លោកហ្វីយ៉ុង បេក្ខជនប្រធានាធិបតីបារាំងត្រូវតុលាការចោទប្រកាន់ពីបទកេងបន្លំលុយរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៤
បេក្ខជនប្រធានាធិបតីបារាំង មកពីគណបក្សស្តាំ និងកណ្តាលនិយម លោកហ្រ្វង់ស័រ ហ្វីយ៉ុង ត្រូវបានចៅក្រមចោទប្រកាន់ជាផ្លូវការពីបទកេង បន្លំលុយរដ្ឋ។ លោកហ្រ្វង់ស័រ ហ្វីយ៉ុង ត្រូវបានចៅក្រមស៊ើបអង្កេត កោះហៅ នៅថ្ងៃអង្គារម្សិលមិញ ពោលគឺនៅមួយថ្ងៃមុនកាលកំណត់។ នេះជាលើកទី ១ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតបារាំង ដែលបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីត្រូវបានចៅក្រមចោទប្រកាន់ ជាផ្លូវការ។
លោកហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ ដែលជាគណបក្ស ស្តាំ និងកណ្តាលនិយម ចៅក្រមស៊ើបអង្កេតបានចោទប្រកាន់ លោក ហ្វីយ៉ុង ក្នុង៤បទល្មើស។ ទី ១ ចៅក្រមពីបទកេងបន្លំលុយរដ្ឋ។ ទី ២ គឺស៊ុំគ្រលំ និងបិទបាំងពីរឿងកេងបន្លំលុយរដ្ឋ។ ទី ៣ ស៊ុំគ្រលំ និងបិទបាំងមិនឲ្យគេដឹងពីរឿងដែលលោកបានប្រើអំណាចដើម្បីរំលោភ កេងយកប្រយោជន៍សេវា សាធារណៈ និងទី ៤ ចៅក្រមបានចោទលោកថា មិនបានធ្វើតាមកាតព្វកិច្ច ក្នុងរឿងប្រកាសប្រាក់ចំណូល។ ចៅក្រមចោទប្រកាន់មនុស្សម្នាក់ មានន័យថា ចៅក្រមមានភស្តុតាង មានឯកសារគ្រប់គ្រាន់ ធ្ងន់ល្មមសម្រាប់បើកការស៊ើបអង្កេតជាផ្លូវការ។ ចៅក្រមស៊ើបអង្កេតមាននាទីស៊ើប ដើម្បី ដាក់បន្ទុកផង និងដកបន្ទុកផង។
បទចោទប្រកាន់រឿងកេងបន្លំលុយរដ្ឋ និងស៊ុំគ្រលំ បិទបាំងទង្វើរបស់ខ្លួន គឺ ចង់សំដៅដល់លោកហ្វីយ៉ុង ដែលបានប្រឌិត បង្កើត ការងារនៅសភា ឲ្យប្រពន្ធរបស់លោក គឺលោកស្រី ពេណេឡុប ហ្វីយ៉ុង និងកូនពីរនាក់ទៀត ដើម្បី អាចទទួលបានប្រាក់ខែសភា ក្នុងនាមជាជំនួយការរបស់លោក។ ចំណែករឿងខ្វះកាតព្វកិច្ច មិនប្រកាសតម្លៃទ្រព្យសម្បត្តិជូនរដ្ឋ គឺចង់សំដៅដល់ប្រាក់កម្ចី ៥ម៉ឺនអឺរ៉ូ ដែលលោកហ្វីយ៉ុងបានខ្ចីពីមិត្តភក្តិ ប៉ុន្តែ មិនបានប្រកាសឲ្យរដ្ឋបានដឹង។
តាមផ្លូវច្បាប់ លោកហ្វ្រង់ស័រ ហ្វីយ៉ុង ត្រូវបានចោទប្រកាន់ នឹងអាចប្រឈមគ្រប់ពេលវេលា នឹងការកោះហៅ របស់ចៅក្រមស៊ើបអង្កេត ដែលចង់ដឹង ការបញ្ជាក់បន្ថែម ពីភាគីចុងចោទ។ ប៉ុន្តែ ដរាបណា លោកហ្វីយ៉ុង នៅមិនទាន់ត្រូវតុលាការបើកសវនាការកាត់ទោស នោះលោកនៅតែត្រូវគេចាត់ទុកជាមនុស្សគ្មានទោស។ ពោលគឺលោកនៅតែមានសិទ្ធិអាចចូលរួម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានដដែល។
លោកហ្វីយ៉ុងនៅតែអាចឈរឈ្មោះ ដដែល ប៉ុន្តែ បញ្ហាដែលចោទគឺត្រង់ថា ការសម្រេចចោទប្រកាន់ នៅថ្ងៃម្សិលមិញ ចង់ ឬមិនចង់ នឹងធ្វើឲ្យរូបភាពបេក្ខជនហ្វីយ៉ុង កាន់តែចុះស្រអាប់ មួយកម្រិតបន្ថែមទៀត។ លោកហ្វ្រង់ស័រ ហ្វីយ៉ុង មកពីគណបក្សប្រឆាំង គណបក្សស្តាំ និងកណ្តាលនិយម ធ្លាប់នាំមុខគេ និងសង្ឃឹមថា ឈ្នះ ឆ្នោតប្រធានាធិបតី ប្រៀបធៀបបេក្ខជនមកពីបក្សដទៃទៀត។ ប៉ុន្តែ តាមការស្ទង់មតិចុងក្រោយនេះ នៅបន្ទាប់ពីការទម្លាយ ព័ត៌មានរបស់កាសែត Le Carnard Enchainé និងក្រោយដំណឹងស្តីពីការចោទប្រកាន់នៅតុលាការបានធ្វើឲ្យសំឡេងគាំទ្ររបស់លោកហ្វីយ៉ុងបានថយចុះមកនៅត្រឹម ២០ភាគរយ រហូតធ្វើឲ្យគេប៉ាន់វាយតម្លៃថា លោកហ្វីយ៉ុង នឹងជ្រុះ ខ្ទាតចេញពីសៃង្វៀន គ្មានមុខ នៅក្នុងការបោះឆ្នោតជុំទី ២។
លោកហ្វីយ៉ុងលេបសំដី
លោកហ្វីយ៉ុងធ្លាប់បាននិយាយថា នឹងដកខ្លួន បើសិនលោកត្រូវតុលាការចោទប្រកាន់ពីបទកេងបន្លំលុយរដ្ឋ។ នៅទូរទស្សន៍បារាំង លោកធ្លាប់និយាយបែបចំអកទៅអតីតប្រធានាធិបតី បារាំង លោកនីកូឡា សាកូហ្ស៊ី ដែលឈរឈ្មោះប្រជែងលោកថា តើអ្នកណាដែលស្រមៃថា ហ្សាល ឌឺហ្គោល អតីតប្រធានាធិបតី ត្រូវតុលាការចោទប្រកាន់។
ប៉ុន្តែ ក្រោយមកលោកបានលេបសំដីវិញ ដោយបដិសេធមិនដកខ្លួនចេញពីបេក្ខភាព ដោយថែមទាំងបានចាត់ទុកតុលាការថា ជាឧបករណ៍នយោបាយ ដែលបើតាមលោកត្រូវបានគណបក្សកាន់អំណាចបង្កើតឡើង ដើម្បី រារាំងបេក្ខជនមកពីគណបក្សប្រឆាំងឈ្នះឆ្នោត។
ការចោទប្រកាន់លោកហ្វីយ៉ុង បេក្ខជនមកពីបក្សសាធារណរដ្ឋ មិនមែនជារឿងភ្ញាក់ផ្អើល មែន ប៉ុន្តែ វាជាលើកទី១ ក្នុងប្រវត្តិសាស្រ្តបារាំង ដែលបេក្ខជនកំពុងឈរឈ្មោះម្នាក់ ត្រូវបានតុលាការចោទប្រកាន់ និងស៊ើបអង្កេត។ កន្លងមក បេក្ខជនឈរឈ្មោះ ធ្លាប់តែរងរឿងអាស្រូវពីរឿងប្រព្រឹត្តពុករលួយ ទទួលសំណូកសូកប៉ាន់ ប៉ុន្តែ មិនដែលត្រូវជាប់សំណាញ់ ចោទប្រកាន់របស់តុលាការនោះទេ។ ជាញឹកញយ រឿងអាស្រូវពុករលួយ កេងបន្លំលុយរដ្ឋ បានធ្វើឲ្យអ្នកដែលចង់ប្រកួតប្រជែងក្នុងការបោះឆ្នោត ប្រធានាធិបតី ត្រូវដកខ្លួន បើមិនអីចឹងទេ ក៏ត្រូវចាញ់យ៉ាងអាម៉ាស់មុខ នៅក្នុងការបោះឆ្នោត ដោយសារតែអប្រជាប្រិយខ្លាំងពេក។
ក្នុងករណីរបស់លោកហ្វីយ៉ុង ទោះលោកត្រូវជាប់ក្នុងសំណាញ់ស៊ើបអង្កេតរបស់តុលាការ លោកហ្វីយ៉ុង មិនព្រមចុះចាញ់។ លោកបានផ្ចាញ់ផ្ចាល ប្រព័ន្ធតុលាការបារាំង ដោយលោកបានប្រកាសថា លោកចង់ឲ្យសំឡេងប្រជាជន នៅក្នុងការបោះឆ្នោតជាអ្នកសម្រេចជោគវាសនារបស់លោក ប៉ុន្តែ មិនមែនតុលាការនោះទេ។ នៅថ្ងៃម្សិលមិញ នៅចំពោះមុខចៅក្រម លោកហ្វីយ៉ុងបានបដិសេធមិនឆ្លើយសំណួររបស់ចៅក្រម ប៉ុន្តែ បានអះអាងជាថ្មីថា លោកគ្មានបានកំហុសអ្វី ទេ និងថា ភរិយារបស់លោក ពិតជាបានធ្វើការ ជាជំនួយការរបស់លោក នៅសភា។
នៅក្រោយការចោទប្រកាន់របស់តុលាការ អ្នកស្និទ្ធ និងអ្នកគាំទ្រនឹងលោកហ្វីយ៉ុងព្យាយាម មិនលើកនិយាយច្រើន ពីរឿងអាស្រូវ កេងលុយរដ្ឋរបស់លោកហ្វីយ៉ុង។ ផ្ទុយទៅវិញ គេបន្ត សម្រុកធ្វើយុទ្ធនាការ ធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអីចឹង។ ដោយយោងទៅលើកម្មវិធីនយោបាយច្បាស់លាស់ របស់លោកហ្វីយ៉ុង គេសង្ឃឹមថា លោកហ្វីយ៉ុងនឹងស្តារសំឡេងនាំមុខគេ ឡើងវិញ នៅក្នុងវេទិការពិភាក្សាដេញដោលតាមទូរទស្សន៍ នៅថ្ងៃទី ២០មីនាខាងមុខ។
អភ័យឯកសិទ្ធិប្រធានាធិបតី
នីតិវិធី កសាងសំណុំរឿង អាចត្រូវការពេលវេលាយូរ រហូតដល់ទៅ ៣០ខែ ដើម្បី គេអាចបើកសវនាការ។ ឥលូវនេះ នៅ សល់ពេលតែមួយខែកន្លះប៉ុណ្ណោះ នឹងមានការបោះឆ្នោត ប្រធានាធិបតី។ គេអាចនិយាយបានដោយស្រួលថា នឹងគ្មានទេ សនវការ នៅមុនកាបោះឆ្នោត។
នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកហ្វីយ៉ុង អាចរងព្យុះភ្លៀង ដោយសារតែរឿងអាស្រូវ ប្រឌិត បង្កើត ការងារឲ្យប្រពន្ធ និងកូននៅសភា។ ប៉ុន្តែ បើសិនលោកហ្វីយ៉ុងជំនះ អាចឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីបារាំង នោះ រាល់ការចោទប្រកាន់ និងរឿងស៊ើបអង្កេតនៅតុលាការ ទាំងប៉ុន្មានត្រូវផ្អាកព្យួរទាំងអស់ ព្រោះថា នៅក្នុងអាណត្តិ៥ឆ្នាំ ប្រធានាធិបតីជាប់ឆ្នោត ទទួលអភ័យសិទ្ធិពិសេស ដែលការពារដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ អភ័យឯកសិទ្ធិនេះ នឹងគ្មានទេ សម្រាប់ប្រពន្ធ និងកូនរបស់លោកហ្វីយ៉ុង។
ករណីផ្អាកព្យួរសំណុំរឿងនៅតុលាការនេះ យើងធ្លាប់ឃើញម្តង សម្រាប់លោកអតីតប្រធានាធិបតីហ្សាក់ ស្ហីរ៉ាក់ ដែលត្រូវបានតុលាការចោទប្រកាន់ក្នុងរឿងកេងបន្លំលុយរដ្ឋ។ ប៉ុន្តែ នៅក្រោយអស់តំណែង ជាប្រធានាធិបតី លោកស្ហីរ៉ាក់ ទើបតែត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ក្នុងបទរំលោភអំណាច ប្រឌិតបង្កើតការងារ កាលលោកនៅធ្វើជា ចៅហ្វាយក្រុងប៉ារីស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ