អានតួអត្ថបទ

សហគមន៍​​អ៊ីស្លាម​បារាំង​ថ្កោល​ទោស​ភេរវកម្មប្រឆាំង​ប៉ូលិស​នៅ​រុក្ខវិថី​ស្ហង់ស៍អេលីហ្សេ

ស្ថាប័ន​អង្គការ​សាសនាអ៊ីស្លាម​ធំៗ​នៅ​បារាំង​ទាំង​អស់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ទង្វើ​វាយប្រហារ​បាញ់​សម្លាប់​ប៉ូលិស​នៅ​លើ​ដង​វិថី​ស្ហង់ស៍អេលីហ្សេ ​ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រកាស​ទទួល​ស្គាល់​ថា​ជា​ស្នាដៃ​របស់​ពួក​គេ។ មិន​តែ​ប៉ុណ្ណោះ អង្គការបាន​ប្រកាស​ជំហរ​គាំទ្រ​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​ជាតិ និង​អំពាវនាវ​ឱ្យ​​មាន​ការ​រួប​រួមជាតិ។

ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​បារាំង​នាំ​គ្នា​សូត្រធម៌​សុំ​សន្តិភាព​និង​សន្តិសុខ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម
ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​បារាំង​នាំ​គ្នា​សូត្រធម៌​សុំ​សន្តិភាព​និង​សន្តិសុខ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សាសនាអ៊ីស្លាម​បារាំង ដែល​ជា​ស្ថាប័ន​តំណាង​ឱ្យ​សាសនា​សំខាន់​ទី​ពីរ​នៅ​ប្រទេស​បារាំង បាន​ធ្វើ​ការ​ថ្កោលទោសខ្លាំងៗ ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ ចំពោះ​ការ​វាយប្រហារ​ដ៏​កំសាក និង​ព្រៃផ្សៃ​ ដៅ​ប្រឆាំងលើ​ភ្នាក់ងារ​រក្សា​សន្តិសុខជាតិ។ “​នៅ​ចំពោះ​មុខ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ និង​កំរិត​គំរាម​កំហែង​ភេរវកម្ម​​ដល់​កំពូល​ ក្រុមប្រឹក្សាសាសនា​អ៊ីស្លាម​បារាំង​ សូម​អំពាវនាវ​ឱ្យ​ប្រជាជាតិ​ទាំង​មូល​រួបរួម និង​សាមគ្គី​ភាព​គ្នា​"។

ជា​និម្មិត្ត​រូប​សាសនា​អ៊ីស្លាម​ ប្រចាំ​រដ្ឋ​ធានី​ប៉ារីស តាំង​ពី​ជិត​មួយ​សតវត្សរ៍​មក វិហារ​អ៊ីស្លាម​​ប៉ារីស បាន​គូស​បញ្ជាក់​ថា សកម្មភាព​ឧក្រិដ្ឋ​ ដ៏ងុបងុល​ មិន​មែន​ជា​តម្លៃ​សីលធម៌​​របស់​សាសនា​អ៊ីស្លាម​ទេ ! នៅ​ថ្ងៃសុក្រ​នេះ វិហារ​បានឧទ្ទិស​ការ​​សូត្រ​ធម៌​ បួង​សួង​សុំ ​សន្តិភាព​និង​សន្តិសុខឱ្យប្រទេស។

សម្រាប់​សហភាព​អង្គការ​អ៊ីស្លាមបារាំង ដែល​ប្រសូត​ចេញ​ពី​ចលនា​ភាតរអ៊ីស្លាម និង​ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​ចលនា​ “អ៊ីស្លាម​បារាំង” ការ​វាយប្រហារ​ប៉ូលិស​ ដែល​ជា​តំណាង​របប​សាធារណរដ្ឋ​ មាន​ន័យ​ថា​ជា​ការ​វាយប្រហារ​លើ​ប្រជាជន​បារាំង។

វិទ្យាស្ថាន​អេហ្ស៊ីប Al Azhar ដែល​ជា​អាជ្ញាធរ​អ៊ីស្លាមនិកាយ​ស៊ុននីត​​ដ៏​ខ្ពង់ខ្ពស់​មួយ​ ក៏​បាន​ធ្វើ​ការ​ថ្កោល​ទោស​ការ​វាយប្រហារ​ភេរវកម្ម​បែប​អសីលធម៌ដែរ។

សូម​បញ្ជាក់​ថា តាំង​ពី​មាន​ហេតុការណ៍​ភេរវកម្ម​ខែ​មករា​២០១៥​មក រដ្ឋាភិបាល​បារាំង​បាន​ប្រមូល​ផ្តុំ​កម្លាំង​​​ប៉ូលិសនិង​ទាហាន​ជា​ច្រើន ទៅចល័ត​​ការពារ​​រក្សា​សន្តិសុខ​នៅ​តាម​ទីតាំង​សំខាន់ៗ និង​ ​កន្លែងប្រារព្ធ​​សាសនាផ្សេងៗ មាន​ជាអាទិ៍​វិហារ​អ៊ីស្លាម​​ចំនួន​១០៩០ ក្នុង​ចំណោម​វិហារ​អ៊ីស្លាម​ទាំង​២៥០០​នៅ​ពេញ​ផ្ទៃ​ប្រទេស​។ ប៉ុន្តែ​​ គឺ​ក្រុម​ប៉ូលិស​និង​ទាហាន​ល្បាត​ទាំង​នោះ​ដែល​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការវាយប្រហារ​ភេរវកម្មកន្លង​មក។

ភេរវកម្ម​នៅ​លើ​ដង​វិថី​ស្ហង់ស៍អេលីហ្សេ បង្ក​ឡើង​ដោយ​ ខ្មាន់​កាំភ្លើង​ Karim Cheurfi ជាតិ​បារាំង​អាយុ​៣៩​ឆ្នាំ ក្នុង​នាម​អង្គការ​រដ្ឋ​អ៊ីស្លាម ដោយ​មាន​បន្សល់​ទុក​នូវ​សារ​ជា​ភាសា​អារ៉ាប​គាំទ្រ​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​ជិត​ខ្លួន និង​គម្ពីរ​កូរ៉ង់​នៅ​ក្នុង​ឡាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ