អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​អឺរ៉ុប​ចាត់​ទុក​ការ​បោះឆ្នោត​សភា​នៅ​ហូឡង់​ជាវិញ្ញាសាសាកល្បង ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហូឡង់​ប្រទេស​ដ៏​តូច​មាន​ប្រជាជន​ប្រមាណ​១៧​លាន​នាក់ បាន​រៀប​ចំ​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃពុធ​ទី​១៥​មីនា ២០១៧។ ជា​ការ​បោះឆ្នោត​ដែល​មាន​គណបក្ស​តូច​ធំ​មធ្យម​ដល់​ទៅ​២៨​ចូល​រួម​ប្រកួត។ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក ! បន្ទាប់​ពី​ឆ្លង​កាត់​យុទ្ធនាការ​ឃោសនា​​ដែល​ផ្តោត​​ខ្លាំង​លើ​វិបត្តិ​អត្តសញ្ញាណ​ជាតិ​ វិបត្តិ​ការទូត​ជាមួយ​តួកគី ការ​បោះឆ្នោត​សភា​ហូឡង់​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​ចាត់​ទុក​​ជា​រង្វាស់​​ ស្ទង់​កំរិតនយោបាយ​ប្រជាភិថុត​នៅ​អឺរ៉ុប។

ការិយាល័យ​បោះឆ្នោត​មួយ​នៅទីក្រុង Amsterdam ថ្ងៃទី ១៥​មីនា ២០១៧
ការិយាល័យ​បោះឆ្នោត​មួយ​នៅទីក្រុង Amsterdam ថ្ងៃទី ១៥​មីនា ២០១៧ REUTERS/Cris Toala Olivares
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​លទ្ធផល​ប្រជាមតិ​អង់គ្លេស​ដើរ​ចេញពី​អឺរ៉ុប និងជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ​​ជា​ប្រធានាធិបតី​អាមេរិក ពេល​នេះ​គ្រប់​ចក្ខុ​កំពុង​សំលឹង​ផ្តោត​ទៅ​លើ​ការ​បោះឆ្នោត​នៅ​ប្រទេស​ហូឡង់។ ហូឡង់​ដែល​មិន​ខុស​ពី​បណ្តាល​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក កំពុង​រង​ព្យុះ​នៃ​ចរន្ត​ជាតិនិយម។ បក្ស​ដើម្បី​សេរីភាព​របស់​លោក Geert Wilders ដែល​ជា​បក្ស​ស្តាំនិយម​ជ្រុល ស្អប់​ខ្ពើម​អ៊ីស្លាម អឺរ៉ុប និង​អន្តោប្រវេសន៍ ​បាន​នាំ​មុខគេ​​អស់​ជា​ច្រើន​ខែ មុន​ធ្លាក់​ចុះ​បន្តិច​មក​វិញ​។ អាច​ធ្លាក់​ចុះមក​នៅ​លំដាប់​ទី​៥​ ក៏​ព្រោះតែ​នយោបាយ​ជ្រុល​និយម​​ក្នុង​វិបត្តិ​ជាមួយ​តួកគី កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ មិន​ត្រូវ​ចិត្ត​ប្រជាពលរដ្ឋ។ នេះ​បើ​គេ​ជឿ​លើ​ការស្ទង់​មតិ​ចុង​ក្រោយ។

ប៉ុន្តែ​​បក្ស​ស្តាំនិយម​ជ្រុលដ៏​ក្មេង​ខ្ចី​​មួយ​នេះ​ បាន​ក្លាយ​ជា​បក្ស​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ហូឡង់ ហើយ​ព្រម​ទាំង​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើ​ន​បំផុត​នៅ​លើ​នេះ គិត​ចាប់​តាំង​ពី​បក្ស​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​មក និង​ទទួល​បាន​អាសនៈ​នៅក្នុង​សភា​ពី​១៩ ទៅ​២២​កៅអី។ ប្រសិន​បើ​អ្នក​ស្តាំ​និយម​ជ្រុល​ហូឡង់ ពិត​ជា​បាន​ទទួល​ជ័យ​ជំនះ​បែប​នេះមែន នោះ​សម្ព័ន្ធមិត្ត​ផ្នែក​មនោគមវិជ្ជា​នៅ​បារាំង​និង​នៅ​អាល្លឺម៉ង់​ កាន់​តែ​មាន​ទឹក​ចិត្ត​និង​មាន​សង្ឃឹម​ខ្លាំងដែរ ព្រោះ​ប្រទេស​ក្បាល​ម៉ាស៊ីនអឺរ៉ុប​ពីរ​នេះ ក៏​នឹង​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

វិសមភាព​សង្គម

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​ លោក​នាយក​រដ្ឋមន្ត្រីផុត​អាណត្តិ​ Mark Rutte​ នៃ​បក្ស​សេរី​ប្រជាជននិង​ប្រជាធិបតេយ្យ​ បាន​សាក​ល្បង​ប្រែក្លាយ​ការ​បោះឆ្នោត​ទៅ​ជា​ការ​តស៊ូ​មួយ​ទល់​នឹង​មួយ​ជាមួយ​លោក​Geert Wilders និង​ធានា​អះអាង​ប្រាប់​ពលរដ្ឋ​ហូឡង់​ទូទៅ​ថា​ត្រូវ​ធ្វើ​ជម្រើស​រវាង​ ស្ថិរភាព​និង​ភាព​ជ្រួល​ច្របល់។ ប៉ុន្តែ​ពលរដ្ឋ​ហូឡង់​ចំនួន​ច្រើន​នៅ​ឡើង​នៅ​តែ​ពុំ​ទាន់​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៀត មក​ដល់​ថ្ងៃ​បោះឆ្នោត​ទៅ​ហើយ។

បើ​មើល​ទៅ​លើ​បរិបទ​សេដ្ឋកិច្ច បក្ស​កាន់​អំណាច​ដែល​បាន​ស្តារ​ប្រទេស​ឱ្យ​រួច​ផុត​ពី​វិបត្តិ​ គួរ​ណាស់​បានទទួល​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ ព្រម​ទាំង​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​បាន​សម្រាប់​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង តែ​នយោបាយ​ស្រោច​ស្រង់​សេដ្ឋកិច្ច​ជាតិ​របស់បក្ស​សេរីនិយម​ផុត​អាណត្តិ​ បាន​ជីក​រូង​ឱ្យ​មាន​គម្លាត​និង​វិសមភាព​សង្គម កាន់​តែ​ជ្រៅ ទៅ​តាម​ពេលវេលា​។ គម្លាត​នេះ​ហើយ​ដែលបាន​ដាស់​ស្រទាប់​ពលរដ្ឋ​ថ្នាក់​កណ្តាល​ ឱ្យ​ងាក​ទៅ​គាំទ្រ​​បក្ស​ស្តាំ​និយម​ជ្រុល​របស់​លោក Geert Wilders។

កត្តា​មួយ​ទៀត​ដែល​ជំ​រុញ​ឱ្យ​បក្ស​ស្តាំ​និយម​ជ្រុល​មាន​ប្រជាប្រិយភាព​កើន​ឡើង​ឥត​ឈប់នោះ គឺ​ហូឡង់​ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅក្នុង​អឺរ៉ុប​ផ្សេងទៀត សុទ្ធ​តែ​កំពុង​ឆ្លង​កាត់​វិបត្តិ​អន្តោប្រវេសន៍ ដ៏​ធ្ងន់ធ្ងរមិនធ្លាប់​មាន​គិត​ចាប់​ពីស​ង្គ្រាម​លោក​លើក​ទីពីរ​មក។ ប្រធានបទ​អត្តសញ្ញាណជាតិ​ សាសនា​ អន្តោប្រវេសន៍​ បាន​គ្រប​ដណ្តប់​ខ្លាំង​ក្នុង​​ពេល​ឃោសនា​។ លោក Geert Wilders បាន​សន្យា​ហាមឃាត់​ការ​លក់​គម្ពីរ​ធម៌​អ៊ីស្លាម​កូរ៉ង់ បិទ​វិហារ​អ៊ីស្លាម បិទ​ទ្វារ​ប្រទេស​ប្រឆាំង​នឹង​អន្តោប្រវេសន៍​អ៊ីស្លាម ... បក្ស​កាតូលិក​ប្រជាធិបតេយ្យ​​បក្សអភិរក្ស​​ដ៏​ចំណាស់​របស់​ហូឡង់​ ក៏បាន​លេច​មុខ​លេច​មាត់​​ឡើង​វិញ បើក​ចំហ​​ការ​តស៊ូ​មតិ​ស្តី​ពី​ការ​កាន់​សញ្ជាតិ​ពីរ​ផង។

គ្មាន​អ្នក​ឈ្នះ​ធំ

លទ្ធផលឆ្នោត (​ដែល​ត្រូវ​រាប់​ដោយ​ដៃ មិនមែន​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ដើម្បី​ចៀសវាង​ការ​វាយប្រហារ) ​នៅ​សប្តាហ៍​ក្រោយ​​ជា​ការ​អារ​កាត់​សេចក្តី​ថា​តើ​នយោបាយ​ប្រជាភិថុត​​នៅហូឡង់​ចម្រើន​បាន​ប៉ុណ្ណា។ ប៉ុន្តែ​ទោះក្នុង​ស្ថានភាព​ណា​ក៏​គេ​បាន​ដឹង​ជា​ស្រេច​ថា​ ការ​បោះឆ្នោត​នេះ​នឹង​គ្មានអ្នក​ឈ្នះដាច់​ឡើយ ! ​ហើយ​​​បក្ស​ដើម្បី​សេរីភាព ទោះ​បាន​ទទួល​សំឡេង​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​​ទំនង​ជា​គ្មាន​សំណាង​បាន​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ទេ !
លោក​នាយក​រដ្ឋមន្ត្រី​​ផុត​អាណត្តិ ដែល​កំពុង​នាំ​មុខ​គេ​នៅថ្ងៃ​នេះ​ ​បាន​ប្រកាស​ហើយ​ថា​នឹង​មិនចរចា​ជាមួយ​បក្ស​ស្តាំ​និយម​ជ្រុលនេះ​ឡើយ។ ជាមួយ​នឹងវត្តមាន​​គណបក្ស​ដល់​ទៅ​២៨ ​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​១៥០​ បូក​ផ្សំ​ជាមួយ​​របៀប​គិត​សំឡេង​ឆ្នោត​តាម​បែប​សមមាត្រទាំង​ស្រុង ហូឡង់​ទំនង​ជា​ត្រូវ​ប្រើ​ពេល​យូរ​​ដល់​រាប់​ខែ សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ព្រោះ​ត្រូវ​ចរចា​ជាមួយ​បក្ស​តូចៗ​និង​មធ្យម​។ តាម​ទម្លាប់​រដ្ឋាភិបាល​​ប្រទេស​ហូឡង់​ច្រើន​តែ​ប្រសូត​ចេញ​ពី​បន្សំ​នៃ​បក្ស​ ពីរ​ទៅ ​ឬ​៥បក្ស​ផង​ក៏​មាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ