ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

ហេតុអ្វី​បាន​ជា​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់ និង​តួកគី​បាន​ឡើង​តានតឹង​ខ្លាំង​ម៉្លេះ?

ហេតុអ្វី​បាន​ជា​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់ និង​តួកគី​បាន​ឡើង​តានតឹង​ខ្លាំង​ម៉្លេះ?
 
លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន REUTERS/Murad Sezer

សង្រ្គាម​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សម្តី​រវាង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​តួកគី​កំពុង​បន្ត​មាន​យ៉ាង​គគ្រឹកគគ្រេង។ បន្ទាប់​ពី​បាន​ចោទ​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជម្រក​ឲ្យ​ពួក​ភេរវជន​មក លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​ដំឡើង​សម្លេង​មួយ​កម្រិត​ទៀត​ដោយ​ចោទ​អាល្លឺម៉ង់​ពី​បទ​បាន​បន្ត​អនុវត្ត​វិធានការ​តាម​បែប​ពួក​ណាហ្ស៊ី។ ជា​ប្រតិកម្ម​បក​វិញ អាល្លឺម៉ង់​បាន​ចាត់​ទុក​សម្តី​នេះ​ថា​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​មែរកិល​បាន​អំពាវនាវ​តួកគី​ឲ្យ​ទប់កំហឹង និង​រក្សា​ភាព​ស្ងប់ស្ងាត់។

ហេតុអ្វី​បាន​ជា​ទំនាក់ទំនង​រវាង​ប្រទេស​សមាជិក​អង្គការ​អូតង់ និង​ជា​ប្រទេស​ដៃគូ​ទាំង​ពីរ​បាន​ឡើង​តានតឹង​ដល់​ម្លឹង?

ផ្អែមល្ហែម​ក៏​មាន ជូរចត់​ក៏​មាន​ដែរ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់ និង​តួកគី។ តែ​គេ​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សង្រ្គាមពាក្យ​សម្តី​ចោទ​គ្នា និង​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​បាន​កើត​មាន​ជា​ចំហយ៉ាង​ផុសផុល ពិសេស​ពី​ខាង​តួកគី។ បន្ទាប់​ពី​បាន​ចោទ​អាល្លឺម៉ង់​ពី​បទ​បាន​ផ្តល់​ជម្រក​ឲ្យ​ពួក​ភេរវជន​មក បុរស​ខ្លាំង​តួកគី​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​ចង្អុល​ចំ​មុខ​អាល្លឺម៉ង់​ពី​បទ​បន្ត​អនុវត្តន៍​របប​ណាហ្ស៊ី។

« ខ្ញុំ​គិត​ថា អស់​របប​ណាហ្ស៊ី​ហើយ​នៅ​អាល្លឺម៉ង់ តែ​គួរ​ឲ្យ​សោកស្តាយ ការ​អនុវត្ត​របប​មួយ​នេះ​នៅ​បន្ត​មាន » នេះ​ជា​ការ​ថ្លែង​ដោយ​កំហឹង​របស់​លោក​អ៊ែរដូហ្កាន​នៅ​ថ្ងៃ​អាទិត្យ ទី៥ មីនា។
 
ជា​ប្រតិកម្ម​តប​វិញ​ភ្លាមៗ​ដោយ​កំហឹង​នៅ​ថ្ងៃ​ចន្ទ ទី៦ មីនា លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​ចាត់​ទុក​សម្តី​របស់​លោក​អ៊ែរដូហ្កាន​ថា ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ ព្រម​ទាំង​អំពាវនាវ​តួកគី​ឲ្យ​ទប់កំហឹង និង​រក្សា​ភាព​ស្ងប់ស្ងាត់។ សូម​ជម្រាប​ជូន​ថា កំហឹង​របស់​លោក​អ៊ែរដូហ្កាន​ប្រឆាំង​អាល្លឺម៉ង់​បាន​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋអំណាច​អាល្លឺម៉ង់​បាន​សម្រេច​លប់​ចោល​គម្រោង​រៀបចំ​អង្គមេទ្ទិញ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ពី​សំណាក់​រដ្ឋមន្រ្តី​តួកគី​ចំនួន​ពីរ​រូប​ជាមួយ​ពលរដ្ឋ​តួកគី​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ គោលដៅ​នៃ​អង្គមេទ្ទិញ គឺ​និយាយ​បញ្ចុះបញ្ចូល​ពលរដ្ឋ​តួកគី​នៅ​ទីនោះ​ឲ្យ​បោះឆ្នោត​គាំទ្រ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​តួកគី​ដែល​សំដៅ​ពង្រឹង និង​ពង្រីក​អំណាច​លោក​អ៊ែរដូហ្កាន។
 
គួរ​រម្លឹក​ជូន​ថា តួកគី​នឹង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ជាង ១ខែ​ខាង​មុខ និង​ដែល​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា សម្លេង​ប្រឆាំង​កំពុង​លើស​សម្លេង​គាំទ្រ​តិចតួច។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​លោក​អ៊ែរដូហ្កាន​បារម្ភ​ខ្លាំង និង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ឲ្យ​ច្បាប់រដ្ឋធមនុញ្ញ​ថ្មី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​តួកគី។ ចំណែក​ជម្រើស​របស់​លោក​អ៊ែរដូហ្កាន​ក្នុង​ការ​បញ្ជូន​រដ្ឋមន្រ្តី​របស់​ខ្លួន​ឲ្យ​ទៅ​ឃោសនា​ក្នុង​ទឹកដី​អាល្លឺម៉ង​ក៏​មិនមែន​ជា​ជម្រើស​ចៃដន្យ​ដែរ ព្រោះ​មាន​ពលរដ្ឋ​តួកគី​ប្រមាណ​ជា ១លាន ៥សែន​នាក់​កំពុង​រស់នៅ​ទីនោះ និង​ដែល​ភាគច្រើន​ជា​សកម្មជន​គាំទ្រ​លោក​អ៊ែរដូហ្កាន។
 
យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​ថ្មី​មួយ​នេះ​គ្រាន់​តែ​ជា​ការ​យក​ប្រេង​ចាក់​លើ​ពំនូក​ភ្លើង​ដែល​កំពុង​ឆេះ​ស្រាប់​ប៉ុណ្ណោះ ព្រោះ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៊ែរឡាំង និង​អង់ការ៉ា​ធ្លាប់​បាន​បំពុល​ដោយ​រឿង​ពីរ​ទៀត​រួច​ទៅ​ហើយ​នា​ពេល​ថ្មីៗ​កន្លង​មក ទី១ ការ​ដែល​រដ្ឋអំណាច​តួកគី​បាន​ចាប់​អ្នកកាសែត​ជនជាតិអាល្លឺម៉ង់​ដើមកំណើត​តួកគី​ម្នាក់​ញាត់​គុក និង​ទី២ ការ​ដែល​សភា​អាល្លឺម៉ង់​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី។ សំណួរ​ដែល​ចោទ​ពេល​នេះ​គឺ​ថា តើ​អ្នក​ណា​ឈ្នះ និង​អ្នក​ណា​ចាញ់​នៅ​ក្នុង​សង្រ្គាម​ពាក្យ​សម្តី​រវាង​តួកគី និង​អាល្លឺម៉ង់​ពេល​នេះ?
 
បើ​ពិនិត្យមើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា ភាព​តានតឹង​រវាង​អាល្លឺម៉ង់ និង​តួកគី​ជា​រឿងផ្ទៃ​ក្នុង​រវាង​ប្រទេស​ទាំង​ពីរ​សុទ្ធសាធ។ តែ​បើ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា តួកគី​បាន​ក្តៅក្រហាយ​នឹង​សហភាព​អឺរ៉ុប​ដែល​បាន​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​តួកគី ពិសេស​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​អ៊ែរដូហ្កាន​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០១៦។ អឺរ៉ុប​មិន​ញញើត​នឹង​ផ្តន្ទាទោស​លោក​អ៊ែរដូហ្កាន​ពី​បទ​បាន​ប្រើ​កណ្តាប់ដៃ​ដែក​ជម្រះបញ្ជី​លើ​ជន​ណា​ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​រដ្ឋប្រហារ​មិន​បាន​សម្រេច។ ទីក្រុង​អង់ការ៉ា​បាន​ចោទ​ទីក្រុង​ប៊ែរឡាំង​ពី​បទ​បាន​ផ្តល់​ជម្រក​ឲ្យ​ក្រុម​មន្រ្តីស៊ីវិល និង​យោធា​តួកគី​ដែល​ជាប់ចោទ​ក្នុង​រឿង​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​លោក​អ៊ែរដូហ្កាន​មិន​បាន​ជោគជ័យ។
 
ទោះ​ជា​យ៉ាង​នេះ​ក្តី​គេ​សង្កេត​ឃើញ​ជា​រួម​ថា ប្រតិកម្ម​របស់​អាល្លឺម៉ង់​ឆ្លើយ​តប​នឹង​កំហឹង​ឆេវឆាវ​របស់​លោក​អ៊ែរដូហ្កាន​ពេល​នេះ​នៅ​មាន​កម្រិត មាន​ការ​ថ្លឹងថ្លែង និង​មាន​លក្ខណៈ​ផ្លូវទូត។ នេះ​ក៏​ដោយសារ​ថា អាល្លឺម៉ង់​មិន​ចង់​ផ្តាច់​ទំនាក់ទំនង​ដាច់​ផឹង​ជាមួយ​តួកគី ហើយ​ក៏​មិន​ចង់​បញ្ឆេះ​ឲ្យ​មាន​កំហឹង​ពី​សហគមន៍​តួកកី​ក្នុង​ទឹកដី​អាល្លឺម៉ង់​ដែរ។ ម្យ៉ាង​ទៀត​ក្រោម​ភ្នែក ច្រមុះ​របស់​អាល្លឺម៉ង់​ក៏​ដូច​ជា​អឺរ៉ុប តួកគី​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់ និង​ជា​ដៃគូ​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ចំនួន​អ្នក​សុំសិទ្ធិ​ជ្រកកោណ​លើ​ទឹកដី​អឺរ៉ុប៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាល្លឺម៉ង់-តួកគី

    លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ចោទ​អាល្លឺម៉ង់​ពី​បទ​ផ្តល់​ជម្រក​ឲ្យ​​ពួក​ភេរវជន

    ស្វែងយល់បន្ថែម

  • តួកគី-អាល្លឺម៉ង់

    ទំនាក់ទំនង​​តួកគី-អាល្លឺម៉ង់​​ចាប់ផ្តើម​ធូរស្រាល​​​​ ក្រោយ​តួកគីលើកចេញ​បម្រាម​ប្រឆាំង​អាល្លឺម៉ង់

    ស្វែងយល់បន្ថែម

  • អាល្លឺម៉ង់-តួកគី

    តានតឹង​​ជាមួយ​​តួកគី​ ​អាល្លឺម៉ង់​​ចង់​ដក​​យន្តហោះ​​Tornados​ ចេញពី​ទឹកដី​​តួកគី​ ​

    ស្វែងយល់បន្ថែម

  • អាល្លឺម៉ង់-អាមេនី-តួកគី

    អាល្លឺម៉ង់៖​សភា​បាន​បោះឆ្នោត​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ