អានតួអត្ថបទ
បារាំង-ស៊ីរី

បារាំង៖​ដំណោះស្រាយ​វិបត្តិ​ស៊ីរី​មិនត្រូវ​ផ្តោត​លើ​អំណាច​លោក​អាសាដ​ទេ​

ប្រមុខ​ការទូត​បារាំង លោក​ហ្សង់ ម៉ាក អៃរ៉ូល បាន​លើកឡើង​នៅ​ថ្ងៃ​សុក្រ​នេះថា ​ក្នុង​ការ​​ព្យាយាម​​រក​​កិច្ចព្រមព្រៀង​សន្តិភាព​អោយ​ស៊ីរី គេ​មិនត្រូវ​ផ្តោត​លើ​​អំណាច​របស់​ប្រធានាធិបតី​អាសាដ​ទេ។ រដ្ឋាភិបាល​អាមេរិ​កទើបតែ​បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍ ពីជំហរ​មិនផ្តោត​លើអំណាច​របស់​​លោក​អាសាដ​ ​ជាអាទិភាព​​​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​សង្គ្រាម​ស៊ីរី។

ប្រមុខការទូត​បារាំង លោក ហ្សង់ ម៉ាក អៃរ៉ូល
ប្រមុខការទូត​បារាំង លោក ហ្សង់ ម៉ាក អៃរ៉ូល KENA BETANCUR / AFP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​នេះ រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក​ហ្សង់ ម៉ាក អៃរ៉ូល បាន​លើកឡើង​ថា​ គេ​មិនត្រូវ​​ផ្តោត​លើ​លោក​អាសាដទេ ក្នុង​ការ​ព្យាយាម​រក​​កិច្ចព្រមព្រៀង​សន្តិភាព​ស៊ីរី។ វិបត្តិ​សង្គ្រាម​ស៊ីរី ​រ៉ាំរ៉ៃ​មក​ជាង​៦ឆ្នាំហើយ ហើយ​កន្លងមក​ បារាំង​តែង​ទាមទារ​អោយ​លោក​អាសាដ​ចេញ​ពី​អំណាច​ មុន​មាន​នយោបាយ​អន្តរកាល​ស៊ីរី។

ប្រមុខ​ការទូត​បារាំង​លើកឡើង​ថា៖ ​ការរក្សា​ទុក​អំណាច​អោយ​លោក​អាសាដ មិនមែន​ជា​សំណួរ​ដែល​​ត្រូវ​ចោទ​ឡើង​ទេ។ ​តែ​គេត្រូវ​ចោទសួរទៅវិញ​​ថា តើ​សហគមន៍​អន្តរជាតិ​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួនដែរទេ?

ថ្ងៃសុក្រ​នេះ ​បានលោក​​ ហ្សង់​ ​ម៉ាក អៃរ៉ូល ​​ទៅដល់​ក្រុងព្រុចសែល ​​ចូលរួ​មជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេសរបស់​​អង្គការ​អូតង់។ ប្រមុខការទូត​បារាំង​​គូសបញ្ជាក់​​​ថា ក្នុង​ឱកាស​ជំនួប​នេះ ​លោក​នឹង​ឆ្លៀត​សួរ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក រិច ធីលឡឺសាន់ ​អោយ​បំភ្លឺ​​​ពី​ជំហរ​អាមេរិក​ ចំពោះ​កិច្ចការ​​​មួយចំនួន​ ដូចជា​ថ្លៃចាយវាយ​យោធា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម រឺ​ក៏​អន្តរកាល​នយោបាយ​ស៊ីរី​ជាដើម។ សម្រាប់​បារាំង គេមិនត្រូវ​​គិត​តែ​ពិ​ផ្នែក​យោធាទេ។ គេ​ត្រូវ​គិតពី​​ការចរចា​នយោបាយ​ សម្រាប់​អន្តរកាល​ស៊ីរី ​អោយ​សម​ស្របតាម​សេចក្តីសម្រេច​របស់​​អង្គការ​សហប្រជាជាតិ ​ខែធ្នូ ឆ្នាំ​២០១៥ដែរ។ ​ សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​​ឆ្នាំ២០១៥ ចែង​ពី​ការ​ចរចា​រ​វាង​ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​ស៊ីរី ពី​បទឈប់បាញ់ ពី​រដ្ឋាភិបាល​អន្តរកាល​ និង​ការបោះឆ្នោត។

ជំហរ​របស់​​បារាំងលែងផ្តោតលើ​អំណាច​លោក​អាសាដ នៅ​ស៊ីរី​ ​ពេលនេះ គឺ​​ដើរស្រប​ទៅនឺង​​ជំហរ​របស់​​អាមេរិក​ដែរ។ អាមេរិក​ទើបបាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា​លែង​ផ្តោត​អាទិភាព​លើ​អំណាច​របស់​លោក​អាសាដ​តទៅទៀត ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​វិបត្តិ​ស៊ីរី។ តំណាង​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ លោកស្រី នីគី ហាឡី ថែមទាំង​បាន​លើកឡើង​ទៀតថា ​អាមេរិក​ចង់ធ្វើការ​ជាមួយ​​តួកគី និង​រុស្ស៊ី ដើម្បី​រក​ដំណោះស្រាយ​នយោបាយយូរអង្វែង​​សម្រាប់​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ