អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ុយក្រែន​ក្តីក្តាំ​ចាញ់​រុស្ស៊ី​ក្នុង​រឿង​ចោទ​ម៉ូស្គូ​ថា​គាំទ្រ​ភេរវនិយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ម្សិលម៉្ងៃ​ថ្ងៃ​​១៩​មេសា តុលាការ​អ.ស.ប. នៅ​ក្រុង ឡាអេ បាន​ចេញ​សេចក្តីសម្រេច មិនព្រម​ចាត់ឡើយ​វិធានការ​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ទៅ​តាម​ការទាមទារ​របស់​អ៊ុយក្រែន ដែល​ចោទ​រុស្ស៊ី​ថា គាំទ្រ​ភេរវនិយម។ ប៉ុន្តែព្រមជាមួយនេះ តុលាការ សុខចិត្ត​បំពេញ​ខ្លះៗ​តាម​ការ​ទាមទារ​របស់​អ៊ុយក្រែន​ឲ្យ ចាត់វិធានការ​រឹតត្បិត​រុស្ស៊ី​ដែល​តាម​យោបល់​ក្រុង​គៀវ គឺចេះ​តែ​បំពាន​លើ អនុសញ្ញា​ស្តីអំពី​ការរើសអើង ពូជសាសន៍។ ទោះយ៉ាងណាក្តី ក៏​ក្រសួង​ការបរទេស​រុស្ស៊ី បាន​សំដែង​ទៅហើយ​សេចក្តី​ត្រេកអរ​ដោយ តុលាការ​អ.ស.ប. មិន​បាន​រំលឹក​ឯណា​ពី​“ការកាន់កាប់”​ទឹកដី​គ្រីមេ។  

ទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់​
ទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់​ REUTERS/Jerry Lampen
ផ្សាយពាណិជ្ជកម្ម

 

“ម៉ូស្គូ​ចាត់​ទុក​ជា​សំខាន់​ការ​ដែល​តុលាការ​អ.ស.ប. នៅ​ក្រុង​ឡាអេ​ពេល​ពិនិត្យមើល​ពាក្យ​បណ្តឹង​របស់ក្រុងគៀវ​មិន​គាំទ្រ​ឯណា​ដល់​សេចក្តីថ្លែងការណ៍​អះអាង​បន្លឺ​ឡើង​ដោយ​អ៊ុយក្រែន​ស្តី“អំពី​ការ​ឈ្លានពាន”, ស្តី”អំពី​ការ​កាន់កាប់”ទៀប​កោះ​គ្រីមេ​និង​ឥតប៉ះពាល់​ឡើយ​ដល់​លក្ខន្តិកៈ​ទៀបកោះនេះ​” -ការ​នេះ​មាន​និយាយ​ក្នុង​បទអត្ថាធិប្បាយ​របស់​ដេប៉ារតឺម៉ង់​ព័ត៌មាន​និង​ឃោសនាការ​ក្រសួងការបរទេស​រុស្ស៊ី​ចេញ​ថ្ងៃ​១៩​មេសា​ក្រោយពី​ឮ​សេចក្តី​សម្រេច​​​របស់​តុលាការ​នោះ។

គឺ​ថ្ងៃ​នោះ​ឯង​ដែល​តុលាការអ.ស.ប. នៅ​ក្រុង​ឡាអេ​បាន​ប្រកាស​សេចក្តីសម្រេច​របស់​ខ្លួន​ទាំង​ប្រកែក​មិនព្រម​បំពេញ​តាម​ការចោទប្រកាន់​ដែល​ចែង​ក្នុង​ពាក្យ​បណ្តឹងអ៊ុយក្រែន​ថា​រុស្ស៊ី​រំលោភ​លើ​អនុសញ្ញាស្តីអំពីការ​ប្រយុទ្ធ​ទល់​នឹង​ការ​ផ្តល់ហិរញ្ញប្បទាន​ដល់​ពួក​ភេរវជន

តាមមតិ​អាជ្ញាធរ​អ៊ុយក្រែន រុស្ស៊ី​បំពាន​លើ​អនុសញ្ញា​នេះ​ពីព្រោះចេះ​តែ​ផ្តល់​អាវុធ​និង​ជំនួយ​ផ្សេង​ទៀត ដល់​ក្រុមប្រដាប់អាវុធ​ខុស​ច្បាប់​ដែល​សកម្ម​នៅ​លើ​ដែនដី​អ៊ុយក្រែន​ជាពិសេស​គឺ​ដល់​ពួក​ឧទ្ទាម​ផ្តាច់ ទឹកដី​រុស្ស៊ី​និយ​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន។

“ដោយ​មិន​ធ្វើការ​បោះឆ្នោត​អ្វីណា​ក្នុង​ចំណោម​ចៅក្រម​ ១៥ រូប​របស់​ខ្លួន​ដែល​តំណាង​ឲ្យ​គ្រប់​ទ្វីប ទាំងអស់​នៃ​ផែនដី តុលាការអន្តរជាតិ​របស់​អ.ស.ប. បាន​ទទួលស្គាល់​ថា ការទាមទារ​របស់​អ៊ុយក្រែន ចំពោះ​រុស្ស៊ី​គឺ​គ្មានមូលដ្ឋាន​អ្វី​ជា​សំអាង​ឡើយ ម៉្លោះហើយ​បាន​ជា​តុលាការ​គ្មាន​លេសអ្វីណា​នឹង​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​បណ្តោះអាសន្ន​ប្រឆាំង​រុស្ស៊ី “ -ក្រសួង​ការបរទេស​​រុស្ស៊ី​កត់​សម្គាល់។

ប៉ុន្តែព្រមជាមួយនេះ តុលាការ​អ.ស.ប. សុខចិត្ត​បំពេញ​ខ្លះៗ តាម​ការ​ទាមទារ​របស់​អ៊ុយក្រែន​ឲ្យ​ចាត់ វិធានការ​រឹតត្បិត​បណ្តោះអាសន្ន​ទល់​នឹង​រុស្ស៊ី​ដ្បិត​ក្នុង​ពាក្យ​បណ្តឹង​ខ្លួន ក្រុងគៀវ​ចោទ​រុស្ស៊ី​ថា​រំលោភលើ​អនុសញ្ញា​ស្តីអំពី​ការរើសអើង​ពូជសាសន៍។

ជាអាទិ៍ តុលាការ​តម្រូវ​ឲ្យ​រុស្ស៊ី ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ស្រុកគ្រីមេ ដើម្បី​ទទួល​ចំណេះវិជ្ជា​ជាភាសា​អ៊ុយក្រែន ព្រមទាំង​ធានា​សិទ្ធិ​ជនជាតិ Tatare មាន​ដើ​មកំណើត​នៅ​គ្រីមេ ឲ្យ​គេ​អាច​តំណាង​ផលប្រយោជន៍​របស់​គេ​ផ្ទាល់​បែបយ៉ាង​ក្នុង​ក្របខ័ណ្ឌ​នៃ សភា Tatare ហៅ​ថា Medjlis ដែល​ជា​អង្គការ​ហាមប្រាម​ដោយ​ច្បាប់​រុស្ស៊ី។

ទន្ទឹមនេះ តុលាការ​ក៏​យល់​ថា​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ជា​សំអាង​ឡើយ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ពី​ខាង​អ៊ុយក្រែន​បែប​យ៉ាង​ថា​រុស្ស៊ី​ប្រព្រឹត្ត​ទង្វើ​បំបាត់​ចោល​តែ​ម្តង​ជាតិ​ពន្ធុ​ខ្លះ​នៅ​គ្រីមេ ក្រោម​មូលហេតុ​ជាក់​លាក់ , ប្រព្រឹត្ត​ឃាតកម្ម​និង​ចាប់​ឃុំឃាំង​រង្គាល​អ្នកស្រុក​គ្រីមេណា​ដែល​មិន​ចង់​ឲ្យ​ទៀបកោះ​នេះ ភ្ជាប់ខ្លួន​ទៅ​នឹង​សហព័ន្ធ​រុស្ស៊ី , តាមដាន​ធ្វើ​ទុកបុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អង្គការ​សង្គម​ណា​នៅ​គ្រីមេ ដែល​លំអៀង​ទៅ​ខាង​ក្រុងគៀវ។

ជាការរំលឹក គឺ​កាលពី​ខែ​មករា​ឆ្នាំ​នេះ ដែល​ភាគីអ៊ុ​យក្រែន បាន​ដាក់​ពាក្យ​ទៅ​តុលាការ​អន្តរជាតិ​របស់​អសប នៅ​ក្រុងឡាអេ​ប្តឹងទល់​នឹង​រុស្ស៊ី ដែល​តាម​យោបល់​ក្រុងគៀវ គឺ​មិន​គោរពតាម​អនុសញ្ញា​អន្តរជាតិ​ស្តីអំពី ការ​ប្រយុទ្ធ​ទល់​នឹង​ការ​ផ្តល់ហិរញ្ញប្បទាន​ដល់ ពួក​ភេរវជន​និង​អនុសញ្ញា​អន្តរជាតិ ស្តីអំពីការកំទេច​រាល់​តែ​ការ​រើសអើង គ្រប់​សណ្ឋាន​ទាំង​អស់។ សេចក្តី​នៃ​បណ្តឹង​នោះ​លើក​ឡើង​ជាអាទិ៍ ៖

សហព័ន្ធ​រុស្ស៊ី បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ បាន​ប្រើសិទ្ធិ​មនុស្ស​ទាំង​រំលោភ​ដោយ​ផ្តល់​ជំនួយ​ដល់​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​នៅ​លើដែនដី​អ៊ុយក្រែន​និង​នៅ​ទៀបកោះ​គ្រីមេ​ដែល​កាន់កាប់​ដោយ​ម៉ូស្គូ។ អ៊ុយក្រែន ប៉ះ​ទង្គិច​នឹង​សកម្មភាព​បែប​នេះ​ពី​ខាង​រុស្ស៊ី​អស់​៣​ឆ្នាំ​ហើយ។ ចំណែក រុស្ស៊ី​តែង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​សកម្មភាព​ខ្លួន​បែប​នេះ​ម៉្លោះ​ហើយ​បាន​ជា​អ៊ុយក្រែន​ដាក់​ពាក្យប្តឹង​ទៅ តុលាការ​អន្តរជាតិ​របស់​អ.ស.ប.។

សម្រាប់​ក្រុងគៀវ គ្មាន​អ្វី​គួរ​ឲ្យ​មន្ទិល​ឡើយ​តើ​តំបន់​បះបោរ​ខាង​កើត​អ៊ុយក្រែន​បាន​អាវុធពី​ណាមក។ អ៊ុយក្រែន​ដែល​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ជម្លោះ​បាត់បង់​ពលរដ្ឋ​ខ្លួន​អស់ ជាង ១០.០០០​នាក់​ទៅហើយ​សុំ​តុលាការអន្តរជាតិ​របស់​អសប​ឲ្យ​ចាត់​វិធានការបណ្តោះអាសន្ន​ជា​បន្ទាន់​ដើម្បី​កុំ​បណ្តោយឲ្យ​ជម្លោះ​លង់​កាន់តែ​ជ្រៅទៅៗ​និង​កាន់​តែ​រាលដាល។

លុះនៅ​ខែ​មិនា ភាគី​រុស្ស៊ី បាន​លាត​ត្រដាង​គោលជំហរ​ខ្លួន​នៅ​ពី​មុខ​តុលាការ​នោះ ទាំ​ច្រាន​ចោល​ការចោទ​ប្រកាន់​របស់​អ៊ុយក្រែន​ដែល​ថា​រុស្ស៊ី​គាំទ្រ​ស្អី​ណា​ដល់​ភេរវនិយម​និង​ផ្តល់​អាវុធ​ស្អី​ណា​ដល់​តំបន់ប៉ែក​ខាង​កើត​អ៊ុយក្រែន។ តាម​ម៉ូស្គូ ៖ប្រភព​បឋម​ទី​១ នៃ​អាវុធស​ម្រាប់​ពួក​យោធា​តំបន់​ខាង​កើត​នោះ គឺ​ឃ្លាំង​អាវុធ​ដែល​បន្សល់​ទុក​នៅ​អ៊ុយក្រែន ក្រោយពី​សហភាព​​សូវៀត​រលំ​ទៅ​ក្នុង​ឆ្នាំ​១៩៩១ ហើយ​ដែល​មួយ​ភាគ​ធំ​របស់​វា​គឺ​លាក់​ទុក​ក្នុង​អ​ណ្តូង​រ៉ែ​ចាស់ៗ​នៃ​តំបន់​ខាង​កើត​នោះ​ម៉្លោះ​ហើយ​បាន​ជា​វា​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​ឧទ្ទាម​នៅ​ទីនោះ​តែ​ម្តង។ ប្រភព​មួយ​ទៀត​គឺ​គេ​ដណ្តើម​បាន​ពី​កងទ័ព​អ៊ុយក្រែន​ផ្ទាល់។

-មូលហេតុ​ពិត​នៃ​ជម្លោះ​យោធា​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន មិនមែន​មក​ពី​សកម្មភាព​រុស្ស៊ី​ទេ​តែ​គឺ​មកពី “បដិវត្តន៍ព័ណ៌” ឫ រដ្ឋប្រហារ”​នៅ​ក្រុងគៀវ​ឆ្នាំ ២០១៤។

-ពាក្យ​បណ្តឹង​អ៊ុយក្រន តាំង​គោលដៅ​បំភាន់ តុលាការ​អន្តរជាតិ​របស់​អសប ឲ្យ​យល់​ខុស អំពី​មូលហេតុ​ពិត​ប្រាកដ។ មូលហេតុ​ពិត​ប្រាកដ​គឺ​អ្នក​ស្រុក​តំបន់​ខាង​កើត​អ៊ុយក្រែន មិនព្រម​ស្ថិត​នៅ​ក្រោមការ​ត្រួតត្រា​នៃ​ពួក​ដែល​បាន​ប្លន់​យក​អំណាច​នោះ។

ម៉ូស្គូ​សង្កត់​ធ្ងន់​ថា ៖ គ្មាន​ស្ថាប័ន​រដ្ឋ​ណា​មួយ​ឬ​អង្គការ​ណា​មួយ បក​ស្រាយស្ថានការណ៍​នៅ​ប៉ែក​ខាងកើត​អ៊ុយក្រែន​ថា​ជា​ភេររវនិយម​សោះ​ឡើយ។ បែបដូច្នេះ ភេរវនិយម​គ្រាន់តែ​ជា​របាំង​សម្រាប់​អាជ្ញាធរ​អ៊ុយក្រែន​បង្ក្រាប​រលក​តវ៉ា​ស៊ីវិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ