អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថ្ងៃទី១០ កុម្ភៈ រុស្ស៊ី​បាន​ប្រារព្ធ​ទិវា​អ្នកការទូត​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤៦៨ឆ្នាំមុន គឺ ថ្ងៃ១០កុម្ភៈឆ្នាំ១៥៤៩ នៅរុស្ស៊ី ជាទិវាកំណើតអ្នកការទូតរុស្ស៊ី។ម៉្លោះហើយ​បាន​ជា មួយសប្ហាហ៍មុន ថ្ងៃ១០កុម្ភៈ ដែលជាបុណ្យអាជីវកម្ម របស់អ្នកការទូតរុស្ស៊ី លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន មុនដំបូង បានផ្ញើសារទូរលេខអបអរសាទរ រួចបន្ទាប់ មក បានទទួលជួបនៅវិមានក្រេមឡាំង លោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ។ ក្នុង​ជំនួប​នោះ លោកប្រមុខរដ្ឋ បានសុំលោក ឡាវ្រ៉ូវ ឲ្យពាំនាំនូវ អំណរគុណដល់ គ្រប់​តែ​សមូហភាព នៃ ក្រសួងការបរទេស ចំពោះ ភក្តីភាព​ស្មោះត្រង់​នឹង​ករណីយកិច្ច​អាជីព​របស់​គេ។ រុស្ស៊ី មាន ទំនាក់ទំនងការទូត ជាមួយ ១៩០ ប្រទេស ដែលពីក្នុងនោះ ជាមួយ​កម្ពុជា គឺ ជាង ៦ទសវត្សរ៍​ហើយ តាំង​ពីថ្ងៃ១៦ឧសភាឆ្នាំ១៩៥៦មក។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ជាបឋមគួរនិយាយថា ពីក្នុងចំណោម១៩៣ប្រទេសសមាជិក អ.ស.ប. រុស្ស៊ី បច្ចុប្បន្ន មាន​ទំនាក់ទំនងការទូត ជាមួយ ១៩០ប្រទេស ដែលពីក្នុងនោះ ១៤៤ប្រទេស មានស្ថានទូត ប្រចាំនៅក្រុងមូស្គូផ្ទាល់។ ។ រុស្ស៊ី ពីចំណែកខ្លួន ក៏មានស្ថានទូតប្រចាំនៅតាម ១៤៤ប្រទេស​ដែរ ដែលពីក្នុងនោះ ប្រចាំនៅរាជធានីកម្ពុជា គឺតាំងពីឆ្នាំ១៩៥៦មក។ ហើយ នៅតាម​៤៦ប្រទេស ទោះបី រុស្ស៊ីមានទំនាក់ទំនងការទូតក្តី ក៏ ប៉ុន្តែ គ្មាន​ស្ថានទូត​ប្រចាំ​នៅ​ផ្ទាល់​កន្លែង​ទេ។
 

រីឯ សារអបអរលោកប្រមុខរដ្ឋរុស្ស៊ី លើកឡើងជាអាទិ៍ សមូហភាពក្រសួងការបរទេស អាចមានមោទនភាព​នឹងសមិទ្ធផលខ្លួនប៉ុន្តែព្រមជាមួយនេះ នៅមានការងារច្រើនណាស់ ដែលត្រូវបំពេញ ដើម្បីដោះស្រាយឲ្យបានដោយយុត្តិធម៏ ជម្លោះច្រើនឥតគណនា នៅលើ ដែនដី ក្បែរព្រំប្រទល់រុស្ស៊ី ក៏ដូចជានៅតាមភូម៏ភាគឯទៀតនៃផែនដី។

ថ្លែងទៅលោកឡាវ្រ៉ូវ លោកពូទីនមានប្រសាសន៍៖ ខ្ញុំសូមអបអរចំពោះរូបលោក និង គ្រប់​តែ​អ្នក​ការទូតរុស្ស៊ី​ក្នុងទិវាបុណ្យនេះ។ យើងតែងដឹង តើការងារនេះ សំខាន់យ៉ាងណា ពោរពេញ​ទៅដោយនាទីទទួលខុសត្រូវយ៉ាងណា និង ស្មុគស្មាញយ៉ាងណា។ ហើយនា​ពេល​ចុង​ក្រោយ ថែមទាំងគ្រោះថ្នាក់មែនទែនទៅផង។ ខ្ញុំចង់ អរគុណលោក ចំពោះអ្វីៗ​ដែល​រូបលោក​ផ្ទាល់ បណ្តាជំនួយការរបស់លោក និងអង្គទូតទាំងមូល កំពុងធ្វើ សម្រាប់​ជា​ប្រយោជន៍​ប្រទេសរុស្ស៊ី សម្រាប់ពង្រឹងគោលជំហរប្រទេសរុស្ស៊ី នៅលើ ឆាកអន្តរជាតិ ហើយខ្ញុំសូមជូនពរដ៏មហាបវរ ដល់គ្រប់តែអ្នកការទូតរុស្ស៊ីទាំងអស់។

លោកឡាវ្រ៉ូវ ពីចំណែកគាត់ បានលើកឡើងដូចតទៅ ទៅកាន់លោកប្រមុខរដ្ឋពូទីន យើងខ្ញុំតែងឲ្យតម្លៃថ្លៃថ្លាណាស់ ដល់ការយកចិត្តទុកដាក់ឥតប្រែប្រួលរបស់ឯកឧត្តម មកលើ វិស័យការទូត ហើយមិនគ្រាន់តែ មកលើភារកិច្ចអាជីពរបស់យើងប៉ុណ្ណោះទេ តែក៏មកលើ ភាព ចាំបាច់ត្រូវពង្រឹងសក្តានុពលក្របខ័ណ្ឌ ធនធានអ្នកការទូត ធនាការពារផ្នែកសង្គម របស់គេ ហើយការនេះ តាមពិត គឺលើកទឹកចិត្តសមូហភាពយើងទាំង​មូល ឲ្យបំពេញការងារ ដោយ សុចរិតស្មោះត្រង់ បានផ្លែផ្កាជាអតិបរមា។ យើងខ្ញុំបន្តវាតទំនាក់ទំនង ទាំងជុំវិញ​ការ​ប្រយុទ្ធ ទល់នឹង ភេរវនិយម។ គំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខាងបង្កើតឡើងជា រណសិរ្ស​ទូលំទូលាយ ប្រឆាំងភេរវនិយមដណ្តើមបានបក្សពួកកាន់តែច្រើនឡើង។

មានមនុស្សកាន់តែច្រើនឡើង យល់អំពី អាទិភាពដែលត្រូវជ្រើសយក។ នៅមានទិសដៅ​មួយទៀត គឺការពង្រឹង សម្ព័ន្ធយើង បែបយ៉ាង អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម ( អាមេនី បេឡារុស កាហ្សក់ស្ថាន កៀហ្ស៊ីស៊ីស្ថានរុស្ស៊ី តាហ្ស៊ីគីស្ថាន ) សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ( រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អាមេនី ) អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ ( ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន ) BRICS( ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង )។
 
ពិធីរំលឹក ទិវាអ្នកការទូត ក្នុងក្រសួងការបរទេសរុស្ស៊ី លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ព្រឹកថ្ងៃ១០កុម្ភៈ បានដាក់ផ្កានៅនឹងជើងរូប សំណាក ឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នក​ការទូត​សូវៀតទាំងឡាយណា ដែលបានពលីជីវិត នៅតាម សមរភូមិនៃ មហាសង្គ្រាម​ការពារ​មាតុភូមិ ពីឆ្នាំ១៩៤១ដល់១៩៤៥ និង ដែលបានធ្លាក់ខ្លួនស្លាប់ ពេលបំពេញ ករណីយកិច្ច​ខ្លួន ក្រោមអំណាចសង្កត់សង្កិន សម័យមេដឹកនាំសូវៀត ស្តាលីន ។ បន្ទាប់​មក លោកប្រមុខការទូត ឡាវ្រ៉ូវ បានថ្លែងទៅកាន់សមូភាពដែលវត្តមានពេលនោះ ពួក​អ្នក​ការទូត​​រុស្ស៊ី តែងបំពេញករណីយកិច្ចខ្លួនដោយសុចរិតស្មោះត្រង់។ គេរស់នៅដោយ ដង្ហើម នៃការងារគេ។ ភាសិតរុស្ស៊ីដំណាលថា កាលណាអ្នកការទូតស្ងាត់សំដី នោះ សូរ​កាណុង​ចាប់​លាន់ឮ។

រុស្ស៊ីតែងចេញមុខយ៉ាងខ្ជាប់ខ្ជួន ដើម្បី ការគោរពអធិបតេយ្យភាពនិងសិទ្ធិបណ្តាប្រជាជន កំណត់វាសនាខ្លួនដោយខ្លួនឯង។ លុះណាតែឈរលើមូលដ្ឋានស្មើសិទ្ធិគ្នា ទើបអាច​ស្រាក់​កម្លាំង​គ្នា ប្រយុទ្ធទល់នឹង ការបង្កហេតុ និងការគម្រាមជាទូទៅ ដល់មនុស្សជាតិ រួចជាបឋម គឺទល់នឹង ភេរវនិយមអន្តរជាតិ។ ក្នុង ទិវាអ្នកការទូតរុស្ស៊ី ថ្ងៃ១០កុម្ភៈ នៅមូស្គូ មានប្រព្រឹត្ត​ទៅ​ពិធីបង្ហាញ តែមប្រៃសណីយ៍ ចំនួន ១៥០.០០០តែម រំលឹកដល់ វិញ្ញាណក្ខន្ធឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​តួកគី លោក Andrei Karlov ដែល​ត្រូវ​បាន​ឃាតករ បាញ់សម្លាប់ កាលពី​ថ្ងៃ១៩ធ្នូ​ឆ្នាំ​មុន ហើយ​ដែល​បន្ទាប់​មក បាន​ទទួល ឋានន្តរស័ក្តិ​បច្ឆាមរណៈ ជា វិរបុរស​សហព័ន្ធ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ