អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កំណើត​ទិវា​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​២០ មីនា ជា​ទិវា​អន្តរជាតិហ្វ្រង់កូហ្វូនី ឬ​ទិវា​អន្តរជាតិ​នៃ​ក្រុម​ប្រទេ​សនិយាយ​ភាសាបារាំង។ ក្រុម​ប្រទេស​ប្រើប្រាស់​ភាសាបារាំង​បាន​ក្លាយ​ជា​អង្គការ​ដ៏​ធំ​មួយ ថ្នាក់​ពិភពលោក និង​មាន​លក្ខន្តិកៈ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ ទម្រាំ​បាន​សម្រេចប្រមូល​ផ្តុំ​បង្កើត​ជាសហគមន៍​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​មួយ​នេះ​បាន អង្គការ​​បាន​ចំណាយ​ពេល​វេលា​អស់​ជា​ច្រើន​​សតវត្សរ៍​ ពោល​គឺ​គេ​ត្រូវ​រង់ចាំ​ដល់​ការ​បិទ​បញ្ចប់​របប​អាណានិគម​និយម​។ សម្តេច នរោត្ត​ម ​សីហនុ ក៏​ជា​ឥស្សរជន​ស្ថាបនិកម្នាក់​ក្នុង​ការ​បង្កើត​អង្គការ​នេះ​ដែរ។ តើ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង ឬ​ហៅ​កាត់​ខ្លី​ថា La Francophonie មាន​ប្រវត្តិ​កើត​ជា​យ៉ាង​ណា ?

ស្លាក​សញ្ញា​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី
ស្លាក​សញ្ញា​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី OIF
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​ជាទិវា​អន្តរជាតិហ្វ្រង់កូហ្វូនី ឬ​ទិវា​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង។ ​កម្ពុជា​ ដែល​ជា​សមាជិក​អង្គការ​ហ្វ្រង់កូហ្វូនី ក៏​បាន​ចូល​ចំណែក​រៀប​ចំ​ទិវា​នេះ​ដែរ។ ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកលវិទ្យាភូមិន្ទ​ភ្នំពេញ បាន​រៀប​​កម្មវិធីអបអរ​តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក​ម្ល៉េះ។

សម្តេច​ព្រះ​នរោត្តម សីហនុ បិតា​​ស្ថាបនិក​​ម្នាក់នៃអង្គការ​ហ្វ្រង់កូហ្វូនី

នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ប្រធានាធិបតី​សេណេហ្កាល់ ដំបូង​គេ លោក ឡេអូប៉ូល សេដារ សេងហ័រ បាន​ផ្តើម​គំនិត​ដ៏​ទំនើប​មួយ​ដាស់​​ក្រុម​ប្រទេស​ក្នុង​ទ្វីប គ្រប់​ពូជសាសន៍ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង ថា​ពួក​គេ​ត្រូវ​ការ​រំពឹង​គ្នា​ទៅ​វិញ​ទៅ​មក បង្កើត​ជា​សមាគម​។ គម្រោង​បង្កើត​សមាគម​អន្តររដ្ឋាភិបាល ​នៃ​ប្រទេ​សនិយាយ​ភាសាបារាំងនេះ ​ត្រូ​វបាន​ទទួល​ការ​គាំទ្រ​ និង​ចុះ​ហត្ថលេខា​ពី​​សម្តេច​នរោត្តម សីហនុ ដែល​ជា​តំណាង​មិន​ចូល​បក្ស​សម្ព័ន្ធ​ និង​ជា​បិតា​​ឯករាជ្យ​ជាតិ​ ហើយ​ក៏​បាន​ក្លាយ​ជា​គម្រោង​ច្បាប់​បង្កើត​​ហ្វ្រង់កូហ្វូនី មក​ទល់​នឹង​សព្វ​ថ្ងៃ​តែ​ម្តង។

បិតាស្ថាបនិក​ទាំង​នោះ​ បាន​ជួប​គ្នា​ចាប់​ផ្តើម​ធ្វើ​ពិភាក្សា​ ជជែក​ពិចារណា​រួម​គ្នាអំពី​បញ្ហា​អាណានិគម  និង​ផលវិបាក។ ដោយ​បាន​ដឹកនាំ​ប្រទេស​តស៊ូ​ទាមទារ​ឯករាជ្យ​បាន​គ្រប់ៗ​គ្នា​ ប្រមុខ​ដឹកនាំ​ទាំងនោះ​ច្រាន​ចោល​ទាំងស្រុង​គ្រប់​ទម្រង់​នៃ​ការ​ត្រួតត្រា​ចក្រព្រត្តិនិយម តែ​ជំរុញ​ឱ្យ​មាន​ការ​សន្ទនា​និង​បំផុស​ការ​ប្រើ​ភាសា​បារាំង ​មិន​ថា​ ជា​ភាសា​ជាតិ ជា​ភាសា​ផ្លូវការ​ ឬ​ជាភាសា​វប្បធម៌ទេ។ នៅ​ឆ្នាំ​១៩៦៦ ប្រធានាធិបតី​សេណេហ្កាល់ បាន​បើកធ្វើ​សន្និសីទ​ថ្នាក់​ប្រមុខ​រដ្ឋ អំពាវនាវ​ឱ្យ​ក្រុមប្រទេស​​ប្រើប្រាស់​ភាសា​បារាំង ចូល​រួម​ចំណែក យ៉ាង​ហោច​ណាស់​ក៏​​ក្នុង​គម្រោង​សហប្រតិបត្តិការ​ជា​មួយ​គ្នា។

កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់បិតា​ស្ថាបនិក​សេណេហ្កាល់ កម្ពុជា បាន​ទទួល​ផ្លែផ្កា ដោយ​នៅ​ថ្ងៃ​ទី ២០ មីនា ១៩៧០ អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​ លោក អង់ដ្រេ ម៉ាល់រ៉ូ ​André Malraux បាន​ចុះ​ហត្ថលេខា​ជាមួយ​២១​ប្រទេស​ បង្កើត​ភ្នាក់ងារ​សហប្រតិបត្តិការ​វប្បធម៌ និង​បច្ចេកទេស ដែល​ក្រោយ​មក​បានក្លាយ​ភ្នាក់ងារ​អន្តរ​រដ្ឋាភិបាល​ប្រទេស​និយាយភាសាបារាំង ឬ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង OIF នៅ​ឆ្នាំ​២០០៥​ រហូត​មក​ទល់​បច្ចុប្បន្ន។ ​ថ្ងៃទី ២០ មីនា បាន​ក្លាយ​ជា​ទិវា​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​ចាប់​ពី​ឆ្នាំ​១៩៨៨​មក។
 
OIF មាន​រចនា​សម្ព័ន្ធ​និង​ទម្រង់​​នយោបាយ

​សម្រាប់​បិតា​ស្ថាបនិក បង្កើត​ជា​អង្គការ​ឡើង​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​បច្ចេកទេស មាន​ភាសា​បារាំង​ជា​គោល ! ប៉ុន្តែ​ក្នុង​បរិបទ​ ​វិវឌ្ឍន៍ ប្រឈម​នឹង​ពិភពលោកភាវូបនីយកម្ម អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​ជា​ស្ថាប័ន​ដែល​ប្រមូល​ផ្តុំប្រទេស​​មានប្រវត្តិជាមួយ​បារាំង​​​ -មានប្រើភាសា​បារាំង ក្នុង​អត្ថន័យ​ផ្សព្វផ្សាយ​ភាសា​ ឱ្យ​ចេះ​​គោរព​តម្លៃ​វប្បធម៌​ បាន​ងាក​ទៅ​គិត​គូរ​ដល់​តមម្លៃ​មនុស្ស​ជាតិរួម គឺ​សន្តិភាព ប្រជាធិបតេយ្យ ... លក្ខន្តិកៈ​នយោបាយ​ក៏​បាន​បញ្ចូល​ក្នុង​​ក្រប​ខ័ណ្ឌ​អង្គការ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៨០​មក។ តាំង​ពី​ឆ្នាំ​១៩៨៦​មក អង្គការ​បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំៗ​ឡើង​ ​នាំ​ប្រយោជន៍​នយោបាយ​និង​សេដ្ឋកិច្ច​បាន​ច្រើន និង​មាន​ស្ថាប័ន​កំពូល​កំណត់​បន្ទាត់​នយោបាយ​ មាន​រចនា​សម្ព័ន្ធដឹកនាំ​​ និងសកម្មភាព​ព្រមទាំង​វត្តមានពិតៗ​លើ​ឆាក​អន្តរជាតិ។ អង្គការ​បាន​កំណត់​​បើក​ជំនួប​កំពូល​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ប្រៀប​ដូច​ជា​ក្រុមប្រឹក្សា​អឺរ៉ុប​យ៉ាងដូច្នោះ។

អង្គការ​ចុះ​ធ្វើ​អន្តរាគមន៍​​ ដល់​ផ្ទាល់​កន្លែង​តាម​តំបន់​ផ្សេងៗ ជាពិសេស​នៅ​ទ្វីប​អាហ្វ្រិក ដើម្បី​ការពារ​ជម្លោះ ឬ​ដោះស្រាយ​វិបត្តិ​ធម្មនុញ្ញ ព្រោះ​ហ្វ្រង់កូហ្វូនីជា​តំណាង​ប្រជាធិបតេយ្យ។ អង្គការ​ថ្កោល​ទោស​ ឬ​អាច​បណ្តេញ​សមាជិក​ណា​ដែល​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ ច្បាប់ សិទ្ធិមនុស្ស ...

មាន​លក្ខន្តិកៈ​នយោបាយ និង​មធ្យោបាយ​គ្រប់គ្រាន់ អង្គការ​ហ្វ្រង់កូហ្វូនី ពិត​ជា​បាន​ប្តូរ​ផ្លាស់ និង​​មាន​រូប​ភាព​ជា​អង្គការអន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ មាន​បញ្ចូល​សង្គម​ស៊ីវិល​ មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​ ៥៨​ប្រទេស ២៦​ប្រទេស​ជា​សមាជិក​សង្កេតការណ៍ និង​សមាជិករង​បួន​ប្រទេស​ ដែល​បើ​រាប់​ពី​ចំនួន​ប្រជាជាន​មាន​ដល់​៩០០​លាន​នាក់ ក្នុង​នោះ​៨៥%​និយាយ​ភាសា​បារាំង និង​៩០%​រស់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

La Francophonie ផ្សារ​ភ្ជាប់​នឹង​លទ្ធិ​ប្រជាធិបតេយ្យ

ហ្វ្រង់កូហ្វូនី នៅ​តែ​មាន​រូបភាព​ជា​អង្គការ​ដែល​បំផុស​ ​​ភាសា​ វប្បធម៌ និង​នយោបាយ​។ តែ​ក្នុង​បរិបទ​ដែល​អង្គការ​កាន់​តែ​រីក​ធំធាត់ ប្រយោជន៍​នយោបាយ​និង​សេដ្ឋកិច្ច លែង​អាច​មើល​រំលង អង្គការ​ចាំ​បាច់​ត្រូវ​តែ​ប្រឈម​នឹង​ទស្សនៈ​វិស័យ​ដ៏​ធំធេង​សម្រាប់​ពេល​អនាគត នោះ​គឺ ការ​តស៊ូ​ដើម្បី​បណ្តុះ​ឫ​សប្រជាធិបតេយ្យ​ និង​ដើម្បី​ប្រទេស​មួយ​មាន​ច្បាប់។  ការ​​​ប្រយុទ្ធតស៊ូ​នេះ នៅ​​​តាន​តឹង​ខ្លាំង​ ព្រោះ​ថា​សមាជិក​អង្គការ​ជា​ច្រើន មិន​ទាន់​ដក​ខ្លួន​រួច​ពី​អន្លង់​វិបត្តិ​បោះឆ្នោត មិន​ខ្វល់​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​​សេរីភាពឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ