ហេតុអ្វីបារាំងព្រមទទួលនិងឱ្យតំណាងតួកគីធ្វើមិទ្ទិញ លើទឹកដី ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៣
ភាពតានតឹងរវាងតួកគីនិងប្រទេសហូឡង់ មិនបានធូរស្រាលទេ ! ក្រោយពីការព្រមានរបស់ក្រុងអង់ការ៉ា ថានឹងសងសឹកចំពោះទង្វើរបស់ក្រុងឡាអេមក នៅថ្ងៃនេះ អាជ្ញាធរហូឡង់ បានប្រកាសណែនាំពលរដ្ឋ ដែលធ្វើដំណើរទៅតួកគី ចេះប្រុងប្រយ័ត្ន។ ប៉ុន្តែជម្លោះការទូត រវាងតួកគី ជាមួយអាល្លឺម៉ង់និងប្រទេសហូឡង់ បាននិងកំពុងក្លាយជារឿងអាស្រូវ នៅប្រទេសបារាំង។ រដ្ឋាភិបាលបារាំងបានក្លាយជាផ្ទាំងស៊ីបនេះការវាយប្រហារនិងរិះគន់ពីគ្រប់មជ្ឈដ្ឋាននយោបាយ ជាពិសេសពីសំណាក់បេក្ខជនប្រធានាធិបតី។
បើទោះបីជាលោកចង់ឱ្យបន្ធូរបន្ថយសម្ពាធយ៉ាងណាក៏ដោយ ក៏គ្មានទេការសុំទោស ! នាយករដ្ឋមន្ត្រីប្រទេសហូឡង់ បានបដិសេធ ព្រោះលោកយល់ថាតួកគីបានប្រើពាក្យអសុរសមុន និងត្រូវជាអ្នកធ្វើការសុំទោស !
អាជ្ញាធរតួកគីក៏បដិសេធមិនព្រមដោះស្រាយសម្ពាធ ដោយគិតថាមិនទាន់បានសងសឹកក្រុងឡាអេ ដែលជាប្រទេសផាស៊ីស ! និងបន្តធ្វើព្យុះភ្លៀងដាក់ប្រទេសហូឡង់ទៀត នៅថ្ងៃនេះ ដោយបានសរសេរលិខិត ប្តឹងជាផ្លូវការ ប្រឆាំងនឹងអន្តរាគមន៍របស់ប៉ូលិសហូឡង់ លើបាតុករ នៅក្រុងរ៉ូទែរដាំ។ ការប្រើឆ្កែ និងកាណុងបាញ់ទឹកបំបែកហ្វូងមនុស្ស ជាអន្តរាគមន៍ហួសហេតុ មិនសមហេតុផល ដែលត្រូវទទួលទណ្ឌកម្ម។
ដើម្បីជាកិច្ចការពារ ស្ថានទូតប្រទេសហូឡង់ ប្រចាំក្រុងអង់ការ៉ា និងស្ថានកុងស៊ុល ប្រចាំក្រុងអ៊ីស្តង់ប៊ូល ត្រូវបិទ។ រដ្ឋាភិបាលក្រុងឡាអេ បានប្រកាសណែនាំឱ្យពលរដ្ឋហូឡង់ ប្រុងប្រយ័ត្នពេលធ្វើដំណើរទៅតួកគី និងចៀសវាង ទីប្រជុំប្រមូលផ្តុំ។
តួកគីអរគុណ បារាំង តែរដ្ឋាភិបាលនៃរងការរិះគន់ពីគ្រប់មជ្ឈដ្ឋាន
បារាំងបានទទួលការអរគុណពីតួកគី ដែលបានអនុញ្ញាតឱ្យមានការរៀបចំមិទ្ទិញ នៅក្រុងMetz ល្ងាចមិញ តែបារាំងត្រូវរងការរិះគន់ យ៉ាងខ្លាំង ជាពិសេសសំណាក់បេក្ខជនមកពីបក្សប្រឆាំង។ ការរិះគន់មានខ្លាំង គឺក្នុងអត្ថន័យតែមួយថាបារាំងធ្វើផ្ទុយពីបណ្តាប្រទេសផ្សេងទៀតជាសមាជិកសហភាពអឺរ៉ុបដូចគ្នា។ ខ្ញុំសូមរំលឹកត្រង់ណេះបន្តិចថា ក្រៅអំពីប្រទេសហូឡង់ នៅមានប្រទេសផ្សេងទៀត ដូចជាអាល្លឺម៉ង់ ស្វ៊ីស អូទ្រីស ជាប់របងបារាំង រហូតដល់ស៊ុយអែត សុទ្ធនបានហាមឃាត់ មិនឱ្យតួកគីធ្វើមិទ្ទិញប្រមូលផ្តុំឃោសនានយោបាយ លើទឹកដីរបស់ពួកគេឡើយ។ ដាណឺម៉ាក បានស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសតួកគីលើកពេលមកដាណឺម៉ាកសិន។
សម្រាប់លោកហ្វ្រង់ស័រហ្វីយ៉ុង បេក្ខជនបក្សសាធារណរដ្ឋ ដែលជាបក្សស្តាំនិយម ប្រធានាធិបតីបារាំង កំពុងផ្តាច់ចំណងសាមគ្គីភាពជាមួយអឺរ៉ុប។ មានន័យថាបារាំងគួរតែរក្សាជំហររួមតែមួយ ហាមឃាត់មិនឱ្យមានការប្រមូលផ្តុំ ដូចអ្វីដែលអាល្លឺម៉ង់ និងប្រទេសហូឡង់ ប្រទេសជិតខាងក្នុងអឺរ៉ុបតែមួយ ទើបត្រឹមត្រូវ។ ស្វ៊ីស អូទ្រីសក៏ហាមឃាត់។ ដាណឺម៉ាក បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសតួកគី លើកពេលមកបំពេញទស្សនកិច្ចនៅដាណឺម៉ាក គ្រោងធ្វើនៅចុងខែ។
បេក្ខជន Emmanuel Macron ដែលកំពុងមានប្រជាប្រិយភាពឡើងខ្លាំងជាងគេ ក៏យល់ដូចគ្នាថាអឺរ៉ុបទាំងមូល ត្រូវហាមជាត់មិទ្ទិញតួកគីនោះដែរ។ លោកស្រីម៉ារីន ឡឺប៉ែន ដែលបេក្ខនារីប្រធានាធិបតីបក្សស្តាំនិយមជ្រុល យល់ថា ហេតុអ្វីត្រូវអនុគ្រោះឱ្យមានការប្រើឃ្លាឃ្លោងដែលគ្មានលក្ខណៈប្រជាធិបតេយ្យលើទឹកដីបារាំង។ សូម្បីតែបក្សបរិស្ថានអឺរ៉ុប ក៏បានរិះគន់រដ្ឋាភិបាលបារាំងដែរ ដោយចោទថាទង្វើរបស់បារាំង ប្រៀបដូចជាបានផ្សំគំនិតជាមួយតួកគីដែលបច្ចុប្បន្នកំពុងលុងខ្លួនក្នុងនយោបាយផ្តាច់ការ។
តួកគីមកឃោសនានៅអឺរ៉ុប ជាការខុសច្បាប់ឬយ៉ាងណា ?
គេមិនបានដឹងច្បាស់លាស់ថាតើក្នុងបរិបទអ្វីដែលមានការចរចាសុំរៀបចំធ្វើមិទ្ទិញទេ។ ប៉ុន្តែ ការប្រមូលផ្តុំឃោសនា ឬបាតុកម្មបែបនេះ មិនមែនជាការខុសច្បាប់អ្វីឡើយ ហើយក៏មិនមែនជាការកម្រដែរ។ គេធ្លាប់ឃើញមានការប្រមូលផ្តុំជាច្រើន បានរៀបចំឡើង ដោយរដ្ឋាភិបាលតួកគី ឬដោយសហគមន៍តួកគី នៅក្នុងទឹកដីបារាំង និងប្រទេសផ្សេងទៀត។ កាលពីមុនបោះឆ្នោតសភា ឆ្នាំ២០១៥ ប្រធានាធិបតីតួកគី លោក អែរដូហ្កានផ្ទាល់ បានអញ្ជើញមកធ្វើការឃោសនាដល់ក្រុងអឺរ៉ុប ក្រុងស្ត្រាស្បួរប្រទេសបារាំង។ កាលណោះ គេគ្មានឮពាក្យរិះគន់ ចចេកចចូចអ្វីសោះ។
ប៉ុន្តែ បរិបទនៅពេលនេះ ខុសពីពេលមុន សម្រាប់ក្រសៃភ្នែកអឺរ៉ុប ! ពីមុនមកអឺរ៉ុបតែងបានធ្មេញភ្នែកចំពោះសកម្មភាពឆ្គាំឆ្គងរបស់រដ្ឋាភិបាលតួកគី តែពេលនេះនៅចំពោះមុខរដ្ឋាភិបាលដែលប្រើអំណាចកាន់តែផ្តាច់ការឡើងៗ និងចំពោះទង្វើយកអឺរ៉ុបជាចំណាប់ខ្មាំង ក្នុងវិបត្តិអន្តោប្រវេសន៍ អឺរ៉ុបទំនងជាចង់ចាប់ផ្តើមថ្កោលទោសតួកគីផងក៏ថាបាន។
នារយៈពេលចុងក្រោយនេះ ដើម្បីអាចតោងអំណាចជាប់ និងដោយមើលឃើញបរាជ័យក្នុងប្រជាមតិ លោក អែរដូហ្កាន បានដំឡើងសំឡេងខ្លាំងណាស់ ដោយប្រើពាក្យឃោរឃៅខ្លាំងទៀត ដាក់អឺរ៉ុបណាស់ ព្រោះសង្ឃឹមអាចទាក់ទាញសំឡេងពីពលរដ្ឋដែលខកចិត្ត នៅពេលឃើញតួកគីមិនអាចដាក់ពាក្យចូលជាសមាជិកអឺរ៉ុបបាន។ បើតាមការស្ទង់មតិ អ្នកប្រឆាំងនឹងប្រជាមតិ ត្រូវឈ្នះ ហេតុដូច្នេះហើយបានតួកគីរបស់អែរដូហ្កាន ប្រឹងប្រឌិតរកសត្រូវ មើលឃើញអឺរ៉ុបជាការគំរាមកំហែងជាប់ជានិច្ច ដើម្បីបានចំណេញឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ