អានតួអត្ថបទ
តួកគី-អឺរ៉ុប

តួកគី​លង់​ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​នៅ​អឺរ៉ុប

សង្រ្គាម​ពាក្យ​សំដី​ និង​ជម្លោះ​ការទូត​រវាង​តួកគី ជាមួយ​នឹង​ប្រទេស​នៅ​អឺរ៉ុប កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ ទៅ​មួយថ្ងៃ។ បន្ទាប់​ពីចោទ​រដ្ឋាភិបាល​ហូឡង់​ថា ជា​សំណល់​របស់​ណាហ្ស៊ី ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន នៅ បាន​ ចោទប្រកាន់​ប្រទេស​ហូឡង់​ថា ជាអ្នក​ទទួល​ខុសត្រូវ​លើ​ការសម្លាប់​រង្គាល​លើ​ប្រជាជន​អ៊ីស្លាម នៅ​ក្នុង​សង្រ្គាម​ប្រទេស​អតីត​យូហ្គោស្លាវី។ សង្រ្គាម​ពាក្យ​សំដី​រវាង​តួកគី និង​បណ្តា​ប្រទេស​អឺរ៉ុប នៅ​ថ្ងៃ​ពុធ ទី​១៥​មីនា បាន​ឈាន​រាលដាល ទៅ​ដល់​ការផ្តាច់​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​តួកគី ជាមួយ​សមាជិក​អង្គការ​អូតង់។

សហគមន៍​តួកគី នៅ​ទីក្រុង​រ៉ូតាដាម ក្នុង​ប្រទេស​ហូឡង់​ជួបជុំគ្នា គាំទ្រ​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន នៅ​ក្រៅ​ស្ថានកុងស៊ុល​តួកគី នៅ​ថ្ងៃទី ១១​មីនា ២០១៧
សហគមន៍​តួកគី នៅ​ទីក្រុង​រ៉ូតាដាម ក្នុង​ប្រទេស​ហូឡង់​ជួបជុំគ្នា គាំទ្រ​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន នៅ​ក្រៅ​ស្ថានកុងស៊ុល​តួកគី នៅ​ថ្ងៃទី ១១​មីនា ២០១៧ © REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ពីរ​សប្តាហ៍​មកនេះ តួកគី​ជេរ​ប្រទេច ផ្តាសា មិនលោះពេល បណ្តា​ប្រទេស​អឺរ៉ុប ជាពិសេស អាល្លឺម៉ង់ ហើយ​និង​ហូឡង់ ដែល​បាន​ហាមឃាត់​មិន​ឲ្យ​រដ្ឋមន្រ្តី​តួកគី ចូល​ធ្វើ​ឃោសនា ពីបោះឆ្នោត​ប្រជាមតិ​តួកគី នៅ​ក្នុង​ចំណោម​ប្រជាជន​តួកគី ដែល​រស់នៅ បរទេស។ “អាល្លឺម៉ង់ អនុវត្ត​វិធីសាស្រ្ត​របស់​ពួកណាហ្ស៊ី។ អាល្លឺម៉ង់​កំពុង​គាំទ្រ​ពួកភេរវនិយម និងកំពុង​ជំរុញ ឲ្យ​មាន​សំឡេង ទេ នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ​នៅ​តួកគី” នេះ​ជា​ការលើកឡើង​របស់​ប្រធានាធិបតី​តួកគី លោក រេស៊ីប អ៊ែរដូហ្កាន ដែល​បាន​ចោទប្រកាន់​ផង​ដែរ ប្រទេស​ហូឡង់ថា ជាប្រទេស​សំណល់​ពីពួកណាហ្ស៊ី និង​ហ្វាស៊ីស។

 
នៅ​ល្ងាច​ថ្ងៃអង្គារ ប្រមុខដឹកនាំ​តួកគី នៅ​បាន​លើក​និយាយ​ពី​តួនាទី​របស់​ប្រទេស​ហូឡង់ នៅក្នុង​ការសម្លាប់​រង្គាល​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ៨ពាន់​នាក់ នៅប្រទេស​បូស្នី អ៊ែហ្សេហ្គោវីន។ នៅ​ឆ្នាំ ១៩៩៥ កងទ័ព​ហូឡង់ ក្នុង​នាម​ជា​កងទ័ព​មួយខៀវ​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​គេ​បន្ទោស​ថា មិន​បាន​ជួយ​អន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​ទាហាន​ស៊ែប​សម្លាប់​ប្រជាជន​បូស្នី។

សម្រាប់ប្រធាន​គណៈកម្មការ​អឺរ៉ុប ​លោក​ហ្សង់ក្លូត ហ្សុងគ័រ សំដី​ចោទប្រកាន់​ថា អាល្លឺមម៉ង់ និង​ហូឡង់​ថា ជា​ពួកណាហ្ស៊ី ជារឿង​ដែល​គេ​មិនអាច​ទទួល​យកបាន។ តាម​លោក​ហ្សុងគ័រ សំដី​របស់​លោក​ប្រធានាធិបតី​តួកគី មិន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​សំណើ​របស់​តួកគី ដែល​ចង់​ក្លាយ​ជា​សមាជិក​អឺរ៉ុប​នោះទេ។ ប្រធាន​រដ្ឋបាល​សហព័ន្ធ​អាល្លឺម៉ង់ លោក​Perter Almaier ដែល​ស្និទ្ធ​នឹង​លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​វិញ បាន​ប្រតិកម្ម​តប​វិញ នឹង​តួកគី ដោយ​បាន​គំរាម ថា នឹង​ហាម​មិន​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​តួកគី ដាក់ជើង​ជាន់ទឹកដី​អាល្លឺម៉ង់។ ទោះភាពតានតឹង​កើនឡើង​កាន់តែខ្លាំង រដ្ឋមន្រ្តី​ការពារ​អាល្លឺម៉ង់​បាន​វាយតម្លៃ​ថា តួកគី​ត្រូវ​តែ​នៅ​បន្ត​ជា​សមាជិក​របស់​អូតង់។

អូតង់​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ជំរុញ ឲ្យ​តួកគី ដែល​ជា​សមាជិក​សំខាន់​មួយ​របស់​អូតង់​ប្រញាប់​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​អូទ្រីស បន្ទាប់​ពី​តួកគី បាន​ចេញមុខ ប្រឆាំង មិន​ឲ្យ​មាន​កម្មវិធី​សហប្រតិបត្តិការ​រវាង​អូតង់ ជាមួយ​អូទ្រីស។ អស់​ជា​ច្រើន​ខែ​មកហើយ តួកគី​ដែល​មាន​វត្តមាន​ទ័ព​ច្រើន​ជាងគេ​នៅ​ក្នុង​អង្គការ​អូតង់ បន្ទាប់​ពី​អាមេរិក បាន​ប្រឆាំង​មិន​ឲ្យអូតង់ ធ្វើ​សហប្រតិបត្តិការ​យោធា​ជាមួយ អូទ្រីស ក្នុង​ហេតុផល​ថា អូទ្រីស បាន​ចេញមុខ​ប្រឆាំង ទាមទារ​មិន​ឲ្យ​អឺរ៉ុប​ទទួល​យក​តួកគី​ជាសមាជិក។ អូទ្រីស​មិនមែន​ជា​សមាជិក​របស់​អូតង់ ប៉ុន្តែ បាន​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​អូតង់ ក្នុង​នាម​ជា​ប្រទេស​ដៃគូ ដើម្បី​ពង្រាយ​ទ័ព​ជាមួយ​អូតង់ ក្នុង​គោលដៅ ពង្រឹង​សមត្ថភាព​យោធា​របស់ខ្លួន ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​ប្រទេស​អឺរ៉ុប​ខាងកើត កំពុង​បារម្ភ​ពីការឈ្លានពាន​របស់​រុស្ស៊ី នៅក្រោយ​ការកាត់​លេប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ