អានតួអត្ថបទ

បោះឆ្នោត​ប្រធានាធិបតី​បារាំង ៖ ពលរដ្ឋ​កន្លះលាន​​នាក់​មាន​ឈ្មោះ​ស្ទួន

ពលរដ្ឋ​ម្នាក់​មាន​បណ្ណ​បោះឆ្នោត​ពីរ ! នេះ​ជា​ភាពមិន​ប្រក្រតី​មួយ សម្រាប់​ការ​បោះឆ្នោត​​បែប​ប្រជាធិបតេយ្យ ! នៅ​ថ្ងៃ​នេះស្ថាប័ន​អធិការកិច្ចរដ្ឋបាល​​បារាំង បាន​ប្រកាស​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​បារាំង​ប្រមាណ​ជិត​កន្លះ​លាន​នាក់​ មាន​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះឆ្នោត ពោល​គឺ​បាន​ទទួល​​បណ្ណ​បោះឆ្នោត​ពីរ។ គណបក្ស​នយោបាយ​បាន​ព្រមាន​អំពី​ហានិភ័យ​ប្រជាធិបតេយ្យ​​ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រសិន​បើ​ពលរដ្ឋ​នោះ​មិន​ស្មោះត្រង់​ហ៊ាន​ទៅ​បោះឆ្នោត​ទាំង​ពីរ​មណ្ឌល។

ប្រជាពលរដ្ឋ​បារាំង​ទៅ​បោះឆ្នោត​ ដោយ​បណ្ណ​បោះឆ្នោត​ និង​អត្តសញ្ញាណ​ជា​ការ​គ្រប់គ្រាន់
ប្រជាពលរដ្ឋ​បារាំង​ទៅ​បោះឆ្នោត​ ដោយ​បណ្ណ​បោះឆ្នោត​ និង​អត្តសញ្ញាណ​ជា​ការ​គ្រប់គ្រាន់ ©AFP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អាទិត្យ​​សប្តាហ៍ក្រោយ ពលរដ្ឋ​បារាំង​ជាង​៤៥​លាន​នាក់​ ត្រូវ​ទៅ​​បោះឆ្នោត​ប្រធានាធិបតី​។ ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្លះ​មាន​បណ្ណ​បោះឆ្នោត​ពីរ នៅ​មណ្ឌល​ពីរ​ខុស​គ្នា តើ​មាន​ន័យ​ថា​គេ​អាច​បោះឆ្នោត​បាន​ពីរ​ដងឬ ? មិន​ទេ ! ពលរដ្ឋ​ម្នាក់​មាន​សិទ្ធិ​បោះឆ្នោត​តែ​ម្តង​គត់! ក្នុង​ច្បាប់​បារាំង ពលរដ្ឋ​ណា​ល្មើស​ច្បាប់​ហ៊ាន​បោះឆ្នោត​ពីរ​ដង​នឹង​ត្រូវ​ទទួល​​ទោស​ជាប់ពន្ធនាគារ​ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ១៥០០០​អឺរ៉ូ។

ការ​រំលឹក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​​​សារព័ត៌មាន ឡឺម៉ុង បាន​បង្ហើប​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់ បាន​ទទួល​បណ្ណ​បោះឆ្នោត​ពីរ (ប្រភព​ព័ត៌​មាន​ខ្លះ​ទៀត​លើក​ឡើង​ថា​មាន​ពលរដ្ឋ​​ដល់​ទៅ​កន្លះ​លានមាន​បណ្ណ​បោះឆ្នោត​ពីរ)​​​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ ? ភាព​មិន​ប្រក្រតី​បែប​នេះ ច្រើន​តែ​កើត​ឡើង​នៅ​ពេលពលរដ្ឋ​ធ្វើ​​ការ​ផ្លាស់​ប្តូរ​​លំនៅ​ដ្ឋាន ពី​ឃុំ​សង្កាត់​មួយ​ទៅ​ឃុំ​សង្កាត់​មួយ​ទៀត ហើយទៅ​​ចុះ​ឈ្មោះ​​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​ កន្លែង​រស់​នៅ​ថ្មី។ ជា​ធម្មតា​ ឃុំ​សង្កាត់​នីមួយៗ គ្មាន​មធ្យោបាយ​ផ្ទៀង​ផ្ទាត់​ទេ ! តែ​ត្រូវ​​បញ្ជូន​បញ្ជី​ឈ្មោះ​ថ្មី​ទៅ​ឱ្យ​ ​វិទ្យាស្ថាន​ស្ថិតិដែល​មាន​សមត្ថកិច្ចផ្ទៀត​ផ្ទាត់ ​កែ​និង​លុប​ឈ្មោះ​ស្ទួន។ ប៉ុន្តែ​ពេល​ខ្លះ​មាន​បញ្ហាបាន​កើត​ឡើង​នៅ​ពេល​ផ្ទេរ​បញ្ជូន​ព័ត៌មាន​នោះ ទើប​មាន​សល់​ឈ្មោះ​ស្ទួន​យ៉ាង​ដូច្នេះ។

ទោះ​ដោយ​ការ​ធ្វេសប្រហែស ឬ​ដោយ​ចេតនា​ក្តី ក៏ភាព​ប្រក្រតី​នេះ​ជា​តំណាង​ហានិភ័យ​មួយនៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​គេ​មិន​អាច​វាយតម្លៃ​បាន​ទេ នា​ពេលនេះ ! ពេល​ដែល​ការ​បោះឆ្នោត​កាន់​ខិត​មក​ដល់​យ៉ាង​កៀក​។ តំណាង​គណបក្ស​នយោបាយ​បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដោះស្រាយ​បញ្ហានេះ​ឱ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ជុំ​ទីមួយ ថ្ងៃទី ២៣​មេសា ២០១៧។ ​បើ​ទោះ​បី​ជា​ពលរដ្ឋ​​បំពេញ​តួនាទី​ត្រឹម​ត្រូវ​មិន​ទៅ​បោះឆ្នោត​ពីរ​ដង​ក៏​ដោយ ក៏​ជាមួយ​នឹង​បញ្ជី​ស្ទួនដូច្នេះ គេ​នឹង​អាច​រាប់​ចំនួន​អ្នក​វត្តមាន​ខុស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ