ថ្ងៃទី១០ កុម្ភៈ រុស្ស៊ីបានប្រារព្ធទិវាអ្នកការទូតរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៨
៤៦៨ឆ្នាំមុន គឺ ថ្ងៃ១០កុម្ភៈឆ្នាំ១៥៤៩ នៅរុស្ស៊ី ជាទិវាកំណើតអ្នកការទូតរុស្ស៊ី។ម៉្លោះហើយបានជា មួយសប្ហាហ៍មុន ថ្ងៃ១០កុម្ភៈ ដែលជាបុណ្យអាជីវកម្ម របស់អ្នកការទូតរុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មុនដំបូង បានផ្ញើសារទូរលេខអបអរសាទរ រួចបន្ទាប់ មក បានទទួលជួបនៅវិមានក្រេមឡាំង លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ។ ក្នុងជំនួបនោះ លោកប្រមុខរដ្ឋ បានសុំលោក ឡាវ្រ៉ូវ ឲ្យពាំនាំនូវ អំណរគុណដល់ គ្រប់តែសមូហភាព នៃ ក្រសួងការបរទេស ចំពោះ ភក្តីភាពស្មោះត្រង់នឹងករណីយកិច្ចអាជីពរបស់គេ។ រុស្ស៊ី មាន ទំនាក់ទំនងការទូត ជាមួយ ១៩០ ប្រទេស ដែលពីក្នុងនោះ ជាមួយកម្ពុជា គឺ ជាង ៦ទសវត្សរ៍ហើយ តាំងពីថ្ងៃ១៦ឧសភាឆ្នាំ១៩៥៦មក។
ជាបឋមគួរនិយាយថា ពីក្នុងចំណោម១៩៣ប្រទេសសមាជិក អ.ស.ប. រុស្ស៊ី បច្ចុប្បន្ន មានទំនាក់ទំនងការទូត ជាមួយ ១៩០ប្រទេស ដែលពីក្នុងនោះ ១៤៤ប្រទេស មានស្ថានទូត ប្រចាំនៅក្រុងមូស្គូផ្ទាល់។ ។ រុស្ស៊ី ពីចំណែកខ្លួន ក៏មានស្ថានទូតប្រចាំនៅតាម ១៤៤ប្រទេសដែរ ដែលពីក្នុងនោះ ប្រចាំនៅរាជធានីកម្ពុជា គឺតាំងពីឆ្នាំ១៩៥៦មក។ ហើយ នៅតាម៤៦ប្រទេស ទោះបី រុស្ស៊ីមានទំនាក់ទំនងការទូតក្តី ក៏ ប៉ុន្តែ គ្មានស្ថានទូតប្រចាំនៅផ្ទាល់កន្លែងទេ។
រីឯ សារអបអរលោកប្រមុខរដ្ឋរុស្ស៊ី លើកឡើងជាអាទិ៍ សមូហភាពក្រសួងការបរទេស អាចមានមោទនភាពនឹងសមិទ្ធផលខ្លួនប៉ុន្តែព្រមជាមួយនេះ នៅមានការងារច្រើនណាស់ ដែលត្រូវបំពេញ ដើម្បីដោះស្រាយឲ្យបានដោយយុត្តិធម៏ ជម្លោះច្រើនឥតគណនា នៅលើ ដែនដី ក្បែរព្រំប្រទល់រុស្ស៊ី ក៏ដូចជានៅតាមភូម៏ភាគឯទៀតនៃផែនដី។
ថ្លែងទៅលោកឡាវ្រ៉ូវ លោកពូទីនមានប្រសាសន៍៖ ខ្ញុំសូមអបអរចំពោះរូបលោក និង គ្រប់តែអ្នកការទូតរុស្ស៊ីក្នុងទិវាបុណ្យនេះ។ យើងតែងដឹង តើការងារនេះ សំខាន់យ៉ាងណា ពោរពេញទៅដោយនាទីទទួលខុសត្រូវយ៉ាងណា និង ស្មុគស្មាញយ៉ាងណា។ ហើយនាពេលចុងក្រោយ ថែមទាំងគ្រោះថ្នាក់មែនទែនទៅផង។ ខ្ញុំចង់ អរគុណលោក ចំពោះអ្វីៗដែលរូបលោកផ្ទាល់ បណ្តាជំនួយការរបស់លោក និងអង្គទូតទាំងមូល កំពុងធ្វើ សម្រាប់ជាប្រយោជន៍ប្រទេសរុស្ស៊ី សម្រាប់ពង្រឹងគោលជំហរប្រទេសរុស្ស៊ី នៅលើ ឆាកអន្តរជាតិ ហើយខ្ញុំសូមជូនពរដ៏មហាបវរ ដល់គ្រប់តែអ្នកការទូតរុស្ស៊ីទាំងអស់។
លោកឡាវ្រ៉ូវ ពីចំណែកគាត់ បានលើកឡើងដូចតទៅ ទៅកាន់លោកប្រមុខរដ្ឋពូទីន យើងខ្ញុំតែងឲ្យតម្លៃថ្លៃថ្លាណាស់ ដល់ការយកចិត្តទុកដាក់ឥតប្រែប្រួលរបស់ឯកឧត្តម មកលើ វិស័យការទូត ហើយមិនគ្រាន់តែ មកលើភារកិច្ចអាជីពរបស់យើងប៉ុណ្ណោះទេ តែក៏មកលើ ភាព ចាំបាច់ត្រូវពង្រឹងសក្តានុពលក្របខ័ណ្ឌ ធនធានអ្នកការទូត ធនាការពារផ្នែកសង្គម របស់គេ ហើយការនេះ តាមពិត គឺលើកទឹកចិត្តសមូហភាពយើងទាំងមូល ឲ្យបំពេញការងារ ដោយ សុចរិតស្មោះត្រង់ បានផ្លែផ្កាជាអតិបរមា។ យើងខ្ញុំបន្តវាតទំនាក់ទំនង ទាំងជុំវិញការប្រយុទ្ធ ទល់នឹង ភេរវនិយម។ គំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខាងបង្កើតឡើងជា រណសិរ្សទូលំទូលាយ ប្រឆាំងភេរវនិយមដណ្តើមបានបក្សពួកកាន់តែច្រើនឡើង។
មានមនុស្សកាន់តែច្រើនឡើង យល់អំពី អាទិភាពដែលត្រូវជ្រើសយក។ នៅមានទិសដៅមួយទៀត គឺការពង្រឹង សម្ព័ន្ធយើង បែបយ៉ាង អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម ( អាមេនី បេឡារុស កាហ្សក់ស្ថាន កៀហ្ស៊ីស៊ីស្ថានរុស្ស៊ី តាហ្ស៊ីគីស្ថាន ) សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ( រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អាមេនី ) អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ( ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន ) BRICS( ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង )។
ពិធីរំលឹក ទិវាអ្នកការទូត ក្នុងក្រសួងការបរទេសរុស្ស៊ី លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ព្រឹកថ្ងៃ១០កុម្ភៈ បានដាក់ផ្កានៅនឹងជើងរូប សំណាក ឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកការទូតសូវៀតទាំងឡាយណា ដែលបានពលីជីវិត នៅតាម សមរភូមិនៃ មហាសង្គ្រាមការពារមាតុភូមិ ពីឆ្នាំ១៩៤១ដល់១៩៤៥ និង ដែលបានធ្លាក់ខ្លួនស្លាប់ ពេលបំពេញ ករណីយកិច្ចខ្លួន ក្រោមអំណាចសង្កត់សង្កិន សម័យមេដឹកនាំសូវៀត ស្តាលីន ។ បន្ទាប់មក លោកប្រមុខការទូត ឡាវ្រ៉ូវ បានថ្លែងទៅកាន់សមូភាពដែលវត្តមានពេលនោះ ពួកអ្នកការទូតរុស្ស៊ី តែងបំពេញករណីយកិច្ចខ្លួនដោយសុចរិតស្មោះត្រង់។ គេរស់នៅដោយ ដង្ហើម នៃការងារគេ។ ភាសិតរុស្ស៊ីដំណាលថា កាលណាអ្នកការទូតស្ងាត់សំដី នោះ សូរកាណុងចាប់លាន់ឮ។
រុស្ស៊ីតែងចេញមុខយ៉ាងខ្ជាប់ខ្ជួន ដើម្បី ការគោរពអធិបតេយ្យភាពនិងសិទ្ធិបណ្តាប្រជាជន កំណត់វាសនាខ្លួនដោយខ្លួនឯង។ លុះណាតែឈរលើមូលដ្ឋានស្មើសិទ្ធិគ្នា ទើបអាចស្រាក់កម្លាំងគ្នា ប្រយុទ្ធទល់នឹង ការបង្កហេតុ និងការគម្រាមជាទូទៅ ដល់មនុស្សជាតិ រួចជាបឋម គឺទល់នឹង ភេរវនិយមអន្តរជាតិ។ ក្នុង ទិវាអ្នកការទូតរុស្ស៊ី ថ្ងៃ១០កុម្ភៈ នៅមូស្គូ មានប្រព្រឹត្តទៅពិធីបង្ហាញ តែមប្រៃសណីយ៍ ចំនួន ១៥០.០០០តែម រំលឹកដល់ វិញ្ញាណក្ខន្ធឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅតួកគី លោក Andrei Karlov ដែលត្រូវបានឃាតករ បាញ់សម្លាប់ កាលពីថ្ងៃ១៩ធ្នូឆ្នាំមុន ហើយដែលបន្ទាប់មក បានទទួល ឋានន្តរស័ក្តិបច្ឆាមរណៈ ជា វិរបុរសសហព័ន្ធរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ