ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

ហេតុអ្វី​បាន​ជាការបោះឆ្នោត​ប្រធានាធិបតី បារាំង​រញ៉េរញ៉ៃខ្លាំង?

ហេតុអ្វី​បាន​ជាការបោះឆ្នោត​ប្រធានាធិបតី បារាំង​រញ៉េរញ៉ៃខ្លាំង? លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង​បេក្ខជន​ប្រធានាធិបតី​បារាំង​ដែល​ជួប​រឿង​អាស្រូវ​កេងលុយ​រដ្ឋ​ឲ្យ​ភរិយា និង​កូន ©PASCAL GUYOT / AFP

    បេក្ខជន​ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង​កំពុង​រង​ការដាក់​គំនាប​កាន់​តែ​ខ្លាំង ពី ខាង​តុលាការ ហើយ​និង​សមាជិក​ក្នុង​បក្ស។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២​មីនា ប៉ូលិស​បាន​ចុះ​ឆែកឆេរ​ផ្ទះ​របស់​បេក្ខជន​បក្ស​សាធារណរដ្ឋ ក្នុង​ពេល​ដែល​សមាជិក​បក្ស​ជាច្រើន​នាក់ បាន​ដើរចេញ ជាបន្តបន្ទាប់ ឈប់​គាំទ្រ បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង។

    មុខមាត់​របស់​បេក្ខជន​បក្ស​ស្តាំ​និយម​បារាំង គឺ​លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង​បាន​ធ្លាក់​ចុះ​មួយ​កម្រិតទៀត នៅ​ចុងសប្តាហ៍​នេះ។ សមាជិក អ្នកតំណាងរាស្រ្ត​របស់​បក្ស​សាធារណរដ្ឋ និង​គណបក្ស​ដៃគូ UDI បែរខ្នង ដើរ​ចេញ ជា​បន្តបន្ទាប់ ឈប់​គាំទ្រ លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង។ នៅថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​បារាំង​បាន​ចុះ​ឆែកឆេរ​ផ្ទះរបស់​លោកហ្វីយ៉ុង ក្នុង​ក្របខ័ណ្ឌ​ស៊ើបអង្កេត​លើ​រឿង​កេងលុយ​រដ្ឋ សម្រាប់​សមាជិក​គ្រួសារ​ហ្វីយ៉ុង។

     
    លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង​ត្រូវ​កាសែតLe Canard enchainé​បើកកកាយ​ឲ្យ​ឃើញ​ថា គាត់​បានបើក​ប្រាក់ខែ​ជាង​១លាន​អឺរ៉ូ ឲ្យ​ប្រពន្ធ និង​កូន បើទោះបី​ជា​ពួកគេ​មិន​ដែល​ធ្វើការ​ជា​ជំនួយការ​របស់គាត់ នៅ​សភា​ក៏ដោយ។ រឿងអាស្រូវកេងលុយរដ្ឋ ដែលបណ្តាល​ឲ្យ​មាន​ការស៊ើបអង្កេត នៅ​តុលាការ​បាន​ធ្វើ​ឲ្យ​កូដ​ប្រជាប្រិយភាព​របស់​លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង ធ្លាក់​ចុះខ្លាំង ហៅមិនលឺ។ សូម្បី​តែ​សមាជិក​មួយចំនួន ក្នុង​បក្ស​របស់​លោក ក៏​បាន​ដើរ​ចេញ លែង​គាំទ្រ​លោកដែរ ព្រោះ​គេ​មិន​សង្ឃឹម​ថា លោកហ្វីយ៉ុង​ដែលជាប់ផុងខ្លួន​ដោយសារ​រឿង​អាស្រូវ​កេងលុយរដ្ឋ នឹង​អាច​ឈ្នះឆ្នោត​នោះទេ។ នៅថ្ងៃ​នេះ លោកហ្វីយ៉ុង​រឹត​តែ​ឯកោ បន្ទាប់ពី​អ្នកនាំពាក្យ​របស់លោក​ផ្ទាល់ គឺ លោកThierry Solère​ក៏លាលែង​ចេញ​ពី​តំណែង​អ្នកនាំពាក្យ​របស់​លោក​ហ្វីយ៉ុងដែរ។
     
    នៅក្នុង​សន្និសីទ​កាសែត ថ្ងៃពុធ​ទី ១​មីនា ហ្វីយ៉ុង ដែល​ខ្មៅមុខ​ដោយសារ​តែ​រឿងអាស្រូវ​កេងលុយរដ្ឋ សម្រាប់ប្រពន្ធ គឺ​លោកស្រី Peneloppe បាន​ប្រកាស ថា លោក​នឹង​មិន​ដកខ្លួន នោះទេ។
     
    សមាជិក​ក្នុង​បក្ស​មួយចំនួន ដែល​គាំទ្រ​លោកហ្វីយ៉ុង​មិន​ចង់​ឲ្យ​លោក​ដើរ​ចេញ ក្នុង​ហេតុផល​សំខាន់​ពីរ។ ទីមួយ លោក​ហ្វីយ៉ុង​ជា​បេក្ខជន​សក្តិសម ជាងគេ និង​ស្របច្បាប់ ព្រោះ​លោក​បាន​ទទួល​ការគាំទ្រ ពី​មនុស្ស​ដល់​ទៅ ជាង ៤លាន​នាក់ នៅក្នុង​ការបោះឆ្នោត ជ្រើសរើស​បេក្ខជន​របស់​បក្ស កាលពីឆ្នាំមុន។ នៅ​មុន បែករឿង​អាស្រូវ លោក​ហ្វីយ៉ុង ដែល​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​មុនគេ បាន​រៀបចំ​កម្មវិធី​នយោបាយ​មួយ ដែល​ទាក់ទាញ​ច្រើន ប្រជាជន​បារាំង។ ទី២ទៀត គេ​ពិបាក​នឹង​រក​អ្នកថ្មី មក​ជំនួស លោក​ហ្វីយ៉ុង ហើយ​ការបោះឆ្នោត​ជាថ្មី ដើម្បី ជ្រើសរើស​បេក្ខជន ថ្មី​មក​ជំនួស​លោក​ហ្វីយ៉ុង គឺ​ពិបាក​នឹង​អាច​គេ​ធ្វើ នៅក្នុង​ពេល​ដ៏ប្រថុចញ៉ុច​យ៉ាងដូច្នេះ។
     
    នៅ​ក្នុង​បក្ស​សាធារណរដ្ឋ ដែល​ជា​បក្ស​ស្តាំ និង​កណ្តាល​និយម មាន​ចរន្ត​ពីរ ម្ខាង គឺ​គាំទ្រ​លោក​ហ្វីយ៉ុង និង​ម្ខាងទៀត គាំទ្រ​ចៅហ្វាយក្រុង លោក​Alain Juppé។ សមាជិក​ក្នុង​បក្ស​មួយចំនួន​បាន​ដើរចេញ​ពី​លោកហ្វីយ៉ុង នៅថ្ងៃ​ម្សិលមិញ ក្នុង​បំណង​ចង់​ឲ្យ​លោកAlain Juppéមក​ជំនួស ស្តារ​មុខមាត់​របស់​បក្ស​ឡើងវិញ  ប៉ុន្តែ លោក​Alain Juppé​ដែល​ធ្លាប់​ចាញ់​ឆ្នោត ក្នុង​ពេលប្រជែង​ជាមួយ លោក​ហ្វីយ៉ុង ហាក់​បង្ហាញ​ថា លោក​មិន​ចង់​មក​ជំនួស លោក​ហ្វីយ៉ុង នោះទេ។ គណបក្ស​សាធារណរដ្ឋ​បារាំង គ្មាន​ផែនការ​ទី​២​នោះទេ។
     
    អ្នកគាំទ្រ​លោក​ហ្វីយ៉ុង សង្ឃឹមថា ការជួបជុំ​នៅថ្ងៃ​អាទិត្យទី ៥ មីនា នៅ​ទីលាន​សិទ្ធិមនុស្ស Trocadéro ដែល​គេរំពឹងថា នឹង​មាន​ការចូលរួម​ពី​ប្រជាជន​រាប់សែននាក់ នឹង​អាច​បញ្ជាក់​ពី​ការគាំទ្រ និង​ភាពស្របច្បាប់​របស់​បេក្ខជន​ហ្វីយ៉ុង។ សម្រាប់​លោក​ហ្វីយ៉ុង គឺប្រជាជន​បារាំង ជា​អ្នកសម្រេច លើ​ជោគវាសនា​របស់​លោក នៅក្នុង​ការបោះឆ្នោត នាខែ​មេសា​ខាងមុខ។
     
    លោកហ្វីយ៉ុង​លើកឡើង​ពី​ការធ្វើឃាត​នយោបាយ
    នៅថ្ងៃ​ពុធ លោក​ហ្វីយ៉ុង​បាននិយាយ​ថា តុលាការ​នឹង​កោះហៅ​លោក​ឲ្យ​ទៅ​រងការចោទប្រកាន់ នៅ​ថ្ងៃ​ទី ១៥​មីនា។ ការសម្រេច​របស់​តុលាការ​ដែល​ធ្វើឡើង​នៅ​តែ​ជាង​មួយខែ​មុន​ការបោះឆ្នោត បាន​ធ្វើ​ឲ្យ​ ប្រជាប្រិយភាព​របស់​លោក​ហ្វីយ៉ុង និង​ចំនួន អ្នកគាំទ្រ​ក្នុង​បក្ស​របស់លោក បាន​ធ្លាក់​ថយចុះ ដូច​ទឹកបាក់ទំនប់។ រឿងក្តីក្តាំ​នៅ​តុលាការ កំពុង​ប៉ះពាល់​យ៉ាងខ្លាំង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​បេក្ខជន​បក្ស សាធារណរដ្ឋ ហើយ វា​នឹង​អាច​ទៅ​បំផ្លាញទាំងស្រុង ក្តីសង្ឃឹម​របស់​បក្ស​សាធារណរដ្ឋ ដែល​ចង់​ឈ្នះ​ដណ្តើម​តំណែង​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត នាខែ​មេសា​ខាងមុខ។
     
    ប៉ុន្តែ ផ្ទុយមកវិញ ចៅក្រម​ដែល​ចាប់ផ្តើម​នីតិវិធី​នៅពេលនេះ ចង់​បង្ហាញ​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិត​ក្រោម​ចំណុះ​របស់​អំណាច​ប្រតិបត្តិ និង​និតិបញ្ញតិដែរ។ ដោយ​ស៊ើបអង្កេត​លើ​លោក​ហ្វីយ៉ុង​ដែល​ជា​សមាជិក​សភា និង​ជា​បេក្ខជន​សម្រាប់​កាបោះឆ្នោត​ប្រធានាធិបតី នៅពេលនេះ​ចៅក្រម​ចង់​បង្ហាញ​ដែរថា ខ្លួន​មិន​ចុះចាញ់ ដាក់ខ្លួន​ស្រប​តាម​កាល​កំណត់​បោះឆ្នោត​អ្វី​នោះ​ទេ។ តាម​សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​បារាំង ចេញ​ផ្សាយ នៅ​ថ្ងៃ​ម្សិលមិញ ការសម្រេច​របស់​តុលាការ ក្នុង​សំណុំរឿង Peneloppe fillon មិន​បាន​ធ្វើឡើង ក្រោម​ការបញ្ជារ​របស់​រដ្ឋាភិបាល​នោះទេ នោះបើទោះបី​ជា​រដ្ឋាភិបាល​គាំទ្រ​ចំណាត់ការ​របស់ចៅក្រម​ក៏ដោយ។
     
    បេក្ខជន​សំខាន់​របស់​បក្ស​ស្តាំ និង​កណ្តាល​និយម ដែល​គេ​សង្ឃឹម​នឹង​ឈ្នះឆ្នោត​ប្រធានាធិបតី​បែរជា​អាច​ត្រូវ​រង​ការចោទប្រកាន់​ពី​តុលាការ។ ចំណែក​បេក្ខជន​បក្ស​ឆ្វេងនិយមវិញ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុង​ឈ្លោះ បែកបាក់​សាមគ្គីគ្នា និង​មិន​សង្ឃឹម​ថា នឹង​អាច​បន្ត​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ។
     
    ម្ចាស់ឆ្នោត លើកនេះ ហាក់​ច្របូកច្របល់​ខ្លាំង មិន​ដឹងថា តើ​ត្រូវ​បោះឆ្នោត បេក្ខជន ដោយសារ​តែ​រឿង​អាស្រូវ​ពុករលួយ​របស់​បេក្ខជន​បក្ស​សាធារណរដ្ឋ។ ការធ្លាក់កូដ​របស់​​បេក្ខជន​បក្ស​ប្រឆាំង​ដ៏សំខាន់​កំពុង​តែ​ផ្តល់​ប្រយោជន៍​ដល់​បក្ស​ស្តាំ​និយមជ្រុល ដែល​ស្អប់មិន​ស្វាគមន៍ ជនអន្តោប្រវេសន៍ របស់លោកស្រី ម៉ារីន ឡឺពែន។ គេ​រំពឹងថា លោកស្រី ម៉ារីន ឡឺពេន នឹង​អាច​ទៅ​ប្រឈមមុខ នៅ​ជុំទី ២ ជាមួយ​លោក​អេម៉ានុយ ម៉ាក្រុង អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​ជា​អ្នកនយោបាយ​ដ៏ថ្មីថ្មោង ដែល​មិនធ្លាប់​ប្រឡាក់ប្រឡូស​នឹង​រឿង​អាស្រូវ​ពុករលួយ​កន្លងមក៕

     


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      លោក ហ្វ្រង់ស័រ ហ្វីយ៉ុង មានហេតុផល​​ត្រឹម​ត្រូវ​ទេ​ដែល​រក្សា​​បេក្ខភាព​ប្រធានាធិបតី ?

      ស្វែងយល់បន្ថែម

    • បារាំង

      បេក្ខជន​ប្រធានាធិបតី​បារាំង​នឹង​រងបទ​ចោទប្រកាន់​ពី​តុលាការ​ក្នុង​រឿង​កេងលុយរដ្ឋ

      ស្វែងយល់បន្ថែម

    • រុស្ស៊ី-បារាំង

      រុស្ស៊ី​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​លូក​ដៃ​ចូល​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​បារាំង​

      ស្វែងយល់បន្ថែម

    • បារាំង

      ​បេក្ខជនប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ជាប់រឿង​អាស្រូវ​កេង​លុយរដ្ឋ​​​

      ស្វែងយល់បន្ថែម

    • បារាំង-អាល់ហ្សេរី

      បារាំង-អាល់ហ្សេរី៖​លោក​អេម៉ានុយអែល ម៉ាក្រុង​ថា អាណានិគមកិច្ច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ