កំណើតទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៤
ថ្ងៃ២០ មីនា ជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឬទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង។ ក្រុមប្រទេសប្រើប្រាស់ភាសាបារាំងបានក្លាយជាអង្គការដ៏ធំមួយ ថ្នាក់ពិភពលោក និងមានលក្ខន្តិកៈទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទម្រាំបានសម្រេចប្រមូលផ្តុំបង្កើតជាសហគមន៍ក្រុមប្រទេសនិយាយភាសាបារាំងមួយនេះបាន អង្គការបានចំណាយពេលវេលាអស់ជាច្រើនសតវត្សរ៍ ពោលគឺគេត្រូវរង់ចាំដល់ការបិទបញ្ចប់របបអាណានិគមនិយម។ សម្តេច នរោត្តម សីហនុ ក៏ជាឥស្សរជនស្ថាបនិកម្នាក់ក្នុងការបង្កើតអង្គការនេះដែរ។ តើអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ខ្លីថា La Francophonie មានប្រវត្តិកើតជាយ៉ាងណា ?
ថ្ងៃនេះជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឬទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង។ កម្ពុជា ដែលជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ក៏បានចូលចំណែករៀបចំទិវានេះដែរ។ វិទ្យាស្ថានភាសាបរទេសនៃសកលវិទ្យាភូមិន្ទភ្នំពេញ បានរៀបកម្មវិធីអបអរតាំងពីថ្ងៃម្សិលមិញមកម្ល៉េះ។
សម្តេចព្រះនរោត្តម សីហនុ បិតាស្ថាបនិកម្នាក់នៃអង្គការហ្វ្រង់កូហ្វូនី
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ប្រធានាធិបតីសេណេហ្កាល់ ដំបូងគេ លោក ឡេអូប៉ូល សេដារ សេងហ័រ បានផ្តើមគំនិតដ៏ទំនើបមួយដាស់ក្រុមប្រទេសក្នុងទ្វីប គ្រប់ពូជសាសន៍ ដែលស្ថិតក្រោមអាណានិគមបារាំង ថាពួកគេត្រូវការរំពឹងគ្នាទៅវិញទៅមក បង្កើតជាសមាគម។ គម្រោងបង្កើតសមាគមអន្តររដ្ឋាភិបាល នៃប្រទេសនិយាយភាសាបារាំងនេះ ត្រូវបានទទួលការគាំទ្រ និងចុះហត្ថលេខាពីសម្តេចនរោត្តម សីហនុ ដែលជាតំណាងមិនចូលបក្សសម្ព័ន្ធ និងជាបិតាឯករាជ្យជាតិ ហើយក៏បានក្លាយជាគម្រោងច្បាប់បង្កើតហ្វ្រង់កូហ្វូនី មកទល់នឹងសព្វថ្ងៃតែម្តង។
បិតាស្ថាបនិកទាំងនោះ បានជួបគ្នាចាប់ផ្តើមធ្វើពិភាក្សា ជជែកពិចារណារួមគ្នាអំពីបញ្ហាអាណានិគម និងផលវិបាក។ ដោយបានដឹកនាំប្រទេសតស៊ូទាមទារឯករាជ្យបានគ្រប់ៗគ្នា ប្រមុខដឹកនាំទាំងនោះច្រានចោលទាំងស្រុងគ្រប់ទម្រង់នៃការត្រួតត្រាចក្រព្រត្តិនិយម តែជំរុញឱ្យមានការសន្ទនានិងបំផុសការប្រើភាសាបារាំង មិនថា ជាភាសាជាតិ ជាភាសាផ្លូវការ ឬជាភាសាវប្បធម៌ទេ។ នៅឆ្នាំ១៩៦៦ ប្រធានាធិបតីសេណេហ្កាល់ បានបើកធ្វើសន្និសីទថ្នាក់ប្រមុខរដ្ឋ អំពាវនាវឱ្យក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ចូលរួមចំណែក យ៉ាងហោចណាស់ក៏ក្នុងគម្រោងសហប្រតិបត្តិការជាមួយគ្នា។
កិច្ចខិតខំប្រឹងប្រែងរបស់បិតាស្ថាបនិកសេណេហ្កាល់ កម្ពុជា បានទទួលផ្លែផ្កា ដោយនៅថ្ងៃទី ២០ មីនា ១៩៧០ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក អង់ដ្រេ ម៉ាល់រ៉ូ André Malraux បានចុះហត្ថលេខាជាមួយ២១ប្រទេស បង្កើតភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស ដែលក្រោយមកបានក្លាយភ្នាក់ងារអន្តររដ្ឋាភិបាលប្រទេសនិយាយភាសាបារាំង ឬអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង OIF នៅឆ្នាំ២០០៥ រហូតមកទល់បច្ចុប្បន្ន។ ថ្ងៃទី ២០ មីនា បានក្លាយជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ចាប់ពីឆ្នាំ១៩៨៨មក។
OIF មានរចនាសម្ព័ន្ធនិងទម្រង់នយោបាយ
សម្រាប់បិតាស្ថាបនិក បង្កើតជាអង្គការឡើងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស មានភាសាបារាំងជាគោល ! ប៉ុន្តែក្នុងបរិបទ វិវឌ្ឍន៍ ប្រឈមនឹងពិភពលោកភាវូបនីយកម្ម អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាស្ថាប័នដែលប្រមូលផ្តុំប្រទេសមានប្រវត្តិជាមួយបារាំង -មានប្រើភាសាបារាំង ក្នុងអត្ថន័យផ្សព្វផ្សាយភាសា ឱ្យចេះគោរពតម្លៃវប្បធម៌ បានងាកទៅគិតគូរដល់តមម្លៃមនុស្សជាតិរួម គឺសន្តិភាព ប្រជាធិបតេយ្យ ... លក្ខន្តិកៈនយោបាយក៏បានបញ្ចូលក្នុងក្របខ័ណ្ឌអង្គការ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៨០មក។ តាំងពីឆ្នាំ១៩៨៦មក អង្គការបានពង្រីកខ្លួនកាន់តែធំៗឡើង នាំប្រយោជន៍នយោបាយនិងសេដ្ឋកិច្ចបានច្រើន និងមានស្ថាប័នកំពូលកំណត់បន្ទាត់នយោបាយ មានរចនាសម្ព័ន្ធដឹកនាំ និងសកម្មភាពព្រមទាំងវត្តមានពិតៗលើឆាកអន្តរជាតិ។ អង្គការបានកំណត់បើកជំនួបកំពូលជារៀងរាល់ពីរឆ្នាំម្តង ប្រៀបដូចជាក្រុមប្រឹក្សាអឺរ៉ុបយ៉ាងដូច្នោះ។
អង្គការចុះធ្វើអន្តរាគមន៍ ដល់ផ្ទាល់កន្លែងតាមតំបន់ផ្សេងៗ ជាពិសេសនៅទ្វីបអាហ្វ្រិក ដើម្បីការពារជម្លោះ ឬដោះស្រាយវិបត្តិធម្មនុញ្ញ ព្រោះហ្វ្រង់កូហ្វូនីជាតំណាងប្រជាធិបតេយ្យ។ អង្គការថ្កោលទោស ឬអាចបណ្តេញសមាជិកណាដែលមិនគោរពគោលការណ៍ប្រជាធិបតេយ្យ ច្បាប់ សិទ្ធិមនុស្ស ...
មានលក្ខន្តិកៈនយោបាយ និងមធ្យោបាយគ្រប់គ្រាន់ អង្គការហ្វ្រង់កូហ្វូនី ពិតជាបានប្តូរផ្លាស់ និងមានរូបភាពជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល មានបញ្ចូលសង្គមស៊ីវិល មានសមាជិកពេញសិទ្ធិចំនួន ៥៨ប្រទេស ២៦ប្រទេសជាសមាជិកសង្កេតការណ៍ និងសមាជិករងបួនប្រទេស ដែលបើរាប់ពីចំនួនប្រជាជានមានដល់៩០០លាននាក់ ក្នុងនោះ៨៥%និយាយភាសាបារាំង និង៩០%រស់នៅក្នុងទ្វីបអាហ្វ្រិក។
La Francophonie ផ្សារភ្ជាប់នឹងលទ្ធិប្រជាធិបតេយ្យ
ហ្វ្រង់កូហ្វូនី នៅតែមានរូបភាពជាអង្គការដែលបំផុស ភាសា វប្បធម៌ និងនយោបាយ។ តែក្នុងបរិបទដែលអង្គការកាន់តែរីកធំធាត់ ប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច លែងអាចមើលរំលង អង្គការចាំបាច់ត្រូវតែប្រឈមនឹងទស្សនៈវិស័យដ៏ធំធេងសម្រាប់ពេលអនាគត នោះគឺ ការតស៊ូដើម្បីបណ្តុះឫសប្រជាធិបតេយ្យ និងដើម្បីប្រទេសមួយមានច្បាប់។ ការប្រយុទ្ធតស៊ូនេះ នៅតានតឹងខ្លាំង ព្រោះថាសមាជិកអង្គការជាច្រើន មិនទាន់ដកខ្លួនរួចពីអន្លង់វិបត្តិបោះឆ្នោត មិនខ្វល់នឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ