ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

លោក​អ៊ែរដូហ្កាន៖​តួកគី​បន្ត​យុទ្ធនាការ​កម្ទេច​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី តែ​គ្មាន​បំណង​កាន់កាប់​ស៊ីរី​ទេ

media  
កម្លាំងទ័ព​តួកគី​ REUTERS/Khalil Ashawi

នៅ​ក្នុង​ប្រទេស​តួកគី លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី១២ កុម្ភៈ​ថា ទ័ពតួកគី និង​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​ស៊ីរី​បាន​បើក​ប្រតិបត្តិការ​ចូល​ក្នុង​ដែនដី​ស្រុក​អាល់បាប (Al-Bab) និង​ត្រៀម​រំដោះស្រុក​ស៊ីរី​មួយ​នេះ​ពី​កណ្តាប់ដៃ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តាម​លោក​អ៊ែរដូហ្កាន បន្ទាប់​ពី​រំដោះ​បាន​ស្រុក​អាល់បាប ទ័ព​តួកគី​នឹង​បន្ត​ប្រតិបត្តិការ​រំដោះ​ទីក្រុង​រ៉ាក់កា​ទៀត។ លោក​អ៊ែរដូហ្កាន​បាន​ធានា​ជា​ថ្មី​ថា គោលដៅ​របស់​តួកគី​នៅ​ស៊ីរី គឺ​កម្ទេច​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ពោល​គ្មាន​បំណង​កាន់កាប់​ស៊ីរី​ទេ។

 

នៅ​ពេល​នេះ កម្លាំងទ័ព​តួកគី និង​កម្លាំង​ឧទ្ទាម​ស៊ីរី​ប្រដាប់​អាវុធ​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​ស្រុក​អាល់បាប​ស្ថិត​ប៉ែក​ខាង​ជើង​ស៊ីរី ហើយ​យុទ្ធនាការ​រំដោះ​ស្រុក​មួយ​នេះ​ទាំង​មូល​ចេញ​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​នឹង​ត្រូវ​ធ្វើ​ឡើង​ឆាប់ៗ នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន។ តាម​លោកអ៊ែរដូហ្កាន ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ផ្តើម​ដក​ថយ​បណ្តើរៗ​ចេញ​ពី​ស្រុក​អាល់បាប​នោះ​ហើយ។ ការ​ថ្លែង​របស់​ប្រធានាធិបតី​តួកគី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទ័ព​តួកគី និង​ពួក​ឧទ្ទាម​ស៊ីរី​ប្រដាប់អាវុធ​បាន​ដាក់ជើង​ជាន់ទឹកដី​ស្រុក​អាល់បាប​ជា​លើកទី១ កាល​ពី​ថ្ងៃ​សៅរ៍ ទី១១ កុម្ភៈ។
 
គួរ​បញ្ជាក់​ជូន​ថា យុទ្ធនាការ​វាយ​ដណ្តើម​យក​ស្រុក​អាល់បាប​ដែល​មាន​ពលរដ្ឋ​ស៊ីរី​រស់នៅ​ប្រមាណ​ជា ១០០ ០០០នាក់​ពី​អង្គការ​រដ្ឋអ៊ីស្លាម​ពេល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទ័ពតួកគី រួម​ជា​មួយ​ពួកឧទ្ទាម​ស៊ីរី​នៅ​ប៉ែកខាងជើង ខាងកើត និង​ខាង​លិច ចំណែក​កម្លាំងទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​បើក​ការ​វាយប្រហារ​ពី​ប៉ែក​ខាងត្បូង។ សូម​រម្លឹក​ជូន​ថា ស្រុក​អាល់បាប​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​តាំង​ពី​ឆ្នាំ ២០១៤ ក្នុង​ពេល​ដែល​អង្គការ​ភេរវនិយម​មួយ​នេះ​បាន​ចូល​វាតទី​កាន់កាប់​ដែនដី​មួយ​ភាគ​ធំ​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ មួយ​វិញ​ទៀត ស្រុក​អាល់បាប​ក៏​ជា​ដែនដី​ចុង​ក្រោយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទីក្រុង​អាឡិប។
 
យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ច្បាស់ៗ​ថា យុទ្ធនាការ​ប្រឆាំង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី​មិនមែន​ឈប់​ត្រឹម​រំដោះ​ស្រុក​អាល់បាប​ទេ តែ​នឹង​ឈាន​ទៅ​រំដោះ​ទីក្រុង​រ៉ាក់កា​ដែល​ជា​ដែនអំណាច​កណ្តាល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។ លោក​អ៊ែរដូហ្កាន​បាន​ធានា​ថា គោលដៅ​របស់​តួកគី​គឺ​បោសសំអាត​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​អស់​ពី​តំបន់ ពោល​គ្មាន​បំណង​ចូល​កាន់កាប់​ទឹកដី​ស៊ីរី​ទេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ