អានតួអត្ថបទ
រុស្ស៊ី​

នៅ​រុស្ស៊ី​ ស្លាប់​១១នាក់​​ដោយ​មកពី​ការ​ផ្ទុះ​ក្នុង​មេត្រូ​ក្រុង​Saint-Petersbourg​

នៅ​វេលាម៉ោង​២​និង​៤០នាទី រសៀល​ម្សិលមិញ ក្នុង​មេត្រូ​ក្រុងធំ​ទី២​នៅរុស្ស៊ី គឺ​ក្រុង​ទេសចរណ៍ Saint-Petersbourg ស្រាប់តែ​មាន​លាន់សូរ​ផ្ទុះគ្ឌាំង ក្នុង​ទូ​មួយនៃ​រថភ្លើង​បើក​ក្រោមដី បណ្តាលឲ្យ​ស្លាប់​អ្នកដំណើរ​អស់១១នាក់ និង​របួស​៤៥នាក់។ លោក​ប្រធានាធិបតី​ពូទីន​បាន​ថ្លែងថា ការផ្ទុះ​នេះ អាចជា​ទង្វើ​សងសឹក​គ្នា​រវាង​ក្រុមឧក្រិដ្ឋជន​រហូត​ដល់​ភេរវកម្ម។ ចំណែក​ស្ថាប័នជាតិ​ខាង​អង្កេត​បាន​កសាង​ទៅហើយ​សំណុំរឿង​តាម​ប្រការ​ភេរវកម្ម។ អាជ្ញាធរ​ទើប​ប្រកាស​ស្វែងរក​ចាប់ខ្លួន​ជន​ជាប់សង្ស័យ​ពីរនាក់។ រីឯ​បស្ចិមលោក ទោះបី​បាន​ដាក់​ទណ្ឌកម្ម រុស្ស៊ី​ក្តី ក៏​នាំគ្នា​សំដែង​ការ​រួមមរណទុក្ខ​មកកាន់​ក្រុង​ម៉ូស្គូ​ដែរ។  

ក្រុមសង្គ្រោះ​នៅ​ស្ថានីយ​រថភ្លើង ក្រុង​​Saint-Petersbourg​
ក្រុមសង្គ្រោះ​នៅ​ស្ថានីយ​រថភ្លើង ក្រុង​​Saint-Petersbourg​ REUTERS/Anton Vaganov
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ឲ្យដឹង​នៃ​គណៈ​កម្មាធិការជាតិ​ប្រឆាំង​ភេរវកម្ម NAK ពីក្នុង​ចំណោម​អ្នកស្លាប់​១១នាក់​នោះ ៧នាក់​ស្លាប់​នៅនឹង​កន្លែងផ្ទុះ ម្នាក់​ស្លាប់​ក្នុង​រថយន្ត​គិលានសង្គ្រោះ ៣នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ។ ដោយ​មកពី​សោកនាដកម្ម​នេះ សាលា​ក្រុង Saint-Petersbourg ប្រកាស​កាន់ទុក្ខ​៣ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ និង​រំលែក​ប្រាក់ជំនួយ​ដល់​គ្រួសារ​អ្នកស្លាប់​ម្នាក់ៗ​១លានរូប្ល ឬ​១ម៉ឺន​៧ពាន់​៥រយ​ដុល្លារ អ្នក​របួស​ធ្ងន់ ៥សែន​រូប្ល ឬ​ជិត​៨.៨០០​ដុល្លារ អ្នក​របួស​ស្រាល ២សែន​៥ម៉ឺន​រូប្ល ឬ​ជិត​៤.៤០០ដុល្លារ។  

គឺ​នៅម៉ោង​២​និង៤០នាទី​រសៀល​ថ្ងៃ៣មេសា​ម្សិលមិញ ពេល​ដែល​ក្បួនរថភ្លើង​មេត្រូ ផ្សំឡើង​ពីទូ​ជិះដោយ​អ្នក​ដំណើរ​ចំនួន​៨ទូ​កំពុង​បើកតាម​ខ្សែផ្លូវ​មួយ​នៃ​បណ្តាញ​ផ្លូវ​មេត្រូ​ក្រោមដី ស្រាប់តែ​មាន​លាន់សូរ​ផ្ទុះគ្ឌាំង ក្នុង​ទូទី៣ រាប់ពី​ក្បាល​ទៅ បណ្តាល​ឲ្យទ្វា​ទូ​នោះ​រយះ​ដាច់ដោច​មើលលែង​ស្គាល់។។ គឺតែ​ក្នុងទូ​នេះឯង​ដែល​មាន​អ្នកធ្លាក់​ខ្លួន​ស្លាប់​និង​របួស។ ក្នុង​ទូទី២​និង​ទី៤​នៅ​ជិតខាង ឥតមាន​អ្នក​រងគ្រោះ​ទេ។ ជា​ការ​សម្គាល់ ទោះបី​ដឹងថា មាន​ការផ្ទុះ​នេះ​ក្តី ក៏​អ្នក​បើក​ក្បួន​រថភ្លើង​នោះ​សម្រេចចិត្ត​មិន​បញ្ឈប់​ដំណើរ​រត់ទៅ​មុខ​របស់​វា នៅក្នុង​រូង​ឧម្មង្គ​ឡើយ ហើយ​ក៏ខំ​បើកវា​លុះ​រហូត​ដល់​ស្ថានីយ​ដែល​ត្រូវ​ឈប់ ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​សង្គ្រោះ។ ពិតជា​ឥរិយាបថ​នេះ ដែលបាន​ទទួលនូវ​ការ​ស្ងើច​សរសើរ​ពី​ខាង​ក្រុមអង្កេត។ អន្តរាគមន៍​នៃ​ក្រុម​សង្គ្រោះ​បាន​ជម្លៀស​ជា​បន្ទាន់ អ្នកដំណើរ​១.២០០នាក់ ក្នុង​ក្បួន​រថភ្លើង​នោះ តាម​ជណ្តើរយន្ត​បាន​មកដល់​លើ​ដី។

ស្របនឹង​តឹកតាង​បង្ហាញ​ដោយ​សាក្សី​ដែល​នៅរស់ មាន​អ្នកដំណើរ​ម្នាក់​បាន​ធ្វើជា​ភ្លេចយក​តាមខ្លួន ការតាប​មួយ​ដែល​គាត់​បានដាក់​នៅក្បែរ​ជើង​គាត់ ហើយ​ពេល​រថភ្លើង​ឈប់​នៅនឹង​ស្ថានីយ​មួយ​មុននោះ គាត់​ក៏​បាន​ដើរចេញ ហើយ​ឆ្លង​ទៅ​ជិះ​ក្នុងទូ​មួយផ្សេង​នៅ​ជាប់​នឹងទូ​នោះ។ គឺ​កាតាប​នោះឯង​ដែល​បាន​ផ្ទុះ។
សំអាង​លើ​រូបភាព​ថតបាន​ដោយ​កាមេរ៉ា​ក្នុង​មេត្រូ អាជ្ញាធរ​បាន​ប្រកាស​រក​ចាប់ខ្លួន​ជន​ជា​ម្ចាស់​ការតាប។  
ម្សិលមិញ​ដដែល ក៏មាន​រកឃើញ​គ្រឿងផ្ទុះ​ច្នៃ​ខ្លួនឯង​ដែរ ក្នុង​ស្ថានីយ​មួយទៀត​នៃ​ក្រុងនោះ ព្រម​ទាំងមាន​ថត​បានដែរ រូប​ម្ចាស់វា​ដែល​ក៏ត្រូវ​អាជ្ញាធរ​ប្រកាស​ស្វែងរក​ចាប់ខ្លួន។

មេត្រូ​ក្រុង Saint-Petersbourg ជាប់​លេខ៤ ដោយ​ដឹក​អ្នកដំណើរ​ក្នុង​១ថ្ងៃៗ​បាន​ជាង​២លាន​នាក់ ស្ថិត​នៅ​ពីក្រោយ​ក្រុងម៉ូស្គូ ប៉ារីស និង​ឡុងដ្រ៏។

ក្រោយពី​ការផ្ទុះ​នៅក្រុង ជា​អតីត​រាជធានី​រុស្ស៊ី អាជ្ញាធរ​រឹតបន្តឹង​វិធានការ​ធានា​សន្តិសុខ​នៅតាម​គ្រប់​អាកាសយានដ្ឋាន​និង​ស្ថានីយ​រថភ្លើង។

ចំណែក​ស្ថានទូត​ស.រ.អា.ប្រចាំ​ក្រុងម៉ូស្គូ​នឹង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោកស្រី Federica Mogherini តាងនាម​ឲ្យ​២៧ប្រទេស​សហភាពនេះ ទោះបី​នៅ​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្តី ក៏​នាំគ្នា​សំដែង​ការរួម​មរណទុក្ខ និង​សាមគ្គីភាព​ជាមួយ​រុស្ស៊ី​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ