អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បារាំង​ព្រមទទួល​និង​ឱ្យ​តំណាង​តួកគី​ធ្វើ​មិទ្ទិញ​ លើ​ទឹក​ដី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តាន​តឹង​រវាងតួកគី​និង​ប្រទេស​ហូឡង់ មិន​បាន​ធូរស្រាល​ទេ ! ក្រោយ​ពីការ​ព្រមាន​របស់​ក្រុង​អង់ការ៉ា ថា​នឹង​សង​សឹកចំពោះ​ទង្វើ​របស់​ក្រុង​ឡាអេ​មក​ នៅ​ថ្ងៃ​នេះ អាជ្ញាធរហូឡង់ បាន​ប្រកាស​ណែនាំ​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ទៅ​​តួកគី​ ចេះ​ប្រុង​ប្រយ័ត្ន​។ ប៉ុន្តែ​ជម្លោះ​ការ​ទូត រវាង​តួកគី ជាមួយ​អាល្លឺម៉ង់​និង​ប្រទេស​ហូឡង់ បាន​និង​កំពុង​ក្លាយ​ជា​រឿង​អាស្រូវ​ នៅ​ប្រទេស​បារាំង។ រដ្ឋាភិបាល​បារាំង​បានក្លាយ​ជា​ផ្ទាំង​ស៊ីប​នេះ​ការ​វាយប្រហារ​និង​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ ជាពិសេស​ពី​សំណាក់​​បេក្ខជន​ប្រធានាធិបតី​។

រដ្ឋមន្ត្រីការបរទេស​តួកគី Cavusoglu ធ្វើ​មិទ្ទិញ នៅ​ក្រុង​ Metz ប្រទេស​បារាំង​ល្ងាច​ថ្ងៃអាទិត្យ ១២ មីនា ២០១៧
រដ្ឋមន្ត្រីការបរទេស​តួកគី Cavusoglu ធ្វើ​មិទ្ទិញ នៅ​ក្រុង​ Metz ប្រទេស​បារាំង​ល្ងាច​ថ្ងៃអាទិត្យ ១២ មីនា ២០១៧ REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​លោក​ចង់​ឱ្យ​បន្ធូរ​បន្ថយ​សម្ពាធ​​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មានទេ​ការ​សុំ​ទោស ! នាយក​រដ្ឋមន្ត្រី​ប្រទេស​ហូឡង់ បាន​​បដិសេធ ព្រោះលោក​យល់​ថា​​តួកគី​បាន​ប្រើ​ពាក្យ​អសុរស​មុន និង​ត្រូវ​ជា​អ្នក​ធ្វើការ​សុំ​ទោស​ !

អាជ្ញាធរ​តួកគី​ក៏​បដិសេធ​មិន​​ព្រម​ដោះស្រាយ​សម្ពាធ​ ដោយ​គិត​ថា​​មិន​ទាន់​បាន​សង​សឹក​​ក្រុង​ឡាអេ ដែលជា​ប្រទេស​ផាស៊ីស ! និង​បន្ត​ធ្វើ​ព្យុះភ្លៀង​ដាក់​ប្រទេស​ហូឡង់​ទៀត ​នៅ​ថ្ងៃ​នេះ ដោយ​​​បាន​សរសេរ​លិខិត​ ប្តឹង​ជា​ផ្លូវការ​ ប្រឆាំង​នឹង​អន្តរាគមន៍​​របស់​ប៉ូលិស​ហូឡង់ លើ​បាតុករ​ នៅ​​ក្រុង​រ៉ូទែរដាំ។​ ​ការ​ប្រើ​ឆ្កែ និង​កាណុង​បាញ់​ទឹក​បំបែក​ហ្វូង​មនុស្ស​ ជា​អន្តរាគមន៍​ហួស​ហេតុ មិន​សមហេតុផល ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​។

ដើម្បី​ជាកិច្ចការពារ ស្ថានទូត​ប្រទេសហូឡង់ ប្រចាំ​ក្រុង​អង់ការ៉ា និង​ស្ថាន​កុងស៊ុល​ ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល ត្រូវ​បិទ​។ រដ្ឋាភិបាល​ក្រុង​ឡាអេ បាន​ប្រកាស​ណែនាំ​ឱ្យ​ពលរដ្ឋ​ហូឡង់ ប្រុងប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ទៅ​តួកគី និង​ចៀសវាង​ ទី​ប្រជុំ​ប្រមូល​ផ្តុំ​។

តួកគី​អរគុណ បារាំង តែ​រដ្ឋាភិបាល​នៃ​​រង​ការ​​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន

បារាំង​បាន​ទទួល​ការ​អរគុណ​ពី​តួកគី​ ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​រៀប​ចំ​មិទ្ទិញ នៅ​ក្រុង​Metz ល្ងាច​មិញ តែ​បារាំង​​ត្រូវ​រង​ការ​រិះគន់ យ៉ាងខ្លាំង​ ជា​ពិសេសសំណាក់​​បេក្ខជន​មក​ពី​បក្ស​ប្រឆាំង។ ការរិះគន់​មាន​ខ្លាំង​ គឺ​ក្នុង​អត្ថន័យ​តែ​មួយ​ថា​បារាំង​ធ្វើ​ផ្ទុយ​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ជា​សមាជិក​សហភាព​អឺរ៉ុប​ដូចគ្នា។ ខ្ញុំ​សូម​រំលឹក​ត្រង់​ណេះ​បន្តិច​ថា ក្រៅអំពី​ប្រទេសហូឡង់ នៅ​មាន​ប្រទេស​ផ្សេង​ទៀត ដូច​ជាអាល្លឺម៉ង់ ​ស្វ៊ីស អូទ្រីស ជាប់​របង​បារាំង​ រហូត​ដល់​​ស៊ុយអែត សុទ្ធ​នបាន​ហាមឃាត់​ មិន​ឱ្យ​តួកគី​ធ្វើ​មិទ្ទិញ​ប្រមូល​ផ្តុំ​​ឃោសនា​​នយោបាយ​ លើ​ទឹក​ដី​របស់ពួក​គេ​ឡើយ។ ដាណឺម៉ាក បាន​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​តួកគី​លើក​ពេល​មក​ដាណឺម៉ាក​សិន។

សម្រាប់​លោក​ហ្វ្រង់ស័រ​ហ្វីយ៉ុង បេក្ខជន​បក្ស​សាធារណរដ្ឋ ដែល​ជា​បក្ស​ស្តាំ​និយម​ ប្រធានាធិបតី​បារាំង កំពុង​​ផ្តាច់​ចំណង​សាមគ្គីភាព​ជា​មួយ​​អឺរ៉ុប។ មាន​ន័យ​ថា​បារាំង​គួរ​តែ​រក្សា​ជំហរ​រួម​តែ​មួយ ហាមឃាត់​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​ ដូច​អ្វីដែល​អាល្លឺម៉ង់ និង​ប្រទេស​ហូឡង់​ ប្រទេស​ជិត​ខាងក្នុង​អឺរ៉ុប​​តែ​មួយ​ ទើប​ត្រឹម​ត្រូវ។ ស្វ៊ីស អូទ្រីស​ក៏​ហាមឃាត់។ ដាណឺម៉ាក បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រីការបរទេសតួកគី​ លើក​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​ដាណឺម៉ាក គ្រោង​ធ្វើ​នៅ​ចុង​ខែ​។

បេក្ខជន Emmanuel Macron ​ ​ដែល​កំពុងមាន​ប្រជាប្រិយភាព​ឡើង​ខ្លាំង​ជាង​គេ​ ក៏​យល់​ដូច​គ្នា​ថាអឺរ៉ុប​ទាំង​មូល ​ត្រូវ​ហាមជាត់​មិទ្ទិញ​តួកគី​នោះ​ដែរ​។ លោកស្រី​ម៉ារីន ឡឺប៉ែន ដែល​បេក្ខនារី​ប្រធានាធិបតី​បក្ស​ស្តាំ​និយម​ជ្រុល​ យល់​ថា ហេតុអ្វី​ត្រូវអនុគ្រោះ​ឱ្យ​មាន​ការ​ប្រើ​ឃ្លា​ឃ្លោង​ដែល​គ្មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​លើ​ទឹកដី​បារាំង។ សូម្បី​តែ​បក្ស​បរិស្ថាន​អឺរ៉ុប ក៏​បាន​រិះគន់​រដ្ឋាភិបាល​បារាំងដែរ ដោយ​ចោទ​ថា​ទង្វើ​របស់​បារាំង​ ប្រៀប​ដូច​ជា​បាន​ផ្សំ​គំនិត​​ជាមួយ​តួកគី​ដែល​បច្ចុប្បន្ន​កំពុង​លុង​ខ្លួន​ក្នុង​នយោបាយផ្តាច់ការ។

​តួកគីមក​​​ឃោសនា​នៅ​អឺរ៉ុប ជា​ការ​ខុស​ច្បាប់​ឬ​យ៉ាង​ណា​ ?

គេ​មិន​បាន​ដឹង​ច្បាស់​លាស់​ថាតើ​ក្នុង​បរិបទ​​អ្វី​ដែល​មានការ​​ចរចា​សុំ​រៀប​ចំ​ធ្វើ​មិទ្ទិញ​ទេ។ ប៉ុន្តែ​ ការ​ប្រមូល​ផ្តុំ​​ឃោសនា​ ឬ​បាតុកម្ម​បែប​នេះ មិន​មែន​ជា​ការ​ខុស​ច្បាប់​អ្វីឡើយ ហើយ​ក៏​មិន​មែន​ជា​ការ​កម្រ​ដែរ។ គេ​ធ្លាប់​ឃើញ​មាន​ការ​ប្រមូ​លផ្តុំ​ជា​ច្រើន​ បាន​រៀប​ចំ​ឡើង​ ដោយ​រដ្ឋាភិបា​ល​តួកគី ឬ​ដោយ​សហគមន៍​តួកគី​​ នៅ​ក្នុង​ទឹក​ដី​បារាំង និង​ប្រទេស​ផ្សេង​ទៀត។ កាលពី​មុន​បោះឆ្នោត​សភា ឆ្នាំ​២០១៥ ប្រធានាធិបតី​តួកគី លោក អែរដូហ្កាន​ផ្ទាល់ បាន​អញ្ជើញ​មក​​ធ្វើ​ការ​ឃោសនា​ដល់​ក្រុង​​អឺរ៉ុប​ ​ក្រុង​ស្ត្រាស្បួរ​ប្រទេស​បារាំង។ កាលណោះ គេ​គ្មាន​ឮ​ពាក្យ​រិះគន់​ ចចេក​ចចូច​អ្វី​សោះ។

ប៉ុន្តែ​ បរិបទនៅ​ពេល​នេះ ​ខុស​ពី​ពេល​មុន​ សម្រាប់​ក្រសៃ​ភ្នែក​អឺរ៉ុប ! ពី​មុន​មក​អឺរ៉ុប​តែង​បាន​​ធ្មេញ​ភ្នែក​ចំពោះ​សកម្មភាព​ឆ្គាំឆ្គង​របស់​​រដ្ឋាភិបាលតួកគី តែ​ពេល​នេះ​នៅ​ចំពោះ​មុខ​រដ្ឋាភិបាលដែល​ប្រើ​អំណាច​កាន់​តែ​ផ្តាច់ការ​ឡើងៗ និង​ចំពោះ​ទង្វើ​យក​អឺរ៉ុប​ជា​ចំណាប់​ខ្មាំង​ ក្នុង​វិបត្តិ​អន្តោប្រវេសន៍​ អឺរ៉ុប​ទំនង​ជា​ចង់​ចាប់​ផ្តើម​ថ្កោល​ទោស​តួកគី​​ផង​ក៏​ថា​បាន។

នារយៈ​ពេល​ចុងក្រោយ​នេះ ដើម្បី​អាច​តោង​អំណាច​ជាប់ និង​ដោយ​មើល​ឃើញ​បរាជ័យ​ក្នុង​ប្រជាមតិ លោក​ អែរដូហ្កាន បាន​ដំឡើង​សំឡេង​ខ្លាំង​ណាស់ ដោយ​ប្រើ​ពាក្យ​ឃោរឃៅ​ខ្លាំង​ទៀត ដាក់​អឺរ៉ុបណាស់ ព្រោះ​សង្ឃឹម​អាច​ទាក់ទាញ​​សំឡេង​ពី​ពលរដ្ឋ​ដែល​ខក​ចិត្ត​ នៅ​ពេល​ឃើញ​តួកគី​មិនអាច​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អឺរ៉ុប​បាន។ បើ​តាម​ការ​ស្ទង់​មតិ អ្នក​ប្រឆាំង​នឹង​ប្រជាមតិ ត្រូវ​ឈ្នះ ហេតុដូច្នេះ​ហើយ​បាន​តួកគីរបស់​អែរដូហ្កាន ​ប្រឹង​ប្រឌិត​​រក​សត្រូវ​ មើល​​ឃើញ​អឺរ៉ុប​ជា​​ការ​គំរាម​កំហែង​ជាប់​ជានិច្ច​ ដើម្បី​បាន​ចំណេញ​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ