អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​ទៅ​ជួប​មេ​រិះគន់​ខ្លួន​នៅ​សេតវិមាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា មែរកិល នឹង​ជួប​ពិភាក្សា​ ជាមួយ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​សេតវិមាន នៅថ្ងៃ​សុក្រទី ១៧ មីនា ក្នុងទីក្រុង​វ៉ាស៊ីនតោន។ ជំនួប​នេះ​ធ្វើឡើង នៅក្នុង​បរិបទ​ដែល​មេដឹកនាំ​ទាំងពីរ​មិនចុះ​សម្រុងគ្នា​ជា​ច្រើន​ចំណុច ដូចជា​ការធ្វើពាណិជ្ជកម្ម បរិស្ថាន ហើយ​និង​បញ្ហា​ជនភៀសខ្លួន។

ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នៅ​សេតវិមាន នៅថ្ងៃទី​១៧​មីនា ២០១៧
ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នៅ​សេតវិមាន នៅថ្ងៃទី​១៧​មីនា ២០១៧ © SAUL LOEB, CLEMENS BILAN / AFP
ផ្សាយពាណិជ្ជកម្ម

លោកស្រី​អង់ហ្គេឡា មែរកិល​ចាកចេញ​ទៅ​អាមេរិក ទៅជួប​លោកដូណាល់ ត្រាំ ដែល​ធ្លាប់​បាន​រិះគន់ លោកស្រី​ថា បានធ្វើ​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ ដោយ​បាន​បើក​ទ្វារ​ទទួលជនភៀសខ្លួន ស៊ីរី។

 
ប្រមុខរដ្ឋាភិបាល ទាំង​ពីរ​ខុសគ្នា​ស្រឡះ ទាំង​ចរិក​ធ្វើ​នយោបាយ និង​ទស្សនវិស័យ។ លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ដែល​មាត់ឆៅ ញុះញង់ ប្រតិកម្ម​តាម​កំហឹង​តាមអារម្មណ៍ ដោយប្រើ សារ Twitter។ ចំណែក​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ អង់ហ្គេឡា មែរកិល​វិញ គឺ​មាន​ចរិក​ជាអ្នកដឹកនាំ​ចាស់ទុំ ច្បាស់លាស់ និង​តែងប្រើ​ពេលវេលា​ពិចារណា មុន​នឹង​សម្រេចចិត្ត ហារមាត់​និយាយ ឬ​ធ្វើ​អ្វី​មួយ។ គឺ​សមត្ថភាព​ទាំងអស់នេះ ដែល​ធ្វើ​ឲ្យ​លោកស្រី​អង់ហ្គេឡា​មែរកិល អាច​ឈ្នះឆ្នោត កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​បាន​៣​អាណត្តិ​ជាប់គ្នា និង​កំពុង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី ៤ ទៀត។

ការខ្វែង​គំនិត​គ្នាច្រើន មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​ទំនាក់ទំនង​អាមេរិក និង​អាល្លឺម៉ង់
អន្តោប្រវេសន៍
លោកដូណាល់ ត្រាំ​បាន​រិះគន់​នយោបាយ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ថា​បាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរ​ដោយ​បាន​ទទួល​ជនភៀសខ្លួន ស៊ីរី។ សម្រាប់​ប្រធានាធិបតី អាមេរិក គឺ​ជនភៀសខ្លួន​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​ទឹកដី​អាល្លឺម៉ង់។

លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់​វិញ ដែល​ខំ​ទប់ខ្លួន មិន​ឆ្លើយឆ្លង​នឹង​ការរិះគន់​របស់​លោកដូណាល់ ត្រាំ នៅ​ទីបំផុត បាន​ចេញ​មុខ​រិះគន់​ក្រឹត្យ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​បាន​ផ្អាក ការទទួល​ជនភៀសខ្លួន ហើយ​និង​បិទទ្វារ មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ចំនួន​៧ ធ្វើដំណើរ​ចូល​អាមេរិក។ សម្រាប់​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អាមេរិក​ត្រូវ​គោរព​ធ្វើតាម អនុសញ្ញា​ក្រុង​ហ្សឺណែវ ដែល​អាមេរិក​បាន​ចុះហត្ថលេខា និង​ដែល​បាន​ចែងថា ដើម្បី​មនុស្សធម៌ គេ​ត្រូវ​ទទួល​ជនភៀសខ្លួន ដែល​រត់គេច​ចេញពី​សង្រ្គាម។

ការដោះដូរ​សេរី
លោកដូណាល់ ត្រាំ​បាន​បរិហារ​អាល្លឺម៉ង់​ថា បាន​ឆ្លៀត កេង​យក​ប្រយោជន៍​ច្រើន​ពី​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ អាមេរិក​ជាទីផ្សារ​ធំជាងគេ​របស់​ទំនិញ​អាល្លឺម៉ង់។ ទំនិញ​របស់​អាល្លឺម៉ង់ នាំចូលទៅ​អាមេរិក មាន​តម្លៃ​ដល់ជាង ១០០​ពាន់លាន​ដុល្លារ ក្នុង​ពេល​ដែល​ទំនិញ​អាមេរិក​នាំចូលទៅ​អាល្លឺម៉ង់​វិញ គឺ​មាន​តែ ជាង ៥០​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ លោកដូណាល់ ត្រាំ ដែល​បាន​សន្យា​ធ្វើអ្វីៗ ដើម្បី​ប្រយោជន៍​ប្រជាជន​អាមេរិក​ដំបូងគេ​ នៅ​បាន​គំរាម​ដំឡើង​ពន្ធ​លើរថយន្ត​អាល្លឺម៉ង់​នាំចូល​អាមេរិក ដល់​៣៥ភាគរយ។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ព្រមាន​ពី​គ្រោះថ្នាក់ នៃ​នយោបាយ​ការពារ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោកដូណាល់ ត្រាំ។

គោលដៅ​សំខាន់ នៃ​ទស្សនកិច្ច​របស់​លោកស្រី នៅថ្ងៃ​នេះ នៅ​សេតវិមាន គឺ​អាល្លឺម៉ង់​ចង់​ឲ្យ​ប្រធានាធិបតី​អាមេរិក​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ជំហរ​របស់​អាមេរិក ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ អាល្លឺម៉ង់។ ទៅ​អាមេរិក​នៅ​ថ្ងៃនេះ លោកស្រី​អាល្លឺម៉ង់​មាន​អម​ដោយ​ប្រធាន​ក្រុមហ៊ុន​យក្ស​អាល្លឺម៉ង់​ពីរ គឺBMW ហើយ​និង​Siemen ចង់​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុនអាល្លឺម៉ង់ នៅ​អាមេរិក​ដែល​មាន​តម្លៃ ២៧១​ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​អាល្លឺម៉ង់ ក្នុង​ទឹកដី​អាមេរិក​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​អាមេរិកាំង ជាង​៨សែននាក់។ មួយវិញទៀត ក្រុមហ៊ុន​អាល្លឺម៉ង់​បាន​ចូលរួម​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​អាមេរិក ព្រោះថា រថយន្តអាល្លឺម៉ង់ ផលិត​នៅ​អាមេរិក នាំចេញ​ច្រើន​ជាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិកាំង​ទៅទៀត។ នៅ​មុន​ចាកចេញ​ទៅ​អាមេរិក លោកស្រី​មែរកិល ធ្លាប់​បាននិយាយ​ថា ការដំឡើង​ពន្ធ​ដល់ ៣៥ភាគរយ​លើ​រថយន្ត​អាល្លឺម៉ង់ នាំចូល​អាមេរិក​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ខាតបង់​ទាំងអស់គ្នា។

ទៅ​អាមេរិក លើកនេះ លោកស្រី​មែរកិល​មិនត្រឹម​តែ​ដើរតួនាទី​ជា​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​តែប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងនាម​ជាប្រធាន​រៀបចំ កិច្ចប្រជុំកំពូល ប្រទេស​មហាឧស្សាហកម្ម G២០។ លោកស្រី​នឹង​លើកនិយាយ​ជាមួយលោកដូណាល់ ត្រាំ ពី​វិធានការ​សេដ្ឋកិច្ច​ការពារ​ប្រយោជន៍​របស់​លោកដូណាល់ ត្រាំ ជាពិសេស​ការដំឡើងពន្ធ លើ​ទំនិញ​នាំចូល​ទៅអាមេរិក ដែល​ប្រទេស​ដៃគូ​ផ្សេងទៀត ចាត់ទុក​ថា បាន​រំលោភ​ច្បាប់​ដែល​មាន​ចែង​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

អូតង់ និង​រុស្ស៊ី
ក្រៅតែ​ពី​ការដោះដូរ​សេដ្ឋកិច្ច លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់​ចង់ទាមទារ​ផងដែរ​ឲ្យ​ប្រធានាធិបតី​អាមេរិក​បញ្ជាក់ជំហរ​របស់អាមេរិក ក្នុង​ការដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ហើយ​និង​ការចូលរួម​របស់​អាមេរិក នៅក្នុង​អង្គការ​អូតង់។ លោកដូណាល់ ត្រាំ​ធ្លាប់​បាន​រិះគន់ អង្គការ​អូតង់​ថា ចាស់គំរិល និង​គំរាមដក​អាមេរិក ចេញពី​អូតង់ បើសិន​អឺរ៉ុប​មិនព្រម​ដំឡើង​ថវិកា​សម្រាប់​ចំណាយ​យោធា​អូតង់​ដែល​ពេលនេះ ៧០ភាគរយ​នៃ​ការចំណាយ ធ្លាក់​ក្នុង​បន្ទុក​របស់​អាមេរិក។

នៅក្នុងជំនួប​ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកដូណាល់ ត្រាំ​ចង់​បាន​បទពិសោធន៍ និង​ការទូន្មាន ប្រឹក្សា​យោបល់​របស់​លោកស្រី​មែរកិល​ដើម្បី​ធ្វើការ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកពូទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ