អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កំរិតការ​កាប់​ព្រៃឈើ​ នយោបាយថ្មី​របស់​អឺរ៉ុប​​ដើម្បី​អាកាសធាតុ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​ត្រូវ​ការពារ​ព្រៃឈើ​អឺរ៉ុប ស្រប​តាម​នយោបាយ​ការពារ​បរិស្ថាន​របស់​ទ្វីប ឬ​ក៏​ត្រូវ​បង្កើន​ផលិតកម្ម​ព្រៃឈើ ? ក្នុង​ខណៈ​ដែល​ពិភពលោក​កំពុង​គិត​គូរ​អំពី​បញ្ហា​អាកាសធាតុ​ និង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី តើ​វិស័យ​ព្រៃឈើ មាន​តួនាទី​យ៉ាងណា ? នេះ​ជា​សំណួរ​ដែល​គណៈកម្មការ​អឺរ៉ុប​កំពុង​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោល​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ កាលពី​ថ្ងៃ​ទី ២៧ មីនា ២០១៧ នៅ​ក្រុង​ព្រុចសែល​ប្រទេស​ប៊ែលហ្សិក។

រោង​ចក្រ​អារ​ឈើ​មួយ​នៅ​ប្រទេស​បារាំង
រោង​ចក្រ​អារ​ឈើ​មួយ​នៅ​ប្រទេស​បារាំង ©AFP
ផ្សាយពាណិជ្ជកម្ម

ជាប្រធានបទ​ដ៏​រសើប ! ព្រៃឈើ​មាន​ចំណែក​សំខាន់​ណាស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៃ​ភព​ផែនដី ព្រោះ​ព្រៃឈើ​ដែល​គ្រប​ដណ្តប់លើ​​ផ្ទៃ​ដី​អឺរ៉ុប​ប្រមាណ​៤០% អាច​ស្រូប​ឧស្ម័ន​កាបូនិក​បំពុល​បរិស្ថាន​ បាន​១០% នា​ពេល​សព្វថ្ងៃ​នេះ។ ព្រៃ​ឈើ​​​ជា​អណ្តូង​ធម្មជាតិ​បូម​យក​ឧស្ម័ន​ពុល​ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហភាព​អឺរ៉ុប ចង់​បង្កើត​វិធានមួយ​​ឱ្យ​សមាជិក​សហគម​គ្រប់គ្នា​គោរព​តាម។ ប៉ុន្តែបញ្ហា​នៅ​ត្រង់​ថា ​បណ្តា​ប្រទេស​មាន​ព្រៃឈើ​ច្រើន​ ដូច​យ៉ាង​បារាំង ហ្វាំងឡង់ ចង់​ទាញ​ផល​ចំណេញ​ និង​ធ្វើ​ផលិតកម្មឱ្យ​បាន​ច្រើន​បំផុត​ ពី​ធនធាន​ធម្មជាតិ​មួយ​នេះ ដោយ​មិន​បំផ្លាញ​បរិស្ថាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ការ​តស៊ូ​មតិ​ ត្រូវ​តាន​តឹង​ខ្លាំង។

បង្កើន​ការ​​ធ្វើ​ផលិតកម្ម​ព្រៃ​ឈើ ឬ​ការ​កាប់​ព្រៃឈើ ក៏​ជា​ប្រភព​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិកដែរ។ទំហំ​នៃ​​ការស្រូប​ និង​ទំហំ​នៃ​ការ​បញ្ចេញឧស្ម័ន​កាបូនិក របស់​ព្រៃឈើ ត្រូវ​បាន​គិត​គូរ រហូត​មក​ទល់​នឹង​ពេល​នេះ ដោយ​ផ្អែក​លើ​ពិធីសារ​ក្យូតូ ​ស្តី​ពី​ការ​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ តែ​ពិធី​សារ​នេះ​នឹង​ត្រូវ​អស់​សុពលភាព​នៅ​ឆ្នាំ​២០២០ និងបន្ទាប់​មក​​ត្រូវ​ជំនួស​ដោយ​កិច្ចព្រមព្រៀង​អាកាសធាតុ​​ក្រុង​ប៉ារីស​COP21។

ប៉ុន្តែ​ក្នុងកិច្ច​សន្យា​​របស់​អឺរ៉ុប ស្តីពី​អាកាសធាតុ​និង​ថាមពល គេ​មិន​បានរាប់​​កត់​អត្រា​នៃ​ការ​ស្រូប​និងការ​បញ្ចេញ​ឧស្ម័ន​ពុល​របស់​​វិស័យ​ព្រៃឈើ​ចូល​ទេ បើ​ទោះ​បី​ជា​អឺរ៉ុប​មាន​ផែនការ​កាត់​បន្ថយ​ ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​បាន​យ៉ាង​តិច ៤០%​ នៅ​ឆ្នាំ​២០៣០ បើ​ប្របៀប​ទៅ​កំរិត​ពុល​ឆ្នាំ​១៩៩០​ក៏​ដោយ។

មាន​ន័យ​ថា​សកម្មភាព​ដើម្បី​អាកាសធាតុ​របស់​សហភាព​អឺរ៉ុប មិន​ទាន់​ពេញ​លេញ​ទេ។ បច្ចុប្បន្ន​នេះ អឺរ៉ុប​រំពឹង​តែ​លើ​ដំណោះស្រាយ​​ពីរ​ប៉ុណ្ណោះ។ ទីមួយ ៖ បង្កើត​​ទីផ្សារ​ឧស្ម័ន​កាបូនិក ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ឧស្សាហកម្ម​ (មជ្ឈមណ្ឌល​ថាមពល ឧស្សាហកម្មចម្រាញ់​ប្រេង ស៊ីម៉ង់ ក្រដាស ...) ចំនួន ជាង​១១០០០​ កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែងពុល​ចំនួន​៤៣%​នៅ​ឆ្នាំ​២០៣០។ ទីពីរ គឺ​បង្កើត​ប្រព័ន្ធ​បែង​ចែក​ទំនួល​ខុស​ត្រូវ​ ៖ វិស័យ​ដឹកជញ្ជូន សំណង់ និង​កសិកម្ម ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក ចំនួន​៣០%។

ដើម្បី​​ឱ្យ​សព្វ​ជ្រុងជ្រោយ គណៈកម្មការ​អឺរ៉ុប​ បាន​សម្រេច​ចិត្ត​បញ្ចូលវិស័យ​ព្រៃឈើ​ជា​​ដំណោះស្រាយ​ទី​បី។ អឺរ៉ុប​បាន​បង្ហាញ គម្រោង​ច្បាប់​ កាលពី​ខែ​កក្កដា​២០១៦ និង​ដែល​ត្រូវ​ចាប់​អនុវត្ត​ ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣០ កំណត់​ឱ្យ​វិស័យ​ព្រៃឈើ​នេះ ជា​ប្រភព​គ្មាន​បញ្ចេញ​ឧស្ម័ន​ពុល​សោះ។ ​តុល្យការ​នៃការ​ស្រូប​និង​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ត្រូវ​តែ ​ស្មើ​ ឬ​វិជ្ជមាន​ ស្រូប​ច្រើន​ជាង​បញ្ចេញ មាន​ន័យ​ថា​គេ​អាច​កាប់​ព្រៃ​ឈើ​បានតែ​ក្នុង​កំរិត​ធ្លាប់​ធ្វើ​កាលពី​ឆ្នាំ​១៩៩០-២០០៩។

គឺ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​បារាំង​ជំទាស់​ខ្លាំង។ ព្រោះ​បារាំងចង់​ឱ្យ​អឺរ៉ុប​គិត​ដល់​កម្មវិធី​ជាតិ​នីមួយៗផង។ បារាំង​​ទើប​បាន​កំណត់​កម្មវិធីជាតិ​កាប់​ព្រៃ​ឈើ​ គ្រោង​ដំឡើង​​ពាណិជ្ជកម្ម​ឈើ​ ១២​លាន​ម៉ែត្រ​គូបបន្ថែមពី​លើ​ពាណិជ្ជកម្ម​មាន​ស្រាប់ ក្នុង​មួយ​ឆ្នាំ​ៗ រហូត​ដល់​ឆ្នាំ​២០២៦​ ដោយ​ត្រូវ​កាប់​ព្រៃឈើ​ប្រមាណ​៦៥%​នៃការ​​ដាំដុះបន្ថែម​បន្ត​។ ពោល​គឺ​បើ​ការ​លូតលាស់​ព្រៃ​ធម្មជាតិ​មាន​១០០​ដើម​ គេ​កាប់​ដើម​ចាស់​៦៥ ទល់​នឹង៥០​នា​​ពេលនេះ។ ប្រទេស អូទ្រីស និង​ពិសេស​ហ្វាំងឡង់ ប្រទេស​​លំដាប់​ទីពីរ​ខាង​មាន​ព្រៃឈើ​ច្រើន​ នៅ​អឺរ៉ុប​ក៏​ចង់​ បង្កើន​ការ​កាប់​ព្រៃ​ឈើ​ដែរ​។

សម្រាប់​ក្រុម​ប្រទេស​ទាំង​អស់​នេះ ហេតុផល​នៃ​ការ​បង្កើន​ការ​កាប់​ព្រៃ​ឈើ មិន​មែន​ត្រឹម​តែ​ជា​ការ​ផ្តល់​តម្លៃ​ដល់​ធនធាន​ធម្មជាតិ​ព្រៃឈើ​ដែល​ពួកគេ​មាន​ឡើយ​ តែ​ក៏​​ជា​ចម្លើយ​ស្រប​ទៅ​​ទិស​ដៅ​នៃ​កម្មវត្ថុធ្វើ​​​អន្តរកាល​ថាមពល ឆ្ពោះទៅ​រក​ថាមពល​មិន​ចេះ​រីងស្ងួត។ ចំពោះ​ប្រទេសបារាំង​ ​ជា​ឧទារណ៍ ២០%​នៃ​ឈើកាប់​ ត្រូវ​យក​ទៅ​ប្រើប្រាស់ជា​ថាមពល​សម្រាប់​ដុត​ ជាង​៥០%​​ក្លាយ​ជា​ឈើ​មាន​តម្លៃ ហើយ​សល់​ពី​នោះ​នឹង​ក្លាយ​ទៅ​ជា​ឈើ​បំផ្លែង ឬ​កិន​ធ្វើ​ជា​ក្រដាស ជា​ក្តារ​តុទូ។

បើ​ជា​ការ​កែច្នៃ​ឈើ​ប្រើ​នោះមិន​ថ្វី​ទេ តែការ​យក​ឈើ​មក​ធ្វើ​គ្រឿង​ចំហេះ សម្រាប់ដុត​ ​នោះ​វា​បង្ក​ឱ្យ​មាន​ផ្សែង​​ពុល​បញ្ចេញ​ដោយ​ផ្ទាល់​ពេញ​បរិយាកាស។ ហេតុ​នេះ​ហើយ​បាន​ជា​ អឺរ៉ុប​ត្រូវ​​ព្រួយ​បារម្ភ​នឹង​ការ​កាប់​ព្រៃឈើ ព្រោះ​ការ​ប្រើ​ឈើ​ជា​ថាមពល​ពិត​ជា​​​មិន​ស៊ី​ចង្វាក់​សោះ​នឹង​យុទ្ធ​នាការ​ការពារ​អាកាសធាតុ​។ ក្រុម​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ មិន​ញញើត​នឹង​ធ្វើ​ការ​រិះគន់​យ៉ាង​ចំហ​​នយោបាយ​កាប់​ព្រៃ​ឈើ​របស់​បារាំង​ដែល​មាន​នាម​ជា​អ្នក​នាំ​មុខ​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុទេ ព្រោះ​​នយោបាយ​កាប់​ព្រៃ និងអន្តរកាល​​ថាមពល ​ ដោយ​ពិត​ទៅ​ជា​ការ​​បង្រួម​សកម្មភាព​ដើម្បី​អាកាសធាតុ​​ទៅ​វិញទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ