អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​វិបត្តិស៊ីរី​បន្ត​ជា​ប្រភព​តានតឹង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​កំពុង​ឡើង​តានតឹង​ដល់​កំពូល។ ភាព​តានតឹង​បាន​កើត​មាន​ឡើង បន្ទាប់​ពី​អាមេរិក​បាន​សម្រេចចិត្ត​បើក​ការ​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី​កាល​ពី​ថ្ងៃ​សុក្រ ទី៧ មេសា។ ទីក្រុង​វ៉ាស៊ីនតោន​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ជា​ការ​ព្រមាន​របប​ក្រុង​ដាម៉ាស់​ដែល​បាន​ប្រើ​អាវុធគីមី​ជា​ថ្មី​សម្លាប់​ពលរដ្ឋ​ខ្លួន​នា​ថ្ងៃ​អង្គារ ទី៤ មេសា។ តែ​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ចាត់​ទុក​អន្តរាគមន៍​របស់​អាមេរិក​ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យភាព​ស៊ីរី និង​ព្រមាន​សងសឹក​ប្រឆាំង​អាមេរិក​វិញ។ ហេតុអ្វី​បាន​ជា​វិបត្តិ​ស៊ីរី​បន្ត​ជា​ប្រភព​តានតឹង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ ពិសេស​រវាង​រុស្ស៊ី និង​អាមេរិក?

លោក Rex Tillerson ប្រមុខ​ការទូត​អាមេរិក
លោក Rex Tillerson ប្រមុខ​ការទូត​អាមេរិក REUTERS/Joe Skipper
ផ្សាយពាណិជ្ជកម្ម

៥ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​រវាង​របប​ទីក្រុង​ដាម៉ាស់​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​អាសាដ និង​ក្រុមប្រឆាំង។ សង្រ្គាម​ស៊ីវិល​រយៈពេល ៥ឆ្នាំ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣០ម៉ឺននាក់ និង​មាន​ជនភៀសខ្លួន​ចំនួន ៥លាននាក់។ ៥ឆ្នំា​ក្រោយ​មក លោក​អាសាដ​កំពុង​បន្ត​តោន​អំណាច​យ៉ាង​ស្អិត រីឯ​ក្រុមប្រឆំាង​ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ការ​តស៊ូ​ផ្លូវអាវុធ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់។ ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ​ក៏​ចេះ​តែ​បន្ត​ប្រឹងប្រែង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ជាមួយ​នឹង​ក្តីសង្ឃឹម​កាន់​តែ​ស្តួចស្តើង​ទៅៗ។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​នៅ​ពេល​នេះ​គឺ​ថា តើ​សហគមន៍​អន្តរជាតិ​ពិត​ជា​មាន​ឆន្ទៈ​ចង់​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី ឬ​អត់?។ ចម្លើយ គឺ​មាន តែ​បញ្ហា​នៅ​ត្រង់​ថា សហគមន៍​អន្តរជាតិ​ខ្លួន​ឯង​នៅ​មិន​ទាន់​បាន​ឯកភាព​គ្នា​ឲ្យ​បាន​ដាច់​ស្រឡះ​ក្នុង​ការ​កំណត់​ប្រភព​ជម្លោះ និង​ផ្លូវ​ដំណោះស្រាយ។ នៅ​ម្ខាង គឺ​មាន​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដែល​ចេញ​មុខ​គាំទ្រ​ក្រុមប្រឆាំង និង​មាន​បំណង​កំចាត់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ចេញ​ពី​អំណាច។ ក្រុម​នេះ​បាន​យល់​ឃើញ​ថា អនាគត​ស៊ីរី​មិន​អាច​មាន​វត្តមាន​លោក​អាសាដ​ទេ។

ចំណែក​នៅ​ម្ខាង​ទៀត គឺ​មាន​រុស្ស៊ី និង​ក្រុមសម្ព័ន្ធមិត្ត​គ្រាក់ៗ​ក្នុង​តំបន់ ពិសេស​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​ដែល​បាន​ចេញ​មុខ​គាំទ្រ​លោក​អាសាដ​ផ្កាប់​មុខ។ ក្រុម​នេះ​បាន​យល់​ឃើញ​ថា លោក​អាសាដ​នៅ​ជា​តួអង្គ​នយោបាយ​មួយ​មិន​អាច​ខ្វះ​បាន​ទេ​សម្រាប់​រាល់​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។ ឃើញ​ថា​វិល​ចុះ វិល​ឡើង សហគមន៍​អន្តរជាតិ​នៅ​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា​លើ​អនាគត​បុគ្គល​អាសាដ។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា បុគ្គល​អាសាដ​ពិត​ជា​ឥស្សរជន​ដែល​អាមេរិក រុស្ស៊ី និង​អ៊ីរ៉ង់​នាំ​គ្នា​ឲ្យ​តម្លៃ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់។

តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា បុគ្គល​អាសាដ​គ្រាន់​ជា​ឥស្សរជន​ស៊ីរី​ម្នាក់​ដែល​អាមេរិក រុស្ស៊ី និង​អ៊ីរ៉ង់​យក​ធ្វើ​ជា​លេស​ដើម្បី​ប្រជែង​កម្លាំង​គ្នា​តែ​ប៉ុណ្ណោះ។ រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច រួម​ទាំង​ចលនា​ហេស្បូឡាលីបង់​ពិត​ជា​មិន​ចង់​ឃើញ​អាមេរិក​លូក​ដៃ​ជ្រៅ​នៅ​ក្នុង​វិបត្តិ​ស៊ីរី​ទាល់​តែ​សោះ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា វិបត្តិ​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​កំពុង​ចិញ្ចឹម​ភាព​តានតឹង​រវាង​អាមេរិក និង​រុស្ស៊ី រួម​ទាំង​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ពិត​ណាស់​ថា ការ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​ស៊ីរី​នា​ថ្ងៃ​សុក្រ ទី៧ មេសា ក៏​ដោយសារ​តែ​អាមេរិក​ចោទ​លោក​អាសាដ​ពី​បទ​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​កាល​ពី​ថ្ងៃ​អង្គារ ទី៤ មេសា។

បន្ទាប់​មក រដ្ឋបាល​របស់​លោកត្រាំ​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​សភា​អំពី​ចំណាត់ការ​ផ្សេង​ទៀត​ដែល​នឹង​អាច​ធ្វើ​ឡើង​ប្រឆាំង​របប​ស៊ីរី​របស់​លោក​អាសាដ។ តែ​បញ្ហា​នៅ​ត្រង់​ថា កាយវិការ​អត្តនោម័តិ​របស់​លោក​ត្រាំ​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី និង​អ៊ីរ៉ង់​សប្បាយ​ចិត្ត​សោះ​ឡើយ។ កម្លាំង​ប្រតិបត្តិការ​រួម​គ្នា​ដែល​ប្រមូល​ផ្តុំ​ដោយ​រុស្ស៊ី អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​ស៊ីរី​បាន​បញ្ជាក់​នៅ​ក្នុង​ប្រកាស​ព័ត៌មាន​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ពួក​គេ​នឹង​ចាត់​វិធានការ​សងសឹក​លើ​គ្រប់​ទង្វើ​ឈ្លានពាន​ប្រទេស​ស៊ីរី។ កម្លាំង​ប្រតិបត្តិការ​រួម​បាន​ចាត់​ទុក​អន្តរាគមន៍​យោធា​របស់​អាមេរិក​លើ​ស៊ីរី​ថា ជា​ការ​បំពាន​លើ​ខ្សែបន្ទាត់​ក្រហម​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។

ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី​បាន​ចេញ​មុខ​គាំទ្រ​ជា​ថ្មី​ចំពោះ​សមភាគី​ស៊ីរី​លោក​អាសាដ និង​បាន​ថ្កោលទោស​លើ​ទង្វើ​វាយប្រហារ​របស់​អាមេរិក។ សម្រាប់​លោក​រ៉ូហានី លោក​អាសាដ​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​ទេ។ ទន្ទឹម​គ្នា​នេះ មេបញ្ជាការ​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់​ក៏​បាន​ចេញ​មុខ​អះអាង​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​យុទ្ធនាការ​យោធា​រួម​គ្នា​ដើម្បី​គាំទ្រ​លោក​អាសាដ​រហូត​កម្ទេច​ពួក​ភេរវជន និង​ក្រុមអ្នកគាំទ្រ​បាន​ទាំង​ស្រុង។ ឃើញ​ថា វិបត្តិ​ស៊ីរី​បាន​ឈាន​មក​ដល់​ផ្លូវ​របត់​មួយ​ដែល​អាមេរិក និង​សម្ព័នមិត្ត​ស៊ីរី មាន​រុស្ស៊ី អ៊ីរ៉ង់ ព្រម​ទាំង​ចលនា​ហេស្បូឡាលីបង់​កំពុង​ដំឡើង​ធ្មង់ ញេញ​ធ្មេញ​ដាក់​គ្នា។

ការ​កំញើញ​ដាក់​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី​ក្នុង​វិបត្តិ​ស៊ីរី​ពេល​នេះ​បាន​កើត​មាន​ឡើង ២ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ក្នុង​ប្រទេស​រុស្ស៊ី។ លោក Tillerson បាន​ចោទ​ជា​សំណួរ​មុន​ដាក់​ជើង​ជាន់​ទឹកដី​រុស្ស៊ី​ថា តើ​ទំនាក់ទំនង​របៀប​ណា​ដែល​រុស្ស៊ី​ចង់​មាន​ជាមួយ​អាមេរិក ព្រម​ទាំង​ចង់​ដឹង​ពី​បំណង​ពិត​របស់​រុស្ស៊ី​ចំពោះ​ប្រទេស​ស៊ីរី។ តាម​លោក Tillerson លោក​មិន​បាន​គិត​ថា​រុស្ស៊ី​ចង់​មាន​ទំនាក់ទំនង​ល្អក់​កករ​ជាមួយ​អាមេរិក​ទេ តែ​គេ​ត្រូវ​មាន​កិច្ចចរចា និង​កិច្ចសន្ទនា​ច្រើន​ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​ទំនាក់ទំនង​ដែល​រុស្ស៊ី​ចង់​មាន​ជាមួយ​អាមេរិក។

តើ​ពាក្យសម្តី​របស់​លោក Tillerson របៀប​នេះ ជា​ការ​និយាយ​ដៀមដាម​ដាក់​រុស្ស៊ី ឬ​មួយ​ក៏​ជា​សម្តី​ពិត​ដែល​លោក Tillerson ទទួល​ស្គាល់​ថា កង្វះ​កិច្ចសន្ទនា​ត្រង់​ទៅ​ត្រង់​មក​ដោយ​ភាព​ស្មោះត្រង់ និង​ការ​មិន​ទុក​ចិត្ត​គ្នា​ជា​ដើមចម​នៃ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​មូស្គូ។ សម្រាប់​រុស្ស៊ី​គឺ​ច្បាស់ណាស់ សម្តី​របស់​លោក Tillerson ដូច​នេះ​ជា​ការ​និយាយ​ឌឺដង​បញ្ឈិតបញ្ឈៀង​ដាក់​ខ្លួន​ក្នុង​ន័យ​ថា រុស្ស៊ី​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​អូសបន្លាយ​វិបត្តិ​នៅ​ស៊ីរី។ ជា​ផ្លូវការ រុស្ស៊ី​មិន​ទាន់​ឆ្លើយ​តប​អ្វី​ទេ និង​ប្រហែល​ជា​រង់ចាំ​ឆ្លើយ​ចំ​មុខ​លោក Tillerson ក្នុង​ពេល​លោក​មាន​វត្តមាន​នៅ​មូស្គូ​ក្នុង​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ