អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោត​ប្រធានាធិបតី​បារាំង ៖ តើ​​ការ​ស្ទង់​មតិធ្លាប់​ច្រលំ​ញយ​​ទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ​នឹង​​ចូល​មកដល់ នៅ​ថ្ងៃទី ២៣ មេសា ២០១៧។ ​ចរន្ត​ជ្រុល​និយម​ កំពុង​ស្ទុះ​ឡើង​ខ្លាំង មិន​ថា​ជា​អ្នក​ឆ្វេង ឬ​ស្តាំ​និយម​ជ្រុល​ទេ ! បើតាម​ការ​ស្ទង់​មតិចុងក្រោយ បេក្ខជន​មក​ពី​បក្ស​ស្តាំ​ជ្រុលនិយម​ លោកស្រី ម៉ារីន ឡឺប៉ែន នៅ​តែ​នាំ​មុខ ជាមួយ​បេក្ខជនអ្នក​កណ្តាល​និយម​ លោក អេម៉ាណុយអែល ម៉ាក្រុង។ ​ លោក ហ្សង់លុច មេឡង់ស្ហុង នៃ​បក្ស​ឆ្វេង​និយម​ជ្រុល​ ​កំពុងមាន​សន្ទុះ​​​ខ្លាំង ឡើង​មក​នៅ​​លំដាប់​ទី​បី នាំ​មុខ​​បេក្ខជន​បក្ស​សាធារណរដ្ឋ​ ហ្វ្រង់ស័រ​ហ្វីយ៉ុង​ទៀត។ ប៉ុន្តែ​​ការស្ទង់​មតិ​ក៏​បង្ហាញ​ផង​ដែរ​ថាមាន​​ប្រជាពល​រដ្ឋ​ជា​ច្រើន​នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​​ច្បាស់​លាស់។ បើ​ដូច្នេះមែន ​តើ​​គេ​គួរ​តែ​បន្ត​ជឿ​ការ​ស្ទង់​មតិ​ដែរ​ឬយ៉ាងណា ?

លើ ៖ លោកស្រី​ ម៉ារីន ឡឺប៉ែន លោក ហ្វីយ៉ុង លោក​ម៉ាក្រុង។ ក្រោម ៖ លោកអាម៉ុង លោក មេឡង់ស្ហុង លោកឌុយប៉ុងអែញ៉ង់
លើ ៖ លោកស្រី​ ម៉ារីន ឡឺប៉ែន លោក ហ្វីយ៉ុង លោក​ម៉ាក្រុង។ ក្រោម ៖ លោកអាម៉ុង លោក មេឡង់ស្ហុង លោកឌុយប៉ុងអែញ៉ង់
ផ្សាយពាណិជ្ជកម្ម

ប្រពៃណីដ៏​យូរលង់ បក្ស​ស្តាំ​និយម ឬ​បក្ស​ឆ្វេង​និយម តែង​ប្រជែង​គ្នា​ដណ្តើម​ជ័យ​ជំនះ​​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដើម្បី​​​​ក្លាយ​​​ជា​អ្នក​ដឹកនាំ​ប្រទេស ទំនង​ជា​ត្រូវ​បិទ​បញ្ចប់​នៅ​ឆ្នាំ​២០១៧​នេះ​ហើយ !  

តាំង​ពី​ពីរ​ខែ​មក​ហើយ រាល់​ការ​ស្ទង់​មតិ​តែង​បង្ហាញ​បេក្ខជន​ប្រធានាធិបតីមក​ពី​បក្ស​ស្តាំ​ជ្រុលនិយម​ លោកស្រី ម៉ារីន ឡឺប៉ែន​ នាំ​មុខ​គេ ​មាន​សំណាង​ច្រើន​នឹង​បាន​ឡើង​ទៅ​តទល់​ ជា​មួយ​បេក្ខជន​មក​ពី​បក្ស En Marche លោក អេម៉ាណុយអែល ម៉ាក្រុង បក្ស​ថ្មី​ស្រឡាង​ ដែល​ទើប​មាន​អាយុ​​មិន​ដល់​មួយ​ឆ្នាំ​ផង។ នៅក្នុង​ការ​ស្ទង់​មតិម្សិលម្ង៉ៃ​ទៀត បេក្ខជន​ពីរ​រូប​ខាង​លើ​នៅ​​តែ​នាំ​មុខដដែល តែមាន​ចរន្ត​​ប្រែប្រួល​ខ្លាំង​​មួយ​មក​ពី​ខាង​បេក្ខជន​មក​ពី​ឆ្វេង​និយម​ជ្រុល ឬ​បក្សកុម្មុយនិស្ត ហ្សង់លុច មេឡង់ស្ហុង ជាមួយ​នឹង​ការ​ស្ទុះ​​​ឡើង​ប្រជាប្រិយភាពគួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង។ ពលរដ្ឋ​បារាំង​ប្រមាណ​១៨%​មាន​ចេតនា​ចង់​បោះឆ្នោត​ឱ្យ​បេក្ខជន​​មេឡង់ស្ហុង​នេះ​នៅ​ជុំ​ទី​មួយ ពោល​គឺ​ច្រើន​ជាង​​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ បក្ស​ស្តាំ​និយម​ដ៏​ល្បីល្បាញ​ទៅ​ទៀត។ ប៉ុន្តែ​ការ​ស្ទង់​មតិ​មួយ​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ បាន​​លើក​ទឹក​ចិត្ត​លោក​ហ្វ្រង់ស័រ​ហ្វីយ៉ុង​បន្តិច​ឱ្យ​ឡើង​មក​លំដាប់​ទីបី​វិញ។

លទ្ធផល​​​ឡើងឬ​​​ចុះ​មិន​មែន​ជា​បញ្ហាទេ ! ​សំខាន់​សួរ​ថា​តើ​ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​ជាតិ ដែលធ្លាប់​​ច្រលំទេ ? ​ការ​បោះឆ្នោត​ប្រធានាធិបតី​​បារាំង​កាន់​តែ​ខិ​ត​ចូលមក​ដល់នៅ​ថ្ងៃទី ២៣ មេសា និង​៧​ឧសភានោះ ភាព​មិន​ទុកចិត្ត​ លើ​ការ​ស្ទង់​មតិ​ត្រូវ​ផុស​ឡើងកាន់​តែ​​ខ្លាំង​​ ព្រោះគេ​ទើប​មាន​​មេរៀន​ថ្មី ៖ ការ​​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​របស់​​លោក ត្រាំ​ ការ​ឈ្នះ​ប្រជាមតិ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ការ​ជាប់​ឆ្នោត​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​របស់​លោក ហ្វីយ៉ុង ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ! ពេញ​មួយ​ឆ្នាំ​២០១៦​កន្លង​ទៅ វិទ្យាស្ថាន​ស្ទង់​មតិ ស្មាន​ខុស​ទាំង​អស់ !

​ការ​មិន​ទុក​ចិត្ត​មិន​មែន​មាន​តែ​ក្នុង​រង្វង់​ពលរដ្ឋ​ទេ សូម្បី​តែ​ស្ថាប័ន​សារព័ត៌មាន​ខ្លះ​ ក៏​ផ្តើម​ចោទ​សួរ​អំពី​ប្រសិទ្ធិភាព​នៃ​ការ​ស្ទង់​មតិមុន​ការ​បោះឆ្នោតជុំ​ទី​មួយ​​ដែរ។ ជា​ឧទាហរណ៍​ជាក់​ស្តែង កាសែត​ប្រជាប្រិយ​បារាំង Le Parisien​បាន​សម្រេច​​ផ្អាក​ធ្វើ​ការ​ស្ទង់​មតិមួយ​រយៈ។
ប៉ុន្តែ​ប្រសិន​បើ​គេ​ក្រលេក​មើល​ឡើង​វិញ មើល​ជា​លក្ខណៈ​ទូទៅ និង​បូក​ចែក​មធ្យមភាគ អំពី​ប្រវត្តិ​នៃ​កា​រ​ស្ទង់​មតិ នៅ​មុន​គ្រប់​ការ​បោះឆ្នោត​ប្រធានាធិបតីបារាំង ជុំ​ទី​មួយ ​តាំង​ពី​ឆ្នាំ​១៩៦៥​ ការ​ស្ទង់​មតិ​តែង​មើល​ស្មាន​ក្នុង​ផ្លូវ​ត្រូវ​។ វិទ្យាស្ថាន​ជាតិ​នៃ​ការ​ស្ទង់​មតិ សុទ្ធ​តែ​បាន​ប្រមើល​ឃើញ​ជា​មុន​ថា​បេក្ខជន​ប្រធានាធិបតី​ណា​ កំពុង​ធ្លាក់​ផ្លូវ បេក្ខជនណា​កំពុង​ឡើង​សំឡេង​ឈាន​ទៅ​រក​ជ័យ​ជំនះ។

ជា​សរុប​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​បារាំង​៩ ចុង​ក្រោយ មាន​តែ​២​ប៉ុណ្ណោះ ដែល​វិទ្យាស្ថាន​ស្ទង់​មតិ វិភាគ​​ច្រលំ។ ទី​មួយ នៅ​ឆ្នាំ​១៩៩៥ ការ​ស្ទង់​មតិ បង្ហាញ​ថា បេក្ខជន​ប្រធានាធិបតី​​បក្ស​ស្តាំ​និយម​ ហ្សាក់ហ្ស៊ីរ៉ាក់ នាំ​មុខ​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សង្គម​និយម​ តែ​ដល់​ពេល​លទ្ធផល​ឆ្នោត​ប្រកាស​ចេញ​មកនៅ​ជុំ​ទី​មួយ គឺ​បេក្ខជន​​ឆ្វេង​និយម​ជា​អ្នក​បាន​ទទួល​សំឡេង​ច្រើន​ជាង។ លើក​ទីពីរ​ គឺ​នៅ​ឆ្នាំ​២០០២ បើ​តាម​ការ​ស្ទង់​មតិ បក្ស​ស្តាំនិយម​និង​ឆ្វេង​និយម ប្រដេញ​សំឡេង​ប្រកៀក​ប្រកិត​គ្នា តែ​វិទ្យាស្ថាន​មើល​មិន​ឃើញ​សន្ទុះ​របស់​បក្ស​ស្តាំ​ជ្រុល​និយម​ ដែល​កាលណោះ មាន​លោក ហ្សង់ម៉ារី ឡឺប៉ែន ជា​បេក្ខជន​។

នៅ​ក្នុងការ​ស្ទង់​មតិ ពី​រ​បី​ថ្ងៃ​មុន​ការ​បោះឆ្នោត​សម័យ​នោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែជាង​​១៣%​ប៉ុណ្ណោះ ចង់​បោះឆ្នោត​ឱ្យ​បក្ស​រណសិរ្យ​ជាតិ​ស្តាំ​ជ្រុលនិយម ពោល​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ក្រោយ​បក្ស​ស្តាំ​និង​ឆ្វេង​និយម​ណាស់ តែ​នៅ​ពេល​ប្រកាស​លទ្ធផល​បែរ​ជា​បេក្ខជន​បក្ស​សង្គម​និយម​ ត្រូវ​ខ្ទាត​ចេញ​ពី​សង្វៀន​ឆ្នោត​ប្រធានាធិបតី​ តាំង​ពី​ជុំ​ទីមួយ​​តែ​ម្តង​ទៅ​វិញ។ គឺហេតុការណ៍​ក្រឡាប់​ចាក់ ដែល​​របប​សាធារណរដ្ឋ​បារាំងមិន​ធ្លាប់​ជួប​ប្រទះ​ឡើយ ! ហើយ​​ចាប់​ពី​ពេល​នោះ​មក ការ​មិន​ទុក​ចិត្ត​លើ​លទ្ធផល​ស្ទង់​មតិ បាន​បណ្តុះ​ និង​លូត​លាស់​ឡើង​ជា​រៀងរាល់​ថ្ងៃ​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ