អានតួអត្ថបទ
អឺរ៉ុប-អាមេរិក

លោក Mike Pence៖​អាមេរិក​សន្យា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហភាពអឺរ៉ុប

លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការកណ្តាល​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នា​ថ្ងៃ​ចន្ទ ទី២០ កុម្ភៈ។ នា​ឱកាស​ទស្សនកិច្ច​លើកទី១ នៅ​ទីស្នាក់ការ​អឺរ៉ុប លោក Mike Pence បាន​បញ្ជាក់​ជា​ផ្លូវការ​ថា អាមេរិក​បាន​ប្តេជ្ញាចិត្ត​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អឺរ៉ុប។ ការ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច​នេះ​​របស់​លោក Pence បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗ​លើ​អឺរ៉ុប និង​អង្គការ​អូតង់។

លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence (រូបឆ្វេង) និង​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ថ្ងៃទី២០ កុម្ភៈ ២០១៧
លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence (រូបឆ្វេង) និង​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ថ្ងៃទី២០ កុម្ភៈ ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ដែល​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence បាន​សម្តែង​ពី​កិច្ចសន្យា​របស់​អាមេរិក​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អឺរ៉ុប។ ចំណែក​លោក Donald Tusk បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ប្រធានរឿង​គន្លឹះ​ចំនួន ៣ ដែល​លោក​បាន​លើក​ទៅ​ជជែក​ជាមួយ​លោក Mike Pense ទី១ សណ្តាប់ធ្នាប់​អន្តរជាតិ ទី២ សន្តិសុខ និង​ទី៣ ជំហរ​ពិតប្រាកដ​របស់​រដ្ឋបាល​ថ្មី​អាមេរិក​ចំពោះ​សហភាព​អឺរ៉ុប។

លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ការ​ធានា​ពេញ​មាត់​ពី​អនុប្រធានាធិបតី​អាមេរិក​ក្នុង​ការ​គោរព​ឆន្ទៈ​របស់​អឺរ៉ុប ពិសេស​ក្តី​សង្ឃឹម​របស់​អឺរ៉ុប​ដែល​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​សហរដ្ឋអាមេរិក។ ចំណែក​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker បាន​និយាយ​ថា អាមេរិក​ត្រូវ​ការ​អឺរ៉ុប​មួយ​ខ្លាំង និង​រួបរួម​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់។ សូម​ជម្រាប​ជូន​ថា ការ​ដែល​លោក Donald Tusk បាន​សុំ​ឲ្យ​មាន​ការ​ធានា​ច្បាស់លាស់​ពី​លោក Mike Pense ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ពាក្យ​ទិតៀន រិះគន់​របស់​លោក​ដូណាល់ ត្រាំ​ចំពោះ​សហភាព​អឺរ៉ុប និង​អង្គការ​អូតង់​នា​ពេល​កន្លង​មក។

ដោយឡែក វត្តមាន​លើកទី១ របស់​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence នៅ​ទីស្នាក់ការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក​ក៏​ទទួល​ស្វាគមន៍​ដោយ​ក្រុមបាតុករ​ប្រមាណ​ជា ១០០នាក់​ដែរ។ ពួក​បាតុករ​បាន​នាំ​គ្នា​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ទាក់ទង​នឹង​អន្តោប្រវេសន៍ សិទ្ធិស្រ្តី និង​សុខភាព៕

បន្ទាប់​ពី​ទស្សនកិច្ច​ទីស្នាក់ការ​អឺរ៉ុប លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence បាន​បន្ត​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​អង្គការ​អូតង់​ដោយ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​លោក​អគ្គលេខាធិការ​អូតង់ Jens Stoltenberg៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ