ហេតុអ្វីបានជាវិបត្តិស៊ីរីបន្តជាប្រភពតានតឹងរវាងអាមេរិក និងសម្ព័ន្ធមិត្តរបស់លោកអាសាដ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៦
ទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីស៊ីរីអាសាដកំពុងឡើងតានតឹងដល់កំពូល។ ភាពតានតឹងបានកើតមានឡើង បន្ទាប់ពីអាមេរិកបានសម្រេចចិត្តបើកការវាយប្រហារលើមូលដ្ឋានទ័ពស៊ីរីកាលពីថ្ងៃសុក្រ ទី៧ មេសា។ ទីក្រុងវ៉ាស៊ីនតោនបានលើកយកហេតុផលទៅពន្យល់ថា ជាការព្រមានរបបក្រុងដាម៉ាស់ដែលបានប្រើអាវុធគីមីជាថ្មីសម្លាប់ពលរដ្ឋខ្លួននាថ្ងៃអង្គារ ទី៤ មេសា។ តែក្រុមសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីស៊ីរីអាសាដបានចាត់ទុកអន្តរាគមន៍របស់អាមេរិកជាការរំលោភបំពានលើអធិបតេយ្យភាពស៊ីរី និងព្រមានសងសឹកប្រឆាំងអាមេរិកវិញ។ ហេតុអ្វីបានជាវិបត្តិស៊ីរីបន្តជាប្រភពតានតឹងរវាងអាមេរិក និងសម្ព័ន្ធមិត្តរបស់លោកអាសាដ ពិសេសរវាងរុស្ស៊ី និងអាមេរិក?
៥ឆ្នាំមកហើយដែលប្រទេសស៊ីរីបានធ្លាក់ក្នុងវិបត្តិហែកហួរគ្នារវាងរបបទីក្រុងដាម៉ាស់ដឹកនាំដោយលោកប្រធានាធិបតីអាសាដ និងក្រុមប្រឆាំង។ សង្រ្គាមស៊ីវិលរយៈពេល ៥ឆ្នាំដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ៣០ម៉ឺននាក់ និងមានជនភៀសខ្លួនចំនួន ៥លាននាក់។ ៥ឆ្នំាក្រោយមក លោកអាសាដកំពុងបន្តតោនអំណាចយ៉ាងស្អិត រីឯក្រុមប្រឆំាងហាក់គ្មានជម្រើសអ្វីក្រៅពីបន្តការតស៊ូផ្លូវអាវុធដោយគ្មានគោលដៅច្បាស់លាស់។ ទន្ទឹមគ្នានេះ សហគមន៍អន្តរជាតិក៏ចេះតែបន្តប្រឹងប្រែងស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយជាមួយនឹងក្តីសង្ឃឹមកាន់តែស្តួចស្តើងទៅៗ។
សំណួរដែលគ្រប់គ្នាកំពុងចោទសួរនៅពេលនេះគឺថា តើសហគមន៍អន្តរជាតិពិតជាមានឆន្ទៈចង់បញ្ចប់វិបត្តិនៅស៊ីរី ឬអត់?។ ចម្លើយ គឺមាន តែបញ្ហានៅត្រង់ថា សហគមន៍អន្តរជាតិខ្លួនឯងនៅមិនទាន់បានឯកភាពគ្នាឲ្យបានដាច់ស្រឡះក្នុងការកំណត់ប្រភពជម្លោះ និងផ្លូវដំណោះស្រាយ។ នៅម្ខាង គឺមានអាមេរិក និងក្រុមសម្ព័ន្ធមិត្តអន្តរជាតិដែលចេញមុខគាំទ្រក្រុមប្រឆាំង និងមានបំណងកំចាត់លោកប្រធានាធិបតីស៊ីរីអាសាដចេញពីអំណាច។ ក្រុមនេះបានយល់ឃើញថា អនាគតស៊ីរីមិនអាចមានវត្តមានលោកអាសាដទេ។
ចំណែកនៅម្ខាងទៀត គឺមានរុស្ស៊ី និងក្រុមសម្ព័ន្ធមិត្តគ្រាក់ៗក្នុងតំបន់ ពិសេសអ៊ីរ៉ង់ និងចលនាហេស្បូឡាលីបង់ដែលបានចេញមុខគាំទ្រលោកអាសាដផ្កាប់មុខ។ ក្រុមនេះបានយល់ឃើញថា លោកអាសាដនៅជាតួអង្គនយោបាយមួយមិនអាចខ្វះបានទេសម្រាប់រាល់ដំណោះស្រាយឲ្យវិបត្តិស៊ីរី។ ឃើញថាវិលចុះ វិលឡើង សហគមន៍អន្តរជាតិនៅបន្តនិយាយមិនចុះសម្រុងគ្នាលើអនាគតបុគ្គលអាសាដ។ បើគេមើលមួយភ្លែតទៅឃើញថា បុគ្គលអាសាដពិតជាឥស្សរជនដែលអាមេរិក រុស្ស៊ី និងអ៊ីរ៉ង់នាំគ្នាឲ្យតម្លៃ និងយកចិត្តទុកដាក់ខ្លាំងណាស់។
តែបើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា បុគ្គលអាសាដគ្រាន់ជាឥស្សរជនស៊ីរីម្នាក់ដែលអាមេរិក រុស្ស៊ី និងអ៊ីរ៉ង់យកធ្វើជាលេសដើម្បីប្រជែងកម្លាំងគ្នាតែប៉ុណ្ណោះ។ រុស្ស៊ី និងអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច រួមទាំងចលនាហេស្បូឡាលីបង់ពិតជាមិនចង់ឃើញអាមេរិកលូកដៃជ្រៅនៅក្នុងវិបត្តិស៊ីរីទាល់តែសោះ។ អ៊ីចឹងហើយបានជាគេសង្កេតឃើញថា វិបត្តិនៅមជ្ឈិមបូព៌ាមួយនេះកំពុងចិញ្ចឹមភាពតានតឹងរវាងអាមេរិក និងរុស្ស៊ី រួមទាំងរវាងអាមេរិក និងអ៊ីរ៉ង់។ ពិតណាស់ថា ការដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានវាយប្រហារលើមូលដ្ឋានយោធាស៊ីរីនាថ្ងៃសុក្រ ទី៧ មេសា ក៏ដោយសារតែអាមេរិកចោទលោកអាសាដពីបទបានប្រើអាវុធគីមីសម្លាប់ជនស៊ីវិលកាលពីថ្ងៃអង្គារ ទី៤ មេសា។
បន្ទាប់មក រដ្ឋបាលរបស់លោកត្រាំក៏បានបញ្ជាក់ប្រាប់ទៅសភាអំពីចំណាត់ការផ្សេងទៀតដែលនឹងអាចធ្វើឡើងប្រឆាំងរបបស៊ីរីរបស់លោកអាសាដ។ តែបញ្ហានៅត្រង់ថា កាយវិការអត្តនោម័តិរបស់លោកត្រាំពេលនេះមិនបានធ្វើឲ្យរុស្ស៊ី និងអ៊ីរ៉ង់សប្បាយចិត្តសោះឡើយ។ កម្លាំងប្រតិបត្តិការរួមគ្នាដែលប្រមូលផ្តុំដោយរុស្ស៊ី អ៊ីរ៉ង់ និងចលនាហេស្បូឡាលីបង់មានមូលដ្ឋានក្នុងទឹកដីស៊ីរីបានបញ្ជាក់នៅក្នុងប្រកាសព័ត៌មានថា ចាប់ពីពេលនេះតទៅ ពួកគេនឹងចាត់វិធានការសងសឹកលើគ្រប់ទង្វើឈ្លានពានប្រទេសស៊ីរី។ កម្លាំងប្រតិបត្តិការរួមបានចាត់ទុកអន្តរាគមន៍យោធារបស់អាមេរិកលើស៊ីរីថា ជាការបំពានលើខ្សែបន្ទាត់ក្រហមដែលមិនអាចទទួលយកបានទេ។
ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់រ៉ូហានីបានចេញមុខគាំទ្រជាថ្មីចំពោះសមភាគីស៊ីរីលោកអាសាដ និងបានថ្កោលទោសលើទង្វើវាយប្រហាររបស់អាមេរិក។ សម្រាប់លោករ៉ូហានី លោកអាសាដមិនមែនជាអ្នកទទួលខុសត្រូវក្នុងការប្រើអាវុធគីមីសម្លាប់ជនស៊ីវិលទេ។ ទន្ទឹមគ្នានេះ មេបញ្ជាការកងទ័ពរុស្ស៊ី និងអ៊ីរ៉ង់ក៏បានចេញមុខអះអាងពីឆន្ទៈក្នុងការបន្តយុទ្ធនាការយោធារួមគ្នាដើម្បីគាំទ្រលោកអាសាដរហូតកម្ទេចពួកភេរវជន និងក្រុមអ្នកគាំទ្របានទាំងស្រុង។ ឃើញថា វិបត្តិស៊ីរីបានឈានមកដល់ផ្លូវរបត់មួយដែលអាមេរិក និងសម្ព័នមិត្តស៊ីរី មានរុស្ស៊ី អ៊ីរ៉ង់ ព្រមទាំងចលនាហេស្បូឡាលីបង់កំពុងដំឡើងធ្មង់ ញេញធ្មេញដាក់គ្នា។
ការកំញើញដាក់គ្នារវាងអាមេរិក និងរុស្ស៊ីក្នុងវិបត្តិស៊ីរីពេលនេះបានកើតមានឡើង ២ថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតអាមេរិក Rex Tillerson ក្នុងប្រទេសរុស្ស៊ី។ លោក Tillerson បានចោទជាសំណួរមុនដាក់ជើងជាន់ទឹកដីរុស្ស៊ីថា តើទំនាក់ទំនងរបៀបណាដែលរុស្ស៊ីចង់មានជាមួយអាមេរិក ព្រមទាំងចង់ដឹងពីបំណងពិតរបស់រុស្ស៊ីចំពោះប្រទេសស៊ីរី។ តាមលោក Tillerson លោកមិនបានគិតថារុស្ស៊ីចង់មានទំនាក់ទំនងល្អក់កករជាមួយអាមេរិកទេ តែគេត្រូវមានកិច្ចចរចា និងកិច្ចសន្ទនាច្រើនដើម្បីយល់ឲ្យបានច្បាស់ពីទំនាក់ទំនងដែលរុស្ស៊ីចង់មានជាមួយអាមេរិក។
តើពាក្យសម្តីរបស់លោក Tillerson របៀបនេះ ជាការនិយាយដៀមដាមដាក់រុស្ស៊ី ឬមួយក៏ជាសម្តីពិតដែលលោក Tillerson ទទួលស្គាល់ថា កង្វះកិច្ចសន្ទនាត្រង់ទៅត្រង់មកដោយភាពស្មោះត្រង់ និងការមិនទុកចិត្តគ្នាជាដើមចមនៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ។ សម្រាប់រុស្ស៊ីគឺច្បាស់ណាស់ សម្តីរបស់លោក Tillerson ដូចនេះជាការនិយាយឌឺដងបញ្ឈិតបញ្ឈៀងដាក់ខ្លួនក្នុងន័យថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ និងជាអ្នកអូសបន្លាយវិបត្តិនៅស៊ីរី។ ជាផ្លូវការ រុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ និងប្រហែលជារង់ចាំឆ្លើយចំមុខលោក Tillerson ក្នុងពេលលោកមានវត្តមាននៅមូស្គូក្នុងសប្តាហ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ