គេរង់ចាំមើលជំហររបស់អាមេរិក នៅក្នុងសន្និសីទពិភពលោកស្តីពីសន្តិសុខ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤០
សន្និសីទអន្តរជាតិស្តីពីសន្តិសុខលើកទី ៥៣ បើកធ្វើ ពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យទី ១៩កុម្ភៈ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ ប្រមុដឹកនាំប្រទេស និងរដ្ឋាភិបាល ជាង ៣០ ព្រមទាំងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសជាង ៥០ និងរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសជាង៣០ បានចូលរួមក្នុងសន្និសីទ ដើម្បីរង់ចាំស្តាប់ មើលជំហរច្បាស់លាស់របស់រដ្ឋបាលថ្មីរបស់អាមេរិក។
រដ្ឋបាលអាមេរិក បានបញ្ជូនអ្នកតំណាងសំខាន់ៗ ទៅអឺរ៉ុបដើម្បីបញ្ជាក់ជំហររបស់អាមេរិក។ បន្ទាប់ពី កិច្ចប្រជុំ G20 នៅទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់ រដ្ឋមន្រ្តីការបរទេស លោកRex Tillerson ហើយនិងលោករដ្ឋមន្រ្តីការពារជាតិ James Mattis ដែលទើបបញ្ចប់កិច្ចប្រជុំនៅអង្គការអូតង់ នៅប្រទេសបែលហ្ស៊ិក នឹងទៅចូលរួមជាមួយ លោកអនុប្រធានាធិបតីអាមេរិកាំង Mike Pence នៅក្នុងសន្និសីទពិភពលោក ស្តីពីសន្តិសុខ ដែលប្រព្រឹត្តទៅ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ជាទីដែលមានការចូលរួមផងដែរពី ប្រមុខដឹកនាំរបស់សហភាពអឺរ៉ុប លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ប្រមុខរដ្ឋ ហើយនិងថ្នាក់ដឹកនាំរដ្ឋាភិបាល ជិត ៣០នាក់។
សន្និសីទស្តីពីសន្តិសុខ ដែលបើកធ្វើនៅប្រទេសអាល្លឺម៉ង់ គឺសំខាន់ៗជាងពេលណាៗទាំងអស់។ តាមរយៈ សន្និសីទពិភពលោក ស្តីពីសន្តិសុខ គ្រប់ប្រទេសដែលចូលរួម ចង់ឲ្យក្រុមគណប្រតិភូ អ្នកតំណាងរបស់រដ្ឋបាលថ្មីរបស់អាមេរិក បញ្ជាក់ឲ្យបានច្បាស់ថា តើពាក្យថា “ដើម្បីប្រជាជនអាមេរិកាំងមុនគេ”ដែលលោកដូណាល់ ត្រាំ បាននិយាយ មានន័យថា យ៉ាងម៉េច? តើរដ្ឋបាលអាមេរិកថ្មី មានជំហរ និងយុទ្ធសាស្រ្ត យ៉ាងណា នៅក្នុងសំណុំរឿងធំៗដូចជា ទំនាក់ទំនងអាមេរិក និងអឺរ៉ុប អាមេរិក ជាមួយ រុស្ស៊ី វិបត្តិនៅអ៊ុយក្រែន សង្រ្គាមនៅស៊ីរី បញ្ហាអសន្តិសុខ នៅអាស៊ីប៉ាស៊ីហ្វិក ដោយសារការគំរាមកំហែង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬក៏បញ្ហាអ៊ីរ៉ង់នោះ។
លោកដូណាល់ ត្រាំ ធ្លាប់បានធ្វើឲ្យប្រទេសនៅអឺរ៉ុប ព្រួយបារម្ភ បន្ទាប់ពីលោកបង្ហាញជំហរចង់ងាកទៅរករុស្ស៊ី និងរិះគន់បក្សសម្ព័ន្ធអូតង់ថា ជាអង្គការហួសសម័យ។ ប្រធានាធិបតីថ្មីរបស់អាមេរិកនៅបានគំរាមចង់ដកខ្លួនរបស់អាមេរិកពីបក្សសម្ព័ន្ធយោធាអូតង់ ក្នុងករណី ប្រទេសនៅអឺរ៉ុប សមាជិកដទៃទៀតរបស់អូតង់មិនដំឡើងប្រាក់វិភាគទានចូលរួម និងទុកឲ្យអាមេរិកទទួលបន្ទុកចំណែកច្រើនជាងគេនោះ។
ជំហរលំអៀងទៅរករុស្ស៊ី របស់លោកដូណាល់ ត្រាំបានធ្វើឲ្យប្រទេសដៃគូអឺរ៉ុបចាប់ផ្តើមសង្ស័យពីការចូលរួមរបស់អាមេរិក ដើម្បីទប់ទល់នឹង រុស្ស៊ី ដែលប្រទេសនៅអឺរ៉ុបចាត់ទុកជាប្រទេសគ្រោះថ្នាក់ គំរាមកំហែងសន្តិសុខប្រទេសសមាជិកអឺរ៉ុប ជាពិសេសនៅក្រោយពេលរុស្ស៊ី កាត់ទឹកដីគ្រីមេរបស់អ៊ុយក្រែន យកទៅធ្វើជាទឹកដីរបស់ខ្លួន។
ប្រធានាធិបតី និងមន្រ្តីរដ្ឋាភិបាលនិយាយ និងមានជំហរមិនដូចគ្នា
ជំហររបស់ចម្រូងចម្រាសរបស់លោកដូណាល់ ត្រាំ ជាពិសេសនៅក្នុងរឿងទំនាក់ ទំនងជាមួយ រុស្ស៊ី ហើយនិងតួនាទីរបស់អាមេរិក នៅក្នុងអង្គការអូតង់ ត្រូវកែតម្រូវមកវិញ ដោយមន្រ្តីក្នុងរដ្ឋបាលរបស់លោក។ លោកដូណាល់ ត្រាំ ដែលគ្មានបទពិសោធន៍ធ្វើនយោបាយ មុខតែនឹងត្រូវដើរតាមបន្ទាត់នយោបាយចាស់ ដែលសេតវិមាន និងសភាអាមេរិកបានគូសទុករហូតមក គឺមិនអាចធ្វើអ្វី ទៅតាមសំដីនឹកឃើញរបស់ខ្លួននោះទេ។
ឧទាហរណ៍ លោកដូណាល់ ត្រាំធ្លាប់និយាយថា លោកចង់មានទំនាក់ទំនងល្អឡើងវិញ ជាមួយរុស្ស៊ី របស់លោកពូទីន ដែលលោកចាត់ទុកជាមេដឹកនាំ ខ្លាំងដ៏មានប្រសិទ្ធិភាព បើប្រៀបធៀបនឹងលោកអូបាម៉ា។ ប៉ុន្តែ នៅក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅក្រៅកិច្ចប្រជុំG២០ នៅទីក្រុងប៊ន ប្រទេសអាល្លឺម៉ង់នៅថ្ងៃព្រហស្បតិ៍ ប្រមុខការទូតអាមេរិក លោកRex Tillerson អតីតប្រធានក្រុមហ៊ុនប្រេង ដែលធ្លាប់ជិតស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី បានបង្ហាញជំហរខុសផ្ទុយពីលោកដូណាល់ ត្រាំ ដោយលោកបាននិយាយថា អាមេរិកនឹងធ្វើការជាមួយ រុស្ស៊ី បើសិនជាមានកន្លែងដែលអាមេរិកត្រូវចាប់ដៃធ្វើការជាមួយរុស្ស៊ី។ រាល់ការសហការជាមួយរុស្ស៊ី គឺធ្វើឡើងដើម្បីផលប្រយោជន៍ដំបូងរបស់ប្រជាជនអាមេរិកាំង ហើយនិងប្រយោជន៍របស់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។
ប្រមុខការពារជាតិអាមេរិក លោកJames Mattis វិញ ក៏បានកែជំហររបស់អាមេរិកជាមួយរុស្ស៊ីដែរ។ នៅក្នុងកិច្ចប្រជុំរបស់អង្គការអូតង់នៅប្រទេសប៊ែលហ្ស៊ិក រដ្ឋមន្រ្តីការពារជាតិបានបញ្ជាក់ ធានាការពារសម្ព័ន្ធមិត្តអឺរ៉ុប ពោលគឺ អាមេរិកនឹងមិនដូរជំហរ នោះបើទោះបីជាលោកដូណាល់ ត្រាំរិះគន់ថា អូតង់ ជាអង្គការហួសសម័យក៏ដោយ។ មួយវិញ ទៀត សម្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិក អាមេរិកអាចបើកការចរចានយោបាយជាមួយរុស្ស៊ី ប៉ុន្តែ អាមេរិកនៅមិនទាន់អាចសហការផ្នែកយោធាជាមួយរុស្ស៊ី បាននៅពេលនេះទេ ដរាបណា រុស្ស៊ី នៅតែមិនគោរពច្បាប់អន្តរជាតិ។
រុស្ស៊ីខកចិត្ត?
សន្និសីទពិភពលោកស្តីពីសន្តិសុខនៅអាល្លឺម៉ង់ ជាកន្លែងដែលរុស្ស៊ីចង់វាស់ស្ទង់ផងដែរ មើលជំហររបស់អាមេរិក។ បន្ទាប់ពីស្វាគមន៍លោកដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក និងគិតគូររកថ្ងៃណាត់ជួបពិភាក្សាជាមួយប្រធានាធិបតីថ្មីរបស់អាមេរិក លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅសប្តាហ៍នេះថា រុស្ស៊ីចង់ស្តារឡើងវិញ ទំនាក់ទំនងផ្នែកចារកម្មជាមួយ អូតង់ ហើយនិងអាមេរិក យ៉ាងហោច ដើម្បីប្រឆាំង នឹងក្រុមភេរវនិយម។ ប៉ុន្តែ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បានបញ្ជាក់ហើយថា នឹងគ្មានទេ នៅពេលនេះ ការសហការផ្នែកយោធា ជាមួយរុស្ស៊ី។
ប្រមុខការពារជាតិអាមេរិកនៅបានទាមទារឲ្យរុស្ស៊ី គោរពកិច្ចព្រមព្រៀងមីនស្ក៍ ដែលបានទាមទារឲ្យរុស្ស៊ី ជួយពន្លត់ សង្រ្គាមហិង្សា នៅទឹកដីភាគខាងកើតរបស់អ៊ុយក្រែន។ ជំហររបស់មន្រ្តីរដ្ឋបាលអាមេរិក ខុសពីជំហររបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។ តើរុស្ស៊ី នឹងអាចខកចិត្ត ដូចកាលពីឆ្នាំ ២០០៨ ដែរឬទេ? នៅឆ្នាំ២០០៨ នៅពេលលោកអូបាម៉ា ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក រុស្ស៊ី ដែលមានទំនាក់ទំនងមហាសែនល្អក់កករជាមួយអាមេរិករបស់លោកប៊ូស កូន សង្ឃឹមថា នឹងស្តារទំនាក់ទំនងល្អឡើងវិញជាមួយអាមេរិក។ ប៉ុន្តែ ក្តីសង្ឃឹមធ្លាក់ទឹក ព្រោះនៅក្នុងអាណត្តិរបស់លោកអូបាម៉ា រុស្ស៊ីត្រូវអាមេរិកដាក់ទណ្ឌកម្មដោយសារតែសង្រ្គាមនៅអ៊ុយក្រែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ