អានតួអត្ថបទ
បារាំង-សិទ្ធិស្ត្រី

ទិវា​សិទ្ធិ​នារី ៖ ប្រាក់​ខែ​ស្ត្រីនៅ​តែ​ទាប​ និង​មើល​កូន​ច្រើន ជាង​បុរស

វិសមភាពស្ត្រី​និង​បុរស​​ត្រូវ​បាន​កាត់​បន្ថយ ជា​ទូទៅ ! ប៉ុន្តែ​ទោះ​បាន​រៀន​ចេះ​ជ្រៅ​ជ្រះ​ មាន​សញ្ញាប័ត្រ​ខ្ពស់ ក៏​ស្ត្រី​នៅ​តែ​ទទួល​បា្រក់​ខែ​ទាប​ និង​​ចំណាយ​ពេល​មើល​ថែកូន​ច្រើន​​ជាង​បុរស ហើយ​ក្រ​​ចូល​និវត្តន៍​ ! នេះ​បើ​តាម​លទ្ធផល​សិក្សា​​របស់​វិទ្យាស្ថានស្ថិតិ​បារាំង ចេញ​ផ្សាយ​​នា​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា។

ស្ត្រី​បារាំង​ក្នុង​សម័យ​សង្គ្រាម​លោក ផ្សារ​ដែក​ក្នុង​រោងចក្រ​ផលិត​អាវុធ
ស្ត្រី​បារាំង​ក្នុង​សម័យ​សង្គ្រាម​លោក ផ្សារ​ដែក​ក្នុង​រោងចក្រ​ផលិត​អាវុធ GETTY/Culture Club/Hulton Archive
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ជីវិត​ស្រ្តី​និង​បុរស​មិន​ដូច​គ្នា​ទេ !​​ ថ្វី​បើ​ស្ត្រី​អាច​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​ការងារ​បាន​ប្រសើរ​ជាង​មុន​ នា​ពេល​បច្ចុប្បន្ន​នេះ​ក្តី ក៏​ភាព​ខុស​គ្នា​រវាង​ស្ត្រី​និង​បុរស​នៅ​មាន​ច្រើន សម្រាប់​គ្រប់​វ័យ។ នៅ​បឋម​សិក្សា​ក្មេង​ស្រី​រៀន​ពូកែជាង​ក្មេង​ប្រុស ! មាន​សញ្ញាប័ត្រខ្ពស់​ជាង​បុរស ស្ត្រី​ភាគ​ច្រើន (៥៥%)រៀន​ដល់​​​ថ្នាក់​ឧត្តម​សិក្សា​ និង​បន្ត​ការសិក្សា​បាន​វែង​ឆ្ងាយ​ជាង​។ ប៉ុន្តែ​ស្ត្រី​មាន​វត្តមាន​តិច​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​ពិបាក​រក​ការងារ​ធ្វើ​ជាង​បុរស​ នៅ​ពេល​រៀន​ចប់​ភ្លាម។ នេះ​បើ​ការ​សិក្សា​របស់​វិទ្យាស្ថាន​ជាតិ​ផ្នែក​ស្ថិតិ​បារាំង។

គម្លាត​រវាង​បុរស​និង​ស្ត្រី​ ​មាន​និន្នាការ​ថយ​ចុះជា​លំដាប់​ ! គំនិតធ្លាប់​មើល​ស្រាល​សមត្ថភាព​ស្ត្រី​ក៏​បាន​ជ្រុះ​បាត់​ជា​បន្ត​បន្ទាប់។ មាន​មនុស្ស​ប្រមាណ​តែ​២២%​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១២​ដែល​គិត​ថា​ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ គួរ​តែ​នៅ​ធ្វើការ​ផ្ទះ។ នៅ​ឆ្នាំ​២០១៥ ស្ត្រី​ ​ អាយុ​១៥​ទៅ​៦៤​ឆ្នាំ​ចំនួន​៦៨% ​សកម្មក្នុង​ទីផ្សារ​ការងារ ទល់​នឹង​បុរស​៧៦%​។ ជា​គម្លាត​ដ៏​តិច​ ត្រឹម​៨ពិន្ទុ បើ​ប្រៀប​ទៅ​នឹង៣១​ពិន្ទុ​​កាលពី​៤០​ឆ្នាំ​មុន។

តាំ​ងពី​ពាក់​កណ្តា​លទសវត្សរ៍​ឆ្នាំ​១៩៧០​មក អត្រា​ស្ត្រី​អត់ការងារ​ធ្វើ​ខ្ពស់​ជាង​បុរស តែ​ចាប់​ពី​ឆ្នាំ​២០១៣​មក​ គឺ​មាន​និន្នាការ​ផ្ទុយ​វិញ បុរស (១០,៥%)​អត់​ការងារ​ធ្វើ​ច្រើន​ជាង​ស្រ្តី (៩,៥%) នៅ​ឆ្នាំ​២០១៥។

ចម្លែក​អ្វី​តែ​គម្លាត​ផ្នែក​ប្រាក់​បៀវត្សរ៍​ ដែលរួម​តូច​យ៉ាង​យឺត​បំផុត។ រាប់​ទាំង​ក្នុង​វិស័យ​ឯកជននិង​រដ្ឋ ប្រាក់​ខែ​ស្ត្រី​ទាបជាង​បុរស​២៤% នៅ​ក្នុង​ឆ្នាំ​២០១៤ ទល់​នឹង​២៧%​កាលពី​ឆ្នាំ​១៩៩៥។ ស្ត្រី​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​ការ​កាត់បន្ថយ​សកម្មភាព​ការងារ។ ស្រ្តី​មាន​សកម្មភាព​មើល​ថែ​កូន​ ​ដល់​៨៥%​បើ​មាន​កូន​ម្នាក់​ឬ​ពីរ​នាក់ ៧៣%​បើ​​មាន​កូន​ច្រើន​លើស​ពី​បី។ ចំណែក​​កិច្ចការ​ផ្ទះដែល​ជា​​និស្ស័យរបស់​នារី ​នៅ​តែ​ជា​​បន្ទុក​ដ៏​ធំ​របស់​ស្ត្រី​ជានិច្ច។

រហូត​ដល់​វ័យ​​ចូល​និវត្ត ក៏​គេ​នៅ​តែ​សង្កេត​ឃើញមាន​ភាព​ខុស​គ្នា​ខ្លាំង​រវាង​ស្ត្រី​និង​បុរស​ដដែល ៖ ជា​មធ្យម​ស្ត្រី​បាន​សម្រាក​និវត្ត​នៅ​អាយុ​៦១,១​ឆ្នាំ ពោល​គឺ​យឺត​ជា​មនុស្ស​ប្រុស​មួយ​ឆ្នាំ (៦០,២ឆ្នាំ) ជាមួយ​នឹង​គម្លាត​​ប្រាក់​ឧបត្ថម្ភទាប​ជាង​បុរស​ដល់​ទៅ​៤២% (ស្រី៨៩១​អឺរ៉ូ​ក្នុង​មួយ​ខែ ទល់​នឹង​ ​១៥៤៣​អឺរ៉ូ​សម្រាប់បុរស)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ