អានតួអត្ថបទ
អ.ស.ប-តួកគី

អង្គការសហប្រជាជាតិ​ចោទ​តួកគី​ពី​បទរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងន់​នៅ​ក្នុង​តំបន់​គួដឌីស្ថាន

នៅ​ថ្ងៃ​សុក្រ ទី១០ មីនា ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​សកម្មភាព​របស់​រដ្ឋាភិបាល​តួកគី​នៅ​ក្នុង​តំបន់​កាន់កាប់​ដោយ​គណបក្ស​ពលករ​គួដឌីស្ថាន PKK។ របាយការណ៍​បាន​បរិហារ​ចាស់ដៃ​លើ​ទង្វើ​ឃាតកម្ម ទារុណកម្ម ការ​បាត់ខ្លួន​ដោយ​បង្ខំ និង​ទង្វើ​បំផ្លិចបំផ្លាញ​ក្រោម​ទ្រង់ទ្រាយ​ធំ​រៀបចំ​ដោយ​កម្លាំងទ័ព​តួកគី​ទៅ​លើ​ក្រុមសមាជិក និង​ក្រុមសកម្មជន​របស់ PKK ចន្លោះ​ខែ​កក្កដា ឆ្នាំ ២០១៥ និង​ខែ​ធ្នូ ឆ្នាំ ២០១៦ នៅ​ប៉ែកអាគ្នេយ៍។ នៅ​ក្នុង​ន័យ​នេះ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ជា​បន្ទាន់។

លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ
លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​មួយ​នេះ​បាន​ធ្វើ​ឡើង ដោយ​ផ្អែក​លើ​រូបភាព​ទទួល​បាន​ពី​ផ្កាយរណប បទសម្ភាសន៍​ជាមួយ​ជនរងគ្រោះ ឬ​ក្រុម​គ្រួសារ​របស់​គេ និង​សាក្សី​មួយ​ចំនួន​ទៀត រួម​ទាំង​ព័ត៌មាន​ជា​ច្រើន​ផ្តល់​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ការ​ធ្វើ​របាយការណ៍​ដោយ​សំអាង​លើ​ទិន្នន័យ​ទាំង​អស់​នេះ​ក៏​ដោយសារ​តែ​រដ្ឋអំណាច​តួកគី​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ចូល​ទៅ​ធ្វើ​ការងារ​ផ្ទាល់​នៅ​នឹង​កន្លែង​ទេ។

លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តួកគី​ហាម​មិន​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចូល​ក្នុង​ទឹកដី​តួកគី ព្រម​ទាំង​បដិសេធ​លើ​ការ​ចោទប្រកាន់​នៅ​ក្នុង​របាយការណ៍​ទៀត​ផង។ តាម​លោក Al Hussein ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន និង​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ នៅ​ក្នុង​របាយការណ៍​នោះ ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​បាន​សម្តែង​ក្តីបារម្ភ និង​ទាញ​សញ្ញា​អាសន្ន​ពី​ការ​ដែល​កម្លាំងទ័ព​តួកគី​បាន​ប្រើ​គ្រឿងសព្វាវុធ​ធុនធ្ងន់​ដើម្បី​កម្ទេចលំនៅដ្ឋាន​របស់​ក្រុម​សកម្មជន​នៃ​គណបក្ស​ពលករ​គួដឌីស្ថាន​នៅ​ប៉ែកអាគ្នេយ៍​ប្រទេស។

ចន្លោះ​ខែ​កក្កដា ឆ្នាំ ២០១៥ និង​ដំណាច់​ឆ្នាំ ២០១៦ កម្លាំងទ័ព​តួកគី​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​តំបន់ PKK ដោយ​បំផ្លាញ​ផ្ទះសម្បែង​រាប់សិបខ្នង និង​កម្ទេចបំបាត់​ភូមិ ស្រុក​ទាំងមូល​ដោយ​ជំរុញ​ឲ្យ​មាន​ជនភៀសខ្លួន​ពី ៣០០ ០០០ ទៅ ៥០០ ០០០នាក់។ តាម​របាយការណ៍​ដដែល មាន​មនុស្ស ២ ០០០នាក់ ក្នុង​នោះ​មាន ៨០០នាក់​ជា​កម្លាំង​សន្តិសុខ និង​ជនស៊ីវិល​ចំនួន ១ ២០០នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ក្នុង​ចំណោម​ជនស៊ីវិល​ស្លាប់ មាន​ភាគ​ច្រើន​បាន​រួម​ចំណែក​នៅ​ក្នុង​សកម្មភាព​អហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​តួកគី​បាន​បដិសេធ​​ចោល​ទាំង​ស្រុង​លើ​របាយការណ៍​នោះ​ដោយ​អះអាង​ថា កម្លាំងទ័ព និង​ប៉ូលិស​របស់​ខ្លួន​មិន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​រំលោភសិទ្ធិមនុស្ស​ទេ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រសួង​ការបរទេស​តួកគី​បាន​ចាត់​ទុក​របាយការណ៍​របស់​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា ជា​របាយការណ៍​ដែល​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ