ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT

ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន​ឡើង​ដល់​ តុលាការ​យុត្តិធម៏​អន្តរជាតិ​ នៅ​ក្រុង​ La Haye​

ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន​ឡើង​ដល់​ តុលាការ​យុត្តិធម៏​អន្តរជាតិ​ នៅ​ក្រុង​ La Haye​
 
តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ ក្រុង​ La Haye ប្រទេស​ហូឡង់ Vincent van Zeijst/Wikimedia Commons

ជា​លើក​ទី​១ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​តុលាការអន្តរជាតិ​របស់​អ.ស.ប. បង្ខំ​ចិត្ត​ពិនិត្យ​មើល​សំណុំរឿង​ចោទ​ប្រកាន់​ដោយ​រដ្ឋ​មួយ គឺ​រដ្ឋអ៊ុយក្រែន​ទល់​នឹង​រដ្ឋ​មួយ​ទៀត​គឺ​រុស្ស៊ី​ថា​គាំទ្រ​ដល់​ពួក​ផ្តាច់​ទឹកដី​រុស្ស៊ី​និយម​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ដែល​ត្រូវ​ក្រុង​គៀវ ចាត់​ទុក​ជា​ពួក​ភេរវជន​និង​អនុវត្ត​នយោបាយ​រើសអើង​ចំពោះ​បណ្តាជន​អ៊ុយក្រែន​រស់​នៅ​ទៀបកោះ​គ្រីមេ​ទៀបកោះ ដែល​អ៊ុយក្រែន​បន្ត​ចាត់ទុក​ជា​ដែនដី​ខ្លួន​ប៉ុន្តែ​កាន់កាប់​ដោយ​រុស្ស៊ី។

អង្គសវនាការ ដែល​បាន​ចាប់​ផ្តើម​តាំង​ពីដើម​សប្តាហ៏​នេះ អាច​ពន្យារ​ទៅ​ជា​ច្រើន​ខែ។

 

ចំណុច​មួយ​ដែល​សម្គាល់​អង្គសវនាការ​នៃ​តុលាការ​នេះ គឺ​មាន​ការចូលរួម​ផ្ទាល់​របស់​រុស្ស៊ី​ដែល​តាម​ធម្មតា​តែង​បាន​ធ្វើ​ហី​ចំពោះ​តុលាការ​លើកមុនៗ​ជា​ច្រើន​ទាក់ទង​នឹង​ខ្លួន។

គឺ​ថ្ងៃ​៦​មិនា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ បាន​ចាប់​ផ្តើម​ស្តាប់​ពាក្យ​បណ្តឹង​អ៊ុយក្រែន​មាន ៤៥​ទំព័រ​ដែល​ទម្លាក់​នាទី​ទទួល​ខុសត្រូវ​លើ​រុស្ស៊ី​ចំពោះ​ការ​គាំទ្រ​ដល់​អំពើ​ភេរវនិយម​និង​ចំពោះ​ការ​រើសអើង​ដែល​ប្រឆាំង​នឹង​រដ្ឋអ៊ុយក្រែន។
 
ពិតជា​តាម​ទិសដៅ​នេះ​ដែល​ចៅក្រម​ប្រធាន​តុលាការ​បាន​បើក​អង្គជំនុំ​ស្តាប់​សំណុំរឿង​ដែល​ចោទ​រុស្ស៊ី​ថា​មិន​គោរព​តាម​អនុសញ្ញា​អន្តរជាតិ​ស្តីអំពី​ការ​ប្រយុទ្ធ​ទល់​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​​​ដល់​ពួក​ភេរវជន​និង​អនុសញ្ញា​អន្តរជាតិ ស្តីអំពី​ការកំទេច​រាល់តែ​ការរើសអើង​គ្រប់​សណ្ឋាន​ទាំង​អស់។
 
បាន​ឡើង​ថ្លែង​ក្នុង​អង្គ​ជំនុំ​នេះ​មុន​គេ​គឺ លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស Elena Zerkal ដែល តំណាង​ឲ្យ​ភាគី​អ៊ុយក្រែន។ គាត់​លើក​ឡើង​ជាអាទិ៍៖
-សហព័ន្ធរុស្ស៊ី បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ បាន​ប្រើ​សិទ្ធិមនុស្ស​ទាំង​រំលោភ ដោយ​ផ្តល់ជំនួយ​ដល់​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​នៅ​លើ​ដែន​អ៊ុយក្រែន​និង​នៅ​ទៀបកោះ​គ្រីមេ ដែលកាន់​កាប់​ដោយ​ម៉ូស្គូ។ អ៊ុយក្រែន ប៉ះទង្គិច​នឹង​សកម្មភាព​បែប​នេះ ពី​ខាង​រុស្ស៊ី អស់​៣​ឆ្នាំហើយ។ ចំណែក​រុស្ស៊ី​តែង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​សកម្មភាព​ខ្លួន​បែប​នេះ ម៉្លោះហើយ​បាន​ជា​អ៊ុយក្រែន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ​របស់​អ.ស.ប.។
 
-សម្រាប់​ក្រុងគៀវ គ្មានអ្វី​គួរ​ឲ្យ​មន្ទិល​ឡើយ តើ របស់​ដែល​ហៅថា សាធារណរដ្ឋ​ស្វ័យ​ប្រកាស​ ដូណេត និង លូហ្កាន់ បាន​អាវុធ​ពី​ណា​មក។ អ៊ុយក្រែន ដែល​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅនៃ​ជម្លោះ​បាត់បង់​ពលរដ្ឋ​ខ្លួន អស់​ជាង​១០.០០០​នាក់​ទៅ​ហើយ សុំ​តុលាការអន្តរជាតិ​របស់​អសប ឲ្យ​ចាត់ វិធានការ​បណ្តោះអាសន្ន​ជា​បន្ទាន់ ដើម្បី​កុំ​បណ្តោយ​ឲ្យ​ជម្លោះ​លង់​កាន់តែជ្រៅ​ទៅៗ​និង​កាន់​តែ​រាលដាល។
 
លុះថ្ងៃ​បន្ទាប់​មក​ថ្ងៃ​៧​មីនា គឺ​ដល់​វេន​ភាគី​រុស្ស៊ី ឡើង​លាតត្រដាង​គោលជំហរ​ខ្លួន​ទាំងច្រាន​ចោល​ការ​ចោទប្រកាន់​របស់​អ៊ុយក្រែន​ដែល​ថា​រុស្ស៊ី​គាំទ្រ​ស្អីណា​ដល់​ភេរវនិយម​និងផ្តល់​អាវុធ​ស្អីណា​ដល់​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ តាម​សំដី​នាយក​ដេប៉ារតឺម៉ង់​ខាងប្រឈម​នឹង​ការ​គម្រាម​ថ្មីៗ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​លោក ILya Rogachev ៖
-មូលហេតុពិត នៃ​ជម្លោះ​យោធា​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន មិនមែនមក​ពី​សកម្មភាព​ម៉ូស្គូ​ទេ​តែ​គឺ​មក​ពី ”រដ្ឋប្រហារ” នៅ​ក្រុងគៀវ​ឆ្នាំ​២០១៤។
 
ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន ជា​សោកនាដកម្ម​ដែល​នាំ​ឲ្យ​មាន​អ្នក​ធ្លាក់​ខ្លួន​ស្លាប់​យ៉ាង​ច្រើន។ -ពាក្យ​បណ្តឹង​អ៊ុយក្រន​តាំង​គោលដៅ​បំភាន់​តុលាការ​អន្តរជាតិ​របស់​អសប ឲ្យ​យល់​ខុស អំពី​មូលហេតុ​ពិតប្រាកដ។ មូលហេតុ​ពិតប្រាកដ​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ជម្លោះ​ប្រដាប់​អាវុធ​ចាប់​ផ្តើម​ដោយ​អាជ្ញាធរ​អ៊ុយក្រែន​ប្រឆាំង​បណ្តាជន​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន​ដែលខិតខំ​ការពារ​ខ្លួន​ទល់​នឹង​ពួក​ដែល​បាន​ប្លន់​យកអំណាច​តាម​រយៈ” បដិវត្តន៍ពណ៌”ឆ្នាំ​២០១៤​នោះ។
លោក ILya Rogachev ក្នុង​បទ​អន្តរាគមន៍​ខ្លួន​សង្កត់​ធ្ងន់​ថា “ គ្មាន​ស្ថាប័ន​រដ្ឋណា​មួយឬ​អង្គការ​ណាមួយ​បកស្រាយ​ស្ថានការណ៍​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ថា​ជា​ភេររវនិយម​សោះ​ឡើយ។ បែប​ដូច្នេះ ភេរវនិយម គ្រាន់តែ​ជា​របាំង​សម្រាប់​អាជ្ញាធរ​អ៊ុយក្រែន​បង្ក្រាប​រលកតវ៉ា​ស៊ីវិល។
 
ទាក់ទង​នឹង​ពាក្យ​ចោទ​របស់​ក្រុង​គៀវ ដែល​ថា​ម៉ូស្គូ ផ្តល់​អាវុធ​ទៅ​តំបន់​ខាង​កើត​អ៊ុយក្រែន នោះ តំណាង​រុស្ស៊ី រៀបរាប់​ថា ប្រភព​បឋម​ទី​១ នៃ​អាវុធ​សម្រាប់​ពួក​យោធា​តំបន់​ខាង​កើត​នោះ គឺ​ឃ្លាំង​អាវុធ​ដែល​បន្សល់ទុក​នៅ​អ៊ុយក្រែន ក្រោយពី​សហភាពសូវៀត​រលំ​ទៅ​ក្នុង​ឆ្នាំ១៩៩១ ដែល​មួយ​ភាគ​ធំ​នៃ​អាវុធ​នេះ គឺ​លាក់​ទុក​ក្នុង​អណ្តូង​រ៉ែ​ចាស់ៗ នៃ​តំបន់​ខាង​កើត​នោះ ម៉្លោះហើយ​បាន​ជា​វា​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​ឧទ្ទាម​នៅ​ទីនោះ​តែម្តង។ ប្រភព​មួយ​ទៀត គឺគេ​ដណ្តើម​បាន​ពី​កងទ័ព​អ៊ុយក្រែន​ផ្ទាល់។
 
 ចំណែក​តំណាង​រុស្ស៊ី​ម្នាក់​ទៀត គឺ​លោក Roman Kolodkin ជា​នាយក​ដេប៉ារតឺម៉ង់ ច្បាប់​នៃ​ក្រសួង​ការបរទេស​ដោយ​បញ្ចេញយោបល់​អំពី​សំណូមពរ​អ៊ុយក្រែន​សុំ​ឲ្យ​តុលាការ​អន្តរជាតិ​ចាត់​វិធានការ​បណ្តោះអាសន្ន​ជាបន្ទាន់​កត់​សម្គាល់​ថា ម៉ូស្គូ មិន​ឃើញ​មាន​មូលដ្ឋាននីតិន័យ​ឬ​មូលដ្ឋាន​ព្រឹត្តន័យ​អ្វី​ណា​សម្រាប់​ចំណាត់ការ​បែប​នេះ​ឡើយ។
 
សាលក្រម​ដែល​នឹង​ចេញ​ដោយ​តុលាការ​អន្តរជាតិ​របស់​អសប ជុំវិញ​ពាក្យ​បណ្តឹង​អ៊ុយក្រែន គឺ​អាស្រ័យ​នឹង​សេចក្តី​សន្និដ្ឋាន​ទាញ​យក​ដោយ​ចៅក្រម​ចំនួន​១៥​រូប​នៃ​តុលាការ​នេះ ដែល​ផ្សំ​ឡើង​តាម​គោលការណ៍​ដូច​ត​ទៅ ៖ ៣ នាក់​តំណាង​ឲ្យ​ទ្វីប​អាហ្វ្រិក , ២​នាក់​តំណាង​ឲ្យ​ទ្វីប​អាមេរិក​ឡាទីន , ៣ នាក់​តំណាង​ឲ្យ​ទ្វីប​អាស៊ី , ៥​នាក់​តំណាង​ឲ្យ​អឺរ៉ុប​ខាង​លិច​និង​ប្រទេស​ដែល​រួម​ក្តោប​សរអា កាណាដា អូស្ត្រាលី នូវ៉ែលហ្សេឡង់​និង ២ នាក់​ទៀត​តំណាង​ឲ្យ​អឺរ៉ុប​ខាង​កើត៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ