អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

រុស្ស៊ី​បាន​ប្រើ​មែន​សិទ្ធិវេតូ ​ខ្ទប់​សេចក្តីសម្រេច​ដែល​ប្រឆាំង​ស៊ីរី​ជា​សម័្ពន្ធមិត្ត​ខ្លួន​

“ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ស៊ីរី ​ក្រោម​លេស​ថា ​អាជ្ញាធរ​ប្រទេស​នេះ ​ហាក់បី​បាន​ប្រើ​ អាវុធ​គីមី​ស្អី​ណា ​គឺ “មិន​ជួយ​ចូកចែវ​ឡើយ​ ដល់​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ កិច្ចចរចា​រវាង​ភាគី​បដិបក្ខ​ ស៊ីរី​ នៅ​ក្រុងហ្ស៊ឺណែវ”​​សេចក្តីនេះ ​ថ្លែង​រសៀល​ម្សិលមិញ​ ដោយ ​លោក​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន ​កាល​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​សោះ ​ដល់​ពេល​បោះឆ្នោត ​ក្នុង​ក្រុមប្រឹក្សា​ សន្តិសុខ​អ.ស.ប.​ ជុំវិញ​កម្មវត្ថុ​នេះ។ ​លើកនេះ ​ទន្ទឹម​នឹង​រុស្ស៊ី ​បាន​ប្រើ​សិទ្ធិ​វេតូ ​ក៏​ទាំង​ចិន។​

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine នៅ​វិមាន Kremlin​ក្នុង​ទីក្រុង​ Moscou ​ថ្ងៃទី​១៧​មករា​២០១៧​
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine នៅ​វិមាន Kremlin​ក្នុង​ទីក្រុង​ Moscou ​ថ្ងៃទី​១៧​មករា​២០១៧​ REUTERS/Sergei Ilnitsky
ផ្សាយពាណិជ្ជកម្ម

​ថ្លែង​ក្នុង​សន្និសីទ​សារពត៌មាន​រួមជាមួយ​សមភាគី​កៀហ្ស៊ីស៊ីស្ថាន​ នៅ​ក្រុង​ Bishkek​ថ្ងៃ​ ២៨​កុម្ភៈ​ លោក​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន​ ដោយ​ឆ្លើយ​តប​នឹង​សំនួរ​អ្នកកាសែត​ម្នាក់​ ទាក់​ទង​នឹង​គម្រោង​ដាក់​ទណ្ឌកម្ម​ថ្នាក់​ដឹកនាំ​ស៊ីរី ​ស្នើ​ដោយ​ បារាំង​ អង់គ្លេស​ និង​​ស.រ.អា.​ បាន​គូស​បញ្ជាក់​ជា​អាទិ៍​ ៖ តាម​យោបល់​ខ្ញុំ​ ទណ្ឌកម្ម​ប្រឆាំង​អាជ្ញាធរ​ស៊ិរី​ នៅ​ដំណាក់​បច្ចុប្បន្ន​ គឺ​ មិន​ត្រូវ​នឹង​កាលៈទេសៈ​ទាល់តែសោះ។​

 
ប្រមុខ​រដ្ឋ​​រុស្ស៊ី​ ក៏​បន្ថែម​ថា ​ទណ្ឌកម្ម​បែប​នេះ​ មុខ​ជា​មិ​ន​ជំរុញ​ឡើយ​ ដល់​កិច្ច​ចរចា​ រវាង​ ភាគី​បដិបក្ខ​ស៊ីរី​ នៅ​ក្រុងហ្ស៊ឺណែវ​ ប៉ុន្តែ​វា​អាច​តែ​រំខាន​ ឬ​ នាំ​ឲ្យ​រង្គោះរង្គើ​តែ​ម្តង​ ដល់​ ដំណើរ​ប្រព្រឹត្ត​ ទៅ​ នៃ​កិច្ចចរចា​នេះ​ ម៉្លោះហើយ​ បាន​ជា​រុស្ស៊ី ​មិន​គាំទ្រ​ទេ ​ដល់​ទណ្ឌកម្ម​ថ្មី​អ្វី​ណា ​ទល់​នឹង​ ប្រទេស​ស៊ីរី។​

ប្រសាសន៍​នេះ​ របស់​លោក​ពូទីន ​គឺ​ជា​សញ្ញា​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ថា ​រុស្ស៊ី​ក្នុង​ឋានៈ​ ជា​ សមាជិក​អចិន្ត្រៃយ៏​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បំពាក់​ទៅ​ដោយ​សិទ្ធិ​វេតូ ​ពិត​ជា​នឹង​ប្រើ​ សិទ្ធិ​នេះ​មែន​ ដើម្បី​ខ្ទប់​ គម្រោង​នៃ​សេចក្តី​សម្រេច​ ដាក់​ចេញ​ដោយ ​មហាអំណាច​៣​ទៀត​ ដែល ​បំពាក់​ដោយ​សិទ្ធិ​បែប​នេះ​ដែរ​ គឺ​ បារាំង​ អង់គ្លេស ​​ស.រ.អា.​ឲ្យ​ដាក់​ទណ្ឌកម្ម​ ប្រ​ឆាំង​នឹង​ អ្នក​មុខ​ អ្នកការ​ស៊ីរី​ ១១​នាក់​ និង​នីតិបុគ្គល​ស៊ីរី​ ១០​ទៀត ​ដែល​ស្រប​នឹង​ លទ្ធផល​អង្កេត​ ធ្វើ​ ដោយ​ អ.ស.ប.​ និង​ អង្គការ​ខាង​ហាមប្រាម​អាវុធ​គីមី ​គឺ​បាន​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ ដោយ​ អាវុធ​នេះ ​យ៉ាង​ហោច​ណាស់ ​ដល់​ទៅ​ ៣​លើក​ ប្រឆាំង​នឹង​ទីក្រុង​ស៊ីរី​៣ ​កាលពី​ ឆ្នាំ​២០១៤​ និង​ ២០១៥។​

ប៉ុន្តែ​អាជ្ញាធរ​ស៊ីរី​ ច្រានចោល​ការចោទ​ប្រកាន់​ដែល​ថា​ខ្លួន​បាន​ប្រើ​អាវុធគីមី​ស្អី​ណា​ ក្នុង​សង្គ្រាម​ ដែល​បាន​ផ្តាច់​ជីវិត​អ្នក​ស្រុក​អស់​ជាង​៣សែន​នាក់​ទៅ​ហើយ​ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​ទៅ។​

ការ​ប្រើ​សិទ្ធិ​វេតូ​ដោយ​រុស្ស៊ី​លើក​នេះ​ គឺ​ជា​លើក​ទី​៧​ ហើយ ​បើ​គិតតាំង​ពី​ឆ្នាំ​២០១១​មក​ ដើម្បី​ ការពារ​ សម្ព័ន្ធមិត្ត​ស៊ីរី​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ