អានតួអត្ថបទ

​ហ្គូយ៉ានបារាំង គាំង​សកម្មភាព​ដោយ​កូដកម្ម​ទូទៅ

បន្ទាប់​ពី​ព្យុះ​កញ្ជ្រោល​ដោយ​ចរន្ត​បាតុកម្ម​អស់​មួយ​សប្តាហ៍ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​ការ​អំពាវនាវ​របស់​សហជីព​ទាំង​៣៧ របស់​ហ្គូយ៉ាន ដែន​ដី​បារាំង​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ត្រូវ​ជាប់​គាំង​ស្តូក​ស្តឹង ដោយ​កូដកម្ម​ទូទៅ​។ ប្រតិភូ​អន្តរក្រសួង​ ជំនួស​មុខ​ឱ្យ​នាយក​រដ្ឋមន្ត្រី នឹង​ចុះ​​ទៅ​ចរចា​ដោះស្រាយ​វិបត្តិ​ដល់ហ្គូយ៉ាន យ៉ាង​យូរ​នៅ​ចុង​សប្តាហ៍​នេះ។ រដ្ឋាភិបាល​ក្រុង​ប៉ារីស បាន​សម្រេច​​បញ្ចេញ​សកម្មភាព​ភ្លាម​ ដោយ​ខ្លាច​មានអ្នក​ឆ្លៀត​យក​ស្ថានការណ៍​ហ្គូយ៉ាន​ទៅ បំរើ​ជា​ប្រយោជន៍​នៃ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មិន​ដល់​មួយ​ខែ​ទៀតផង។

ផ្លូវថ្នល់​នៅ​ហ្គូយ៉ាន​ត្រូវ​បិទ​ខ្ទប់​ដោយ​ឡាន​ធំ
ផ្លូវថ្នល់​នៅ​ហ្គូយ៉ាន​ត្រូវ​បិទ​ខ្ទប់​ដោយ​ឡាន​ធំ Jody AMIET/AFP
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី​បារាំង Bernard Cazeneuve បាន​សន្យាចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​​អនាគត​ ជា​មួយតំណាង​ហ្គូយ៉ាន ក្នុង​ពេល​ដ៏​ឆាប់ៗ​បំផុត។ ប្រធានាធិបតី​លោក ហ្វ្រង់ស័រ ហូឡង់ ដែល​កំពុង​បំពេញ​ទស្សនកិច្ចមួយ​ជុំ​នៅ​អាស៊ី បាន​ប្រកាស​អំពាវនាវ​ពី​ប្រទេស​សិង្ហបុរី ថា​អាទិភាព​ដំបូង​គឺ​ប្រយុទ្ធ​ប្រឆាំ​ង​អស្ថិរភាព​ ដោយ​​ពង្រឹង​កម្លាំង​​និ​ងមធ្យោបាយ​ទប់​ស្កាត់​អំពើ​ហិង្សាដែលកំពុង​រាលដាល នៅ​ហ្គូយ៉ាន។

ហ្គូយ៉ាន ដែនដី​បារាំង​នៅឯ​នាយ​សមុទ្ទ ក្នុង​​ទ្វីប​អាមេរិក​ខាង​ត្បូង ដែល​មាន​ប្រជាជន​រស់​នៅ​សរុប ប្រមាណ​២៦០០០០​នាក់ ត្រូវ​គាំង​សកម្មភាព​សេដ្ឋកិច្ច​ សង្គម​ស្ទើរ​តែ​ទាំង​ស្រុង ​សាលា​រៀន​ត្រូវ​បិទ ផ្លូវ​ថ្នល់​ត្រូវ​រារាំង ចរាចរណ៍​ផ្លូវអាកាស​ត្រូវ​លុប​ជើង​ហោះហើរ​របស់​ខ្លួន ការ​បង្ហោះ​យាន​​អវកាស​ដែល​ជា​សកម្មភាព​ដ៏​សំខាន់ ក៏​ត្រូវ​ផ្អាក … ដោយ​ចលនាបាតុកម្ម។

​បាតុកម្មបាន​ចំ​ធ្វើ​ឡើង​ដើម្បី​ទាមទារឱ្យ​មាន​ការ​គិត​គូរ​ដល់​បញ្ហា​សុខាភិបាល អប់រំ អន្តោប្រវេសន៍ សេដ្ឋកិច្ច អត្រា​អ្នក​អត់ការងារ​ធ្វើ​ខ្ពស់ (យុវជន​អាយុ​ក្រោម​២៥​ឆ្នាំ​៤០%​អត់ការងារធ្វើ)​ និង​ពិសេស​បញ្ហា​សន្តិសុខ។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ឃាតកម្ម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដល់​ទៅ ៤៨​ករណី​ នៅ​ឆ្នាំ​២០១៦។ ភាព​តាន​តឹង​កាន់​តែ​ប៉ោងខ្លាំង​ទៀត នៅ​ពេល​មាន​ការ​បង្កើត​ក្រុមពាក់​មុខ​​ប្រឆាំង​នឹង​ជនល្មើស ដោយ​ខ្លួន​ឯង ដោយ​មិន​រង់ចាំ​អាជ្ញាធរ កាលពី​ពីរ​ខែ​មុន។ ការ​ចរចា​ជាមួយ​តំណាង​រដ្ឋាភិបាល​ថ្នាក់​តំបន់​កន្លង​មក​មិន​បាន​លទ្ធផល​អ្វី​ទាំង​អស់។ ជាមួយ​នឹង​ការ​អំពាវនាវ​ឱ្យ​​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ជ្រើសរើស​ផ្លូវ​ចរចា ប្រតិភូ​អន្តរ​ក្រសួង​នឹង​ទៅ​ចុះ​​ផ្ទាល់ ដល់ហ្គូយ៉ាន​ ​នៅ​ចុង​សប្តាហ៍​នេះ។

ក្នុង​ពេល​រង់ចាំ​នេះ រដ្ឋាភិបាល​បាន​ផ្តើម​ធ្វើ​សេចក្តី​ប្រកាស​ផ្សេងៗ​​ ស្រប​តាម​សេចក្តី​ទាមទារ​របស់​ពលរដ្ឋ ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ និង​បាន​បង្កើន​ចំនួន​នគរបាល ប៉ូលិស​ ព្រម​ទាំង​ទម្លាយ​កញ្ចប់​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​ក្រុង។

ការ​ពួត​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​រវាង​ប្រជាពលរដ្ឋ សហជីព ព្រម​ទាំង​តំណាង​រាស្ត្រ​មួយ​ចំនួន ធ្វើ​កូដកម្ម​ទូទៅ មួយ​ខែ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ប៉ារីស​​ត្រូវ​តែ​បញ្ចេញ​សកម្មភាព ដើម្បី​កុំ​ឱ្យ​មាន​​ការ​​យក​ចំណេញ​នយោបាយបោះឆ្នោត ពី​វិបត្តិ​នៅ​ហ្គូយ៉ាន។ ព្រោះ​គេ​បាន​ឮ​រួច​មក​ហើយ​ ការ​រិះគន់​មក​ពី​ខាង​បេក្ខជន​ស្តាំ​និយម ថា ស្ថានភាព​នៅ​ហ្គូយ៉ាន​ជា​បរាជ័យ​នៃ​នយោបាយ​របស់​លោក​ហ្វ្រង់ស័រ ហូឡង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ