អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក ហ្វ្រង់ស័រ ហ្វីយ៉ុង មានហេតុផល​​ត្រឹម​ត្រូវ​ទេ​ដែល​រក្សា​​បេក្ខភាព​ប្រធានាធិបតី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង៦​សប្តាហ៍​មក​ហើយ​ដែល​សំណុំរឿង​លួច​កេង​លុយ​រដ្ឋ បាន​មក​បំពុល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ។ បេក្ខជន​ដែល​ធ្លាប់​ត្រូប​បាន​គេ​ប្រមើល​ឃើញ នៅ​ពេល​ចាប់ផ្តើម​ឃោសនា​ភ្លាម ថា​អាច​ជា​អ្នក​មាន​សំណាង​ច្រើន​ក្លាយ​ជា​ប្រធានាធិបតី កំពុង​តែ​ធ្លាក់​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង និងថែម​ទាំង​​អាច​ត្រូវ​ជាប់​ចោទ​ ​ក្នុង​​រឿង​អាស្រូវ​ កេង​លុយ​រដ្ឋ​ ឱ្យ​ប្រពន្ធ​និង​កូនទៀត។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏បេក្ខជន​ហ្វ្រង់ស័រ ហ្វីយ៉ុង នៅ​តែ​តាំង​ជំហរ​ជាប់ ហើយ​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ១ មីនា រក្សា​បេក្ខភាព​ប្រធានាធិបតី​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។ តើ​ជា​សេចក្តី​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ឬទេ​ ?

លោក François Fillon ប្រកាស​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​ ទោះបី​មាន​រឿង​អាស្រូវ​ដល់​ការ​ចោទប្រកាន់​
លោក François Fillon ប្រកាស​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​ ទោះបី​មាន​រឿង​អាស្រូវ​ដល់​ការ​ចោទប្រកាន់​ Christophe ARCHAMBAULT / AFP
ផ្សាយពាណិជ្ជកម្ម

រឿង​អាស្រូវ​លួច​កេង​លុយ​រដ្ឋ បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត គឺ​តុលាការ​កោះ​ហៅ​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​​បក្ស​ស្តាំ​និយម ចូល​បំភ្លឺ​នៅ​ថ្ងៃទី ១៥​មីនា មុន​នឹង​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ។ ប៉ុន្តែ​​លោក ហ្វ្រង់ស័រ ហ្វីយ៉ុង មិន​ដក​ថយ​ឡើយ ! ទោះបី​ជា​​​តុលាការអាច​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​​ក៏​ដោយ ​ក៏​លោកនៅ​តែ​រក្សា​ឈ្មោះ​ជា​បេក្ខជនប្រធានាធិបតី​ដដែល ដោយ​​​ទុកឱ្យ​​ពលរដ្ឋ​ជា​អ្នក​សម្រេច​នៅសម័យ​បោះឆ្នោត​ប្រធានាធិបតី​​ខែ​ឧសភា។ នេះ​ជា​សេចក្តី​សម្រេច​ដែល​បញ្ជាក់​អំពី​ជំហរ​ដ៏​ច្បាស់​លាស់ និង​ប្រកប​ដោយ​ភាព​ជឿជាក់។

លោក​សន្យា​នឹង​ចូល​ជួប​ចៅក្រម​ស៊ើប​អង្កេត​តាម​ការ​កោះ​ហៅ ដើម្បី​ឆ្លើយ​បំភ្លឺ​ការពិត ! ការពិត​ទាក់ទង​នឹង​ការ​យក​ប្រពន្ធកូន មក​ធ្វើ​ជា​ជំនួយ​ការ កាលលោក​នៅ​ជា​សមាជិក​សភា ដែល​ជា​ប្រភព​ដើម​នៃ​រឿង​អាស្រូវ។ ​តំណាង​សភា​និង​ព្រឹទ្ធសភា​ម្នាក់ៗ មាន​កញ្ចប់​ថវិកា​រៀង​ខ្លួនៗ ចំនួន ៩៥៦១​អឺរ៉ូ ក្នុង​មួយ​ខែៗ សម្រាប់​ចាត់ចែង​ចំណាយ​រក​ជំនួយ​ការ នៅក្នុង​សភា នៅ​មណ្ឌលដែល​តំណាង​សភា​គ្រប់គ្រង ចំនួន​ពី​ ម្នាក់​ទៅ​៨​នាក់។ ការ​យក​ប្រពន្ធ​កូន ឬញាតិ​ផៅ​ក្នុង​គ្រួសារ​មក​ ធ្វើជា​ជំនួយការ​ មិន​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ឡើយ តែ​ប្រាក់​ខែ​ដែល​ត្រូវ​ចំណាយ​ឱ្យ​ជំនួយ​ការ​ជា​កូន​ឬ​ប្រពន្ធ​នោះ មិន​ត្រូវ​លើស​ពី​ពាក់កណ្តាល​នៃ​កញ្ចប់​ថវិកា​អនុញ្ញាត​ឡើយ។ ​

​ម្យ៉ាង​ទៀត បើតាម​ការ​អង្កេត​មួយ បង្ហាញ​ថា​មាន​សមាជិក​សភា​និង​ព្រឹទ្ធសភា​បារាំង ជាង​ម្នាក់ ក្នុង​ចំណោម​៦​នាក់ បាន​អនុវត្ត​ទម្លាប់​យក​ប្រពន្ធ​កូន​ បង​ប្អូន​ ក្នុង​គ្រួសារ​មក​ធ្វើ​ជា​ជំនួយ​ការ ពោល​គឺ​ក្នុង​ចំណោម​​សមាជិកសភា​៥៧២​នាក់ មាន​យ៉ាង​ហោច​ណាស់ ១០៣​នាក់ធ្វើ​បែប​នេះ។

ជាទូទៅ គេ​សង្កេត​ឃើញ​ថា តំណាង​រាស្ត្រ​ ភាគ​ច្រើន​បាន​ជ្រើសរើស​ប្រើ​ជំនួយ​ការ​ បី ឬ​បួន​នាក់។ មាន​តែ​តំណាង​សភា​បី​នាក់​ប៉ុណ្ណោះ ដែលប្រើ​ជំនួយការ​តែ​ម្នាក់ ក្នុង​នោះគឺ​មាន​រូប​លោក ហ្វីយ៉ុង​ម្នាក់ដែរ។

ក្រោយ​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​​កេង​លុយ​រដ្ឋ​របស់​ត្រកូល​ហ្វីយ៉ុង​នេះ​មក សភា​បារាំង​បាន​គិត​គូរ​ដើរ​តួ​ឱ្យ​មាន​តម្លាភាព ដោយ​បាន​សើរើ​កាលពី​ថ្ងៃទី ២១​កុម្ភៈ​ មើល​ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះបុគ្គលិក​ជា​ជំនួយ​ការ​ ចំនួន​២០៣៩​នាក់ របស់​សមាជិក​សភា​សកម្ម​ទាំង​៥៧២​រូប។ ​បញ្ជី​ឈ្មោះនោះ ដែល​គ្រាន់​បាន​ឃើញ​ភ្លាម គេ​អាច​បាន​យល់​បាន​ងាយថា​ជំនួយ​ការ​ និង​មេ​ការ ស្ថិត​ក្នុងចង្កោម​គ្រួសារ​តែ​មួយ ទោះ​បី​ជា​ក្នុង​ឯកសារ​សភា​មិន​បញ្ជាក់ ក៏​គេ​អាច​សន្និដ្ឋាន​បាន​យ៉ាង​ងាយ ព្រោះ​ត្រកូល​របស់​ពួក​គេ​ ដូច​នឹង​ត្រកូល​សមាជិក​សភា​។ ជំនួយ​ការ​ម្នាក់ៗ​អាច​ទទួល​ប្រាក់​បៀវត្សរ៍​ជាមធ្យម​ប្រមាណ​ពី ២៣០០ ទៅ ៣២០០​អឺរ៉ូ។ ប៉ុន្តែ​បើ​តាម​បញ្ជី​របស់​សភា គេ​គ្មាន​ឃើញ​​បាន​បញ្ជាក់អំពី​ចំនួន​ពេល​ម៉ោង​ធ្វើការ និង​ប្រាក់​ខែ​ ព្រមទាំង​ការងារ​ពិត​ប្រាកដរបស់​ពួក​គេ​ឡើយ។  

មាន​ន័យ​ការងារ​ដែល​តំណាង​រាស្ត្រ​ផ្តល់​ឱ្យ​ក្រុមគ្រួសារ​ មិន​ត្រូវ​បាន​កំណត់​ដោយ​ច្បាស់​លាស់​ទេ។ ទង្វើ​បែប​នេះ ​ពុំ​ធ្លាប់​មាន​ប្រទេស​ជិតខាង​ក្នុង​អឺរ៉ុប ជាពិសេស​ស៊ុយអែត ដែល​ជាប់​ឈ្មោះ​ជា​ប្រទេស​ស្អាតស្អំ ជាង​គេ​នៅ​លើ​ពិភពលោក មិន​ដែល​នឹង​ស្មាន​ដល់​ និង​ធ្វើ​សោះ។ គ្រាន់​តែ​បើ​នៅ​ស្រុក​បារាំង វា​ជា​ទម្លាប់​ទៅ​ហើយ។ ដោយ​បើ​គិត​មក​ត្រឹម​ចំណុច​នេះ លោក ហ្វ្រង់ស័រ​ហ្វីយ៉ុង យក​ប្រពន្ធ​និង​កូនទាំង​ពីរ មក​ធ្វើ​ជា​ជំនួយការខ្លួន មិន​មែន​ជាទង្វើ​អ្វី​ខុស​ប្លែក និង​ខុស​ច្បាប់​ឡើយ។

ការ​ដាក់​បន្ទុក​ផ្នែក​តុលាការ​លើ​រូប​ហ្វីយ៉ុង​ អាច​ជា​ចាត់​ទុក​មិន​យុត្តិធម៌ បើ​តាម​សំដី​របស់​លោក​ហ្វីយ៉ុង ប៉ុន្តែ​នៅក្នុង​ករណី​ភរិយា​លោក គេ​សង្កេតឃើញ​ថា​ប្រាក់​ខែ​ របស់​លោកស្រី​ហ្វីយ៉ុង ខ្ពស់​ហួស​ប្រមាណ ឯ​កូន​ទាំង​ពីរ មាន​ម្នាក់​មក​ធ្វើ​ការ​តាំង​ពី​មិន​ទាន់​គ្រប់​អាយុ និង​ធ្វើ​ការ​ពេញ​ម៉ោង ដែល​កូន​រូប​នោះ នៅ​ជា​និស្សិត​នៅ​ឡើយ។ ហើយ​រឿង​រាវ​កាន់​តែ​រីក​ធំ​ទៀត មក​ពី​លោកស្រី​ហ្វីយ៉ុង​ផ្ទាល់ ធ្លាប់​បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​ទូរទស្សន៍​អង់គ្លេស ថា​ពុំ​ធ្លាប់​ដែល​បាន​ធ្វើ​ការអ្វី​ឱ្យ​ស្វាមី​ឡើយ។

ម្យ៉ាង​វិញ ​សេចក្តី​សម្រេច​ចិត្ត​ថ្ងៃ​នេះ​ អាច​ចាត់​ទុក​ថា​មិន​សមហេតុផល ព្រោះ​​លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ខ្លួន​ឯង​ធ្លាប់​បាន​ប្រកាស​ថា ប្រសិន​បើ​លោក​ត្រូវ​ជាប់​ចោទ​ក្នុងរឿង​អាស្រូវ​នេះ លោក​នឹង​ដើរ​ចេញ​ពី​ការ​ប្រកួត​ ប៉ុន្តែ​នៅ​ពេល​តុលាការ​កោះ​ហៅ​ចូល​ជួប​ដើម្បី​ប្រាប់​អំពី​លទ្ធភាព​នៃ​ការ​ចោទ​ប្រកាន់ លោ​ក​ហ្វីយ៉ុង បែរ​ជា​វាយ​ប្រហារ​តុលាការ​ថា​មិន​យុត្តិធម៌ និង​ប្រកាស​ក្រាញ​ក្នុង​សង្វៀន​រហូត​ដល់​ទី​បញ្ចប់​ទៅ​វិញ។ ការ​សម្រេច​ចិត្ត​នេះ​បង្ហាញ​ថា​លោក​មិន​គោរព​សម្តី​របស់​ខ្លួន។ លេប​សំដី​ខ្លួន​ដូច្នេះ​តើ​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជឿ​ជាក់ម្តេច​បាន ? ដោយ​សារតែ​ហេតុផល​នេះ ទីប្រឹក្សា​នយោបាយ​អន្តរជាតិ​ក្នុង​ក្រុម​យុទ្ធនាការឃោសនា​បាន​សម្រេច​ចិត្ត​លាលែង​ចេញ​ពី​តំណែង​ ចាក​ចេញ​លែង​ធ្វើការ​ជាមួយ​ហ្វីយ៉ុង។ បក្ស​កណ្តាល​និយមUDI ដែល​ចាប់​ដៃ​ជា​មួយ​បក្សស្តាំ​និយម​​សាធារណរដ្ឋ បានកោះ​ប្រជុំ​គ្នា​ជា​បន្ទាន់ ថា​គួរ​បន្ត​គាំទ្រ​បេក្ខភាព​លោក​ហ្វីយ៉ុង ឬ​យ៉ាងណា ? តើ​នឹង​មាន​ការរង្គោះ​រង្គើ​ក្នុង​ជួរ​បក្ស​បន្ថែម​ទៀត​ឬ​យ៉ាងណា? ប្រសិន​បើ​មាន​តើ​បក្ស​អាច​ដាក់​សម្ពាធ​លើ​លោក​ហ្វីយ៉ុង ដើម្បី​រក​បេក្ខជន​ថ្មី​ជំនួស​។ យើង​អាច​មាន​ចម្លើយនៅ​ក្រោយ​ថ្ងៃ​១៥​មីនា ២០១៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ