អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គេ​រង់ចាំ​មើល​ជំហរ​របស់អាមេរិក នៅក្នុង​សន្និសីទ​ពិភពលោក​ស្តីពី​សន្តិសុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិ​ស្តី​​ពី​សន្តិសុខ​លើក​ទី ៥៣ បើក​ធ្វើ ពី​ថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី ១៩​កុម្ភៈ នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។ ប្រមុដឹកនាំ​ប្រទេស និង​រដ្ឋាភិបាល ជាង ៣០ ព្រម​ទាំង​រដ្ឋមន្រ្តី​ការបរទេស​មក​ពី​ប្រទេស​ជាង ៥០ និង​រដ្ឋមន្រ្តី​ការពារជាតិ​របស់​ប្រទេស​ជាង​៣០ បានចូលរួម​ក្នុង​សន្និសីទ ដើម្បី​រង់ចាំ​ស្តាប់ មើល​ជំហរ​ច្បាស់លាស់​របស់​រដ្ឋបាល​ថ្មី​របស់អាមេរិក។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​Rex Tillerson និង​លោក​ដូណាល់ ត្រាំ នៅ​សេតវិមាននៅថ្ងៃទី ២​កុម្ភៈ ២០១៧
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​Rex Tillerson និង​លោក​ដូណាល់ ត្រាំ នៅ​សេតវិមាននៅថ្ងៃទី ២​កុម្ភៈ ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​អាមេរិក បាន​បញ្ជូន​អ្នកតំណាង​សំខាន់ៗ ទៅអឺរ៉ុប​ដើម្បី​បញ្ជាក់​ជំហរ​របស់​អាមេរិក។ បន្ទាប់​ពី​ កិច្ចប្រជុំ G20 នៅ​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់ រដ្ឋមន្រ្តីការបរទេស លោក​Rex Tillerson ហើយ​និង​លោក​រដ្ឋមន្រ្តីការពារ​ជាតិ James Mattis ដែល​ទើបបញ្ចប់​កិច្ចប្រជុំ​នៅអង្គការ​អូតង់ នៅ​ប្រទេស​បែលហ្ស៊ិក នឹង​ទៅ​ចូលរួម​ជាមួយ លោកអនុប្រធានាធិបតី​អាមេរិកាំង Mike Pence ​ នៅក្នុង​សន្និសីទ​ពិភពលោក ស្តីពី​សន្តិសុខ ដែល​ប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ ជាទីដែល​មានការចូលរួម​ផងដែរពី ប្រមុខដឹកនាំ​របស់​សហភាព​អឺរ៉ុប លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ប្រមុខរដ្ឋ ហើយ​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ជិត ៣០នាក់។

 
សន្និសីទ​ស្តីពី​សន្តិសុខ ដែល​បើកធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់ គឺ​សំខាន់ៗ​ជាងពេលណាៗ​ទាំងអស់។ តាមរយៈ សន្និសីទ​ពិភពលោក ស្តីពី​សន្តិសុខ គ្រប់​ប្រទេស​ដែល​ចូលរួម ចង់​ឲ្យ​ក្រុមគណប្រតិភូ អ្នកតំណាង​របស់រដ្ឋបាល​ថ្មី​របស់​អាមេរិក បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​ពាក្យ​ថា “ដើម្បី​ប្រជាជន​អាមេរិកាំង​មុនគេ”​ដែល​លោកដូណាល់ ត្រាំ បាននិយាយ មាន​ន័យថា យ៉ាងម៉េច? តើ​រដ្ឋបាលអាមេរិក​ថ្មី មាន​ជំហរ និង​យុទ្ធសាស្រ្ត យ៉ាងណា នៅក្នុង​សំណុំរឿង​ធំៗ​ដូចជា ទំនាក់ទំនង​អាមេរិក និង​អឺរ៉ុប អាមេរិក ជាមួយ រុស្ស៊ី វិបត្តិ​នៅ​អ៊ុយក្រែន សង្រ្គាម​នៅ​ស៊ីរី បញ្ហា​អសន្តិសុខ នៅ​អាស៊ីប៉ាស៊ីហ្វិក ដោយសារ​ការគំរាមកំហែង អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ឬ​ក៏​បញ្ហា​អ៊ីរ៉ង់នោះ។

លោកដូណាល់ ត្រាំ ធ្លាប់​បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប ព្រួយបារម្ភ បន្ទាប់​ពី​លោក​បង្ហាញ​ជំហរ​ចង់​ងាក​ទៅ​រក​រុស្ស៊ី និង​រិះគន់​បក្សសម្ព័ន្ធអូតង់​ថា ជាអង្គការ​ហួសសម័យ។ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​នៅ​បាន​គំរាម​ចង់​ដក​ខ្លួន​របស់​អាមេរិក​ពី​បក្ស​សម្ព័ន្ធ​យោធា​អូតង់ ក្នុង​ករណី ប្រទេស​នៅ​អឺរ៉ុប សមាជិក​ដទៃទៀត​របស់​អូតង់​មិនដំឡើង​ប្រាក់​វិភាគទាន​ចូលរួម និង​ទុក​ឲ្យ​អាមេរិក​ទទួល​បន្ទុក​ចំណែក​ច្រើន​ជាងគេ​នោះ។

ជំហរ​លំអៀង​ទៅរក​រុស្ស៊ី របស់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ប្រទេស​ដៃគូ​អឺរ៉ុប​ចាប់ផ្តើម​សង្ស័យ​ពីការចូលរួម​របស់​អាមេរិក ដើម្បី​ទប់ទល់​នឹង​ រុស្ស៊ី ដែល​ប្រទេស​នៅ​អឺរ៉ុប​ចាត់ទុក​ជា​ប្រទេស​គ្រោះថ្នាក់ គំរាមកំហែង​សន្តិសុខ​ប្រទេស​សមាជិក​អឺរ៉ុប ជាពិសេស​នៅក្រោយ​ពេល​រុស្ស៊ី កាត់ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន យកទៅធ្វើ​ជា​ទឹកដី​របស់ខ្លួន។

ប្រធានាធិបតី និង​មន្រ្តី​រដ្ឋាភិបាល​និយាយ និង​មាន​ជំហរ​មិនដូចគ្នា
ជំហរ​របស់​ចម្រូងចម្រាស​របស់លោកដូណាល់ ត្រាំ ជាពិសេស​នៅក្នុង​រឿង​ទំនាក់ ទំនង​ជាមួយ រុស្ស៊ី ហើយ​និង​តួនាទី​របស់​អាមេរិក នៅ​ក្នុង​អង្គការ​អូតង់ ត្រូវ​កែតម្រូវ​មកវិញ ដោយ​មន្រ្តី​ក្នុង​រដ្ឋបាល​របស់​លោក។ លោកដូណាល់ ត្រាំ ដែល​គ្មាន​បទពិសោធន៍​ធ្វើ​នយោបាយ មុខតែ​នឹង​ត្រូវ​ដើរតាម​បន្ទាត់​នយោបាយ​ចាស់ ដែល​សេតវិមាន និងសភា​អាមេរិក​បាន​គូស​ទុករហូតមក គឺ​មិនអាច​ធ្វើ​អ្វី ទៅតាម​សំដី​នឹកឃើញ​របស់ខ្លួន​នោះទេ។

ឧទាហរណ៍ លោកដូណាល់ ត្រាំ​ធ្លាប់​និយាយ​ថា លោក​ចង់​មាន​ទំនាក់ទំនង​ល្អ​ឡើងវិញ ជាមួយ​រុស្ស៊ី របស់​លោកពូទីន ដែលលោក​ចាត់ទុក​ជា​មេដឹកនាំ ខ្លាំង​ដ៏មាន​ប្រសិទ្ធិភាព បើប្រៀបធៀប​នឹង​លោកអូបាម៉ា។ ប៉ុន្តែ នៅក្រោយជំនួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី នៅ​ក្រៅ​កិច្ចប្រជុំ​G២០ នៅ​ទីក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រមុខការទូត​អាមេរិក លោក​Rex Tillerson អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង ដែល​ធ្លាប់​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​រុស្ស៊ី បាន​បង្ហាញ​​​ជំហរ​ខុសផ្ទុយពី​លោក​ដូណាល់ ត្រាំ ដោយលោក​បាន​និយាយថា អាមេរិក​នឹង​ធ្វើការ​ជាមួយ រុស្ស៊ី បើសិន​ជា​មានកន្លែង​ដែល​អាមេរិក​ត្រូវ​ចាប់ដៃ​ធ្វើការ​ជាមួយ​រុស្ស៊ី។ រាល់​ការសហការ​ជាមួយ​រុស្ស៊ី គឺ​ធ្វើឡើង​ដើម្បី​ផល​ប្រយោជន៍​ដំបូង​របស់​ប្រជាជន​អាមេរិកាំង ហើយ​និង​ប្រយោជន៍​របស់​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

ប្រមុខ​ការពារ​ជាតិ​អាមេរិក លោក​James Mattis វិញ ក៏​បាន​កែជំហរ​របស់​អាមេរិក​ជាមួយ​រុស្ស៊ី​ដែរ។ នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​អូតង់​នៅប្រទេស​ប៊ែលហ្ស៊ិក រដ្ឋមន្រ្តីការពារ​ជាតិ​បាន​បញ្ជាក់ ធានា​ការពារ​សម្ព័ន្ធមិត្ត​អឺរ៉ុប ពោលគឺ​ អាមេរិក​នឹង​មិន​ដូរជំហរ​ នោះ​បើទោះបី​ជាលោក​ដូណាល់ ត្រាំ​រិះគន់​ថា អូតង់ ជា​អង្គការ​ហួសសម័យ​ក៏ដោយ។ មួយវិញ ទៀត សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក អាមេរិក​អាច​បើក​ការចរចា​នយោបាយ​ជាមួយ​រុស្ស៊ី ប៉ុន្តែ អាមេរិក​នៅ​មិនទាន់​អាច​សហការ​ផ្នែក​យោធា​ជាមួយ​រុស្ស៊ី បាននៅពេលនេះទេ ដរាប​ណា រុស្ស៊ី នៅតែ​មិន​គោរព​ច្បាប់​អន្តរជាតិ។

រុស្ស៊ី​ខកចិត្ត?
សន្និសីទ​ពិភពលោក​ស្តីពី​សន្តិសុខ​នៅ​អាល្លឺម៉ង់ ជា​កន្លែង​ដែល​រុស្ស៊ី​ចង់​វាស់ស្ទង់​ផងដែរ មើលជំហរ​របស់​អាមេរិក។ បន្ទាប់​ពី​ស្វាគមន៍​លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក និង​គិតគូរ​រកថ្ងៃ​ណាត់ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​និយាយ​នៅ​សប្តាហ៍នេះ​ថា រុស្ស៊ី​ចង់​ស្តារ​ឡើងវិញ ទំនាក់ទំនង​ផ្នែក​ចារកម្ម​ជាមួយ អូតង់ ហើយ​និង​អាមេរិក យ៉ាងហោច ដើម្បី​ប្រឆាំង នឹង​ក្រុមភេរវនិយម។ ប៉ុន្តែ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​លោក James Mattis បាន​បញ្ជាក់ហើយ​ថា នឹង​គ្មានទេ នៅពេលនេះ ការសហការ​ផ្នែក​យោធា ជាមួយ​រុស្ស៊ី។

ប្រមុខការពារ​ជាតិ​អាមេរិក​នៅ​បានទាមទារ​ឲ្យ​រុស្ស៊ី គោរព​កិច្ចព្រមព្រៀង​មីនស្ក៍ ដែល​បាន​ទាមទារ​ឲ្យ​រុស្ស៊ី ជួយ​ពន្លត់ សង្រ្គាម​ហិង្សា នៅ​ទឹកដី​ភាគខាងកើត​របស់​អ៊ុយក្រែន។ ជំហរ​របស់​មន្រ្តី​រដ្ឋបាល​អាមេរិក ខុសពី​ជំហរ​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។ តើ​រុស្ស៊ី នឹង​អាច​ខកចិត្ត ដូចកាល​ពី​ឆ្នាំ ២០០៨ ដែរឬទេ? នៅ​ឆ្នាំ​២០០៨ នៅពេល​លោកអូបាម៉ា ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក រុស្ស៊ី ដែល​មាន​ទំនាក់ទំនង​មហាសែន​ល្អក់កករ​ជាមួយ​អាមេរិក​របស់​លោក​ប៊ូស កូន សង្ឃឹម​ថា នឹង​ស្តារ​ទំនាក់ទំនង​ល្អ​ឡើងវិញ​ជាមួយ​អាមេរិក។ ប៉ុន្តែ ក្តីសង្ឃឹម​ធ្លាក់ទឹក ព្រោះ​នៅក្នុង​អាណត្តិ​របស់លោកអូបាម៉ា រុស្ស៊ី​ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយសារ​តែ​សង្រ្គាម​នៅ​អ៊ុយក្រែន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ