អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

អាវុធគីមី៖​រុស្ស៊ី​ប្រើ​វ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ អ.ស.ប.​ដែល​ថ្កោលទោស​ស៊ីរី

នៅ​ថ្ងៃ​ពុធ ទី១២ មេសា ប្រទេស​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ គឺ​ជា​សេចក្តីសម្រេច​ដែល​ថ្កោលទោស​ប្រទេស​ស៊ីរី​លើ​ករណី​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​កាល​ពី​ថ្ងៃទី៤ មេសា និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ។ គិត​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​ក្នុង​ឆ្នាំ ២០១១ មក នេះ​ជា​លើកទី៨ ដែល​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​គាំទ្រ​របប​ទីក្រុង​ដាម៉ាស់​របស់​លោក​ប្រធានាធិបតី​អាសាដ។

អាវុធគីមី៖​រុស្ស៊ី​ប្រើ​វ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់ អ.ស.ប.​ដែល​ថ្កោលទោស​ស៊ីរី
អាវុធគីមី៖​រុស្ស៊ី​ប្រើ​វ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់ អ.ស.ប.​ដែល​ថ្កោលទោស​ស៊ីរី REUTERS/Stephanie Keith
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត និង​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​បារាំង។ ក្រៅ​ពី​ថ្កោលទោស​របប​ស៊ីរី​ពី​បទ​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល​កាល​ពី​ថ្ងៃទី៤ មេសា សេចក្តីសម្រេច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ និង​ទាមទារ​ឲ្យ​ស៊ីរី​រួមសហការណ៍​ដើម្បី​ស្វែង​រក​ការ​ពិត។ នេះ​ជា​លើកទី៨ តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​នា​ឆ្នាំ ២០១១ ដែល​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​ការពារ​របប​ទីក្រុង​ដាម៉ាស់​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

ដោយឡែក ចិន​ដែល​ធ្លាប់​បាន​ចេញ​មុខ​គាំទ្រ​របប​ស៊ីរី​ចំនួន ៦ដង​នា​ពេល​កន្លង​មក​បែរ​ជា​បាន​បោះឆ្នោត​អនុបវាទ​នៅ​លើក​នេះ រួម​ទាំង​ប្រទេស​អេត្យូពី និង​កាហ្សាក់ស្ថាន។ ការ​បោះឆ្នោត​អនុបវាទ​របស់​ចិន​ពេល​នេះ​ត្រូវ​បាន​អ្នក​ទទួល​ខុស​ត្រូវ​អាមរិកាំង​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ពន្យល់​ថា ជា​លទ្ធផល​បាន​មក​ពី​ទំនាក់ទំនង​ល្អ​របស់​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​ជំនួប​ទ្វេភាគី​ថ្មីៗ​ក្នុង​រដ្ឋ Florida។ តែ​អ្នក​ទទួល​ខុស​ត្រូវ​អាមរិកាំង​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​រូប​នេះ​បដិសេធ​មិន​និយាយ​ទេ​ថា តើ​លោក​ដូណាល់ ត្រាំ​បាន​ស្នើ​លោក​ស៊ី ជីនពីង​កុំ​ឲ្យ​ប្រើ​សិទ្ធិ​វ៉េតូ ឬ​អត់។

អ្នក​តំណាង​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​បាន​លើក​យក​ហេតុផល​ទៅ​បញ្ជាក់​ថា ការ​ដែល​រុស្ស៊ី​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​សេចក្តីសម្រេច ព្រោះ​គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​របបស៊ីរី​លើ​ករណី​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល។ អ្នក​តំណាង​រុស្ស៊ី​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា មូស្គូ​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ តែ​ទន្ទឹម​គ្នា​នេះ គេ​ក៏​មិន​គួរ​ចោទ​ប្រកាន់លើ​បុគ្គល​អាសាដ​ដែរ។

យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ​បាន​បរិហារ​លើ​វ៉េតូ​របស់​រុស្ស៊ី។ បារាំង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​រួម​កម្លាំង​អន្តរជាតិ​ដើម្បី​គាំទ្រ​ដំណោះស្រាយ​ផ្លូវ​នយោបាយ​សម្រាប់​វិបត្តិ​ស៊ីរី។ ចំណែក​អាមេរិក​បាន​អំពាវនាវ​រុស្ស៊ី​ឲ្យ​ឈប់​គាំទ្រ​បុគ្គល​អាសាដ និង​ថា អាមេរិក​ចង់​ធ្វើ​ការ​ជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​វិបត្តិ​ស៊ីរី​តាម​ផ្លូវ​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ