ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

តើ​បារាំង ​អ៊ីតាលី អាល្លឺម៉ង់ និង​អេស្ប៉ាញ ចង់​បានគំរូ​​អឺរ៉ុប​បែប​ណាសម្រាប់​អនាគត ?

តើ​បារាំង ​អ៊ីតាលី អាល្លឺម៉ង់ និង​អេស្ប៉ាញ ចង់​បានគំរូ​​អឺរ៉ុប​បែប​ណាសម្រាប់​អនាគត ?
 
ពី​ឆ្វេង​ទៅ​ស្តាំ ៖ នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំងនិង​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ក្នុង​​ជំនួប​កំពូល​ចតុភាគី REUTERS/Philippe Wojazer

តើ​ត្រូវ​រៀប​ចំ​សហភាព​អឺរ៉ុបទាំង​២៧​​យ៉ាងណា នៅ​ពេល​គ្មាន​អង់គ្លេស​ ? នេះ​ជា​សំណួរ​ដែល​មេដឹកនាំ​អឺរ៉ុប​កំពុង​ស្វែង​រក​ចម្លើយ​ នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី ៦ មីនា នៅ​ជាយ​ទីក្រុង​ប៉ារីស ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​​ប្រធានាធិបតី​បារាំងលោក ហ្វ្រង់ស័រ ហូឡង់ François Hollande។ ជា​ជំនួបកំពូល​ចតុ​ភាគី រវាង​ប្រធានាធិបតី​បារាំង ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល Angela Merkel ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី លោក បៅឡូ ចិនទីឡូនី Paolo Gentiloni និង​អេស្ប៉ាញ លោក ម៉ារីយាណូ រ៉ាហយ Mariano Rajoy។ មេដឹកនាំ​ប្រទេស​ដែល​ ​ធំនិងមាន​​ប្រជាជន​ច្រើន​ជាងគេ​នៅ​អឺរ៉ុបទាំងបួន ចង់គូស​វាស​​អនាគត​អឺរ៉ុប ក្នុង​សម្មតិកម្ម​ « សហភាព​តែ​​មួយ​ តែ​មាន​ច្រើន​ក្រុម »​។

នៅ​សប្តាហ៍​នេះ ជា​ជំនួប​កំពូល​ចតុ​ភាគី។ តែ​ប្រមុខ​ដឹកនាំ​ទាំង​បួន​នៃ​ក្រុម​ប្រទេស​ធំៗ​ជាង​គេ​បំផុត​របស់​អឺរ៉ុប នឹង​ជួប​ជាមួយ​សមភាគី​ជា​សមាជិក​ទាំង​អស់ នៅ​ថ្ងៃទី ២៥​មីនា​ខាង​មុខ ចាប់​ពី​ថ្ងៃព្រហស្បតិ៍​នេះ​ទៅ ដែល​ជា​ដំណាក់​កាល​ថ្មី​មួយ​ទៀតនៃ​នៃ​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​អឺរ៉ុប មុន​នឹង​ឈាន​ដល់​ជំនួប​កំពូល​​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ២៥​មីនា។ ​ ថ្ងៃ​ប្រារព្វ​ខួប​ទី​៦០​ឆ្នាំ​នៃ​ការ​បង្កើត​សន្ធិសញ្ញា​ក្រុង​រ៉ូម (​អឺរ៉ុប)។

ជំនួប​ចតុភាគី​ ក្រៅ​ផ្លូវ​ការ​នេះ​ ត្រូវ​បាន​គេ​រៀប​ចំឡើង​ ដើម្បី​បង្ហាញ​ជា​មុន នូវ​គំរូ​អឺរ៉ុប​មួយ​ដែល​៦០​ឆ្នាំ​ក្រោយ នឹង​អាច​​មាន​ដំណើរ​ទៅ​មុខ និង​អាច​សម្រេច​ទ្រទ្រង់​សហភាពបាន ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ព្រមព្រៀង និង​ចូល​រួម​សហការរួម​គ្នា​ពី​សមាជិក​ទាំង​២៧ឡើយ។

ប្រធានាធិបតី​បារាំង ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប បាន​ឈរទន្ទឹម​គ្នា​បួន​នាក់ បួង​សួង​​តាម​រយៈ​សុន្ទរកថា​ម្តងម្នាក់ៗ បញ្ជាក់​ថា​​សហភាពអឺរ៉ុប​ មាន​ច្រើន​ទស្សនៈ និង​អាច​សហការ​ជា​ក្រុម​តូចៗ ដើម្បី​ដំណើរ​ទៅ​មុខ។
 
“មិន​ចាំបាច់​ដូច​គ្នា​បាន​រួម​គ្នា​បាន​ឡើយ” នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​បារាំង​ដែល​បាន​ថ្លែង​មុន​គេ ដោយ​សង្គត់​ធ្ងន់​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​​អាច​មិន​ដូច​គ្នា​ ធ្វើ​តែ​ជាមួយ​ប្រទេស​នេះ ហើយ​អត់​ប្រទេស​នោះ តែការ​ធ្វើ​បែប​នេះ​គឺ​​ដើម្បី​ឱ្យប្រទេស​មួយ​ចំនួន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ បានលឿន បាន​ឆ្ងាយ​និង​ស៊ីជម្រៅ ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ដោយ​គ្មាន​គំនិត​ច្រាន​សមាជិក​ដទៃ​ចេញ ហើយ​គ្មាន​ប្រទេស​ផ្សេង​ទៀត​អាច​​​​ជំទាស់បាន។ តែ​ក្នុងបរិបទ​ដែល​អាមេរិក​របស់​លោក​ត្រាំ បង្ហាញ​ភាព​សង្ស័យ​លើ​អឺរ៉ុប និង​អូតង់ និង​ការ​គំរាម​កំហែង​ពី​រុស្ស៊ី សហភាព​អឺរ៉ុប​ចាំបាច់និង​មាន​ភាព​បន្ទាន់​​ត្រូវ​តែ​ដោះស្រាយ​​វិស័យ​ការពារ​ជាតិ ជា​ក្រុម​តូចៗ​។
 
គ្រប់​ឃ្លា​ឃ្លោង​​សុទ្ធ​តែមាន​កា​រសំយោគ​គ្នា ប៉ុន្តែ​​ គ្មាន​ទេ សេចក្តី​ថ្លែងការណ៍​រួម ! ព្រោះ​មេ​ដឹកនាំ​អឺរ៉ុប​ទាំង​បួន ចង់​បញ្ចៀស​ឱ្យ​បាន​គំនិត​ម៉ៃ​ថា ពួក​គាត់​ចង់​ធ្វើ​ជា​មេចាត់​ចែង​អឺរ៉ុប សម្រេច​អ្វី​មួយ​ហើយ​ចាំ​ឱ្យ​សមាជិក​២៤ទៀត ធ្វើ​តាម។ ក្រៅ​អំពី​ភាព​ខុស​គ្នា​នៃ​ស្ទីល និង​របៀប​បញ្ចេញ​យោបល់ ​​ខ្លឹមសារ​ណែនាំ​ក៏​ផ្តោត​ទៅលើ​ប្រធានបទ​ខុស​គ្នាៗ​ដែរ។
 
“នឹង​មានអឺរ៉ុប​ជា​ក្រុមផ្សេងៗ​គ្នា ! ​មិន​ប្រាកដ​ថា​មាន​សមាជិក​ទាំង​អស់​អាច​​ចូល​រួម​ គ្រប់​លើក​ និង​គ្រប់​ដំណាក់កាលទេ !” នេះ​បើ​តាម​សំដី​លោកស្រី​ប្រមុខ​រដ្ឋាភិបាល អាល្លឹម៉ង់ ដោយ​លម្អិត​ថា​ “ទ្វារ​នៅ​តែ​ចំហ​ចាំ​ទទួល​សមាជិក​ណា​ដែល​ចង់​ចូល​តាម​ក្រោយ។ អឺរ៉ុប​ត្រូវ​តែ​រក្សា​ភាព​ចម្រុះ​របស់​ខ្លួន !”។
 
ចំណែកលោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​នៃ​ការ​រក្សា​អឺរ៉ុប​បែប​សង្គមនិយម ដែល​​គិតគូរ​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច តាម​រយៈ​ការ​វិនិយោគធំៗ។ អឺរ៉ុប​ត្រូវការ​បន្ស៊ី​គ្នា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​និង​ស៊ីជម្រៅ​ ក្នុង​នយោបាយ​រូបិយបណ្ណ និងពន្ធដារ។ នេះ​ជា​ទស្សនៈ​របស់​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ។​
 
ប្រទេស​ធំ​ទាំង​បួន​នេះ មាន​គំនិត​ស្រប​គ្នា​លើ​សេណារីយោ​អឺរ៉ុប​មាន​ច្រើន​បក្ស​ពួក។ នេះ​ជា​សម្មតិកម្ម​មួយ​ក្នុង​ចំណោម​សម្មតិកម្ម​ទាំង​៥ ដែល​នឹង​ត្រូវ​លើក​ទៅ​បង្ហាញ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ ដែល​ហាក់​ដូច​ជា​ព្រម​ព្រៀង​តាម​ដែរ​ទៅ​ហើយ។ ពេល​នេះប្រមុខ​ដឹកនាំ​ ​ទាំ​ងបួន ចង់​ប្រែក្លាយ​ជំនួប​កំពូល​​ចតុភាគី​ ​ជា​និម្មិត្តរូប​​នៃការ​សន្យា​ផ្តល់​សន្ទុះ​ថ្មី​ដល់​អឺរ៉ុប។ ប៉ុន្តែ​ មាន​ប្រទេស​សមាជិក​ជា​ច្រើន​ទៀត មិន​ស្រប​តាមគំនិត​របស់​​ក្បាល​ម៉ាស៊ីន​អឺរ៉ុបបួន​​នេះទេ។ ដូច្នេះ​វា​អាច​នឹង​មាន​ភាព​ប្រេះ​ឆា​គ្នា​រវាង​អឺរ៉ុប​ប៉ែក​ខាង​លិច និង​ខាង​កើត។ ហើយ​ម្យ៉ាង​ទៀត ក្នុង​កាលៈទេសៈ​​បច្ចុប្បន្ន​ហាក់​ដូច​ជា​ពុំ​សូវ​មាន​អំណោយ​ទាន​ទេ ! តាមការពិត​ទៅ​ បុរស​រដ្ឋ​ទាំង​បួន​នេះ សុទ្ធ​តែ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នយោបាយ​​ផុយ​ស្រួយ​ទាំង​អស់​គ្នា ៖
 
លោក​ហ្វ្រង់ស័រ​ ហូឡង់ ជា​ប្រធានាធិបតី​ផុត​អាណត្តិ នឹង​ត្រូវ​ដើរ​ចេញ​ពី​តំណែង​នៅ​រវាង​ពីរ​ខែ​ទៀត។​ លោកស្រី មែរកិល របស់​អាល្លឺម៉ង់ ក៏​មិន​ប្រាកដ​ថា​នឹង​ជាប់​ឆ្នោត​ជា​ថ្មី នៅ​ខែ​កញ្ញា​ខាង​មុខ​។ ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ក៏​មិន​គ្រាន់​បើ ! លោកកំពុង​ប្រឈម​នឹង​ហានិភ័យ​តោង​អំណាចមិន​ជាប់​​ដល់​ផុត​អាណត្តិ​នៅ​ខែ​កុម្ភៈ​២០១៨។ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ អ្នក​ស្តាំ​និយមរូប​នេះ​​អាច​ដឹកនាំ​ប្រទេសបាន​​ដោយ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា ក៏​ព្រោះ​តែ​មាន​ជំនួយខាង​ក្រៅ គឺ​​ពីបក្ស​សង្គម​និយម៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ