អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

មូស្គូ​ច្រានចោល​ការ​ប៉ុនប៉ង​អាមេរិកាំង​និយាយ​ជាមួយ​រុស្ស៊ី​អាង​លើ​កម្លាំង

ការប៉ុនប៉ង​ណា​របស់​អាមេរិក សន្ទនា​ជាមួយ​រុស្ស៊ី “ឈរ​លើ​ជំហរ​អាង​កម្លាំង” គឺ នឹង​ធ្លាក់​ក្នុងបរាជ័យ សេចក្តី​នេះ ព្រមាន​ម្សិលមិញ ដោយ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ជា ចម្លើយ​តបនឹង ចៅហ្វាយ​មន្ទីរ​បញ្ចកោណ​អាមេរិកាំង ដែល​ក្នុង​កិច្ចប្រជុំ​បក្សសម្ព័ន្ធ​អូតង់ បាន ផ្តល់​អនុសាសន៍​បែប​នេះ ទៅ​គ្រប់​តែ​២៧ប្រទេស​ទៀត របស់​បក្ស​នេះ។ ចំណែក​ នាយ អគ្គ សេនាធិការ កងទ័ព​រុស្ស៊ី​និង​មេរិក ថ្ងៃ​ដដែល បាន​ជួប​ពិភាក្សា​គ្នា​ជា​លើក​ដំបូង នៅ​ឯ​ក្រុង Bakou រដ្ឋធានី Azerbaidjan អំពី​ទស្សនវិស័យ​នៃ​សហប្រតិបត្តិការ​យោធា រវាង​ប្រទេស​ទាំងពីរ។

លោក Sergueï Choïgou រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​រុស្ស៊ី
លោក Sergueï Choïgou រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​រុស្ស៊ី REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Choigouចង្អុល​ឲ្យ ឃើញ​ថា ភាគី​រុស្ស៊ី​ត្រៀម​កសាង​ភាព​ជា​ដៃគូ ជាមួយ​មន្ទីរ​បញ្ចកោណ ប៉ុន្តែ​ការ​ប៉ុនប៉ង​ណា និយាយ​ជាមួយ​រុស្ស៊ី ដោយ​អាង​លើ​កម្លាំង គឺ​គ្មាន​អនាគត​ទេ។ រដ្ឋមន្ត្រី​រុស្ស៊ី ប្រតិកម្ម​បែបនេះ គឺ​ទល់​នឹង​សេចក្តីថ្លែងការណ៍​របស់​សមភាគី​អាមេរិកាំង លោក James Mattisដែលអះអាង​ថា ស.រ.អា.និង​អូតង់ ត្រូវ​តែ​ប្រាកដនិយម ក្នុង​ក្តី​រំពឹង​របស់​ខ្លួន ហើយ​ទូន្មាន​ពួក​អ្នកការទូត​ខ្លួន ឲ្យ ចរចា​ជាមួយ​មូស្គូ គឺ​ដោយ​ឈរ​លើ​ជំហរ​អាង​កម្លាំង។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង Bruxelles ទៅ​កាន់​សមភាគី​នៃ​២៧ប្រទេស​ទៀត​ជា​សមាជិកបក្ស​អូតង់ លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកាំង James Mattis ប្រកាស​ជា​អាទិ៍​ថា ច្បាស់ណាស់​ដែល ស.រ.អា. និង​អូតង់ ខំ​រិះរក​ផ្លូវ​ធ្វើការ​រួម​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ទន្ទឹម​នេះ យើង​ត្រូវ​តែការពារ​ខ្លួន​យើង ប្រសិន​បើ រុស្ស៊ី​ជ្រើស​យក​សកម្មភាព ដែល​ដើរ​បញ្ច្រាស​នឹង​ច្បាប់​អន្តរជាតិ​ទេ​តើ។
 

សេចក្តី​ថ្លែងការណ៍​នោះ បន្លឺ​ឡើង​ក្នុង​ផ្ទៃ​នៃ​ជំនួប​ជា​លើកទី១​បើ​គិត​ពី​ឆ្នាំ២០១៤​មក នៅឯ​ក្រុង Bakou រដ្ឋធានី Azerbaidjan រវាង​នាយអគ្គសេនាធិការ​កងទ័ព​រុស្ស៊ី លោក​ឧត្តមសេនីយ Valeri Guerassimov និង នាយអគ្គសេនាធិការ​កងទ័ព​អាមេរិក លោក​ឧត្តមសេនីយ Joe Dunford។ ហើយ តាម​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី បង្ហើប​ឲ្យ​ដឹង មេទ័ព​ទាំងពីរ​នោះ ពិភាក្សា​គ្នា គឺ អំពី​ទស្សនវិស័យ នៃ សហប្រតិបត្តិការ​យោធា រវាង​រុស្ស៊ី​និង​អាមេរិក ព្រម​ទាំង​អំពី វិធី​បញ្ចៀស កុំ ឲ្យមាន​ឧប្បត្តិហេតុ​កើត​ឡើង​រវាង​កង​កម្លាំង​ប្រទេស​ទាំង​ពីរ ពេល​បំពេញ​ប្រតិបត្តិការ​យោធា។

លោក ដូណាល់ ត្រាំ តែង​បាន​ថ្លែង​ជា​ច្រើន​លើក​ថា គាត់​ចង់​ស្តារ​ឡើង​វិញ ទំនាក់ទំនង​ជាមួយ មូស្គូ ទាំង​ផ្គើន​ឲ្យ​ពួក​មន្ត្រី​ទាំង​ខាង​បក្ស​សាធារណរដ្ឋ ទាំង​ខាង​បក្ស​ប្រជាធិបតេយ្យ ដែល​ចាត់ ទុក​រុស្ស៊ី​ជា ប្រទេស​គំរាម​ខ្លាំង​បំផុត​ដល់ សន្តិសុខជាតិ​អាមេរិកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ