ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
អឺរ៉ុប

បារាំង-អាល់ហ្សេរី៖​លោក​អេម៉ានុយអែល ម៉ាក្រុង​ថា អាណានិគមកិច្ច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

media  
លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធាន​ចលនា « ដើរទៅមុខ » និង​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង REUTERS/Christian Hartmann

នៅ​ក្នុង​ប្រទេស​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធាន​ចលនា « ដើរ​ទៅ​មុខ » និង​ជា​បេក្ខជន​ប្រធានាធិបតី​បាន​ថ្លែង​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាល់ហ្សេរី​ក្នុង​ថ្ងៃ​ពុធ ទី១៥ កុម្ភៈ​ថា អាណានិគមកិច្ច​របស់​បារាំង​លើ​អាល់ហ្សេរី គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ និង​ថា បារាំង​គួរ​តែ​សម្តែង​ការ​សុំទោស​ចំពោះ​ពលរដ្ឋ​អាល់ហ្សេរី។ ការ​ថ្លែង​របស់​លោក​ម៉ាក្រុង​ដូច​នេះ​បាន​​បំផុស​ឲ្យ​មាន​ប្រតិកម្ម​បរិហារ​ពី​ក្រុម​អ្នកនយោបាយ​បារាំង ពិសេស​ពី​គណបក្ស​ស្តាំនិយម និង​គណបក្សស្តាំនិយម​ជ្រុល។

ក្នុង​រយៈពេល ១៣២ឆ្នាំ ពោល​ពី​ឆ្នាំ ១៨៣០ ដល់​ឆ្នាំ ១៩៦២ ដែល​បារាំង​បាន​ធ្វើ​អាណានិគម​លើ​ប្រទេស​អាល់ហ្សេរី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រោយ​អាល់ហ្សេរី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៦២ មក ទំនាក់ទំនង​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​អាល់ហ្សេ​មិន​សូវ​ជា​ល្អូកល្អឺន​ប៉ុន្មាន​ទេ។ មិន​ល្អូកល្អឺន​ក៏​ដោយសារ​មាន​បន្សល់​ទុក​ដោយ​ស្នាមរបួស​នៅ​ក្នុង​អតីតកាល​ដ៏​ល្វីងជូរចត់​មួយ​ចំនួន។ នៅ​ខាង​បារាំង ប្រធានាធិបតី​ចេញ​មក​ពី​គ្រប់​និន្នាការ​នយោបាយ​តែងតែ​ព្យាយាម​ព្យាបាល និង​ផ្សះផ្សា​របួសស្នាម​ក្នុង​អតីតកាល​មួយ​នេះ​តាម​គ្រប់​រូបភាព។ ក៏​ប៉ុន្តែ គ្មាន​ប្រធានាធិបតី​រូប​ណា​ចេញ​មុខ​ទទួល​ស្គាល់​ការ​ពិត និង​ចេញ​មុខ​សុំទោស​ពលរដ្ឋ​អាល់ហ្សេរី​ជា​ផ្លូវការ​ទេ។
 
ជាក់ស្តែង​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​នៅ​អាល់ហ្សេរី​ក្នុង​ឆ្នាំ ២០១២ លោក​ហូឡង់​បាន​ប្រកាស​ពី​ការ​បើក​ទំព័រសករាជ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​បារាំង និង​អាល់ហ្សេរី និង​ចង់​និយាយ​ការ​ពិត​ប្រាប់​ពលរដ្ឋ​អាល់ហ្សេរី តែ​បដិសេធ​មិន​សម្តែង​ការ​សុំទោស​ចំពោះ​ពលរដ្ឋ​អាល់ហ្សេរី​ទេ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​ឥស្សរជន​នយោបាយ​បារាំង និង​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​គឺ​លោកអេ​ម៉ានុយអែល ម៉ាក្រុង​ហ៊ាន​ចេញ​មុខ​និយាយ​ជា​សាធារណៈ​ថា អាណានិគមកិច្ច​បារាំង​លើ​អាល់ហ្សេរី ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។
 
លោក​ម៉ាក្រុង​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ទូរទស្សន៍​អាល់ហ្សរី​នា​ឱកាស​ទស្សនកិច្ច​ក្នុង​ទឹកដី​អាល់ហ្សេរី​កាល​ពី​ថ្ងៃ​ពុធ ទី១៥ កុម្ភៈ។ លោក​ម៉ាក្រុង​បាន​បន្ថែម​ថា​នៅ​ក្នុង​សម័យ​អាណានិគម មាន​បទឧក្រិដ្ឋ​គួរ​ឲ្យ​រន្ធត់ មាន​ការ​ធ្វើ​ទារុណកម្ម និង​មាន​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​ជា​ច្រើន​ទៀត និង​បាន​ស្នើ​បារាំង​ឲ្យ​ទទួល​ស្គាល់​ការ​ពិត និង​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​អាល់ហ្សេរី។ ខណៈ​នេះ ការ​ថ្លែង​របស់​លោក​ម៉ាក្រុង​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​បរិហារ​ខ្លាំងៗ​ពី​ក្រុម​អ្នកនយោបាយ​បារាំង ពិសេស​ពី​គណបក្ស​ស្តាំនិយម និង​គណបក្ស​ស្តាំនិយមជ្រុល​ដែល​ចោទ​លោក​ម៉ាក្រុង​ពី​បទ​ប្រមាថ​ប្រទេស​បារាំង។
 
លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ស្តាំនិយម​បាន​វាយ​តម្លែ​ថា សម្តី​របស់​លោក​ម៉ាក្រុង​របៀប​នេះ​មិន​សក្តិសម និង​មិន​ថ្លៃថ្នូរ​ជា​បេក្ខជន​ប្រធានាធិបតី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ