រួម​ក្តោបខេត្ត​ចំនួន​៩ ចំណុះ សហព័ន្ធ រុស្ស៊ី។ ចំណែក​ដី​ ដែល​ត្រូវ​បាន​សំអាត សម្រាប់​ផ្តល់​ទៅ​បណ្តាជន មាន ១៨០ លានហិចតា។ ដូច្នេះ បើ​សម្រាប់​ម្នាក់ៗ ដី​តែ ១ ហិចតា នោះ ដី​ដែលមាន គឺ មិន​ខ្វះ​សោះ​ឡើយ។

រីឯ​គម្រោង​ច្បាប់​ស្តី​អំពី​ការ​ចែកដី​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាន់​ក្រោម “ ឌូម៉ា “ គឺកាលពី ថ្ងៃ ២២មេសាឆ្នាំ២០១៦ រួច​បន្ទាប់​មក អនុម័ត​ដោយ​ព្រឹទ្ធសភាថ្ងៃ ២៧មេសា។ វា ត្រូវ​បាន​ចុះ ហត្ថលេខា ដោយ​លោក​ប្រធានាធិបតី​ពូទីន ថ្ងៃទី១​ឧសភា ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់ ដែល​ចូល​ជា ធរមាន នៅ​ថ្ងៃ​បន្ទាប់​មក គឺ​ថ្ងៃទី​២​ឧសភា​ឆ្នាំ២០១៦។ ស្រប​នឹង​ច្បាប់​នេះ គឺមួយ​ខែ​ក្រោយ​មក បាន​ន័យ​ថា ចាប់​ពី​ថ្ងៃទី១​មិថុនា​មក ដែល​អ្នកស្រុក​នៃ​តំបន់​ចុងបូព៌ាផ្ទាល់ ត្រូវ​បាន បំពាក់​ទៅ ដោយ​សិទ្ធិ​ដើម្បី​ទទួល​ឡូដី​១ហិកតា​នេះ មុន​គេ​បង្អស់។

សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​តាម​ខេត្ត ៧៦ទៀត ចំណុះ​សហព័ន្ធ​រុស្ស៊ី បាន​ទទួល​សិទ្ធិ​បែបនេះ ដើម្បី​មាន​ឡូដី​១ហិចតា​ដែរ ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ណា​ទេ គឺ​លុះ​រំលង​៨ខែ​មក បានន័យ​ថា ចាប់​ពី​ថ្ងៃទី១​កុម្ភៈ​ឆ្នាំ២០១៧។ តាម​ទិន្នន័យ​នៃ អាជ្ញាធរ ក្នុង​៨ខែ​កន្លង​ទៅ មាន​អ្នកស្រុក​តំបន់​ចុងបូព៌ា បាន​ដាក់​ពាក្យ​សុំ ចំនួន ជាង ៤៣.០០០ ពាក្យ ហើយ​ដី​ក្នុង​ផ្ទៃក្រឡា ជាង ៤.០០០ ហិចតា ត្រូវ​បាន​ប្រគល់​ទៅ​ហើយ សម្រាប់ ការ​ប្រើប្រាស់​របស់​គេ។ ចំណែកពាក្យ​សុំ​ចំនួន ជាង ៤០.០០០ ទៀត កំពុង​ស្ថិត នៅ ក្នុង​ការ​ពិនិត្យមើល។ តាម​កាណាល់ទូរទស្សន៍ ប៉ុស្ត​លេខ១ ផ្សាយ​ថ្ងៃ ១​កុម្ភៈ​នោះ​នៅ​ម៉ោង៩ យប់ គ្រាន់​តែ​ក្នុង​១ថ្ងៃ ដំបូង មានពលរដ្ឋ​ដល់​ទៅ​ជាង ២.៥០០នាក់​បាន​ដាក់​ពាក្យ​ចង់ ទទួលដី ១ហិចតា នោះ។

ល័ក្ខខ័ណ្ឌ​តែ​មួយ​គត់ គឺ ក្នុង​រយៈពេល​៥ឆ្នាំ គេ​ត្រូវ​តែ​ប្រើ​វា​ក្នុង​គោលដៅ​ចែង​ដោយ​ច្បាប់ កុំទុក​វា នៅ​អនាថា ពុំ​នោះ​សោត រដ្ឋ​នឹង​ដក​វា​យក​ទៅ​វិញ។ ដី ប្រគល់​ទៅ អ្នក​ដែល​ប្រើប្រាស់​វា សម្រាប់​រយៈពេល​៥ឆ្នាំ ដោយ​ឥត​ទារ​សំណង​អ្វី​ណា​ទេ។ ក្រោយ​ពី​ផុត​រយៈពេលនេះ សាមីជន អាច​ឆ្លង​ទៅ​ជួល​វា ឬ​ក៏​អាច​ទទួល​វា ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ បើ​ដី​ដែល​ទទួលបាន​នោះ ស្រាប់​តែ មិន​បាន​ត្រូវ​សាមីជន ប្រើ​ឲ្យ​បាន​សមស្រប​នឹង​គោលដៅ ចែង​ក្នុង​ច្បាប់ទេនោះ វា​នឹង​ត្រូវ អាជ្ញាធរ រឹប​អូស​យក​វិញ។ ដោយហេតុ​ថា ដី​ទទួល​បាន​នោះ តម្រូវ​ឲ្យពលរដ្ឋ​បញ្ចូល​ដើមទុន​ដើម្បី​ឲ្យ​វា​ដំណើរការ ហុច​មក នូវ​ផ្លែផ្កា បាន​ជា​ពលរដ្ឋ​ខ្លះ​បង្ខំ​ចិត្ត​ខ្ចី​លុយ​ពី​ធនាគារ ម៉្លោះ​ហើយ​បាន​ជា រដ្ឋាភិបាល ចេញ បទណែនាំ ឲ្យ​ធនាគារ​យក​ការប្រាក់​ពី​ប្រាក់កម្ចី​នោះ ក្នុង ល័ក្ខខ័ណ្ឌ​ធូរ​ស្រាល កុំ​ឲ្យ​លើស​ពី ៨% ក្នុង​មួយ​ឆ្នាំ។

ពួក​អ្នក​ទិតៀន​ច្បាប់​នោះ នាំ​គ្នា​កត់សម្គាល់​ថា ដី​នៅ​តំបន់​ចុងបូព៌ា បើ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​លូតលាស់​នៅ​ទីនោះ​ទេ ច្បាស់​ជា​មិន​សូវ​ទាក់​ចិត្ត​អ្នក​ដែល​ចង់​បាន​ឡើយ។ ប៉ុន្តែ ល័ក្ខខ័ណ្ឌ ប្រមើល​ក្នុង​កម្មវិធី នឹង​ហុច​លទ្ធភាព​ដល់​ក្រុម​បុគ្គល​ជាក់លាក់ ឲ្យ​ទទួល​បាន ដី​ជាច្រើន ហិចតា​តែ​ម្តង សម្រាប់​ប្រែ​វា ទៅ​ជា​កសិដ្ឋាន ឬ ទៅ​ជា​កន្លែង​ធ្វើ Business បែបយ៉ាង Eco-ទេសចរណ៍ ជាដើម។ ស្រប​នឹង​លទ្ធផល​នៃ​ការ​ស្ទង់មតិ ធ្វើ​ដោយ​អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី VSIOM មាន​ពលរដ្ឋ ៦% ប្តេជ្ញា​យ៉ាង​មាំ​ទទួល ឲ្យ​បាន​ដី ១ហិចតា​នោះហើយ ៧% ទៀត​កំពុង​គិតគូរ ដើម្បី​ទទួល ដី​បែប​នេះ​ដែរ។ ដូច្នេះ ជា​សរុប គឺ​អាច​ឡើងដល់ ១០ លាននាក់ ប្រជាពលរដ្ឋ​ដែល​ប្រាថ្នា​ចង់ បាន​ម្នាក់ៗ គឺ ដី១ ហិចតា នៅ​តំបន់​ចុងបូព៌ា​រុស្ស៊ី។ កម្មវិធី​សហព័ន្ធ​ខាង​ចែក​ដី ១ ហិកតាៗ ​ទៅ​ពលរដ្ឋ នឹង​ដំណើរការ​រហូត​ដល់ ឆ្នាំ ២០៣៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ