ហេតុអ្វីបានជាការបោះឆ្នោតប្រធានាធិបតី បារាំងរញ៉េរញ៉ៃខ្លាំង?
ចុះផ្សាយនៅថ្ងៃ៖
បេក្ខជនប្រធានាធិបតីបារាំង លោកហ្រ្វង់ស័រ ហ្វីយ៉ុងកំពុងរងការដាក់គំនាបកាន់តែខ្លាំង ពី ខាងតុលាការ ហើយនិងសមាជិកក្នុងបក្ស។ នៅថ្ងៃព្រហស្បតិ៍ ទី២មីនា ប៉ូលិសបានចុះឆែកឆេរផ្ទះរបស់បេក្ខជនបក្សសាធារណរដ្ឋ ក្នុងពេលដែលសមាជិកបក្សជាច្រើននាក់ បានដើរចេញ ជាបន្តបន្ទាប់ ឈប់គាំទ្រ បេក្ខភាពប្រធានាធិបតីរបស់លោកហ្រ្វង់ស័រ ហ្វីយ៉ុង។
មុខមាត់របស់បេក្ខជនបក្សស្តាំនិយមបារាំង គឺលោកហ្រ្វង់ស័រ ហ្វីយ៉ុងបានធ្លាក់ចុះមួយកម្រិតទៀត នៅចុងសប្តាហ៍នេះ។ សមាជិក អ្នកតំណាងរាស្រ្តរបស់បក្សសាធារណរដ្ឋ និងគណបក្សដៃគូ UDI បែរខ្នង ដើរចេញ ជាបន្តបន្ទាប់ ឈប់គាំទ្រ លោកហ្រ្វង់ស័រ ហ្វីយ៉ុង។ នៅថ្ងៃព្រហស្បតិ៍ ប៉ូលិសបារាំងបានចុះឆែកឆេរផ្ទះរបស់លោកហ្វីយ៉ុង ក្នុងក្របខ័ណ្ឌស៊ើបអង្កេតលើរឿងកេងលុយរដ្ឋ សម្រាប់សមាជិកគ្រួសារហ្វីយ៉ុង។
លោកហ្រ្វង់ស័រ ហ្វីយ៉ុងត្រូវកាសែតLe Canard enchainéបើកកកាយឲ្យឃើញថា គាត់បានបើកប្រាក់ខែជាង១លានអឺរ៉ូ ឲ្យប្រពន្ធ និងកូន បើទោះបីជាពួកគេមិនដែលធ្វើការជាជំនួយការរបស់គាត់ នៅសភាក៏ដោយ។ រឿងអាស្រូវកេងលុយរដ្ឋ ដែលបណ្តាលឲ្យមានការស៊ើបអង្កេត នៅតុលាការបានធ្វើឲ្យកូដប្រជាប្រិយភាពរបស់លោកហ្រ្វង់ស័រ ហ្វីយ៉ុង ធ្លាក់ចុះខ្លាំង ហៅមិនលឺ។ សូម្បីតែសមាជិកមួយចំនួន ក្នុងបក្សរបស់លោក ក៏បានដើរចេញ លែងគាំទ្រលោកដែរ ព្រោះគេមិនសង្ឃឹមថា លោកហ្វីយ៉ុងដែលជាប់ផុងខ្លួនដោយសាររឿងអាស្រូវកេងលុយរដ្ឋ នឹងអាចឈ្នះឆ្នោតនោះទេ។ នៅថ្ងៃនេះ លោកហ្វីយ៉ុងរឹតតែឯកោ បន្ទាប់ពីអ្នកនាំពាក្យរបស់លោកផ្ទាល់ គឺ លោកThierry Solèreក៏លាលែងចេញពីតំណែងអ្នកនាំពាក្យរបស់លោកហ្វីយ៉ុងដែរ។
នៅក្នុងសន្និសីទកាសែត ថ្ងៃពុធទី ១មីនា ហ្វីយ៉ុង ដែលខ្មៅមុខដោយសារតែរឿងអាស្រូវកេងលុយរដ្ឋ សម្រាប់ប្រពន្ធ គឺលោកស្រី Peneloppe បានប្រកាស ថា លោកនឹងមិនដកខ្លួន នោះទេ។
សមាជិកក្នុងបក្សមួយចំនួន ដែលគាំទ្រលោកហ្វីយ៉ុងមិនចង់ឲ្យលោកដើរចេញ ក្នុងហេតុផលសំខាន់ពីរ។ ទីមួយ លោកហ្វីយ៉ុងជាបេក្ខជនសក្តិសម ជាងគេ និងស្របច្បាប់ ព្រោះលោកបានទទួលការគាំទ្រ ពីមនុស្សដល់ទៅ ជាង ៤លាននាក់ នៅក្នុងការបោះឆ្នោត ជ្រើសរើសបេក្ខជនរបស់បក្ស កាលពីឆ្នាំមុន។ នៅមុន បែករឿងអាស្រូវ លោកហ្វីយ៉ុង ដែលចាប់ផ្តើមធ្វើយុទ្ធនាការមុនគេ បានរៀបចំកម្មវិធីនយោបាយមួយ ដែលទាក់ទាញច្រើន ប្រជាជនបារាំង។ ទី២ទៀត គេពិបាកនឹងរកអ្នកថ្មី មកជំនួស លោកហ្វីយ៉ុង ហើយការបោះឆ្នោតជាថ្មី ដើម្បី ជ្រើសរើសបេក្ខជន ថ្មីមកជំនួសលោកហ្វីយ៉ុង គឺពិបាកនឹងអាចគេធ្វើ នៅក្នុងពេលដ៏ប្រថុចញ៉ុចយ៉ាងដូច្នេះ។
នៅក្នុងបក្សសាធារណរដ្ឋ ដែលជាបក្សស្តាំ និងកណ្តាលនិយម មានចរន្តពីរ ម្ខាង គឺគាំទ្រលោកហ្វីយ៉ុង និងម្ខាងទៀត គាំទ្រចៅហ្វាយក្រុង លោកAlain Juppé។ សមាជិកក្នុងបក្សមួយចំនួនបានដើរចេញពីលោកហ្វីយ៉ុង នៅថ្ងៃម្សិលមិញ ក្នុងបំណងចង់ឲ្យលោកAlain Juppéមកជំនួស ស្តារមុខមាត់របស់បក្សឡើងវិញ ប៉ុន្តែ លោកAlain Juppéដែលធ្លាប់ចាញ់ឆ្នោត ក្នុងពេលប្រជែងជាមួយ លោកហ្វីយ៉ុង ហាក់បង្ហាញថា លោកមិនចង់មកជំនួស លោកហ្វីយ៉ុង នោះទេ។ គណបក្សសាធារណរដ្ឋបារាំង គ្មានផែនការទី២នោះទេ។
អ្នកគាំទ្រលោកហ្វីយ៉ុង សង្ឃឹមថា ការជួបជុំនៅថ្ងៃអាទិត្យទី ៥ មីនា នៅទីលានសិទ្ធិមនុស្ស Trocadéro ដែលគេរំពឹងថា នឹងមានការចូលរួមពីប្រជាជនរាប់សែននាក់ នឹងអាចបញ្ជាក់ពីការគាំទ្រ និងភាពស្របច្បាប់របស់បេក្ខជនហ្វីយ៉ុង។ សម្រាប់លោកហ្វីយ៉ុង គឺប្រជាជនបារាំង ជាអ្នកសម្រេច លើជោគវាសនារបស់លោក នៅក្នុងការបោះឆ្នោត នាខែមេសាខាងមុខ។
លោកហ្វីយ៉ុងលើកឡើងពីការធ្វើឃាតនយោបាយ
នៅថ្ងៃពុធ លោកហ្វីយ៉ុងបាននិយាយថា តុលាការនឹងកោះហៅលោកឲ្យទៅរងការចោទប្រកាន់ នៅថ្ងៃទី ១៥មីនា។ ការសម្រេចរបស់តុលាការដែលធ្វើឡើងនៅតែជាងមួយខែមុនការបោះឆ្នោត បានធ្វើឲ្យ ប្រជាប្រិយភាពរបស់លោកហ្វីយ៉ុង និងចំនួន អ្នកគាំទ្រក្នុងបក្សរបស់លោក បានធ្លាក់ថយចុះ ដូចទឹកបាក់ទំនប់។ រឿងក្តីក្តាំនៅតុលាការ កំពុងប៉ះពាល់យ៉ាងខ្លាំងយុទ្ធនាការឃោសនាបោះឆ្នោត របស់បេក្ខជនបក្ស សាធារណរដ្ឋ ហើយ វានឹងអាចទៅបំផ្លាញទាំងស្រុង ក្តីសង្ឃឹមរបស់បក្សសាធារណរដ្ឋ ដែលចង់ឈ្នះដណ្តើមតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោត នាខែមេសាខាងមុខ។
ប៉ុន្តែ ផ្ទុយមកវិញ ចៅក្រមដែលចាប់ផ្តើមនីតិវិធីនៅពេលនេះ ចង់បង្ហាញថា តុលាការជាស្ថាប័នឯករាជ្យ មិនស្ថិតក្រោមចំណុះរបស់អំណាចប្រតិបត្តិ និងនិតិបញ្ញតិដែរ។ ដោយស៊ើបអង្កេតលើលោកហ្វីយ៉ុងដែលជាសមាជិកសភា និងជាបេក្ខជនសម្រាប់កាបោះឆ្នោតប្រធានាធិបតី នៅពេលនេះចៅក្រមចង់បង្ហាញដែរថា ខ្លួនមិនចុះចាញ់ ដាក់ខ្លួនស្របតាមកាលកំណត់បោះឆ្នោតអ្វីនោះទេ។ តាមសេចក្តីថ្លែងការណ៍របស់តុលាការបារាំង ចេញផ្សាយ នៅថ្ងៃម្សិលមិញ ការសម្រេចរបស់តុលាការ ក្នុងសំណុំរឿង Peneloppe fillon មិនបានធ្វើឡើង ក្រោមការបញ្ជាររបស់រដ្ឋាភិបាលនោះទេ នោះបើទោះបីជារដ្ឋាភិបាលគាំទ្រចំណាត់ការរបស់ចៅក្រមក៏ដោយ។
បេក្ខជនសំខាន់របស់បក្សស្តាំ និងកណ្តាលនិយម ដែលគេសង្ឃឹមនឹងឈ្នះឆ្នោតប្រធានាធិបតីបែរជាអាចត្រូវរងការចោទប្រកាន់ពីតុលាការ។ ចំណែកបេក្ខជនបក្សឆ្វេងនិយមវិញ ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន កំពុងឈ្លោះ បែកបាក់សាមគ្គីគ្នា និងមិនសង្ឃឹមថា នឹងអាចបន្តដឹកនាំប្រទេសនៅអាណត្តិក្រោយ។
ម្ចាស់ឆ្នោត លើកនេះ ហាក់ច្របូកច្របល់ខ្លាំង មិនដឹងថា តើត្រូវបោះឆ្នោត បេក្ខជន ដោយសារតែរឿងអាស្រូវពុករលួយរបស់បេក្ខជនបក្សសាធារណរដ្ឋ។ ការធ្លាក់កូដរបស់បេក្ខជនបក្សប្រឆាំងដ៏សំខាន់កំពុងតែផ្តល់ប្រយោជន៍ដល់បក្សស្តាំនិយមជ្រុល ដែលស្អប់មិនស្វាគមន៍ ជនអន្តោប្រវេសន៍ របស់លោកស្រី ម៉ារីន ឡឺពែន។ គេរំពឹងថា លោកស្រី ម៉ារីន ឡឺពេន នឹងអាចទៅប្រឈមមុខ នៅជុំទី ២ ជាមួយលោកអេម៉ានុយ ម៉ាក្រុង អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច និងជាអ្នកនយោបាយដ៏ថ្មីថ្មោង ដែលមិនធ្លាប់ប្រឡាក់ប្រឡូសនឹងរឿងអាស្រូវពុករលួយកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ