អានតួអត្ថបទ
តួកគី-តុលាការ​

តុលាការ​​​តូកគី​បើក​​សវនាការ​​ជនុំជម្រះ​​មន្ត្រី​​យោធា​​៤៧​​រូប​​ពី​​បទ​​ប៉ុនប៉ង​​សម្លាប់​​ប្រធានាធិបតី​​​

នៅ​តួកគី តុលាការ ​បាន​បើក​សវនា​នៅ​ថ្ងៃ​ចន្ទ២០​កុម្ភៈ​នេះ​ ដើម្បី​ជនំជម្រះ​ទោស​មន្រ្តី​យោធា​តួកគីចំនួន៤៧ រូប​​​ដែល​ជាប់​សង្ស័យ​ពី​បទ​ប៉ុនប៉ង​សម្លាប់​ប្រធានាធិបតី​តួកគី​នៅ​ក្នុង​រដ្ឋប្រហារ​​​មិន​បាន​សម្រេច​មួយ​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​កន្លង​ផុតទៅ។

លោក Erdogan, ថ្ងៃ ​២២​​​កក្កដា​​​​នៅ​​ចំពោះ​​មុខ​​សភា​​តួកគី​​​
លោក Erdogan, ថ្ងៃ ​២២​​​កក្កដា​​​​នៅ​​ចំពោះ​​មុខ​​សភា​​តួកគី​​​ AFP PHOTO / TURKEY'S PRESIDENTIAL PRESS SERVICE / KAYHAN OZER
ផ្សាយពាណិជ្ជកម្ម

 

នៅ​រាត្រី​ថ្ងៃ​ទី​១៥​កក្កដា​ លោក Tayyip Erdogan ប្រធានាធិបតី​តួកគី បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ដែល​ស្ថិត​នៅ​​ក្បែរ​​ឆ្នេរ​​សមុទ្រ​នៅ ​Marmaris  ក្នុង​​ភាគ​​​ខាង​​ត្បូង​​​​​តួកគី​។​ នាពេលនោះ កង​យោធា​​​តួកគី​​​ជាង​៤០​នាក់ បាន​ដាក់​ពង្រាយ​គ្នា​តាម​រយៈ​ឧទ្ធម្ភភាគចក្រ ដើម្បី​​ប៉ុនប៉ង​​ចាប់​ពង្រត់​ឬ​ក៏​សម្លាប់​លោក​ប្រធានាធិបតី​តួកគី។ តែ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ពេលនោះ ត្រូវ​ទទួល​បរាជ័យ ហើយ​អាជ្ញាធរ​តួកគី ក៏​បាន​ធ្វើការ​ចាប់​ខ្លួន​ពួក​​មេ​​គំនិត​​និង​​អ្នក​​ឃុបឃិត​​នៅ​ក្នុង​រដ្ឋប្រហារ​មិន​បាន​សម្រេច​នោះ​ជាបន្តបន្ទាប់​។

នៅ​ថ្ងៃ​ចន្ទ​នេះ តុលាការ​តួកគី បាន​បើក​សវនាការ​កាត់​ទោស​លើ​ក្រុម​ទាហាន​ចំនួន​ចំនួន​៣៧​នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​បាន ក្រោយ​​ពី​រដ្ឋប្រហារ​មិន​បាន​សម្រេច​និង​ជន​ចំនួន​១០​នាក់​ផ្សេង​ទៀត​ដែល​ជាប់​សង្ស័យ​ក្នុង​បទ​រួម​ឃុបឃិត​នៅ​ក្នុង​ហេតុការណ៍​នោះ​។ ក្នុង​ចំណោម​ក្រុម​​យោធា​ទាំងនោះ មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​​ ជួនកាល​ខ្លះ គឺ​​ចាប់​ខ្លួន​នៅ​ខណៈ​ពេល​ដែល​ពួក​គេ​ កំពុង​លាក់ខ្លួន​ពួន​​សម្ងំ​​​នៅ​​ក្នុង​​​ព្រៃឈើ​​ក្នុង​​តំបន់។

​ការ​​ចាប់​ខ្លួន​មន្ត្រី​យោធា​តួកគី ​រួមទាំង​​អ្នក​​ឃុបឃិត​ផង​នោះ ត្រូវ​បាន​បណ្តាញ​ទូរទស្សន៍​តួកគី ចាក់ផ្សព្វផ្សាយ​​យ៉ាង​សម្បើម​អស្ចារ្យ។

គួរបញ្ជាក់ថា  សវនា​កាត់​ទោស​លើ​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ​នៅ​តួកគី​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​​ខេត្ត​​ Mugla ដោយ​មាន​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​ខ្ពស់​បំផុត។ មន្ត្រី​​យោធា​តួកគី​ទាំង​អស់​នោះ ត្រូវ​ជាប់​ចោទ​ពី​បទ បាន​ចូល​រួម​ក្នុង​រដ្ឋប្រហារ​ឬ​ក៏​បាន​ជួយ​គាំទ្រ​អ្នក​ធ្វើ​រដ្ឋប្រហារថ្ងៃទី​១៥​ខែ​កក្កដា​។​​

ជាសរុប ជន​ចំនួន​ជាង​១ ២០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​តួកគី​បញ្ជូន​ខ្លួន ឬ​ក៏​នឹង​ត្រូវ​បញ្ជូន​ខ្លួន​​ទៅ​កាន់​តុលាការ។​

ម្យ៉ាងទៀត ក្រុម​អ្នក​ជាប់​សង្ស័យ​ជា​មេ​គំនិត​នៅ​ក្នុង​រដ្ឋប្រហារ​​​នឹង​ត្រូវ​តុលាការ​តួកគី​ធ្វើការ​វិនិច្ឆ័យទោស​នៅ​ក្នុង​ពេល​ ២ ​ឬ ​៣ ​ខែ​ ខាង​​មុខ​​​នៅ​ទីក្រុង​អង់ការ៉ា ។ ការកាត់ទោស​ដែល​នឹងត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​អវត្តមាន​របស់​គូ្រ​ដឹក​នាំ​សាសនា​អ៊ីស្លាម​ឈ្មោះ Fethullah Gülen ដែល​​អាជ្ញាធរ​តួកគី​ចាត់​ទុក​ជា​មេ​ក្លោងធំបំផុត​​​នៅ​ក្នុង​រដ្ឋប្រហារ​មិន​បាន​សម្រេច​នេះ។

សូមបញ្ចាក់ថា ​លោក ​ Fethullah Gülen ​សព្វ​ថ្ងៃ​នេះ កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ