អានតួអត្ថបទ
អូតង់-សហរដ្ឋអាមេរិក

អាមេរិក​ចាក់ដោល​ឲ្យ​អឺរ៉ុប​បង្កើន​ថវិកា​សម្រាប់​ចំណាយ​យោធា​អូតង់

ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អូតង់​បង្កើន​ថវិកា​សម្រាប់​ចំណាយ​យោធា​របស់​អូតង់ គឺ​ជាទិសដៅ ដែល​ប្រមុខការបរទេស​អាមេរិក​បាន​កំណត់ តាំង​ពី​មិនទាន់​បាន​ដាក់​ជើង​ជាន់​ទីស្នាក់ការ​អង្គការ​អូតង់ នៅ​ទីក្រុង​ព្រុចសែល។ នៅ​ថ្ងៃ​សុក្រទី ៣១​មីនា នៅក្នុង​ឱកាស​ជំនួបប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​អូតង់ លោក​រដ្ឋមន្រ្តី​ការបរទេស​រេច ធីល័រសុន បាន​បញ្ជាក់​ប្រាប់​ផងទៀត ឲ្យ​ប្រទេស​សមាជិក​អូតង់​ផ្សេងទៀត គោរព​តាម​ការសន្យា គឺ​បង់​វិភាគទាន​របស់​ខ្លួន ប្រមាណ ២ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ទៅក្នុង​កេស​ចំណាយ​យោធា​របស់​អូតង់។

រដ្ឋមន្រ្តី​ការបទេស​អាមេរិក លោក​រេច ធីល័រសុន នៅ​កិច្ចប្រជុំ​អូតង់ ថ្ងៃ​សុក្រ​ទី ៣១ មីនា ២០១៧
រដ្ឋមន្រ្តី​ការបទេស​អាមេរិក លោក​រេច ធីល័រសុន នៅ​កិច្ចប្រជុំ​អូតង់ ថ្ងៃ​សុក្រ​ទី ៣១ មីនា ២០១៧ REUTERS/Virginia Mayo/Pool
ផ្សាយពាណិជ្ជកម្ម

នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចស៊ែល រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​មាន​សារ​ច្បាស់លាស់ ដែល​ត្រូវ​ប្រកាស​ប្រាប់​ប្រទេស​សមាជិក​អូតង់។ ចាប់​ពីពេល​នេះ រហូត​ដល់​ដំណាច់ឆ្នាំ ប្រទេស​សមាជិក​ទាំង​អស់​របស់​អង្គការ​សម្ព័ន្ធ​អូតង់ ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​របស់ខ្លួន ឬ​ដាក់​ចេញ​កម្មវិធី​ដែល​អាច​ឲ្យ​គេ​គោរព ធ្វើ​តាម​ការសន្យា​ក្នុង​ការបង់ប្រាក់​វិភាគទាន​សម្រាប់​ចំណាយ​យោធា​របស់​អូតង់។ “ប្រទេស​ដែល​មិនទាន់​មាន​កម្មវិធី​ច្បបាស់លាស់ ត្រូវ​តែ​រៀបចំ​ចាប់ពី​ពេល​នេះ​ទៅ ចំណែក​ប្រទេសដែល​មាន​កម្មវិធី រួចហើយ ត្រូវ​តែ​ប្រឹងប្រែង​សម្រេច​គោលដៅ ដើម្បី អាច​បង់​ប្រាក់​២ភាគរយ​នៃផលិតផល​ក្នុង​ស្រុក​សរុប PIB​របស់ខ្លួន​ទៅ​ឲ្យ​អូតង់” នេះ​ជាការទាមទារ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក។

 

នៅ​ចំពោះមុខ​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​អូតង់​ដទៃទៀត លោក​រេច ធីល័រសុន បាន​ថ្លែង​ចង់​ឲ្យ​មេដឹកនាំ​ប្រទេស​សមាជិក​អូតង់ បង្ហាញ​ឆន្ទះ​សម្រេច​ឲ្យ​បាន​គោលដៅ​នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អូតង់ ដែល​មាន​លោកដូណាល់ ត្រាំ​ចូលរួម នៅ​ថ្ងៃ​ទី ២៥​ឧសភា​ខាងមុខ។

 

ប្រធានាធិបតី​ថ្មី របស់​អាមេរិក លោកដូណាល់ ត្រាំ ធ្លាប់​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ភ័យ​ព្រួយ នៅពេល​លោក​បាន​និយាយ ចាត់ទុក​អូតង់​ថា ជាអង្គការ​ហួសសម័យ។ លោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​បរិហារ​ពី​បន្ទុក​ចំណាយ​ធ្ងន់ ដែល​អាមេរិក​បង់​ទៅ​ឲ្យ​អូតង់ ធ្លាប់​បាន​ពន្លយ​ថា អាមេរិក​នឹង​ជួយ​គាំទ្រ​តែប្រទេស​ណា​ដែល​បាន​បង់​ប្រាក់​គ្រប់គ្រាន់ ២ភាគរយ​នៃ PIB ទៅ​ឲ្យ​អូតង់​តែប៉ុណ្ណោះ។

 

អាមេរិក​ទទួល​បន្ទុក រ៉ាប់រង ប្រមាណ ៧០ភាគរយ​នៃ​ថវិកា​យោធា​សរុប​របស់​អូតង់។ តាម​របាយការណ៍​របស់​អូតង់ ចេញផ្សាយ​នៅ​ខែ​មីនានេះ អាមេរិក​បាន​វិភាគទាន​ប្រាក់​ប្រមាណ ជាង ៦៧៩​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៦ ពោល​គឺ​៣ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក។ តាំង​ពី​មុន​រដ្ឋបាល​លោក​ដូណាល់ ត្រាំ អាមេរិក​បានតវ៉ា ពីរឿង​បង់ថវិកា មិន​ស្មើភាពគ្នា ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង​២៨​របស់អូតង់។ រហូតមកដល់​ពេលនេះ ក្រៅតែ​ពី​អាមេរិក មាន​ប្រទេស​អឺរ៉ុប​ចំនួន​៤​ប៉ុណ្ណោះ គឺ​ក្រិក ប៉ូឡូញ អង់គ្លេស និង​អេស្តូនី ដែល​បាន​គោរព​តាម​កាតព្វកិច្ច គឺ​បង់​២ភាគរយ​នៃ​PIB​របស់ខ្លួន។ បារាំង អាល្លឺម៉ង់ កាណាដា ជាដើម​បាន​បង់​ប្រមាណ​តែ ជាង ១​ភាគរយ នៃ​PIB ក្នុង​ពេល​ដែល​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​លែង​គិតគូរ ចង់​បន្ថែម​វិភាគទាន​ក្នុង​កេសយោធា​អូតង់ តាំង​ពី​ឆ្នាំ ២០០០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ