បោះឆ្នោតប្រធានាធិបតីបារាំង ៖ តើការស្ទង់មតិធ្លាប់ច្រលំញយទេ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៤
ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទីមួយនឹងចូលមកដល់ នៅថ្ងៃទី ២៣ មេសា ២០១៧។ ចរន្តជ្រុលនិយម កំពុងស្ទុះឡើងខ្លាំង មិនថាជាអ្នកឆ្វេង ឬស្តាំនិយមជ្រុលទេ ! បើតាមការស្ទង់មតិចុងក្រោយ បេក្ខជនមកពីបក្សស្តាំជ្រុលនិយម លោកស្រី ម៉ារីន ឡឺប៉ែន នៅតែនាំមុខ ជាមួយបេក្ខជនអ្នកកណ្តាលនិយម លោក អេម៉ាណុយអែល ម៉ាក្រុង។ លោក ហ្សង់លុច មេឡង់ស្ហុង នៃបក្សឆ្វេងនិយមជ្រុល កំពុងមានសន្ទុះខ្លាំង ឡើងមកនៅលំដាប់ទីបី នាំមុខបេក្ខជនបក្សសាធារណរដ្ឋ ហ្វ្រង់ស័រហ្វីយ៉ុងទៀត។ ប៉ុន្តែការស្ទង់មតិក៏បង្ហាញផងដែរថាមានប្រជាពលរដ្ឋជាច្រើននៅមិនទាន់ធ្វើការសម្រេចចិត្តច្បាស់លាស់។ បើដូច្នេះមែន តើគេគួរតែបន្តជឿការស្ទង់មតិដែរឬយ៉ាងណា ?
ប្រពៃណីដ៏យូរលង់ បក្សស្តាំនិយម ឬបក្សឆ្វេងនិយម តែងប្រជែងគ្នាដណ្តើមជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដើម្បីក្លាយជាអ្នកដឹកនាំប្រទេស ទំនងជាត្រូវបិទបញ្ចប់នៅឆ្នាំ២០១៧នេះហើយ !
តាំងពីពីរខែមកហើយ រាល់ការស្ទង់មតិតែងបង្ហាញបេក្ខជនប្រធានាធិបតីមកពីបក្សស្តាំជ្រុលនិយម លោកស្រី ម៉ារីន ឡឺប៉ែន នាំមុខគេ មានសំណាងច្រើននឹងបានឡើងទៅតទល់ ជាមួយបេក្ខជនមកពីបក្ស En Marche លោក អេម៉ាណុយអែល ម៉ាក្រុង បក្សថ្មីស្រឡាង ដែលទើបមានអាយុមិនដល់មួយឆ្នាំផង។ នៅក្នុងការស្ទង់មតិម្សិលម្ង៉ៃទៀត បេក្ខជនពីររូបខាងលើនៅតែនាំមុខដដែល តែមានចរន្តប្រែប្រួលខ្លាំងមួយមកពីខាងបេក្ខជនមកពីឆ្វេងនិយមជ្រុល ឬបក្សកុម្មុយនិស្ត ហ្សង់លុច មេឡង់ស្ហុង ជាមួយនឹងការស្ទុះឡើងប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ខ្លាំង។ ពលរដ្ឋបារាំងប្រមាណ១៨%មានចេតនាចង់បោះឆ្នោតឱ្យបេក្ខជនមេឡង់ស្ហុងនេះនៅជុំទីមួយ ពោលគឺច្រើនជាងបេក្ខជនគណបក្សសាធារណរដ្ឋ បក្សស្តាំនិយមដ៏ល្បីល្បាញទៅទៀត។ ប៉ុន្តែការស្ទង់មតិមួយទៀតនៅថ្ងៃពុធនេះ បានលើកទឹកចិត្តលោកហ្វ្រង់ស័រហ្វីយ៉ុងបន្តិចឱ្យឡើងមកលំដាប់ទីបីវិញ។
លទ្ធផលឡើងឬចុះមិនមែនជាបញ្ហាទេ ! សំខាន់សួរថាតើការស្ទង់មតិរបស់វិទ្យាស្ថានជាតិ ដែលធ្លាប់ច្រលំទេ ? ការបោះឆ្នោតប្រធានាធិបតីបារាំងកាន់តែខិតចូលមកដល់នៅថ្ងៃទី ២៣ មេសា និង៧ឧសភានោះ ភាពមិនទុកចិត្ត លើការស្ទង់មតិត្រូវផុសឡើងកាន់តែខ្លាំង ព្រោះគេទើបមានមេរៀនថ្មី ៖ ការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ ការឈ្នះប្រជាមតិអង់គ្លេសដើរចេញពីអឺរ៉ុប ការជាប់ឆ្នោតបានក្លាយជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋរបស់លោក ហ្វីយ៉ុង បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ! ពេញមួយឆ្នាំ២០១៦កន្លងទៅ វិទ្យាស្ថានស្ទង់មតិ ស្មានខុសទាំងអស់ !
ការមិនទុកចិត្តមិនមែនមានតែក្នុងរង្វង់ពលរដ្ឋទេ សូម្បីតែស្ថាប័នសារព័ត៌មានខ្លះ ក៏ផ្តើមចោទសួរអំពីប្រសិទ្ធិភាពនៃការស្ទង់មតិមុនការបោះឆ្នោតជុំទីមួយដែរ។ ជាឧទាហរណ៍ជាក់ស្តែង កាសែតប្រជាប្រិយបារាំង Le Parisienបានសម្រេចផ្អាកធ្វើការស្ទង់មតិមួយរយៈ។
ប៉ុន្តែប្រសិនបើគេក្រលេកមើលឡើងវិញ មើលជាលក្ខណៈទូទៅ និងបូកចែកមធ្យមភាគ អំពីប្រវត្តិនៃការស្ទង់មតិ នៅមុនគ្រប់ការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទីមួយ តាំងពីឆ្នាំ១៩៦៥ ការស្ទង់មតិតែងមើលស្មានក្នុងផ្លូវត្រូវ។ វិទ្យាស្ថានជាតិនៃការស្ទង់មតិ សុទ្ធតែបានប្រមើលឃើញជាមុនថាបេក្ខជនប្រធានាធិបតីណា កំពុងធ្លាក់ផ្លូវ បេក្ខជនណាកំពុងឡើងសំឡេងឈានទៅរកជ័យជំនះ។
ជាសរុបនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង៩ ចុងក្រោយ មានតែ២ប៉ុណ្ណោះ ដែលវិទ្យាស្ថានស្ទង់មតិ វិភាគច្រលំ។ ទីមួយ នៅឆ្នាំ១៩៩៥ ការស្ទង់មតិ បង្ហាញថា បេក្ខជនប្រធានាធិបតីបក្សស្តាំនិយម ហ្សាក់ហ្ស៊ីរ៉ាក់ នាំមុខបេក្ខជនប្រធានាធិបតីមកពីបក្សសង្គមនិយម តែដល់ពេលលទ្ធផលឆ្នោតប្រកាសចេញមកនៅជុំទីមួយ គឺបេក្ខជនឆ្វេងនិយមជាអ្នកបានទទួលសំឡេងច្រើនជាង។ លើកទីពីរ គឺនៅឆ្នាំ២០០២ បើតាមការស្ទង់មតិ បក្សស្តាំនិយមនិងឆ្វេងនិយម ប្រដេញសំឡេងប្រកៀកប្រកិតគ្នា តែវិទ្យាស្ថានមើលមិនឃើញសន្ទុះរបស់បក្សស្តាំជ្រុលនិយម ដែលកាលណោះ មានលោក ហ្សង់ម៉ារី ឡឺប៉ែន ជាបេក្ខជន។
នៅក្នុងការស្ទង់មតិ ពីរបីថ្ងៃមុនការបោះឆ្នោតសម័យនោះ មានប្រជាពលរដ្ឋប្រមាណតែជាង១៣%ប៉ុណ្ណោះ ចង់បោះឆ្នោតឱ្យបក្សរណសិរ្យជាតិស្តាំជ្រុលនិយម ពោលស្ថិតនៅដាច់ឆ្ងាយពីក្រោយបក្សស្តាំនិងឆ្វេងនិយមណាស់ តែនៅពេលប្រកាសលទ្ធផលបែរជាបេក្ខជនបក្សសង្គមនិយម ត្រូវខ្ទាតចេញពីសង្វៀនឆ្នោតប្រធានាធិបតី តាំងពីជុំទីមួយតែម្តងទៅវិញ។ គឺហេតុការណ៍ក្រឡាប់ចាក់ ដែលរបបសាធារណរដ្ឋបារាំងមិនធ្លាប់ជួបប្រទះឡើយ ! ហើយចាប់ពីពេលនោះមក ការមិនទុកចិត្តលើលទ្ធផលស្ទង់មតិ បានបណ្តុះ និងលូតលាស់ឡើងជារៀងរាល់ថ្ងៃ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ