អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​បារាំង​ត្រូវ​​តុលាការ​ចោទ​ប្រកាន់​ពី​បទ​កេង​បន្លំ​លុយរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បេក្ខជន​ប្រធានាធិបតី​បារាំង មក​ពី​គណបក្ស​ស្តាំ និង​កណ្តាលនិយម លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង ត្រូវ​បាន​ចៅក្រម​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​កេង បន្លំ​លុយរដ្ឋ។ លោក​ហ្រ្វង់ស័រ ហ្វីយ៉ុង ត្រូវ​បាន​ចៅក្រម​ស៊ើបអង្កេត កោះហៅ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ពោល​គឺ​នៅ​មួយ​ថ្ងៃ​មុន​កាលកំណត់។ នេះ​ជា​លើក​ទី ១ ក្នុង​ប្រវត្តិសាស្រ្ត​បោះឆ្នោត​បារាំង ដែល​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ត្រូវ​បាន​ចៅក្រម​ចោទប្រកាន់ ជា​ផ្លូវការ។

លោក​ហ្វីយ៉ុង បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៧ ត្រូវ​បាន​ចៅក្រម​ចោទប្រកាន់​ជា​ផ្លូវការ នៅ​ថ្ងៃអង្គារ ទី ១៤ មីនា ២០១៧
លោក​ហ្វីយ៉ុង បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៧ ត្រូវ​បាន​ចៅក្រម​ចោទប្រកាន់​ជា​ផ្លូវការ នៅ​ថ្ងៃអង្គារ ទី ១៤ មីនា ២០១៧ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស ស្តាំ និង​កណ្តាល​និយម ចៅក្រម​ស៊ើបអង្កេត​បាន​ចោទប្រកាន់ លោក ហ្វីយ៉ុង ក្នុង​៤​បទល្មើស។ ទី ១ ចៅក្រម​ពី​បទ​កេងបន្លំ​លុយរដ្ឋ។ ទី ២ គឺ​ស៊ុំគ្រលំ និង​បិទបាំង​ពីរឿង​កេងបន្លំ​លុយរដ្ឋ។ ទី ៣ ស៊ុំគ្រលំ និង​បិទបាំង​មិន​ឲ្យ​គេ​ដឹង​ពី​រឿង​ដែល​លោក​បាន​ប្រើ​អំណាច​ដើម្បី​រំលោភ កេងយក​ប្រយោជន៍​សេវា សាធារណៈ និង​ទី ៤ ចៅក្រម​បាន​ចោទ​លោក​ថា មិនបាន​ធ្វើ​តាម​កាតព្វកិច្ច ក្នុង​រឿង​ប្រកាស​ប្រាក់ចំណូល។ ចៅក្រម​ចោទប្រកាន់​មនុស្ស​ម្នាក់ មានន័យថា ចៅក្រម​មាន​ភស្តុតាង មាន​ឯកសារ​គ្រប់គ្រាន់ ធ្ងន់ល្មម​សម្រាប់​បើក​ការស៊ើបអង្កេត​ជា​ផ្លូវការ។ ចៅក្រម​ស៊ើបអង្កេត​មាន​នាទី​ស៊ើប ដើម្បី ដាក់​បន្ទុកផង និង​ដក​បន្ទុកផង។ 

 
បទចោទប្រកាន់​រឿង​កេងបន្លំ​លុយរដ្ឋ និង​ស៊ុំគ្រលំ បិទបាំង​ទង្វើ​របស់ខ្លួន គឺ ចង់​សំដៅ​ដល់​លោក​ហ្វីយ៉ុង ដែល​បាន​ប្រឌិត បង្កើត ការងារ​នៅ​សភា ឲ្យ​ប្រពន្ធ​របស់លោក គឺ​លោកស្រី ពេណេឡុប ហ្វីយ៉ុង និងកូនពីរនាក់ទៀត ដើម្បី អាច​ទទួល​បាន​ប្រាក់ខែសភា ក្នុង​នាម​ជា​ជំនួយការ​របស់លោក។ ចំណែក​រឿង​ខ្វះកាតព្វកិច្ច មិន​ប្រកាស​តម្លៃ​ទ្រព្យសម្បត្តិ​ជូនរដ្ឋ គឺ​ចង់​សំដៅ​ដល់​ប្រាក់​កម្ចី ៥​ម៉ឺនអឺរ៉ូ ដែល​លោក​ហ្វីយ៉ុង​បាន​ខ្ចី​ពី​មិត្តភក្តិ ប៉ុន្តែ មិន​បាន​ប្រកាស​ឲ្យ​រដ្ឋបាន​ដឹង។

តាម​ផ្លូវ​ច្បាប់ លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង ត្រូវ​បាន​ចោទប្រកាន់ នឹង​អាច​ប្រឈម​គ្រប់ពេលវេលា នឹង​ការកោះហៅ របស់​ចៅក្រម​ស៊ើបអង្កេត ដែល​ចង់​ដឹង ការបញ្ជាក់​បន្ថែម ពី​ភាគី​ចុងចោទ។ ប៉ុន្តែ ដរាបណា លោក​ហ្វីយ៉ុង នៅ​មិនទាន់​ត្រូវ​តុលាការ​បើកសវនាការ​កាត់ទោស នោះ​លោក​នៅ​តែ​ត្រូវ​គេ​ចាត់ទុក​ជា​មនុស្ស​គ្មានទោស។ ពោល​គឺ​លោក​នៅ​តែ​មាន​សិទ្ធិ​អាច​ចូលរួម ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ដដែល។

លោកហ្វីយ៉ុង​នៅតែ​អាច​ឈរឈ្មោះ ដដែល ប៉ុន្តែ បញ្ហា​ដែល​ចោទ​គឺ​ត្រង់​ថា ការសម្រេច​ចោទប្រកាន់ នៅ​ថ្ងៃ​ម្សិលមិញ ចង់ ឬ​មិនចង់ នឹង​ធ្វើ​ឲ្យ​រូបភាព​បេក្ខជន​ហ្វីយ៉ុង កាន់តែ​ចុះ​ស្រអាប់ មួយ​កម្រិត​បន្ថែមទៀត។ លោក​ហ្វ្រង់ស័រ ហ្វីយ៉ុង មកពី​គណបក្ស​ប្រឆាំង គណបក្ស​ស្តាំ និង​កណ្តាល​និយម ធ្លាប់​នាំមុខ​គេ និង​សង្ឃឹម​ថា ឈ្នះ ឆ្នោត​ប្រធានាធិបតី ប្រៀបធៀប​បេក្ខជនមក​ពី​បក្ស​ដទៃទៀត។ ប៉ុន្តែ តាម​ការស្ទង់មតិ​ចុងក្រោយនេះ នៅ​បន្ទាប់​ពីការទម្លាយ ព័ត៌មាន​របស់​កាសែត Le Carnard Enchainé និង​ក្រោយ​ដំណឹង​ស្តី​ពី​ការចោទប្រកាន់​នៅ​តុលាការ​បានធ្វើ​ឲ្យ​សំឡេង​គាំទ្រ​របស់លោក​ហ្វីយ៉ុង​បាន​ថយចុះ​មកនៅ​ត្រឹម ២០ភាគរយ រហូត​ធ្វើ​ឲ្យ​គេ​ប៉ាន់​វាយតម្លៃថា លោកហ្វីយ៉ុង នឹង​ជ្រុះ ខ្ទាត​ចេញពី​សៃង្វៀន គ្មាន​មុខ នៅក្នុង​ការបោះឆ្នោត​ជុំទី ២។

De gauche à droite: Peneloppe et François Fillon, le président du Sénat Gérard Larcher, et l'ancien Premier ministre Alain Juppé, le 29 janvier 2017 à Paris.
De gauche à droite: Peneloppe et François Fillon, le président du Sénat Gérard Larcher, et l'ancien Premier ministre Alain Juppé, le 29 janvier 2017 à Paris. Eric FEFERBERG / AFP

លោកហ្វីយ៉ុង​លេបសំដី
លោកហ្វីយ៉ុង​ធ្លាប់​បាននិយាយ​ថា នឹង​ដកខ្លួន បើសិន​លោកត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​កេងបន្លំ​លុយរដ្ឋ។ នៅទូរទស្សន៍​បារាំង លោក​ធ្លាប់និយាយ​បែបចំអក​ទៅ​អតីត​ប្រធានាធិបតី បារាំង លោក​នីកូឡា សាកូហ្ស៊ី ដែល​ឈរឈ្មោះ​ប្រជែង​លោកថា តើ​អ្នកណា​ដែល​ស្រមៃ​ថា ហ្សាល ឌឺហ្គោល អតីត​ប្រធានាធិបតី ត្រូវ​តុលាការ​ចោទប្រកាន់។

ប៉ុន្តែ ក្រោយ​មក​លោក​បានលេបសំដី​វិញ ដោយ​បដិសេធ​មិន​ដកខ្លួន​ចេញ​ពី​បេក្ខភាព ដោយ​ថែម​ទាំង​បាន​ចាត់ទុក​តុលាការ​ថា ជា​ឧបករណ៍​នយោបាយ ដែល​បើតាម​លោក​ត្រូវ​បាន​គណបក្ស​កាន់អំណាច​បង្កើតឡើង ដើម្បី រារាំង​បេក្ខជន​មក​ពីគណបក្ស​ប្រឆាំង​ឈ្នះឆ្នោត។

ការចោទប្រកាន់​លោកហ្វីយ៉ុង បេក្ខជន​មក​ពី​បក្សសាធារណរដ្ឋ មិនមែន​ជារឿង​ភ្ញាក់ផ្អើល មែន ប៉ុន្តែ វា​ជា​លើកទី១ ក្នុង​ប្រវត្តិសាស្រ្ត​បារាំង ដែល​បេក្ខជន​កំពុង​ឈរឈ្មោះ​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ស៊ើបអង្កេត។ កន្លងមក បេក្ខជន​ឈរ​ឈ្មោះ ធ្លាប់​តែ​រងរឿង​អាស្រូវ​ពីរឿង​ប្រព្រឹត្ត​ពុករលួយ ទទួល​សំណូកសូកប៉ាន់ ប៉ុន្តែ មិនដែល​ត្រូវ​ជាប់សំណាញ់ ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ។ ជាញឹកញយ រឿង​អាស្រូវ​ពុករលួយ កេងបន្លំលុយរដ្ឋ បាន​ធ្វើ​ឲ្យ​អ្នកដែល​ចង់​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ប្រធានាធិបតី ត្រូវ​ដកខ្លួន បើមិន​អីចឹង​ទេ ក៏​ត្រូវ​ចាញ់យ៉ាងអាម៉ាស់មុខ នៅក្នុង​ការបោះឆ្នោត ដោយសារ​តែ​អប្រជាប្រិយ​ខ្លាំង​ពេក។

ក្នុង​ករណី​របស់​លោកហ្វីយ៉ុង ទោះ​លោក​ត្រូវ​ជាប់ក្នុង​សំណាញ់​ស៊ើបអង្កេត​របស់​តុលាការ លោក​ហ្វីយ៉ុង មិន​ព្រមចុះចាញ់។ លោក​បាន​ផ្ចាញ់ផ្ចាល ប្រព័ន្ធ​តុលាការ​បារាំង ដោយ​លោក​បាន​ប្រកាស​ថា លោក​ចង់​ឲ្យ​សំឡេង​ប្រជាជន នៅក្នុង​ការបោះឆ្នោត​ជាអ្នកសម្រេច​ជោគវាសនា​របស់លោក ប៉ុន្តែ មិន​មែន​តុលាការ​នោះទេ។ នៅ​ថ្ងៃ​ម្សិលមិញ នៅ​ចំពោះ​មុខ​ចៅក្រម លោក​ហ្វីយ៉ុង​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ចៅក្រម ប៉ុន្តែ បាន​អះអាង​ជាថ្មី​ថា លោក​គ្មាន​បាន​កំហុស​អ្វី ទេ និង​ថា ភរិយា​របស់លោក ពិតជា​បាន​ធ្វើការ ជា​ជំនួយការ​របស់​លោក នៅ​សភា។

នៅក្រោយ​ការចោទប្រកាន់​របស់​តុលាការ អ្នកស្និទ្ធ និង​អ្នកគាំទ្រ​នឹង​លោក​ហ្វីយ៉ុង​ព្យាយាម មិន​លើក​និយាយ​ច្រើន ពី​រឿងអាស្រូវ កេងលុយរដ្ឋ​របស់លោក​ហ្វីយ៉ុង។ ផ្ទុយទៅវិញ គេ​បន្ត សម្រុក​ធ្វើ​យុទ្ធនាការ ធម្មតា ហាក់​ដូចជា​គ្មាន​រឿងអ្វី​កើតឡើង​អីចឹង។ ដោយ​យោង​ទៅ​លើ​កម្មវិធី​នយោបាយ​ច្បាស់លាស់ របស់​លោកហ្វីយ៉ុង គេ​សង្ឃឹមថា លោកហ្វីយ៉ុង​នឹង​ស្តារ​សំឡេង​នាំមុខគេ ឡើងវិញ នៅក្នុង​វេទិការ​ពិភាក្សា​ដេញដោលតាមទូរទស្សន៍ នៅ​ថ្ងៃទី ២០​មីនា​ខាងមុខ។

អភ័យឯកសិទ្ធិប្រធានាធិបតី
នីតិវិធី កសាង​សំណុំរឿង អាច​ត្រូវការ​ពេលវេលាយូរ រហូត​ដល់​ទៅ ៣០ខែ ដើម្បី គេ​អាច​បើក​សវនាការ។ ឥលូវនេះ នៅ សល់​ពេល​តែមួយ​ខែ​កន្លះ​ប៉ុណ្ណោះ នឹង​មាន​ការបោះឆ្នោត ប្រធានាធិបតី។ គេ​អាច​និយាយ​បាន​ដោយ​ស្រួល​ថា នឹង​គ្មាន​ទេ សនវការ នៅ​មុន​កាបោះឆ្នោត។

នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត លោក​ហ្វីយ៉ុង អាចរង​ព្យុះភ្លៀង ដោយសារ​តែ​រឿងអាស្រូវ ប្រឌិត បង្កើត ការងារ​ឲ្យ​ប្រពន្ធ និង​កូន​នៅសភា។ ប៉ុន្តែ បើសិន​លោក​ហ្វីយ៉ុងជំនះ អាច​ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​បារាំង នោះ រាល់​ការចោទប្រកាន់ និង​រឿងស៊ើបអង្កេត​នៅ​តុលាការ ទាំងប៉ុន្មាន​ត្រូវ​ផ្អាកព្យួរ​ទាំងអស់ ព្រោះថា នៅក្នុង​អាណត្តិ​៥​ឆ្នាំ ប្រធានាធិបតី​ជាប់ឆ្នោត ទទួល​អភ័យសិទ្ធិ​ពិសេស ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ អភ័យឯកសិទ្ធិ​នេះ នឹង​គ្មាន​ទេ សម្រាប់​ប្រពន្ធ និង​កូន​របស់លោកហ្វីយ៉ុង។

ករណី​ផ្អាកព្យួរ​សំណុំរឿង​នៅ​តុលាការ​នេះ យើង​ធ្លាប់​ឃើញ​ម្តង សម្រាប់លោក​អតីត​ប្រធានាធិបតី​ហ្សាក់ ស្ហីរ៉ាក់ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​រឿង​កេងបន្លំ​លុយរដ្ឋ។ ប៉ុន្តែ នៅក្រោយ​អស់​តំណែង ជា​ប្រធានាធិបតី លោក​ស្ហីរ៉ាក់ ទើប​តែ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ ក្នុង​បទ​រំលោភ​អំណាច ប្រឌិត​បង្កើត​ការងារ កាល​លោក​នៅ​ធ្វើ​ជា ​ចៅហ្វាយក្រុង​ប៉ារីស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ