អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​នៅ​ Champs Elysées​ ប៉ះពាល់​យ៉ាងណា​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតីបារាំង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បាញ់​ប្រហារ​ប៉ូលិស​ម្នាក់​ឱ្យ​ស្លាប់ និង​ពីរ​នាក់​រងរបួស នៅ​លើ​មហាវិថី​​ស្ហង់ស៍អេលីហ្សេ ដ៏​ល្អ​ជាង​គេ​លើ​ពិភពលោក​ បាន​កើត​ឡើងនៅយប់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ខណៈ​ដែល​បេក្ខជន​ប្រធានាធិបតី​ទាំង​១១​រូប កំពុង​ចូល​រួម​ក្នុង​កម្មវិធី​ជជែក​នយោបាយ​ របស់​ទូរទស្សន៍​ជាតិ និង​តែ​ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​ដល់។ បេក្ខជន​នៃ​បក្ស​ធំៗ​នាំ​មុខ​គេ បាន​ប្រកាស​ភ្លាម​​លុប​ចោល​មិទ្ទិញ និង​កម្មវិធី​ចុះ​ធ្វើ​យុទ្ធនាការ តាម​ខេត្ត ... 

ប៉ូលិស​បាំង​ផ្លូវ​Champs-Elyséesក្រោយ​ការ​បាញ់​សម្លាប់​ប៉ូលិសភ្លាម
ប៉ូលិស​បាំង​ផ្លូវ​Champs-Elyséesក្រោយ​ការ​បាញ់​សម្លាប់​ប៉ូលិសភ្លាម REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ នៅ​វេលា​ម៉ោង ១២​អាធាត្រ ! ប៉ុន្តែ​មិទ្ទិញ​ ក៏​ដូច​ជា​ការ​ចុះ​ធ្វើ​យុទ្ធនាការ​ ហាក់ដូច​ជា​មាន​ទម្រង់​ជាការ​​បិទ​បញ្ចប់​​ទៅ​ហើយ​នៅ​ តាំង​ពី​ក្រោយ​កើត​ហេតុការណ៍​ភ្លាម។

បេក្ខជន​ប្រធានាធិបតី​ដែល​នាំ​មុខ​គេ​ខ្លាំង ដូច​យ៉ាង​លោកស្រី ម៉ារីន ឡឺប៉ែន នៃ​បក្ស​រណសិរ្ស​ជាតិ បក្ស​ស្តាំ​និយម​ជ្រុល​ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង នៃ​បក្ស​សាធារណរដ្ឋ​ និង​លោក អេម៉ាណុយអែល ម៉ាក្រុង នៃ​បក្ស En Marche ! បាន​ប្រកាស ភ្លាម​តាំង​ពី​យប់​មិញ ​លុប​ចោល​កម្មវិធី ធ្វើ​បំលាស់​ទីចុះ​​ទៅ​​​ឃោសនា តាម​ខេត្ត​ ​នៅថ្ងៃ​សុក្រ​នេះទាំង​អស់ ដោយ​ប្តូរមក​ត្រឹម​តែ​ជា​ការធ្វើ​សេចក្តី​ថ្លែងការណ៍​ ពី​ទីស្នាក់ការ​បក្ស​រៀង​ខ្លួនៗ។

ចំណែក​លោក​ ហ្សង់លុច មេឡង់ស្ហុង នៃ​បក្ស​ឆ្វេង​និយម​ ក៏​ដូច​ជា​លោក បឺណ័រ អាម៉ុង នៃ​បក្ស​សង្គម​និយម ព្រមទាំង​បេក្ខជន​នៃ​បក្ស​នយោបាយ​តូចៗ​ផ្សេង​ទៀត បាន​រក្សា​កម្មវិធីជួបជុំ​​​ឃោសនា​របស់​ខ្លួន​ដដែល​ ព្រោះ​ចង់​បង្ហាញថា​អំពើ​ហិង្សា​មិន​មែន​ជា​អ្នក​សម្រេច​លើ​របប​ប្រជាធិបតេយ្យ​ឡើយ។

ឥទ្ធិពល​លើ​​សន្លឹក​ឆ្នោត និង​ការ​សម្រេច​ចិត្ត​​របស់​ប្រជាពលរដ្ឋ

​​ជាទូទៅ ​ហេតុការណ៍​​បែប​នេះ ច្រើន​តែ​ផ្តល់​ផល​អនុគ្រោះ​ខ្លាំង​ដល់ បក្ស​ស្តាំ​និយម និង ស្តាំ​ជ្រុល​និយម ដែល​ល្បី​ខាង​មាន​នយោបាយសន្តិសុខតឹង​តែងខ្លាំង។ ​​​ដោយ​សារ​តែ​ការ​វាយប្រហារ​ទើប​កើត​ឡើង​នៅ​ថ្មីៗ ប្រៀប​ដូច​ជា​ការ​ដាស់​សតិ​​ពលរដ្ឋឱ្យនឹក​​គិត​ពិចារណា​​ដល់​បញ្ហា​សន្តិសុខ​សុវត្ថិភាព មុន​គូស​សន្លឹក​ឆ្នោត។ ជា​ឧទាហរណ៍ ការ​ស្ទង់​មតិ​នៅ​ព្រឹក​មិញ ក្រោយ​ហេតុការណ៍​ភ្លាម​បាន​បង្ហាញ​ថា លោក ហ្វីយ៉ុង បាន​កើន​សំឡេង​គាំទ្រ​១%។

តាំង​ពី​យប់​មិញ បេក្ខជន​ប្រធានាធិបតី​ដែល​កំពុង​ចូល​រួម​ក្នុង​កម្មវិធី​នយោបាយ​​ទាំងអស់​គ្នា បាន​ឆ្លៀត​បញ្ចេញ​ជំហរ​នយោបាយ​របស់​ខ្លួន​ខ្លះ​​ស្តី​ពី​បញ្ហា​សន្តិសុខ។ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ក៏​ដូច​ជា​លោកស្រី​ម៉ារីន ឡឺប៉ែន បានបន្ទោស​រដ្ឋាភិបាល​កាន់​អំណាច​ថា​ទន់ជ្រាយ​​ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក​យក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ ជាអាទិភាព​នៅ​ពេល​ជាប់​ឆ្នោត។ លោក ម៉ាក្រុង​ ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​គេ បាន​បង្ហាញ​ខ្លួន​ជា​មនុស្ស​មាន​ហេតុផល​ គ្រប់គ្រង​ស្ថានការណ៍បាន មិន​បញ្ចេញ​ជំហរ​អ្វី​ក្រៅ​អំពី​​ ស្នើ​ឱ្យ​ពលរដ្ឋកុំ​​ខ្លាចដើម្បី​កុំ​ឱ្យ​មាន​ការ​ប្រេះ​ឆា​ជាតិ​។ ចំណែក​លោក​មេឡង់ស្ហុង​ អ្នក​ឆ្វេង​និយម​ជ្រុល​ ក៏ដូច​ជា​លោក បឺណ័រ អាម៉ុង បាន​សម្តែង​ការ​គាំទ្រ​ដល់​​ប៉ូលិស​ និង​គំរាមថាដាក់ទោស​ភេរវជន​និង​អ្នក​ផ្សំគំនិត។

ប៉ុន្តែ​គឺ​​សេចក្តី​ថ្លែងការណ៍​របស់​បេក្ខជន​ប្រធានាធិបតី ស្តី​អំពី​សន្តិសុខ​ជាតិ ​នៅ​ថ្ងៃ​នេះ ដែល​នឹង​អាច ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ ខ្លាំង ទាក់ទង​នឹង​លទ្ធផល​​ឆ្នោត។ ព្រោះ​ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ​នេះ ដែល​បើតាមការ​ស្ទង់​មតិ​កន្លង​មក បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ច្រើន​ខ្លាំង​ណាស់​ដែល​ពុំ​ទាន់​ធ្វើ​ការសម្រេចចិត្ត ក្នុង​ទំហំ​ប្រមាណ​ជា​មួយ​ភាគ​បួន​ឯណោះ។ ​ពលរដ្ឋ​ដែល​នៅទីទើ​ទាំង​នោះ​​ ទំនង​ជា​អាច សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​សេចក្តី​ថ្លែងការណ៍​​ស្តីអំពី​បញ្ហា​សន្តិសុខ​របស់​បេក្ខជន​នីមួយៗ​ផង​ក៏​ថា​បាន។

ជា​ចុងក្រោយ​ បើ​តាម​អ្នក​វិភាគ ហេតុការណ៍​វាយប្រហារ​ ក្នុង​ទម្រង់​ជា​ភេរវកម្ម​នេះ ក៏​នឹង​អាច​ដាស់​ប្រជាពលរដ្ឋ​ដែល​​គ្រោង​អវត្តមាន​ក្នុង​ថ្ងៃ​បោះឆ្នោត​ ប្តូរ​ចិត្តទៅ​បោះឆ្នោត​វិញ។

វត្តមាន​អ្នក​បោះឆ្នោត​កើន​ឡើង បូក​ផ្សំ​នឹង​​ការ​សម្រេច​ចិត្ត​នៅ​នាទី​ចុងក្រោយ គឺ​ល្បាយ​​ដ៏​ពិសេស​ដែល​អាច​ធ្វើ​ឱ្យ​​​លទ្ធផល​នៃ​​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៧ ជុំទី​មួយ​ ​ខុស​ពី​ការ​ប៉ាន់​ស្មាន​មុនៗផង​ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ